20120704-072750.jpg

សារបោកប្រាស់មួយ ដែលខ្ញុំទទួលបានព្រឹកម៉ិញ

អ្នកអាចភ្លេចពួកគេ តែពួកគេមិនដែលភ្លេចអ្នកទេ ហើយពិតណាស់ “វាមិនសំខាន់ថា វិធីចាស់គំរិលឱ្យតែមានប្រសិទ្ធិភាព គឺជាវិធីដ៏ល្អហើយ”។

ពួកគេរង់ចាំឱកាស ដើម្បីបោកប្រាស់អ្នក។ អ្នកត្រូវប្រាកដចិត្តថា “អ្នកមិនមែនជាមនុស្សលោភលន់” ទើបអាចគេចផុត ពីអន្ទាក់របស់ពួកគេ។

អ៊ីនធើណែត ពិតណាស់ អាចងាយស្រួលស្រាវជ្រាវ និងទំនាក់ទំនងគ្នា តែពេលខ្លះក៏គ្រោះថ្នាក់ដែរ។ រាល់ព័ត៌មាន និងទំនាក់ទំនង នៅ លើបណ្តាញឥតខ្សែមួយនេះ មិនធានាបាន នូវសុវត្ថិភាពពេញលេញឡើយ។ អ្នកអាជីព ខាងបោកលើ បណ្តាញអ៊ីនធើណែត បានប្រើប្រាស់ វិធីដដែលៗ ដូចជា

១-ច្រោះចូល អ៊ីម៉ែល របស់ អ្នក ហើយផ្ញើសារដើម្បីសុំ ជំនួយ ពីមិត្តអ្នកនៅក្នុង បញ្ជីទំនាក់ទំនង ផ្ទាល់ខ្លួន ដែលមានស្រាប់។ ខ្ញុំបានទទួល ញឹកញាប់ដែរ។ មានម្តងដែរ ប្អូនស្រី របស់ខ្ញុំ បានស្នើឱ្យខ្ញុំ ជួយពន្យាសំបុត្រយន្តហោះ ត្រឡប់ ពីស្រុកបារាំង តាមរយៈ អ៊ីម៉ែល តែថា ជាការពិត ក្រោយ ខ្ញុំទាមទាឱ្យ នាងទូរស័ព្ទ មកអៈអាង។ ប្អូនស្រី ខ្ញុំបញ្ជាក់ ផ្ទាល់ម៉ាត់ថា កាលនោះ នាងស្អកកពេក ទើបផ្ញើម៉ែល ជាមុន ព្រោះមានព័ត៌មាន លម្អិតផង។  ក្រោយៗកុំធ្វើអីចឹង ទៀត !
២-អ៊ីម៉ែល ជាអបអរសាទរថា អ្នកឈ្នះរង្វាន់ រាប់ពាន់ រាប់សែន រហូតដល់ រាប់លាន ដុល្លារ ហើយស្នើឱ្យ អ្នកបំពេញ ឈ្មោះ និងលេខទូរស័ព្ទ ទំនាក់ទំនង។ បើអ្នកហ៊ាន តែឱ្យលេខទំនាក់ទំនង ទៅពួកគេ ធានា ថា ទូរស័ព្ទ មកអ្នកភ្លាម ហើយអត់មានលោះពេលទេ សុទ្ធតែ ០០១ (មកពីបរទេស ឬតាមអ៊ីនធើណែត)។ ចុងក្រោយ ពួកគេ តម្រូវឱ្យ អ្នកបង់ប្រាក់ ថ្លៃបំពេញ ពាក្យ ឬធានា ការផ្ទេរប្រាក់ ជាដើម។ មានតែអ្នកមិនចេះ អង់គ្លេស ទេ ទើបអាចរួចខ្លួន ព្រោះមិនដឹង ពួកគេនិយាយស្អី។
៣-ផ្ញើសារ ឬទូរស័ព្ទ ដោយផ្ទាល់ មកកាន់ ទូរស័ព្ទរបស់អ្នក តាមរយៈ ព័ត៌មាន ទំនាក់ទំនង ដែលអ្នកបាន បង្ហោះផ្សាយ លើបណ្តាញអ៊ីនធើណែត។ ខ្ញុំបាន ទទួលការទូរស័ព្ទ ពីពួកគេ ញឹកញាប់ ដែរ តែ សារ ទើបទទួលបានម្តងព្រឹកម៉ិញ។

  • សូមប្រយត្នរាល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដែលត្រូវបាន បង្ហោះផ្សាយជាសាធារណៈ។
  • សូមទទួលជ្រាប ពីដំណឹងបោក តាមបណ្តាញអ៊ីនធើណែត។
  • សូមប្រាកដចិត្តថា អ្នកមិនលោភលន់។