ម៉ាក់ និងខ្ញុំ នាំយកចង្ហាន់ទៅប្រគេនព្រះសង្ឃថ្ងៃខួបកំណើត វ័យ៤១ឆ្នាំ នៅ វត្តឧត្តរាវត្តី រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២

បំណងប្រាថ្នាធំបំផុតរបស់ខ្ញុំប្រចាំឆ្នាំនេះគឺ បួងសួងដល់បុព្វការីជនសុំជួយបង្រៀនឱ្យកូនប្រុស ស្រី សម្បត្តិសគុណ អាចនិយាយទំនាក់ទំនងគ្នាបានផង។

សាធុ សាធុ សាធុ…

ពេលវេលាដើរទៅមុខលឿនណាស់ មួយប៉ប្រិចភ្នែកសោះ សគុណ ឆ្លងចូលវ័យ ៥ឆ្នាំហើយ តែមិនទាន់ចេះនិយាយទេ។ តាមការសង្កេតរបស់ខ្ញុំ សគុណ លូតលាស់យឺតតាំងពីនៅក្នុងពោះម្តាយ សូម្បីតែចេះដើរក៏យឺតដែរ ពោលគឺវ័យជាងមួយឆ្នាំ ទើបគាត់អាចដើរបាន។ ប៉ុន្មានឆ្នាំចុងក្រោយនេះ សគុណ ផ្លាស់ប្តូរពីក្មេងរាក់ទាក់ ញញឹមប្រិមប្រិយ ធ្លាប់ជួយលក់ចាប់ហួយយាយបាន បែរទៅជាលែងនិយាយស្តីជាមួយតាយាយឳពុកម្តាយ និងមិនសូវលេងជាមួយក្មេងដទៃ បន្ទាប់ពីយើងបណ្តែតបណ្តោយឲ្យគាត់មើលទូរស័ព្ទអស់មួយរយៈ។ ម្តាយសគុណ សង្ស័យថា សគុណ លូតលាស់យឺត។

អំឡុងពាក់កណ្តាលឆ្នាំ២០១៩ យើងធ្លាប់នាំ សគុណ ទៅពិនិត្យអាការៈ អូទីស្សឹម ម្តង (នៅពេទ្យជ័យជំនៈ ក្រុងតាខ្មៅ) ដោយសារគាត់បាត់ភាសានិយាយ ហើយទំនាក់ទំនងជាមួយគ្នាដោយកាយវិការជំនួសវិញ។ អ្នកប្រឹក្សាយោបល់វាយតម្លៃថា សគុណ មានអាការៈកុមារអូទីស្សឹម កម្រិតបឋម។ គាត់ណែនាំឲ្យអ្នកផ្ទះជួយបង្រៀនគាត់ផង។ ដោយសារយើងមិនចេះបង្រៀនក្មេង អូទីស្សឹម យើងក៏បានបញ្ជូនគាត់ចូលសាលារៀន(ធម្មតា)នៅវ័យ៣ឆ្នាំ ព្រោះកាលនោះមិនទាន់ស្គាល់សាលាអូទីស្សឹម។

ការឆ្លងរាលដាលនៃកូវីដ-១៩នៅកម្ពុជា អំឡុងឆ្នាំ២០២០-២០២១ បានធ្វើឲ្យ សាលារៀនត្រូវផ្អាករយៈពេលវែង បណ្តាលឲ្យ សគុណ មិនទាន់ចេះភាសានិយាយមកទល់សព្វថ្ងៃ។ ២ឆ្នាំកន្លងមកនេះ យើងកាន់តែបារម្ភពី អនាគតរបស់ សគុណ។ យើងធ្លាប់នាំ សគុណ ទៅពិនិត្យអណ្តាត ត្រចៀក និងស្កេនខួរក្បាលផងដែរ តែលទ្ធផលទទួលបាន គឺ សគុណ មានកាយសម្បទារដូចក្មេងធម្មតា។ យើងស្វែងរកវិធីសាស្រ្តជាច្រើន ដោយសង្ឃឹមថា អាចជួយគាត់ឪ្យនិយាយបាន ទាំងផ្លូវងងឹត និងភ្លឺ ហើយវិធីសាស្រ្តចុងក្រោយនេះគឺការបញ្ជូន សគុណ ឲ្យទៅសាលារៀនសម្រាប់កុមារអូទីស្សឹម។

សគុណ ចូលរៀនសាលាអូទីស្សឹម បានបីខែហើយ។ ខ្ញុំសង្កេតឃើញថា គាត់បន្ថយអាការៈខឹងច្រលោតបានច្រើនជាងមុន និយាយស្តីក៏អាចស្តាប់គ្នាបានច្រើនជាងមុន។ អ្នកគ្រូ នៅសាលារៀនអូទីស្សឹម រំពឹងថា សគុណ អាចនឹងនិយាយបានខ្លះ នៅខែទី០៩។ កាលខែមីនា ដើមឆ្នាំ២០២២នេះ ម៉ាក់សគុណ និងខ្ញុំបានទៅជួប អ្នកប្រឹក្សាយោបល់ (ជនបរទេស) នៅពេទ្យកុមារជាតិ ដើម្បីស្វែងយល់ពីការថែទាំ និងអប់រំកុមារអូទីស្សឹម ដែលមានអាការៈ speech delays and autism។ ពួកយើងក៏ព្យាយាមអនុវត្តការភ្ជាប់ទំនាក់ទំនងដោយការលេងជាមួយគាត់ បង្រៀនគាត់នៅផ្ទះបន្ថែមដែរ សង្ឃឹមថា នឹងជោគជ័យនៅចុងឆ្នាំ២០២២នេះ។