ដោយសារ កូនប្រុស របស់ខ្ញុំកើត ថ្ងៃសុក្រ ឈ្មោះ #វរ័្មន ដែលខ្ញុំបានត្រៀមចិត្តថា នឹងដាក់ឲ្យកូនខ្ញុំ គឺ មិនសក្តិសម សម្រាប់គាត់ឡើយ។ ឈ្មោះនេះ តាមក្បួន មិនត្រូវបានណែនាំ ឲ្យឈ្មោះកូនខ្ញុំ មិនមែនដោយសារ ជាឈ្មោះមាន បារមី ខ្ពស់ស្មើ ស្តេច ដូចដែល អស់លោកមួយចំនួនគិតទុកទេ។ ឈ្មោះ ដែលផ្តើមដោយ អក្សរបួន គឺ យ រ ល វ ក្បួនណែនាំថា គួរវៀរ (កុំ) ឲ្យឈ្មោះកូនប្រុសស្រី កើតថ្ងៃសុក្រ។ គួរបញ្ជាក់ថា ការដាក់ឈ្មោះកូន វរ្ម័ន មិនមែន ខ្ញុំចង់ប្រដូចខ្លួនឯង ទៅនឹងរាជវង្សឡើយ តែដោយសារ ពាក្យនេះ ផុសចេញពីចិត្ត ខណៈប្រពន្ធខ្ញុំទៅ រៀបចំធ្វើកម្មវិធីវប្បធម៌ នៅទឹកដីអង្គរ ខេត្តសៀមរាប។ មួយវិញទៀត ឈ្មោះ វរ្ម័ន កាន់តែធ្ងន់ ដោយសារ ខ្ញុំត្រកូល #ស្រី នរណាស្តាប់ទៅ ក៏សាហាវដែរ។ សូម្បី ឈ្មោះដែល អ្នកអក្សរសាស្រ្តណែនាំ #សុខោទ័យ (សេចក្ដីសុខបានចាប់កំណើតឡើង) #សុមេធា (អ្នកប្រាជ្ញឧត្តម) ក៏ត្រូវ អ្នកស្តាប់មួយចំនួន ពេបម៉ាត់ ដែរ តែអ្នកអក្សរសាស្រ្ត ផ្តល់យោបល់ថា ឈ្មោះ ជា សម្រាប់សាធារណៈ មិនបានរើសអើងឋានៈ ដូចមនុស្សរស់លើផែនដីឡើយ។

ខ្ញុំរៀនបាន តាមក្បួនបុរាណនេះថា ទារកកើតមក គឺនៅចន្លោះ ថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ដូច្នេះ ឈ្មោះ ដែលត្រូវដាក់ ឲ្យទារក គឺត្រូវស្របនឹង ថ្ងៃកំណើត នោះនឹងនាំឲ្យ ទារកធំធាត់ឡើង ព្រមជាមួយនឹង តេជៈ សិរី បុណ្យកុសល អាស្រ័យតាម ឥទ្ធិពល ឈ្មោះ ដែលផ្គុំឡើងពី តួអក្សរខ្មែរ ទាំង ៣៣តួ មានចាប់ពី ក ខ គ ឃ ង ដល់ ស ហ ឡ អ។ ឈ្មោះបុគ្គលខ្លះ អាចពិរោះ ស្តាប់ទៅ គួរឲ្យខ្លាច ប៉ុន្តែ បើ បុគ្គលកើតថ្ងៃត្រូវ តួអក្សរ គ្មានបារមី នោះ រាសីផ្ទាល់ខ្លួនគាត់ ក៏មិនមានអំណាចអ្វីឡើយ។ ប៉ុណ្ណឹង គួរឲ្យចាប់អារម្មណ៍អត់ !?

បើចង់ដឹងច្បាស់ សូមរកជាង សៀវភៅ #ក្បួនមហាទក្សា ដើម្បីឲ្យអានពីរបៀបឲ្យឈ្មោះកូន តាម #បុរាណបណ្ឌិត ដើម្បីជា មង្គលប្រសើរ។

khmer-name-code

ក្បួនមហាទក្សា ជាក្បួនបុរាណប្រើសម្រាប់ឲ្យឈ្មោះកូនចៅ ដើម្បីជា សុភមង្គលដល់គ្រួសារ។ ខ្ញុំបានទិញសៀវភៅនេះ យូរហើយ តែអានមិនយល់ ទើបទុកចោល រហូតទាល់តែបានជួប ជាមួយ ព្រះសង្ឃមួយព្រះអង្គ កាលពីថ្ងៃពុធ ទី១ វិច្ឆិកា។ តាមពិត ខ្ញុំ និងម្តាយ ទៅទូលព្រះអង្គ ដើម្បីសុំ ខ្សែចំណង ពាក់ឲ្យកូនប្រុស ដែលមានអាករ ដូចមិនសូវធម្មតា ឧស្សាហ៍ ញញឹម ដូចកំពុងលេងជាមួយ #វិញ្ញាណ។ បន្ទាប់ពី ព្រះសង្ឃ ធ្វើខ្សែដៃ ពាក់សង្ខាងរួច ព្រះអង្គក៏បាន សួរនាំថ្ងៃកំណើតកូនប្រុសខ្ញុំ បំណងជួយមើល ជតារាសី។ ព្រះអង្គ បាន ព្យាយាមពន្យល់ នឹងណែនាំតួអក្សរ មួយចំនួន ឲ្យខ្ញុំជា អ្នករើសឈ្មោះដាក់ឲ្យកូន ដោយព្រះអង្គបកស្រាយថា ឪពុកម្តាយ ផ្តល់ឈ្មោះឲ្យកូន មានមង្គល និង បារមីជាងគ្រូអាចារ្យទាំងពួង។ ព្រះអង្គ មិនបានផ្តល់ឈ្មោះ សូម្បីមួយ ដើម្បីឲ្យខ្ញុំជ្រើស តែជំនួស ដោយផ្តល់ តួអក្សរមួយចំនួន ដើម្បីរៀបចំ និងផ្គុំជាឈ្មោះ សម្រាប់ដាក់ឲ្យកូន។

ទោះបី ខ្ញុំ អានសៀវភៅយល់ តែក៏មិនទាន់មាន សមត្ថភាព រកឈ្មោះល្អមួយ សម្រាប់កូនខ្លួនឯង បានឡើយ ដូច្នេះ ត្រូវសុំជំនួយ ពីមនុស្សពូកែអក្សរសាស្រ្តមួយចំនួន។ ពួកគាត់បានផ្តល់ឈ្មោះជូនយ៉ាងច្រើន តែនៅតែមិនពេញចិត្តប្រពន្ធខ្ញុំ។

គាត់ព្រមានថា «កុំអឺអើម្នាក់ឯង ! ត្រូវចាំថា គាត់ក៏ជាកូនខ្ញុំដែរ ! កុំសម្រេចចិត្តម្នាក់ឯងណា លោកប្តី !» ចឹងហើយ រើសឈ្មោះ ត្រូវពេញចិត្តទាំងពីរនាក់។ 

ដើម្បីរើសឈ្មោះឲ្យរឹតពិរោះមានន័យ គួរប្រើ វចនានុក្រមខ្មែរ ជាជំនួយ។ ទើបខ្ញុំសម្រេចចិត្តទិញ រចនានុក្រម ថ្មីមួយក្បាល។

ខ្ញុំនៅចាំបានថា ខ្ញុំបាននាំអ្នកផ្ទះ និងគ្រួសារ ភ្ញាក់ផ្អើលច្រើនដងពេកហើយ រឿងកូនប្រុសមួយនេះ ! ទាំងអំពីភេទ និងឈ្មោះ…

ថ្ងៃនេះ ខ្ញុំចំណាយពេល បីម៉ោង រើសឈ្មោះមួយសម្រាប់កូន ទាល់តែបានសម្រេច ព្រោះ ប្រពន្ធក៏ពេញចិត្ត តិចៗដែរ។ តែជាថ្មីម្តងទៀត គាត់មិនទាន់ឲ្យខ្ញុំប្រកាសជា សាធារណៈ… គឺ ត្រូវរងចាំ ភ្លើងបៃបង ពីគាត់សិន…

#មិនមែនខ្លាចប្រពន្ធទេតែខ្ញុំគោរពគាត់

បើគ្មានគាត់មើលកូន នៅពេលយប់ទេ ម្លេះខ្ញុំគ្មានកម្លាំងមកធ្វើការងារឡើយ។ ព្រោះ លោកកូនខ្ញុំ ចង់លេងពេលយប់ ជាងគេថ្ងៃ ពេលថ្ងៃគាត់គេង  ដល់ពេលយប់បើកភ្នែកប៉ុនពងមាន់។