ដើម្បីរំងាប់កំហឹងសាធារណជន (ទើបបោះឆ្នោតរួច) ពីការឡើងថ្លៃអគ្គិសនី ខុសទំនង ដែល ស្ថាប័ន អគ្គិសនីកម្ពុជា នេះ បានប្រកូកប្រកាស តាមរយៈ ទូរទស្សន៍ ប៉ុន្មានថ្ងៃមុនថា ហ្នឹងឡើងថ្លៃ អគ្គិសនី ដល់ ៩២០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ចំពោះអ្នកប្រើប្រាស់ លើសពី ចំនួន ២០០ គីឡូវ៉ាត់ ម៉ោង ក្នុងមួយខែ ដោយសំអាងលេស ប្រេងឡើងថ្លៃ ហើយនឹង ចាប់ផ្តើម គិតចាប់ពីពាក់កណ្តាល ខែកក្កដា ឆ្នាំ២០១២នេះ ស្ថាប័នស្វ័យត មួយនេះ បានបើកសន្និសីទ សារព័ត៌មាន ជាបន្ទាន់មួយ កាលពីថ្ងៃទី០៤ ខែកក្កដា ដើម្បី កែព័ត៌មាន ទេៅជារឿងថ្មី មួយ ទេៅវិញ។

មន្រ្តី អគ្គិសនីកម្ពុជា បានពន្យល់ជាថ្មី ថា ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១២ ខាងមុខ អគ្គិសនីកម្ពុជា នឹងកែប្រែ តម្លៃប្រើប្រាស់ អគ្គិសនី សម្រាប់ លំនៅដ្ឋានទាំងឡាយណា ដែលប្រើភ្លើង លើសពី ២០០ គីឡួវ៉ាត់ម៉ោង ត្រូវគិតថ្លៃ ៨២០ រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង។

បច្ចុប្បន្នអគ្គិសនីកម្ពុជា លក់ថ្លៃភ្លើង ក្នុងចំណាត់ថ្នាក់ ៣ប្រភេទ ៖

  1. សម្រាប់លំនៅដ្ឋាន ក្នុងមួយខែ ប្រើមិនលើសពី ៥០ គីឡូវ៉ាត់ម៉ោង គិតថ្លៃ ៦១០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង
  2. សម្រាប់លំនៅដ្ឋាន ក្នុងមួយខែ ប្រើចាប់ពី ៥១ គីឡូវ៉ាត់ម៉ោង ឡើងទៅ គិតថ្លៃ ៧២០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង
  3. សម្រាប់ស្ថាប័នរដ្ឋ ស្ថានទូត និងគេហដ្ឋានបរទេស គិតថ្លៃ ៨២០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង

លោក ចាន់ សុដាវ៉ាត អគ្គនាយករងទទួលបន្ទុក ការងារផែនការ និងបច្ចេកទេស នៃអគ្គិសនីកម្ពុជា ត្រូវបាន អ្នកសារព័ត៌មាន កោះសន្តិភាព ស្រង់សម្តី ហើយផ្សាយ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១២ ថា តម្លៃប្រើប្រាស់ចរន្ត អគ្គិសនីលំនៅដ្ឋាន អាចមានការប្រែប្រួល រាប់ចាប់ពី ខែកញ្ញា ឆ្នាំ២០១២ ដោយសារ មូលហេតុ ៖

  1. កម្ពុជាទិញ អគ្គិសនី ពីប្រទេសវៀតណាម ឡាវ និងថៃ ហើយប្រទេសថៃ និងវៀតណាម បានឡើងថ្លៃអគ្គិសនី
  2. អគ្គិសនីកម្ពុជា បានខាតបង់ទឹកប្រាក់ចំនួន ១២.៧៧៥ លានរៀល នៅដើមឆ្នាំ២០១២