និស្សិតបញ្ចប់ការសិក្សា ថ្នាក់​បរិញ្ញា និងបរិញ្ញាបត្រជាន់ខ្ពស់ (ម៉ាស់ស្ទ័រ) ឆ្នាំ២០០៨ និងឆ្នាំ២០០៩ នៃ សាកលវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្ត សេដ្ឋកិច្ច ទាំងអស់ ត្រូវអញ្ជើញមក ទទួលបរិញ្ញា បត្រ នៅ​ថ្ងៃទី១ ខែសីហា ឆ្នាំ២០១២ ខាងមុខ នៅ វិទ្យាស្ថានជាតិអប់រំ (ក្បែរវិមានឯករាជ្យ) នេះបើតាមសេចក្តី ប្រកាសជូនដំណឹងមួយ របស់ សាលាច្បាប់។ ខ្ញុំរៀនចប់ បរិញ្ញាបត្រ ច្បាប់ក្នុងឆ្នាំ២០១០ ប្រហែលត្រូវរង់ចាំ ៣ឆ្នាំ ទើបអាចទទួលបាន (ឆ្នាំ២០១៣ មុនបោះឆ្នោត យ៉ាងប្រាកដ)។ តែនេះ មិនមែនជា អ្វីដែល ខ្ញុំចង់ប្រកាសទេ។

មិត្តភក្តិខ្ញុំ ម្នាក់ដែល ត្រូវមកទទួល បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងព្រឹត្តការណ៍ ហ្នឹងដែរ បាន អួតប្រាប់ ខ្ញុំថា រូបគាត់ មិនបាច់សរសេរ សារណា ក៏ត្រូវបាន សាលា ហៅ ឱ្យ មកទទួល បរិញ្ញាបត្រ ជាន់ខ្ពស់ដែរ ក្រោយពេល ឮខ្ញុំ រអ៊ូ រឿង រយៈពេលចុះ កម្មសិក្សា និងបញ្ជូន សារណា ដើម្បីឡើងការពាររបស់ ខ្ញុំ ខ្លីពេក។ ថា ថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់ គាត់ចុះ រៀន សាលាខ្មែរ រាងអាឡេះអាឡក់ តែ បរិញ្ញាបត្រ បារាំង របស់ខ្ញុំ ក៏ ឌៀតែខ្នូច។ ព្រឹកម៉ិញនេះ នាយកសាលា បារាំង អចលនទ្រព្យ និងលោកស្រី រៀបចំកម្មវិធីសិក្សា ដែលសហការណ៍ បើកថ្នាក់ម៉ាស់ស្ទ័រ ច្បាប់ភូមិបាល ជាមួយ សាលាច្បាប់ បាន ហៅសិស្សជំនាន់ ៤ មកណែនាំ ពីរបៀប ការពារ សារណា។

និយាយ ជិត ១ ម៉ោង ប្រាប់ បានត្រឹម តែ បរិញ្ញាបត្រ ជាន់ខ្ពស់ ស្រុកខ្មែរ ពិសេសជាង និងមាន ការយោគយល់ជាង ស្រុកបារាំង… នៅបារាំង បើខកខាន មិនបានបញ្ជូន សារណា ទាន់ពេល កំណត់ ស្មើនឹងធ្លាក់ ត្រូវចុះឈ្មោះឡើងវិញ ទើបអាច សរសេរសារណា បាននៅ​ឆ្នាំបន្ទាប់។ ស្រុកខ្មែរ និស្សិត អាចព្យួរ សារណា ហើយបញ្ជូន មកការពារ នេៅឆ្នាំសិក្សា បន្ទាប់ បាន តែលោកស្រី បារាំង គាត់ថា នេះ ជាករណី លើកលែង បើមានមូលហេតុ ច្បាស់លាស់។

តាមគោលការណ៍ សាលា ណែនាំ និស្សិត តម្រូវឱ្យ ចុះកម្មសិក្សា រយៈពេល ៣ខែ ហើយត្រូវ ចងក្រង របាយការណ៍ ចុះ កម្មសិក្សា រួមនឹង សារណា វិភាគលើ មេរៀនដែលបានសិក្សា។ សម្រាប់ ជំនាន់ខ្ញុំ នេះ អភ័ព្វណាស់ ព្រោះ មិនទាន់ បាន ប្រលង ចប់សព្វមុខ ផង ស្រាប់តែ មកប្រាប់ថា “និស្សិតត្រូវ បញ្ជូន របាយការណ៍ កម្មសិក្សា និងសារណា នៅ​ត្រឹម សប្តាហ៍ទី១ ខែតុលា ជាកំហិត”។ សប្តាហ៍ក្រោយ ទើបប្រលង មុខវិជ្ជាចុងក្រោយ (នីតិ​រៀបចំ​ជនបទ) អីចឹង បើ រាប់ត្រឹម ខែ តុលា ពួកយើង មាន ពេលមិនដល់ ២ខែ ផង ទេ ដើម្បី សរសេរសារណា។ និស្សិតខ្លះ មិនទាន់ រកប្រធានបទ សម្រាប់សរ​សេរ ឃើញផង បើស្នើចុះ កម្មសិក្សាទៅ ក្រសួងដែនដី និងនគរូបនីយកម្ម សុទ្ធតែ ត្រូវរង់ចាំ ១ ខែ ក្រោយ ប្រគល់ពាក្យសុំចុះ កម្មសិក្សា ដល់ការិយាល័យ រដ្ឋបាល របស់ ស្ថាប័ន រដ្ឋមួយនេះ។ សរុបមក សាលាបារាំង មិនខ្វល់ ពីគុណភាព នៃ ការចុះកម្មសិក្សា និងការសរសេរ សារណា របស់ និស្សិត ប៉ុន្មានទេ អីចឹងហើយ បានជា សារណាបញ្ចប់ ការសិក្សា មួយចំនួន មិនត្រូវបាន ដាក់តាំង ជាសាធារណៈ ឬ និស្សិតខ្លះបញ្ចប់ បរិញ្ញាបត្រជាន់ខ្ពស់ ដោយមិនចាំបាច់ សរសេរ សារណា បើទោះបី ជា ម៉ាស់ស្ទ័រ តម្រូវឱ្យ មានក៏ដោយ។

ទោះបីជាយ៉ាងណា បទបង្ហាញ ពីវិធីសាស្រ្តការពារ សារណា ថ្ងៃនេះ មានប្រយោជន៍ ដោយ សារអ្នកស្រី រៀបចំកម្មវិធីសិក្សា មកពីបារាំង ថ្លែងតាមរយៈ អ្នកបកប្រែថា គណៈកម្មការវាយតម្លៃ សម្រាប់ថ្នាក់ បរិញ្ញាបត្រ ម៉ាស់ស្ទ័រ ភូមិបាល នេះ មាន ចំនួន ២ រូប ម្នាក់តំណាងសាលាខ្មែរ និងម្នាក់ទៀត តំណាង​សាលា បារាំង។ និស្សិត បញ្ចប់ការសិក្សា ដោយជោគជ័យ អាចទទួលបាន បរិញ្ញាបត្រ ២ ក្នុងពេលតែ មួយ។ ចំពោះ ការការពារសារណា និស្សិតម្នាក់ មានរយៈពេល ៣០នាទី ដោយក្នុងនោះ ៥ បង្ហាញពី កន្លែងចុះ កម្មសិក្សា ១០នាទី បង្ហាញពីខ្លឹមសារ សារណា (ហេតុអ្វីជ្រើស យកប្រធាន បទនេះ ? តើវាមានប្រយោជន៍អ្វីខ្លះ ? មានរកឃើញបញ្ហាគតិយុត្ត និងដំណោះស្រាយ ណាខ្លះ?) ១០នាទី សម្រាប់ គណៈកម្មការ សាកសួរ និង ៥នាទី ទៀតសម្រាប់ គណៈកម្មការ វាយតម្លៃ។ អ្នកការពារ គួររៀបចុះប្លង់ និយាយ ឱ្យបាន ត្រឹមត្រូវ ជាមុន ដោយច្បិចយក តែចំនុចសំខាន់ និងមាន ប្រយោជន៍ ប៉ុណ្ណោះ មក​បកស្រាយ និងមិនមែន ជាការអានសន្ទរកថា។ ការផ្តល់ពិន្ទុ ដែល ខាងបារាំង បានណែនាំ ពិន្ទុការពារសារណា គឺ គណៈកម្មការ ជាអ្នកផ្តល់ ចំណែកពិន្ទុ សរសេរ សារណា សាស្រ្តាចារ្យ ណែនាំ ជាអ្នកផ្តល់។ ខ្ញុំ ហ៊ាន និយាយថា ខ្ញុំពិត មិនបានពិន្ទុ ការពារខ្ពស់ ប៉ុន្មានទេ ទោះបី ជាខ្ញុំ ជំនាញ ខាងនិយាយជា សាធារណៈ និងពូកែ រៀបចំ បទបង្ហាញ ក៏ដោយចុះ ព្រោះ គណៈកម្មការ តំណាងបារាំង មើលតែ មុខ ឱ្យពិន្ទុ ទេ ខ្ញុំស្គាល់ ចរិតគាត់ច្បាស់។

និស្សិតរួមជំនាន់ ព្រមទាំង ប្រធានថ្នាក់ សុទ្ធតែ ធ្វើការ តស៊ូ មតិ ពី កាលបរិច្ឆេទ បញ្ជូន សារណា ដ៏ខ្លី នេះ តែ វាហ៊ាក់ គ្មានប្រយោជន៍ ទេ ព្រោះ បារាំង មិនព្រមស្តាប់ ហេតុផលខ្មែរ ហើយ និស្សិត ភាគច្រើន ខ្លាច គ្រូចំណាំ មុខ ហើយឱ្យ ពិន្ទុ តឹង ទើប មិនហ៊ាន តវ៉ា ឱ្យស្រុះគ្នា។

មុនបញ្ចប់ ការពិភាក្សា លោកស្រី គ្រប់គ្រង កម្មវិធី សិក្សា បានប្រាប់ និស្សិត តាមរយៈ អ្នកបកប្រែថា “វាមិនមែនជាពេល ដែលត្រូវតវ៉ា ទេ តែវាជាពេល ដែលអ្នកទាំង អស់គ្នា ត្រូវ តែត្រៀម ខ្លួន ហើយ ធ្វើឱ្យបាន”។

បើអីចឹង ប្រឹងរៀន យក ម៉ាស់ស្ទ័រ មកធ្វើអី ?

ពលរដ្ឋខ្មែរជាច្រើន និយាយ រិះគន់ តម្លៃ នៃម៉ាស់ស្ទ័រ ស្រុកខ្មែរ ថា មិនសូវមានតម្លៃ ខ្ញុំទទួល ស្គាល់ គុណភាពនៃ ចំណេះ ដឹងសិស្ស តាមរយៈ ឯកសារ ចែក បទពិសោធន៍ ចំណេះ ដឹង របស់ សាស្រ្តាចារ្យ រួមទាំង កម្មវិធីសិក្សា នៅ មិនទាន់ មានស្តង់ដារ នៅ​ឡើយ តែ ថ្នាក់ បរិញ្ញាបត្រ ជាន់ខ្ពស់ (ម៉ាស់ស្ទ័រ) ជា ថ្នាក់ បណ្តុះ នូវការគិត និងគំនិត វិភាគ លើ ការអនុវត្ត ដើម្បីរក ដំណោះស្រាយ ដូច្នេះ វាទាម ទា ឱ្យ អ្នកសិក្សា ខិតខំ ស្រាវជ្រាវ និងរៀនសូត្រ បន្ថែម ដោយ ខ្លួនឯង ទើប សញ្ញាបត្រនេះ មាន តម្លៃ ខាងឧត្តម គតិ ជាជាង តម្លៃ ខាង លាភសក្ការៈ។ និយាយមួយបែប ទៀត ម៉ាស់ស្ទ័រ គឺបណ្តុះការវិភាគ លើសង្គម មិនមែន សិក្សាត្រឹមទ្រឹស្តី ដូចថ្នាក់ បរិញ្ញាបត្រ ទេ។