ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២

ស្រ្តី ៥៣% ភាគរយ ដែល ខុមហ្វ្រែលបណ្តុះបណ្តាល

បានជាប់ឆ្នោតជាមេឃុំស្រ្តី និងសមាជិក ក្រុមប្រឹក្សាឃុំស្រ្តី អាណត្តិទី ៣

គណៈកម្មាធិការដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) សូមអបអរសាទរ ចំពោះស្រ្តីទាំង ២,០៣៨ រូប ជាពិសេស ស្រ្តី ធ្លាប់បាន ទទួលការពង្រឹង សមត្ថភាពដោយ ខុមហ្វ្រែល ដែលបានជាប់ឆ្នោត ហើយកំពុងប្រកាស ឡើងកាន់តំណែង ជាមេឃុំ ចៅសង្កាត់ស្រ្តី និង សមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ស្រ្តី អាណត្តិថ្មីជា បន្តបន្ទាប់។

តាមលទ្ធផល បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៣ ដែលបាន ប្រកាសជា ផ្លូវការ ដោយ គណៈកម្មាធិការជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២ ស្រ្តីប្រមាណ ២,០៣៨រូប (ស្មើនឹង ១៧.៧៨%) ក្នុង ចំណោម អាសនៈសរុប ១១៤៥៩ បានជាប់ឆ្នោត ជា ក្រុមប្រឹក្សាឃុំ សង្កាត់ស្រ្តីអាណត្តិទី៣។ ក្នុងចំនួន ស្រ្តីជាប់ឆ្នោត ដ៏តិចតួចនេះ យ៉ាងហោច ណាស់មាន ស្រ្តីជាប់ឆ្នោតចំនួន ៩២រូប (ស្មើនឹង ៥៣%) ក្នុង ចំណោមស្រ្តី ១៧៤រូប ធ្លាប់បាន ទទួលការ បណ្តុះបណ្តាល និង ពង្រឹងសមត្ថភាព ដោយ ខុមហ្រ្វែល ក្នុងគម្រោង “ស្រ្តីអាចធ្វើបាន” និង “ការផ្តល់ អំណាច ដល់ស្រ្តីក្នុងការ ធ្វើសេចក្តី សម្រេចចិត្ត” តាំងពីពាក់ កណ្តាល ឆ្នាំ២០០៨។ ជាលទ្ធផល សិក្ខាកាម ទាំងនោះ បានជាប់ឆ្នោតជា មេឃុំស្រ្តី ចំនួន ២រូប ក្នុងខេត្ត ព្រះវិហារ មេឃុំស្រ្តី ចំនួន ៣រូប ក្នុងខេត្ត កំពង់ឆ្នាំង មេឃុំស្រ្តី ១រូប ក្នុងខេត្ត កំពង់ចាម និង ៨៦ រូបទៀត បានជាប់ជា សមាជិក ក្រុមប្រឹក្សា ក្នុងខេត្ត កំពង់់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តតាកែវ និងខេត្តព្រះវិហារ។

គម្រោង “ស្រ្តីអាចធ្វើបាន” នេះ មានបំណង លើកទឹកចិត្ត ស្រ្តី ដែលជា ក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ខណ្ឌ មេភូមិ សមាជិកភូមិ មន្រ្តី មូលដ្ឋាន សកម្មជន គណបក្ស នយោបាយ សកម្មជន អង្គការក្រៅ រដ្ឋាភិបាល ឱ្យចូលរួម និង ស្វែងយល់ កាន់តែច្រើន ថែម ទៀតទៅលើ ការកសាង ទំនុកចិត្ត វិធាន ការងារ នយោបាយ និង ហាត់ចិត្ត ក្លាហាន ក្នុងការ បញ្ចេញមតិ ឬចូលរួមក្នុង ដំណើរការសម្រេចចិត្ត។ បច្ចុប្បន្នគម្រោងនេះ កំពុងអនុវត្ត ក្នុងតំបន់ គោលដៅ ចំនួន ៥ខេត្ត គឺខេត្ត កំពង់់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តតាកែវ និង ខេត្តព្រះវិហារ។

រាប់ចាប់ពីឆ្នាំ២០០២ នៃការ ចាប់ផ្តើម អនុវត្តនយោបាយ វិមជ្ឈការ របស់ប្រទេស កម្ពុជា តាមរយៈ ការបោះឆ្នោត ស្រ្តីចូល រួមក្នុង នយោបាយ និង ស្រ្តីជាប់ឆ្នោត នៅតែមាន ការកើនឡើង តិចតួច បើគិតមក ដល់ជាងពាក់ កណ្តាល ឆ្នាំ២០១២។ សម្រាប់ការ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី១ (ឆ្នាំ២០០២-២០០៧) ក្នុងចំណោម អាសនៈ ក្រុមប្រឹក្សា ឃុំ សង្កាត់ សរុប ១១៣៥៣ អាសនៈ (១៦២១ឃុំ-សង្កាត់) ស្រ្តី នៅចុង អាណត្តិមាន សរុប ៨.៧២% ហើយ នៅចុង អាណត្តិទី២ (ឆ្នាំ២០០៧-២០១២)  ចំនួន ស្រ្តីជាប់ឆ្នោត ជាក្រុមប្រឹក្សា ឃុំ សង្កាត់ កើនដល់ ១៦.០៨%។  ដោយឡែក សម្រាប់ ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៣ (ឆ្នាំ២០១២-២០១៧) ដែលមាន អាសនៈ សរុប ១១,៤៥៩ អាសនៈ (១៦៣៣ឃុំ-សង្កាត់) ស្រ្តី ជាប់ឆ្នោត នៅដើម អាណត្តិ មានសរុប ១៧.៧៨% (ស្មើនឹង២,០៣៨នាក់)។ យោងតាម របាយការណ៍ UNDP’s Human Development Index 2011-Gender Inequality Index (GII)[1] កម្ពុជា នៅតែមាន កម្រិតទាប នៃសមធម៌   យែនឌរ ត្រឹមលេខ ៩៩ (លេខអន់បំផុត១៤៦) ក្នុងចំណោម ប្រទេសដែលមាន ចំណាត់ថ្នាក់ទាបជាង គេ នៅអាស៊ីអាគ្នេយ៍ ដូចគ្នានឹង ប្រទេសភូមា ប្រទេសឡាវ និង ប្រទេស ឥណ្ឌូនេស៊ីដែរ។

ឧបសគ្គដែល រារាំងដល់ការអនុវត្តសមភាពនៃតំណាង និងសិទ្ធិយេនឌ័រ មូលហេតុចំបង ព្រោះប្រទេស កម្ពុជាខ្វះគោល ការណ៍ជាក់លាក់ជា លាយលក្ខណ៍ អក្សរ ខ្វះយន្តការគាំទ្រ និង ផ្តល់ឱកាសដល់ ស្រ្តីចូលរួម លើគ្រប់វិស័យ ស្របតាម អនុសញ្ញាអន្តរជាតិ ស៊ី-ដ និង មួយផ្នែកទៀត ដោយសារ ទំនៀមទម្លាប់ អភិរក្សនិយម និងវប្បធម៌ ដែលត្រូវបានគេ សន្មត់ និងផ្តល់ តម្លៃដល់ ស្រ្តីទាបជាងបុរស។ មួយវិញទៀត ភាពក្រីក្រ ការរើសអើង ការបង្អាក់ ទឹកចិត្ត និង ឱកាសតិចតួច ក៏ជាបច្ច័យ រារាំងស្រ្តីក្នុង ការទទួលបាន សមភាពសង្គម និង ផលចំណេញពី ការចូលរួមក្នុង វិស័យនយោបាយ និង កិច្ចការសង្គម។

ខុមហ្វ្រែល បានរកឃើញ នូវអនុសាសន៍ មួយចំនួនដើម្បី លើកកម្ពស់ សមភាពយេនឌរ និង ការផ្តល់អំណាច នយោបាយដល់ស្រ្តី ក្នុងនោះរួមមាន ការកំណត់ គោលនយោបាយ របស់គណបក្ស នយោបាយ និងប្រព័ន្ធកូតា ការលុបបំបាត់ រាល់ទម្រង់នៃ ការរើសអើង ការលើកកម្ពស់ ការចូលរួមរបស់ ស្រ្តីក្នុងវិស័យ នយោបាយ ការពង្រឹង សមត្ថភាពសម្រាប់ បេក្ខជនស្រ្តី ដើម្បីបង្កើន ភាពជឿជាក់ និងប្រសិទ្ធិភាព ក្នុងការងារក្រោយ ពេលជាប់ឆ្នោត ការបង្កើត បរិយាកាស នយោបាយល្អ សម្រាប់ស្រ្តី និង ការចែករំលែក ព័ត៌មានពី សារៈសំខាន់ របស់ស្រ្តីក្នុង វិស័យនយោបាយ៕


[1] UNDP: Human Development Index 2011-Gender Inequality Index (GII), www.undp.org.kh