ទំព័រដើម

កូនត្រីកន្ទុយបី

បញ្ចេញមតិ

កូនត្រីកន្ទុយបី ៩ក្បាល ទើបទិញមកចិញ្ចឹមនៅគេហដ្ឋាន ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២

៙០៧.មករា.២០២២៖ ទម្រាំអាចប្រមូលសេចក្តីក្លាហានគ្រប់គ្រាន់ ងាកមកចិញ្ចឹម ត្រីកន្ទុយបី ឡើងវិញ ខ្ញុំត្រូវចំណាយពេលកាត់ចិត្ត និងតាំងចិត្តអស់ ៥ឆ្នាំ។

សោកនាដកម្មត្រីងាប់មួយអាងកញ្ចក់ ដោយសារដាច់ចរន្តអគ្គិសនី កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ នៅតែលងបន្លាចខ្ញុំ… ដូច្នេះ ចិញ្ចឹមលើកនេះ ខ្ញុំបានត្រៀមឧបករណ៍ផលិតអុកស៊ីសែនសម្រាប់សង្រ្គោះត្រីគ្រប់គ្រាន់ បើទោះបីជាដាច់អគ្គិសនី ពេញមួយថ្ងៃក៏លែងបារម្ភដែរ។

ទោះបីជាយ៉ាងណា ខ្ញុំតាំងចិត្តថា បើត្រីងាប់ដោយសារខ្វះអុកស៊ីហ្សែនទៀត លើកក្រោយចិញ្ចឹមដាក់ក្នុងអាងថ្មរៀបឥដ្ឋម្តង [មិនពឹងអុកស៊ីហ្សែន]។

ស្វាគមន៍មកកាន់គេហដ្ឋានដ៏កក់ក្តៅរបស់ខ្ញុំកូនត្រីតូចៗ…

ខួបកំណើតរីករាយ ប្រពន្ធសម្លាញ់

បញ្ចេញមតិ

ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១៖ យើងជ្រើសរើស យកថ្ងៃនេះ អបអរសាទរ ខួបកំណើត កូនស្រីពៅ របស់ ប៉ាម៉ាក់ក្មេកខ្ញុំ ជាប្រពន្ធខ្ញុំ និងជា ម្តាយកូនប្រុសខ្ញុំ គឺលោកស្រី ស៊ន សុខឃៀង ឆ្លងវ័យចូល ២៩ឆ្នាំ។

រូបថតអនុស្សាវរីយ៍ អំឡុងរៀបចំខួបកំណើត ម៉ាដាមពយ រយះពេល ៨ឆ្នាំ គិតចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២១

យើងបានកាន់ដៃគ្នាឆ្លងខួបកំណើតបែបនេះ អស់រយះពេល ៨ឆ្នាំជាប់ៗគ្នាមកហើយ (២០១៤ ដល់២០២១)។ សង្ឃឹមថា យើងអាចនឹងបន្តធ្វើបុណ្យឆ្លងខួបកំណើតដោយរីករាយជាមួយគ្នារហូតដល់ចាស់រៀងខ្លួន។

រូបថ្លុក ក្រុមគ្រួសារម៉ាដាមពយ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១

អបអរសាទរ ប៉ាក្មេក!!!

បញ្ចេញមតិ

ទីបំផុត ប៉ាក្មេក អ៊ុំ សុខន មានវាសនា ជិះម៉ូតូអាសង់ស៊េរីថ្មីបំផុតបកកេសហើយ បន្ទាប់ពីលោកលះបង់ទ្រព្យធនជាច្រើនដើម្បីកូនប្រុសស្រី និងបានសន្សំចិត្តប៉ងនឹកស្រមៃ អស់ជាងសាមសិបឆ្នាំ។ អបអសាទរ ប៉ាក្មេក…

ប៉ាក្មេក អ៊ុំ សុខន ថតរូបជាមួយនឹងម៉ូតូអាសង់២០២១ នៅក្រុមហ៊ុនហុងដា មុខព្រលានយន្តហោះភ្នំពេញ (ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១)

ទម្រាំគាត់ដាច់ចិត្តដកលុយពីខោប៉ៅផ្ទាល់ខ្លួនមកទិញម៉ូតូថ្មី ខ្ញុំបានជួយជម្រុញចិត្ត និងប្រើមធ្យោបាយបញ្ចុះបញ្ចូល លើកទឹកចិត្ត រួមទាំងល្បួងជាច្រើនលើកណាស់។ Honda Dream 2021 ទិញនៅថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១ តម្លៃក្រុមហ៊ុន ២១១០ដុល្លារ។

ខ្ញុំដឹងថា គាត់សប្បាយចិត្តខ្លាំង ខ្ញុំវិញក៏រំភើបមិនចាញ់គាត់ដែរ។ ខ្ញុំសប្បាយចិត្តដែលអាចជួយបំពេញសុបិន្តឲ្យមនុស្សល្អៗដូចគាត់ ហើយអាចជំនះលើពាក្យ ដែលគាត់ធ្លាប់ពោលកន្លងមកថា គ្មានវាសនាប្រើម៉ូតូអាសង់ស៊េរីថ្មី។

ជួសជុលទូរទស្សន៍

បញ្ចេញមតិ

ប្រសិនបើ ទូរទស្សន៍ Samsung Smart TV របស់លោកអ្នកមានបញ្ហា សូមទៅរកសេវាកម្មជួសជុលរបស់ Samsung សេវាកម្មល្អ និងតម្លៃសមរម្យ។ #Recommended

#ចែករំលែកបទពិសោធន៍៖ ទូរទស្សន៍ Smart TV របស់ខ្ញុំមានបញ្ហាអេក្រង់ព្រិលខ្មៅពាក់កណ្តាល។ ដំបូងខ្ញុំ មិនទាន់ស្គាល់ Samsung Customer Service Center ក៏ស្វែងរកជាងជួសជុលក្បែរផ្ទះ។ ដឹងអីជាងនោះ ដោះខ្ទេចខ្ទី ចំណាយពេល ៥ម៉ោងហើយមិនដឹងខូចអីទៀត។ ខ្ញុំសម្រេចចិត្តយកទូរទស្សន៍មកវិញ ដោយបង់លុយថ្លៃដោះ។ ខ្ញុំព្យាយាមស្វែងរកសេវាកម្មជួសជុលរបស់ Samsung ដឹងថា នៅម្តុំពេទ្យចិន។ ដឹកទូរទស្សន៍ មកដល់ក្រុមហ៊ុនភ្លាម ជាងក្រុមហ៊ុនដឹងថា ខូចអំពូល មិនមែនខូចអេក្រង់ទេ តែជាងសុំពេល ២ម៉ោងឆែកសិន។ ឆែករួចក៏បញ្ជាក់ថា ត្រូវប្តូរអំពូល រងចាំ ៥ថ្ងៃដើម្បី order អំពូលពីក្រុមហ៊ុនខាងក្រៅស្រុក និងជួសជុល។ ថ្ងៃនេះខ្ញុំទទួលទូរទស្សន៍មកផ្ទះ ទើបដឹងថា ជាងជួសជុលក្បែរផ្ទះ បានគាស់ដាច់ខ្សែអេក្រង់ជិតមួយសង់ទីម៉ែត្រ។

#មេរៀន៖ ប្រសិនបើឧបករណ៍ប្រើប្រាស់របស់អ្នកមានបញ្ហាគួរស្វែងរកជាងជួសជុលដែលមានជំនាញច្បាស់លាស់ និងមានការធានាពីក្រុមហ៊ុន សូមកុំប្រថុយទៅរកសេវាកម្មជួសជុលហេងស៊យ។

DIGITAL JOURNALISM TRAINING COURSE

បញ្ចេញមតិ

Apply here: https://reutersdigitaljournalism.com/

អាយុ៤០ឆ្នាំហើយ…

បញ្ចេញមតិ

រាត្រីសួស្តីថ្ងៃកំណើតរីករាយ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១… ចាប់ពីម៉ោង ៧និង៣០នាទី យប់នេះតទៅ ខ្ញុំមានអាយុ ៤០ឆ្នាំជាផ្លូវការហើយ…

វ័យកាន់តែចាស់ ទើបដឹងច្បាស់ថា ពេលវេលាមានតម្លៃខ្លាំង។

អំណោយខួបកំណើតវ័យ៤០ឆ្នាំ

អាចនិយាយបានថា… មួយឆ្នាំ កន្លងមកនេះ ទាំងគេ ទាំងខ្ញុំបានជួបរឿងរ៉ាវមិនសូវដូចចិត្តប៉ងជាច្រើន ដោយសារកូវីដ-១៩ ប៉ុន្តែខ្ញុំសង្ឃឹមថា គ្រប់គ្នានឹងមិនជួបរឿងអាក្រក់ពេកដែរ។ សម្រាប់ខ្ញុំ យ៉ាងហោចណាស់ ក្នុងឆ្នាំចាស់ ខ្ញុំបានទទួលអំណោយលួងចិត្តខ្លួនឯង ជាដុំកំភួនខ្លះៗ ដូចជា ម៉ូតូហុងដា CLICK 125i (តម្លៃ ២៥៥០ដុល្លារ ទិញផ្ទាល់ពីក្រុមហ៊ុន ដោយធ្វើការកក់មុនមួយខែ) កាម៉ារ៉ា CANON 90D (តម្លៃ ១៣១៩ដុល្លារ ទិញពី ហាង MyCam Camara Store អាវស្បែកសម្រាប់ពាក់ជិះម៉ូតូ (អំណោយប្រពន្ធ) និងកាដូ ហាសិបដុល្លារ (អំណោយពីមនុស្សពិសេស)។

អាជីពការងារ

និយាយដោយស្មោះត្រង់ទៅ តាំងពីដើមមក អាជីពការងាររបស់ខ្ញុំមិនសូវស្ថិតស្ថេរយូរឆ្នាំទេ ពិសេសអំឡុងពេលឈរជើងលើ វិស័យសារព័ត៌មាន យ៉ាងយូរ២ឆ្នាំកន្លះ ប្តូរការងារថ្មីហើយ។ ការងារកាសែតដែលនៅបានយូរជាងគេគឺបម្រើការឲ្យ PNN TV Cambodia ក្នុងតួនាទីជា អ្នករាយការណ៍ព័ត៌មានប្រចាំថ្ងៃ បន្ទាប់មកប្តូរទៅជា អ្នកផលិតបទយកការណ៍ (០១ មេសា ២០១៥ ដល់ ០៨ កក្កដា ២០១៦)។ បើធ្វើការងារជាមួយស្ថាប័នអង្គការក្រៅរដ្ឋាភិបាល បានច្រើនរហូតដល់ ៥ឆ្នាំ គឺបម្រើការងារឲ្យ COMFREL ក្នុងតួនាទីជា មន្រ្តីព័ត៌មាន និងច្បាប់ (០១ មករា ២០០៩ ដល់ ៣១ ធ្នូ ២០១៥)។ ចំពោះការងារបច្ចុប្បន្ន បើគិតត្រឹមឆ្នាំ២០២១ ខ្ញុំបានបម្រើការងារឲ្យ មជ្ឈមណ្ឌលកម្ពុជាដើម្បីផ្សព្វផ្សាយឯករាជ្យ អស់រយៈពេលជិត ៣ឆ្នាំហើយ តែមានការផ្លាស់ប្តូរ តួនាទីពី ផលិតករ (០២ ឧសភា ២០១៨ ដល់ ៣០ កញ្ញា ២០១៩) ទៅជា ប្រធានផ្នែកអនឡាញ (០១ តុលា ២០១៩ ដល់ បច្ចុប្បន្ន)។ ខ្ញុំធ្លាប់ព្យាយាមស្វែងរកការងារថ្មីក្រៅពីកាសែតដែរប៉ុន្មានខែចុងក្រោយនេះ ប៉ុន្តែរកមិនបានសោះ មិនដឹងថា ហេតុអ្វីសមត្ថភាពប៉ុណ្ណឹងដែរ គ្រាន់តែរកការងារថ្មីមិនបាន។ តាមពិត ខ្ញុំធ្លាប់ជាប់សម្ភាសន៍បីបួនកន្លែងដែរ តែត្រូវគេបដិសេធន៍ខ្លះ ខ្ញុំបដិសេធន៍គេវិញខ្លះ។ រហូតដល់ថ្ងៃនេះ ទើបខ្ញុំយល់ថា ប្រហែល ទេវតាកំពុងតាមថែរក្សាខ្ញុំ ព្រោះអំឡុងពេលកូវីដ-១៩ រាតត្បាត កន្លែងការងារ​ជាច្រើន ត្រូវបិទទ្វារ កាត់ប្រាក់ខែបុគ្គលិក ប៉ុន្តែកន្លែងធ្វើការរបស់ខ្ញុំបច្ចុប្បន្ន មិនកាត់ប្រាក់ខែ ហើយថែមទាំងមានប្រាក់សម្រាប់ចូលឆ្នាំខ្មែរទៀតផង។

គ្រួសារ

សគុណ អាយុជិត ៥ឆ្នាំហើយ នៅមិនទាន់អាចនិយាយបានច្រើននៅឡើយទេ គួរឲ្យបារម្ភណាស់។ ក្នុងថ្ងៃខួបរបស់ខ្ញុំថ្ងៃនេះ សគុណ និយាយបាន បីម៉ាត់ច្បាស់ៗ ប្លែកពី ថ្ងៃផ្សេងទៀត ដែលគាត់និយាយតែមួយម៉ាត់ ហើយក៏បាត់ឈឹង។ អំឡុងពេល កូវីដ-១៩ រាតត្បាត គ្រប់គ្នា រួមទាំងខ្ញុំ សុទ្ធតែស្គាល់ហើយរសជាតិ ចត្តាឡីស័កខ្លួនឯង (១៤ថ្ងៃ) និងរស់នៅក្នុងបិទខ្ទប់ ឬតំបន់ឆ្លង។

ការសិក្សា

ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកច្បាប់សិទ្ធិមនុស្សអន្តរជាតិ (២០១៩-២០២១)នេះ ប្រហែលជា ការអប់រំចុងក្រោយរបស់ខ្ញុំ។ ព្រោះទំនងជាខ្ញុំមិនអាចបន្តការសិក្សាផ្នែកច្បាប់ដល់កម្រិតបណ្ឌិត ដូចចិត្តប៉ងទេ។ ខ្ញុំទទួលស្គាល់ថា វ័យកាន់តែចាស់ ការចងចាំកាន់តែខ្សោយ។ គ្រាន់តែតាមដានមើលលទ្ធផលនៃការសិក្សាតាមអនឡាញ Two Semesters ចុងក្រោយនេះ ក៏ដឹងទៅហើយថា ខ្ញុំពិបាកពុះពារទៅមុខទៀតណាស់ ស្ទើរតែបោះបង់ ចោលពាក់កណ្តាលផ្លូវទៅហើយ។ យ៉ាងណាក៏ដោយ រង់ចាំមើល ទេវតាសម្រេចយ៉ាងណាទៀត…

មិត្តភាព និងស្នេហា

  • មិត្តភាព៖ រស់បានពាក់កណ្តាលជីវិតទៅហើយ ខ្ញុំទទួល ស្គាល់ថា មិត្តជិតស្និទ្ធរបស់ខ្ញុំមានតិច។ កក្តាជីវភាព គ្រួសារ ការសិក្សា សង្គម ការងារ ពិសេសអំឡុងពេលឆ្លងរីករាលដាលជំងឺកូវីដ-១៩ រឹតធ្វើឲ្យពួកយើងមិនសូវមានពេលជួបជុំគ្នា។ ខ្ញុំរំពឹងថា ចប់កូវីដ-១៩ នឹងរកពេលវេលាជួបជុំមិត្តភក្តិចាស់ៗម្តងទៀត។
  • ស្នេហា៖ ប្រធានបទនេះរសើបខ្លាំង ព្រោះប្រពន្ធហាមមិ​នឲ្យសរសេរទាក់ទងនឹងនារីណាផ្សេងក្រៅពីគាត់ឡើយ។ (ចឹងមិនបាច់និយាយទេ!!!)

ទស្សនៈវិស័យ

  • ខ្ញុំនឹងផ្តើមបណ្តុះទម្លាប់អានសៀវភៅឲ្យក្លាយ ទៅជា អ្នកអានសៀវភៅកម្រិតខ្ពស់ (Advanced Reader)។ តាំងចិត្តថា យ៉ាងហោចណាស់មួយខែ ត្រូវអានឲ្យបាន ៤ក្បាល ចឹងមួយឆ្នាំ អាចអានបានយ៉ាងតិចក៏ ៤៨ក្បាលដែរ។ ជឿជាក់ថា ខ្ញុំអាចធ្វើបាន!!!
  • ងាកមកពង្រឹងជំនាញថតរូប រចនារូបភាព និងកាត់តវិដេអូឡើងវិញ សង្ឃឹមថា អាចនឹងប្រើប្រាស់ជាប្រយោជន៍ក្នុងវិជ្ជាជីវៈ ឬអាជីពនាពេលអនាគត។​ សម្ភារៈ (កាម៉ារ៉ា កុំព្យូទ័រកាត់ត) មានហើយ ឯកសារមេរៀន មានហើយ នៅឡើយតែ ចំណាយពេលខ្លះដើម្បីហ្វឹកហាត់ឡើងវិញ។ គិតទុកថា នឹងផលិតវីដេអូ សម្រាប់បង្ហោះលើយូធូបផ្ទាល់ខ្លួន យ៉ាងហោចណាស់ មួយវីដេអូ ក្នុងមួយខែ។

អរគុណ ទេវតា និងព្រះជាម្ចាស់ ដែលបានជួយជ្រើសរើសផ្លូវឲ្យខ្ញុំដើរដោយសុវត្ថិភាពរហូតមកដល់ពេលនេះ… ខ្ញុំមានអារ​ម្មណ៍ថា ទេវតា តែងតែនៅតាមថែរក្សាខ្ញុំជានិច្ច។ តទៅនេះ ខ្ញុំនឹងធ្វើតែអំពើល្អជាកិច្ចតបស្នង… អរគុណ

ស្រី សុភ័ក្រ្ត

ខ្លាលើភ្នំ (Tiger on the Mountain)

បញ្ចេញមតិ

ខ្លាលើភ្នំ (Tiger On The Mountain) និពន្ធដោយ Shirley Lease Arora បកប្រែដោយ គៀន ហ្វកហ្វីដែល

ប្រតិកម្មពីអ្នកអាន

  • ថ្ងៃណាមួយ​ (រាម្ម័ន​និយាយល្វើយៗ) ថ្ងៃណាមួយ តា ខ្ញុំនឹងមកទិញសៀវភៅ​នេះ។
  • តាជឿ!
  • ប៉ុន្តែ… ប្រហែល​ជាថ្ងៃនោះ… សៀវភៅ​នេះលែង​នៅទៀត​ហើយ។
  • ប្រាកដជានៅ (លោកតាអះអាង) ប្រាកដជានៅអាចៅ! តាធានា៕

រាល់ពេល​ខ្ញុំ​អានដល់ឃ្លាចុងក្រោយ(ទំព័រ ១៨៣)នេះ អារម្មណ៍របស់ខ្ញុំតែងតែ​ឆួលឡើង ជ្រួល​ពី​ទូ្រង ឡើងមកដល់ភ្នែក។ ហើយភ្នែករបស់ខ្ញុំក៏​ផ្តើមក្រហាយ ដូច តាធុមប៊ុស្វាមិ (តាលក់សៀវភៅនៅផ្សារ) ដែរ។ ខ្ញុំអានឡើងវិញ ពីរបីដង ត្រឹមតែ​ឃ្លាចុងក្រោយនេះសោះ ក៏នៅតែរលីងរលោងទឹកភ្នែកបានដែរ។ មានន័យថា ការលះបង់របស់ រាម័្មន ត្រូវបានដឹងឮហើយ…

ខ្លាលើភ្នំ Tiger On The Mountain និពន្ធដោយ Shirley Lease Arora បកប្រែដោយ គៀន ហ្វកហ្វីដែល ជា ប្រលោមលោកមួយក្បាលទៀតហើយ ដែលអានហើយរញ្ជួយដល់បេះដូងខ្ញុំ​ ឲ្យស្រក់ទឹកភ្នែកមិនដឹងខ្លួន។ ហេតុអ្វីក៏​ សំណេរធម្មតាៗ គ្រាន់តែលម្អិតបន្តិច ពាក្យសន្ទនាធម្មតាៗ គ្រាន់តែបង្កប់ន័យអប់រំបន្តិច ផ្គុំចូលគ្នា​ក្លាយជា មានឥទ្ធិពលអីយ៉ាងនេះ?

សាច់រឿងនេះ រឹតតែមានន័យខ្លាំងសម្រាប់អ្នកស្រឡាញ់សៀវភៅ ក្បិតក្បៀតសន្សំលុយទុកទិញសៀវភៅមកអាន និងមាន«ទំនួលខុសត្រូវ» ជា«បាផ្ទះ»ម្នាក់ដូចខ្ញុំដែរ។ សម្រាប់ខ្ញុំ វាមិនគ្រាន់តែជា រឿងសម្រាប់កុមារតូចៗទេ តែវាបង្កប់សារអប់រំមនុស្សធំ ឲ្យចេះខ្មាស់កូនក្មេង ​ប្រសិនបើជាមនុស្សធំ​អាត្មានិយម ចេះតែហុចដៃសុំលុយម៉ែឳយកទៅចាយផ្តេសផ្តាស់ គ្មានទំនួលខុសត្រូវក្នុងគ្រួសារ និងសហគមន៍។ល។

សង្ខេបសាច់រឿង

អ្នកនិពន្ធប្រគល់​តំណែងតួឯកជូន កុមារវ័យជិត ១២ឆ្នាំម្នាក់ ឈ្មោះ រាម្ម័ន មានសាវតាជា ជនជាតិដើមភាគតិច រស់នៅតាមជ្រលងភ្នំនៃ​ប្រទេសឥណ្ឌាភាគខាងត្បូង។ រាម័្មន ជាកូនច្បង ក្នុងចំ​ណោម​​​​​កូន ៤នាក់ ដែល​មានឳពុក អាស្រ័យលើរបរកាប់អុសលក់ និងម្តាយដាំបន្លែលក់។ ដោយ​មានការគាំទ្រពី សេលវ៉ាម (ឳពុករាម័្មន) រាម័្មន ជាក្មេងតែម្នាក់គត់ក្នុងភូមិ ដែលចេះអាន ចេះសរ​សេរ ព្រោះ រាម័្មន មានឱកាសចូលសាលារៀននៅវាលទំនាប។ ប៉ុន្តែនៅ​ពេល អុសលក់លែងដាច់ ឳពុករាម័្មន ត្រូវចុះទៅ ទីក្រុងដើម្បីរកប្រាក់ ហើយ រាម្ម័ន ក៏ត្រូវផ្អាកទៅសាលារៀន ព្រោះជាប់រាប់រងបន្ទុកជា «បាផ្ទះ»។ រាម័្មន ត្រូវចូលព្រៃរើសស្រស់ ឬបេះផ្សិតលក់ រាល់ថ្ងៃដើម្បីរកប្រាក់ជួយគ្រួសារ​ទិញអង្ករ ទិញម្ហូប និងសល់ប្រាក់សន្សំខ្លះទុកទិញសៀវភៅចាស់ៗមកអាន។

ថ្ងៃមួយ រាម័្មន បានជំពាក់ចិត្តប៉ងទិញ សៀវ​ភៅ​ក្រាស់ ក្របខ្មៅរលោងមួយក្បាល រំលេចចំណងជើង​ពណ៌មាស «រាមាយណៈ»។​ សៀវភៅរឿងព្រេង​នៃមហាបុរសឥណ្ឌា ដែល​មានគំនូររស់រវើក​នៅខាងក្នុងមួយនេះ តម្លៃ ៦រូពីកន្លះ ឬ៦៥០ ណាយិពេស (១០០ ណាយិពេស ស្មើនឹង ១រូពី)។ តាមថ្ងៃធម្មតា​ រាម័្មន អាចសល់ប្រាក់សន្សំ ១ណាយិពេស រាល់ពេល រាម័្មន រកប្រាក់បាន ១រូពី ដូច្នេះ​ មាន​ន័យថា បើតាមល្បឿនធម្មតា រាម័្មន ត្រូវសន្សំប្រាក់ជិត ២ឆ្នាំ ទើបគ្រប់លុយទិញសៀវភៅថ្មីនេះ។ រាម្ម័ន សម្រេចចិត្តប្រថុយគ្រោះថ្នាក់ចូលព្រៃជ្រៅ ដើម្បីស្វែងរកផ្កាអ័រគីដេរព្រៃ មកលក់ឲ្យ បារាំង ប្តូរប្រាក់ គ្រាន់សន្សំទុកទិញសៀវភៅ។ ព្រៃជ្រៅដែលចាស់ៗក្នុងភូមិ និទានថា មានខ្លាភ្នែកលឿង​កាចសាហាវមួយក្បាល រងចាំសងសឹកមនុស្សដែលចូលព្រោះធ្វើឲ្យវាខ្វាក់ភ្នែកម្ខាង ។ ខ្លាខ្វាក់ភ្នែក នៅលើភ្នំគ្រាន់តែ​ជា ឧបសគ្គមួយប៉ុណ្ណោះក្នុងចំណោម ឧបសគ្គជាច្រើន​ដែល រាម័្មន ត្រូវប្រឈម​មុខ។ ល្គឹកណា រាម័្មន យល់ពី សម្តីឳពុកខ្លួន រាម័្មន អាចនឹងឈានមួយជំហាន​ធំឆ្ពោះទៅ​កាន់​ភាពជា​បុរស​ពិតប្រាកដម្នាក់។

អំពីសៀវភៅ

#ខ្លាលើភ្នំ #TigerOnTheMountain #ShirleyLeaseArora #ប្រលោមលោកអប់រំដ៏ល្អមួយ ​ខ្លាលើភ្នំ បកប្រែដោយ #គៀនហ្វកហ្វីដែល បោះពុម្ពផ្សាយដោយ គ្រឹះស្ថានបោះពុម្ពឯកសារខ្មែរ Khmer Books Edition ចេញផ្សាយ នៅខែមិថុនា ឆ្នាំ២០២០ លក់ក្នុងតម្លៃ ២៤០០០រៀល អាចរកទិញបាននៅតាម បណ្ណាល័យនានា ឬតូបកាសែតពន្លឺវិជ្ជា (ខាងក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ)។​ លោកអ្នកអានអាចទិញបានតាមរយៈលេខទូរសព្ទ៖ 089 85 67 64 / 086 84 89 42 / 0715 209 509 (ផ្ញើជូនទូទាំងប្រទេស)។ ឬ សម្រាប់ខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ អាចទាក់ទងតាមទូរស័ព្ទ៖ 085 88 44 92 / 070 88 44 92 / 097 756 44 99។

ខ្ញុំឡើងដល់កំពូល​ភ្នំឱរ៉ាល់កម្ពស់ ១៨១៣ម៉ែត្រ

បញ្ចេញមតិ

រួបថតអនុស្សាវរីយ៍ នៅលើកំពូលភ្នំឱរ៉ាល់ កម្ពស់ ១៨១៣ម៉ែត្រ (ថតនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០)
ខេត្តកំពង់ស្ពឺ៖ កំពូលភ្នំឱរ៉ាល់ កម្ពស់ ១៨១៣ម៉ែត្រ (ថតដោយ៖ ប៊ិច ប្ល៉េវ / នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០)

ទីបំផុត ខ្ញុំអាចឡើងទៅដល់ កំពូលភ្នំដែលជាចំណុចខ្ពស់ជាងគេបំផុតក្នុងប្រទេសកម្ពុជា គឺភ្នំឱរ៉ាល់ ដែលមានកម្ពស់ មួយពាន់ប្រាំបីរយដប់បីម៉ែត្រ (១៨១៣ម៉ែត្រ)។ ភ្នំឱរ៉ាល់ មានទីតាំងស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

អ្នកឡើងភ្នំលើកដំបូង

ផ្ទាំងព័ត៌មានឃោសនាគម្រោងឡើងភ្នំរបស់ក្រុមដើរព្រៃ ដែលបង្ហាញពី​ ទីតាំងភូមិសាស្រ្តភ្នំឱរ៉ាល់ និងរយះពេលធ្វើដំណើរពីចំណុចមួយទៅចំណុចមួយ (រូបថត៖ ដើរព្រៃ)

ខ្ញុំអាចប្រាប់បានថា អ្នកឡើងភ្នំឱរ៉ាល់ មិនគួរឡើងម្នាក់ឯងទេ គួរឡើងជាក្រុម។ រឹតតែប្រសើរ​បើ​មានអ្នកដឹកនាំប្រកប​ដោយ​បទពិសោធន៍ និងមានការរៀបចំ​ជាមុន ព្រោះដំណើរផ្សងព្រេងនេះ​ប្រាកដជា​ជួបឧបសគ្គមួយចំនួនទាក់ទងនឹងភូមិសាស្រ្ត អាកាសធាតុ​ និងអាចត្រូវប្រើពេលវេលាច្រើនជាងមួយថ្ងៃ។ ដំណើរឡើងភ្នំឱរ៉ាល់ ត្រូវការថាមពលច្រើន (បើមានភេសជ្ជៈប៉ូវកម្លាំងអាច​ជួយបានច្រើន) និងបច្ចេកទេសឡើងចុះភ្នំមួយចំនួនគួរយល់ដឹង ដូចជា ពេលឡើងភ្នំត្រូវប្រើកម្លាំងកែងជើង បោះជំហានតូចៗ តែបើពេលចុះភ្នំត្រូវប្រើកម្លាំងចុងជើង បោះជំហានធំៗទើបមិនសូវហត់ គប្បីប្រើឈើច្រត់ដើម្បី​ជួយដោលឡើងភ្នំ ឬទប់ខ្លួនពេលចុះភ្នំ។

តាមការកត់ត្រារបស់ខ្ញុំ អំឡុងពេលចុះពីកំពូលភ្នំមកផ្ទះវិញ សម្រាប់អ្នកចុះភ្នំលើកដំបូង (Beginner Level) ដូចជាខ្ញុំ អាចចំណាយ ពេល សរុបដល់ទៅ ១២ម៉ោង រាប់បញ្ចូល ៨ម៉ោង ដើម្បីដើរចុះភ្នំ (បើឡើងភ្នំអាចចំណាយពេលច្រើនជាងនេះ ដោយសារត្រូវប្រើកម្លាំងច្រើន ឬអាចឈប់សម្រាកច្រើនលើក) រួមទាំងចាយពេលវេលា បីម៉ោងកន្លះទៀត ដើម្បីជិះគោយន្ត និងឡានឈ្នួលត្រឡប់មកភ្នំពេញវិញ។

  • ចុះពីកំពូលភ្នំ ដើរទៅដល់ ដំណាក់តាឥសីទីពីរ៖ ២ម៉ោងកន្លះ
  • ចុះពី ដំណាក់តាឥសីទីពីរ ដើរទៅដល់​ ដំណាក់តាឥសីទីមួយ៖ ៣ម៉ោង
  • ចុះពី ដំណាក់តាឥសីទីមួយ ដើរទៅដល់ គោយន្ត៖ ៣ម៉ោង
  • ជិះគោយន្ត ទៅដល់ភូមិ៖ ១ម៉ោងកន្លះ
  • ជិះឡានពីភូមិ មកដល់ភ្នំពេញ៖ ២ម៉ោងកន្លះ

អំឡុងពេលធ្វើដំណើរឡើងភ្នំ ខ្ញុំបានប្រទះក្រុម​អ្នកឡើងភ្នំកម្រិតពិភពលោក (ក្រុមអ្នករត់ម៉ារ៉ា​តុន) ជាជនជាតិជប៉ុន មានស្រីមានប្រុស (សមាជិក ៤នាក់) អាចបំបែកកំណត់ត្រា​ ដោយសារពួកគេ​​បានប្រើពេលវេលាត្រឹម​មួយថ្ងៃប៉ុណ្ណោះ​ ដើម្បីឡើង និងចុះភ្នំ។ បើតាមការរៀបរាប់របស់ អ្នកនាំផ្លូវឡើងឡើងភ្នំ ជាជនជាតិខ្មែរ ដែលខ្ញុំបានជួបនៅ ដំណាក់តាឥសីទីមួយ វេលាម៉ោង ៣​រសៀល ពួក​គេ​បាន​ចាកចេញពីភូមិ តាំងពីព្រលឹមម៉ោង ៤ព្រឹក ដែលទំនងជានឹងទៅដល់ភូមិវិញ ម៉ោង៧យប់។ អ្នកនាំផ្លូវជាតិខ្មែរ បញ្ជាក់ថា គាត់បានត្រឹមជូនពួកគេដល់ ដំណាក់តាឥសីទីពីរ ហើយក៏បណ្តោយឲ្យ ក្រុមម៉ារ៉ាតុងជប៉ុនឡើងដល់កំពូលដោយខ្លួនឯង ព្រោះផ្លូវឡើងទៅកំពូលភ្នំ មានតែមួយ ខុសពីផ្លូវឡើងពីចង្កេះភ្នំ មកដល់​ដំណាក់ឥសីទីពីរ ដែលអាចមានផ្លូវបត់បែនច្រើន។​ ខ្ញុំសង្កេតឃើញថា ពួកគេប្រើឈើច្រត់ ម្នាក់ពីរ ដើម្បីរត់ដោលឡើង និងចុះភ្នំរហ័សដូចក្នុងរឿង​ផ្សងព្រេង ឈុតបាញ់ប្រហារ។

ខ្ញុំក៏បានជួបនឹង ក្រុមអ្នកឡើងភ្នំ ជនជាតិអាមេរិកមួយក្រុមទៀត មានសមាជិក ៤នាក់​ដែរ តែពួក​គេចំណាយពេល ២ថ្ងៃ ពោលគឺ មួយថ្ងៃឡើងដល់កំពូលភ្នំ គេងនៅទីនោះមួយយប់ លុះព្រឹកឡើង​ទើបស្រូត​ប្រញាប់ចុះភ្នំវិញ។

សម្រាប់ក្រុមខ្ញុំដែលមាន សមាជិក ១៩នាក់ រួមទាំងអ្នកនាំផ្លូវឡើងភ្នំ ម្នាក់ទៀត សរុប ២០នាក់ បាន​ជួបឧបសគ្គធំ-តូចមួយចំនួន ទម្រាំអាចឡើងដល់កំពូលភ្នំ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៨និង៤៨នាទីយប់ ដោយយើងចំណាយពេលវេលា ៣ថ្ងៃ រាប់ចាប់ពីថ្ងៃឡើងភ្នំ ថ្ងៃទី១៩ ដល់ថ្ងៃ​ចុះភ្នំ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០។ ការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ បានជួយក្រុមយើងឲ្យឡើងដល់​គោលដៅទាំងអស់គ្នា និង​បាន​ត្រឡប់មកដល់ផ្ទះវិញ ដោយសុវត្ថិភាពទាំងអស់គ្នាដែរ។ ដោយឡែក ខ្ញុំ និងមិត្តរួមការងារម្នាក់ទៀត (ហង់ សុខហុង) មកដល់ភ្នំពេញវិញ ទាំង​អាការៈ​ចុក​​រោយកំភួនជើង និងភ្លៅ អស់រយះពេលជិតមួយសប្តាហ៍ តែពួកយើងអាចមកធ្វើការបានធម្មតា មិនបាច់សម្រាកបញ្ចូលថ្មថែមទេ។​

ឡើងមកដល់កំពូលភ្នំឱរ៉ាល់ នៅវេលាម៉ោង ៨និង៤៨នាទីយប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ (ថតដោយ៖ ហង់ សុខហុង)

ក្រុមឡើងភ្នំ ឬក្លិបមិត្តអ្នកអានសៀវភៅ ដែល​ដឹកនាំដោយ យុវជន ហេង គឹមហុង បានរៀបចំផែនការលម្អិតជាច្រើន ដើម្បីសម្រេចគោលដៅឡើងភ្នំទាំងអស់គ្នា រាប់បញ្ចូល​ទាំងការកៀរគរសមាជិកត្រឹម ២០នាក់​ ការរ៉ៃអង្គៀសកញ្ចប់ថវិកាដើម្បីទិញស្បៀង សម្ភារៈចាំបាច់ ទំនាក់ទំនងទៅ​អ្នកនាំផ្លូវ ជួលឡាន ជួលគោយន្ត រួមទាំង​ការណែនាំឲ្យសមាជិកកំដៅសាច់ដុំជាមុន មុនដល់ថ្ងៃឡើងភ្នំ និងការបែងចែកកញ្ចប់ថវិកាធ្វើឡើងប្រកបដោយតម្លាភាព។

បញ្ជីចំណាយសម្រាប់ក្រុមឡើងភ្នំឱរ៉ាល់ថ្ងៃទី១៩-២១ ខែមិថុនា ឆ្នាំ២០២០ ដែលបានផ្សព្វផ្សាយជូនសមាជិក

ចំណាំ៖ ការចំណាយចាំបាច់ និងតម្លៃស្តង់ដាររួម សម្រាប់សេវាកម្មមូលដ្ឋានសហគមន៍ រួមមាន ជួលគោយន្ត ៥០ដុល្លារ (ចេញពីភូមិ ទៅជើងភ្នំ-ទទួលត្រឡប់ចូលភូមិវិញ) និងអ្នកនាំផ្លូវឡើងភ្នំ ២៥ដុល្លារ មួយថ្ងៃ។

សម្ភារៈចាំបាច់សម្រាប់ឡើងភ្នំ

អ្នកមិនធ្លាប់ឡើងភ្នំខ្ពស់ៗ អាច គិតថា សម្ភារៈឡើងភ្នំ មិនចាំបាច់ តែសម្រាប់អ្នកមានបទពិសោធន៍ ឡើងភ្នំ សម្ភារៈឡើងភ្នំមាន ប្រយោជន៍បំផុត។ ផ្តើមពី សម្លៀកបំពាក់ គួរតែជ្រើសរើសយក៖

  • ខោអាវសម្រាប់ឡើងភ្នំ ដែល​ស្រាល ឆាប់ស្ងួត​ ធន់​រឹងមាំមិនងាយដាច់រហែក។
  • អាវក្រៅការពារទឹកភ្លៀង (សម្រាប់ឡើងភ្នំរដូវវស្សា-ខែភ្លៀង)
  • មួកឡើងភ្នំ (ការពារកំដៅ)
  • ស្រោមដៃ (ប្រើអមជាមួយនឹងឈើច្រត់ឡើងភ្នំ)
  • ស្បែកជើងផ្ទាត់ (ពាក់ងូតទឹក)

សម្ភារៈចាំបាច់

ត្រៀមខ្លួនចុះពីលើកំពូលភ្នំឳរ៉ាល់ ទៅផ្ទះវិញ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ (ថតដោយ៖ លឹម សុខហេង)
  • ស្បែកជើងឡើងភ្នំ មានបាតរឹងមាំប្រឆាំងកំទេចថ្មភ្នំតូចៗ
  • កាបូបស្ពាយឡើងភ្នំ (រួមទាំងស្រោមការពារទឹកភ្លៀង)
  • ត្រីវិស័យ និងផែនទី
  • កាបូបសម្រាប់គេង (Sleeping bag)
  • តង់ ឬអង្រឹង
  • ពិល
  • ដបទឹក
  • ឈើច្រត់ដើរឡើងភ្នំ (សំខាន់ណាស់ សម្រាប់សម្រួលដល់ការឡើង និងចុះភ្នំ)
  • សម្ភារៈសង្រ្គោះបឋម យ៉ាងហោចណាស់ប្រេងរឹតជើង បន្ថយការឈឺចាប់ពេលរមួល
  • ឧបករណ៍សម្រាប់ចំអិន (ឆ្នាំងដាំបាយ កំប៉ុងទឹក)
  • កាំបិត ឬពូថៅ (សម្រាប់កាប់អុស ឬកាប់ឬស្សីធ្វើឈើច្រត់ កាប់ព្រៃញែកផ្លូវ…)
  • អាហារសម្រន់ (អត់មានអីលក់ទេ)

កំណត់ហេតុអ្នកឡើងភ្នំឱរ៉ាល់

ក្លិបមិត្តអ្នកអានសៀវភៅ ក្រុមឡើងភ្នំឱរ៉ាល់ និងអ្នកនាំផ្លូវឡើងភ្នំ (ថតដោយ៖ ខុន ចាន់មករា / ថ្ងៃទី១៩ ដល់២១ ខែមិថុនា ឆ្នាំ២០២០)
  • ទៅទីណាមិនសំខាន់ សំខាន់ទៅដើម្បីអ្វី? ហេតុផលចំបងសម្រាប់ខ្ញុំដែលចង់ឡើង ភ្នំឱរ៉ាល់ មានពីរ គឺទីមួយដើម្បី ឡូយ ព្រោះអាចឡើងភ្នំខ្ពស់ជាងគេនៅកម្ពុជា និងទីពីរ កាត់ស្ត្រេស។ វាជាវិធីមួយដែលខ្ញុំ តែងតែ ប្រើ ដើម្បីកាត់បន្ថយភាពស្មុគស្មាញ តានតឹងក្នុងចិត្ត ហើយវានៅតែមាន ប្រសិទ្ធភាពសម្រាប់ខ្ញុំ។ ខ្ញុំអាចស្វែងរកកម្លាំងចិត្ត និងអត្ថន័យនៃជីវិត ពី ដំណើរផ្សងព្រេងដ៏លំបាកលំបិន។ ក្រុមឡើងភ្នំរបស់ខ្ញុំលើកនេះ មួយចំនួនមានហេតុផល ខូចចិត្តព្រោះស្នេហា ទើបឡើងភ្នំដើម្បីបំភ្លេចស្នេហ៍។ ពេលឡើងដល់កំពូលភ្នំ អ្នកនឹងដឹងថា ស្នេហា គឺតូចតាចណាស់ បើធៀបនឹងឧបសគ្គដែលអ្នកបានជួបអំឡុងដំណើរផ្សងព្រេងនេះ។ តែដើររាប់ម៉ោងដោយគ្មានទឹកផឹក ហេវបាយ ពេលយប់គ្មានកន្លែង ដេកសមរម្យ ត្រូវដេកលើស្មៅ ដេកក្រោមភ្លៀងរលឹម គ្មានទឹកងូត … មួយជីវិតគួរស្គាល់រសជាតិបែបហ្នឹងប៉ុន្មានដង…
  • មិនបោះបង់នរណាម្នាក់ គួរតែជាស្មារតីរួមសម្រាប់ក្រុមឡើងភ្នំ៖ ត្រង់នេះ អ្នកដឹកនាំឡើងភ្នំរបស់ពួកយើង សម្រេចចិត្តបានត្រឹមត្រូវ ព្រោះ នៅថ្ងៃទីមួយ សមាជិកក្រុមដែលគ្មានបទពិសោធន៍ ពីរនាក់ បានបែកកង់ជាច្រើនបំណះ (រមួលក្រពើរាប់ភ្លេច) ស្ទើរតែបោះបង់គោលដៅ ឡើងឲ្យដល់កំពូលភ្នំទៅហើយ ខណៈតាមផែនការរៀបចំទុក ថ្ងៃទីមួយ ក្រុមយើងត្រូវទៅសម្រាកនៅ ដំណាក់ឥសីទីពីរ។ ពេលឡើងមកដល់ត្រឹម ដំណាក់ឥសីទីមួយ ម៉ោង៣រសៀល ទៅហើយ… សមាជិកក្រុម មួយចំនួន រួមទាំងខ្ញុំដែរ ហាក់ស្ទាក់ស្ទើរ នឹងបន្តដំណើរទៅមុខទៀត។ ក្រោយពិភាក្សាគ្នាបន្តិច អ្នកដឹកនាំ សម្រេចបោះតង់គេងនៅ ដំណាក់តាឥសីទីមួយ រៀបចំងូតទឹក និងអាហារពេលល្ងាចក្រោមដំណក់ភ្លៀង លុះព្រឹកស្អែកសឹមបន្តដំណើរទៅមុខទៀត។ ក្រោយបានសម្រាកទទួលទាន និងគេង ដើម្បីបញ្ចូលថាមពលខ្លះៗមកវិញ រួមទាំងដំណើរសម្រាកខ្លះ មិនបង្ខំ បានជម្រុញឲ្យសមាជិកទាំងអស់ បានដើរទៅដល់កំពូលភ្នំទាំងអស់គ្នា នៅយប់ថ្ងៃទីពីរ។ សូម្បីតែថ្ងៃទីបី ត្រូវចុះពីភ្នំ អ្នកដឹកនាំ មិនអនុញ្ញាតឲ្យ សមាជិកដែលដើរលឿន ចុះទៅមុនឡើយ ដោយសារខ្លាចវង្វេងផ្លូវ នាំឲ្យកាន់តែពិបាកស្វែងរកគ្នា។ រថយន្តឈ្នួល បានដឹកពួកយើងមកដល់ មុខមន្ទីរពេទ្យកុមារជាតិ នាក្រុងភ្នំពេញ វេលាម៉ោង ១រំលងអធ្រាត្រ ចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ហើយយើងក៏បំបែកគ្នា ទៅផ្ទះតាមមធ្យោបាយរៀងខ្លួន ដោយសុវត្ថិភាព។ បើទោះបីជា យើងមកដល់ផ្ទះយឺត (តាមការគ្រោងទុក) តែយើងអាចរក្សាបាននូវសុវត្ថិភាពគ្រប់ៗគ្នា។
ប្រភពទឹកសម្រាប់ដាំបាយ ដាំទឹកហូប និងងូតសំអាតខ្លួន នៅដំណាក់តាឥសីទីពីរ (រូបថត៖ ស្រី សុភ័ក្រ្ត / ខែមិថុនា ឆ្នាំ២០២០)
  • គ្មានបន្ទប់ទឹក៖ នឹកឃើញ អ្នករត់ម៉ារ៉ាតុនម្នាក់ ជាជនជាតិស្រ្តីជប៉ុន បានរត់ចុះពីភ្នំ ទាំងត្រហេបត្រហប ដាច់ពីក្រុម មកសួរខ្ញុំថា តើបន្ទប់ទឹកនៅទីណា? «You know, where is toilet?» ខ្ញុំឆ្លើយតបថា «Toilet is everywhere.»។ បន្ទាប់ពី ដោះទ័លរួច ក្រុមរត់ម៉ារ៉ាតុន របស់គាត់ បីនាក់ផ្សេងទៀតបានមកដល់… ពិតមែនតែ ក្នុងព្រៃ គ្មានបន្ទប់ទឹក តែនៅលើភ្នំឱរ៉ាល់ មានប្រភពទឹក បីបួនកន្លែងប៉ុណ្ណោះ ជា ទឹកថ្លាយង់ ហូរជ្រែកតាមជ្រលងភ្នំ សម្រាប់ដាំបាយ ដាំទឹកហូប និងល្មមម៉ាងូតទឹកបានដែរ។ សម្រាប់ខ្ញុំ ទឹកនោះ សែនត្រជាក់ ប៉ុន្តែងូតហើយមិនចង់ងើបពីទឹកសោះ។
  • កាតាបស្ពាយឡើងភ្នំ៖ ទម្ងន់កាន់តែស្រាល កាន់តែល្អ ព្រោះ ស្ពាយអីវ៉ាន់ធ្ងន់ ឡើងភ្នំ នឹងត្រូវចាយថាមពលច្រើនជាងដើរលើផ្លូវរាបស្មើ។ ខុសពីក្រុមផ្សេង ដែលចាយលុយជួល អ្នកនាំផ្លូវឡើងភ្នំ ដើម្បីស្ពាយអីវ៉ាន់ឲ្យ ក្រុមឡើងភ្នំរបស់យើង ដែលព្រមចេញលុយ ៤៥ដុល្លារ ស្មើគ្នា រួមទាំងអ្នកដឹកនាំផងនោះ យើងបានព្យាយាមចែករំលែក និងជួយស្ពាយគ្នាឡើងភ្នំ នូវសម្ភារៈប្រើប្រាស់ចាំបាច់ និងស្បៀង។
  • គួរឡើងភ្នំឱរ៉ាល់រដូវភ្លៀង ឬរដូវក្តៅ? តាមការរៀបរាប់ត្រួសៗរបស់អ្នកឡើងភ្នំឱរ៉ាល់… ឡើងភ្នំឱរ៉ាល់ពេលរដូវភ្លៀង អាចមានឧបសគ្គ ត្រឹមអាកាសធាតុត្រជាក់ រងា ដើរក្រោមដំណក់ទឹកភ្លៀង និងផ្លូវរអិល ប៉ុន្តែ បរិយាកាសតំបន់ភ្នំនេះ នឹងរក្សាសីតុណ្ហភាពទាបមិនក្តៅស្អុះបែកញើស មានទឹកភ្លៀងងូត និងប្រើប្រាស់នៅកំពូលភ្នំ។ បើធៀបនឹង ឡើងភ្នំរដូវប្រាំង គ្មានភ្លៀង សីតុណ្ហភាពប្រែក្តៅ ប្រភពទឹកខ្សត់…
  • គួរនាំសង្សារ/គូស្នេហ៍ឡើងភ្នំឱរ៉ាល់ឬអត់? មិត្តរួមថ្នាក់ខ្ញុំម្នាក់ (ទើបបែកបាក់ស្នេហា)បានណែនាំថា កុំយកសង្សារទៅលេង ភ្នំខ្នងផ្សារ អី ព្រោះគាត់ឃើញឈ្លោះគ្នាច្រើនគូហើយ ស្រួលមិនស្រួលអាចបែកគ្នា ព្រោះគ្មានអ្នកណាជួយអ្នកណាទេ និយាយឲ្យខ្លី ក្បាលអ្នកណាសក់អ្នកហ្នឹង។ សម្រាប់ខ្ញុំ មើលឃើញទិដ្ឋភាពពីរផ្សេងគ្នា ក្នុងដំណើរឡើងភ្នំឱរ៉ាល់លើកនេះ។ មួយគូនោះ ពោរពេញដោយថាមពល ដើរនាំមុខគេជានិច្ច ផ្ទុយពី មួយគូទៀត បែកកង់ មុខក្រញ៉ូវ។ យ៉ាងណាក៏ដោយ ខ្ញុំយល់ថា ការជួយគ្នាក្នុងគ្រាលំបាកអាចនាំឲ្យគូស្នេហ៍កាន់តែយល់ចិត្តយល់ថ្លើមគ្នាថែមមួយកម្រិតទៀត។ បើពួកគេឆ្លងកាត់ឧបសគ្គហើយមិនបែកគ្នា ស្នេហាពួកគេ នឹងកាន់តែរឹងមាំ។
  • សំឡេងរណារយន្តអារឈើលាន់រំពងព្រៃ៖ ខ្ញុំបានឮកាន់តែច្បាស់ ស្ទើរតែសំឡេងនៅក្បែរត្រចៀក អំឡុងពេលខ្ញុំដើរតាមដងផ្លូវចាប់ពីចំណុច ដំណាក់តាឥសីទីមួយ ឡើងទៅ ដំណាក់តាឥសីទីពីរ។

អ្នកនាំផ្លូវឡើងភ្នំឱរ៉ាល់ – Ranger of the Oral Mountain

លោកពូ សុខា អ្នកនាំផ្លូវឡើងភ្នំឱរ៉ាល់ វ័យជាង សែសិបឆ្នាំ កំពុងដាំបាយជូនក្រុមអ្នកឡើងភ្នំកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ (ហ្វេសប៊ុក៖ https://www.facebook.com/nob.samnang.92)

អ្នកនាំផ្លូវឡើងភ្នំឱរ៉ាល់ ឬ Ranger of the Oral Mountain ដើរតួនាទីសំខាន់ណាស់ ក្នុងការជ្រោមជ្រែងឲ្យ អ្នកឡើងភ្នំឱរ៉ាល់ទាំងឡាយ បានសម្រេចដល់គោលដៅ (កំពូលភ្នំ) ដោយសុវត្ថិភាព ដើរមិនវង្វេងផ្លូវ ណែនាំពីភូមិសាស្រ្តណាខ្លះ មានសេវាទូរស័ព្ទដែលអាចខលប្រាប់អ្នកផ្ទះ អាចស្នាក់នៅបាន អាចងូតទឹកបាន ព្រមទាំងជា សហការី ជួយរកអុស ជួយបង្កាត់ភ្លើង រកទឹក រកចានរកឆ្នាំង ជួយដាំបាយ ធ្វើម្ហូប និងជួយលីសែងអីវ៉ាន់ផ្ទាល់ខ្លួនរបស់ឡើងភ្នំមួយចំនួនផងដែរ។ អ្នកនាំផ្លូវឡើងភ្នំឱរ៉ាល់ របស់ក្រុមយើង មានឈ្មោះថា សុខា អាយុជាង ៤០ឆ្នាំ មានកូន ៤នាក់ មានចរិតរួសរាយ អត់ធ្មត់ ស្វាហាប់ និងអាចជួយថតរូបឲ្យអ្នកឡើងភ្នំ បានយ៉ាងល្អទៀតផង។ គាត់អួតថា គាត់ធ្លាប់ជួយក្រុមថតភាពយន្តឯកសារបរទេស ឡើងភ្នំឰឱរ៉ាល់ ទៀតផង។ ដោយសារ មិនទាន់មានការរៀបចំរចនាសម្ព័ន្ធ ឬចែកវេនគ្នា នាំភ្ញៀវឡើងភ្នំ រាល់អ្នកដែលមានបំណងឡើងភ្នំឱរ៉ាល់ ត្រូវទំនាក់ទំនងដោយផ្ទាល់ទៅ អ្នកនាំផ្លូវ។ លោកពូ សុខា អ្នកនាំផ្លូវឡើងភ្នំឱរ៉ាល់ អាចទំនាក់ទំនងបាន តាមរយៈហ្វេសប៊ុក ឬ ទូរស័ព្ទ៖ 015-656500។

ធៀបជាមួយ ​ភ្នំ​ខ្ពស់ៗ​ ដទៃទៀត​ក្នុង​តំបន់​អាស៊ាន ភ្នំឱរ៉ាល់ ស្ថិតនៅ​លំដាប់ទី ១៣៥

ក្រាហ្វិចបង្ហាញពី​ កម្ពស់ភ្នំខ្ពស់ៗ នៃប្រទេសទាំងដប់ នៅតំបន់អាស៊ាន (ដើរព្រៃ)
  • 1. Hikakabo Razi, នៅប្រទេសមីយ៉ាន់ម៉ា | កំពស់5,441ម៉ែត
  • 2. Puncak Jaya ឬ Carstensz Pyramid នៅប្រទេសឥណ្ឌូនេស៊ី | កំពស់4,884ម៉ែត
  • 3. Mount Kinabulu នៅប្រទេសម៉ាឡេស៊ី | កំពស់4,093ម៉ែត
  • 4. Fansipan នៅប្រទេសវៀតណាម | កំពស់3,143ម៉ែត
  • 5. Mount Apo ឬ Apo Sandawa នៅប្រទេសហ្វីលីពីន | កំពស់2,954ម៉ែត
  • 6. Phou Bia នៅប្រទេសឡាវ | កំពស់2,819ម៉ែត
  • 7.​ Doi Inthanon នៅប្រទេសថៃ | កំពស់2,565ម៉ែត
  • 8. Bukit Pagon នៅប្រទេសប្រ៊ុយណេ | កំពស់1,850ម៉ែត
  • 9. Mount Aural ឬ Phnom Aural នៅប្រទេសកម្ពុជា | កំពស់1,813ម៉ែត
  • 10. Bukit Timah Hill នៅប្រទេសសិង្ហបុរី | កំពស់163.63ម៉ែត

My Birthday and A Good EX-Girlfriend

បញ្ចេញមតិ

If you are not working or not getting a paycheck and runs out of food, or times are just tough… please don’t go to sleep with an empty stomach. Don’t be afraid or embarrassed to send me a private message.

I will be more than happy to help in the best way I can.

Also it can be tough mentally when you are self isolating, don’t feel depressed and you are not alone. I am all here for you…

During Covid-19 outbreak, I got a text with birthday blessing from a Good EX-girlfriend. That’s very touching text as ever, since I known her. She always do good to me. She is 2 years older than me. I feel wrong to her. I am the one who flirt her first, even though she tried to reject me and ask me to think about our age & religious gaps. I really committed to woo her​ sincerely that time. When she accepted me, I became hesitate and re-consider for working onward or rejection. I decided to keep silent for a while, then we’re all realized that our fragile relationship had been disturbed. Later, I got marriage and she joined my ceremony but when she married, I can’t join and she did not invited me. I dare not chat to her for long time because I afraid her husband may feel bad to getting known our relationship.

In this facing to COVID-19, she text me for providing any supports. I replied to me, I am OK. I still able to get salary till the end of 2020…

I am a lucky guy! I know it. Thanks for your love…

P.S. my wishes on this 39th birthday is “I wish I could delete all memories with the BAD Ex-Girlfriends and will remember only a GOOD Ex-Girlfriend.

៥ឆ្នាំនៃខួបអាពាហ៍ពិពាហ៍

បាន​បិទ​ការ​បញ្ចេញ​មតិ នៅ ៥ឆ្នាំនៃខួបអាពាហ៍ពិពាហ៍

០៨ មីនា ២០១៥ – ២០២០ ធ្មេចបើកៗ ចំណងអាពាហ៍ពិពាហ៍របស់យើងបានឈានផុតវ័យ ៥ឆ្នាំហើយ។ ឆ្នាំនេះ យើងរំលឹកខួប និង អបអរដោយមានវត្តមាន សគុណ កញនប្រុស វ័យ ៣ឆ្នាំ ម្នាក់ទៀត។ ជីវិតគ្រួសារដើរ មកដល់ត្រឹមនេះ (មិនទាន់បែកគ្នា) មានពាក្យមួយចង់ចែករំលែកគឺ «អភ័យទោស = Forgive»។ ពិតណាស់ យើងធ្លាប់ឈ្លោះប្រកែក និងខ្វែងគំនិតគ្នា ប៉ុន្តែមិនយូរទេ យើងក៏បំភ្លេចចោល មិនខ្វល់ថា ជាកំហុសនរណា ដរាបណាយើងនៅស្រឡាញ់គ្នា។ ភរិយាខ្ញុំ គាត់ជាមនុស្សមិនសូវចេះគុំគួនទេ ទើបរស់នៅជាមួយគ្នាយូរទៅ ខ្ញុំក៏ឆ្លងទម្លាប់នេះពីគាត់ដែរ។

តាមពិតទៅ យើងបានជួបគ្នា តែមិនទាន់ស្គាល់តាំងពីខែវិច្ឆិកា ចុងឆ្នាំ២០១២ ប៉ុន្តែពន្លកស្នេហ៍អាចចាត់ទុកថា រាប់ចាប់ពីខែកក្កដា ឆ្នាំ២០១៣ អំឡុងពេលបោះឆ្នោតជាតិ ខណៈខ្ញុំជា បុគ្គលិកផ្នែកប្រព័ន្ធផ្សព្វផ្សាយ នៃស្ថាប័នអង្គការក្រៅរដ្ឋាភិបាលមួយ ហើយភរិយាខ្ញុំ(បច្ចុប្បន្ន) គាត់ជា បុគ្គលិកស្មគ្រចិត្ត (ហាត់ការ) ផ្នែកប្រព័ន្ធផ្សព្វផ្សាយ។ អតីតកាល តែងតែបង្រៀនមនុស្សគួរផ្តល់តម្លៃចំពោះ «បច្ចុប្បន្ន» និងត្រៀមខ្លួនឲ្យល្អបំផុតសម្រាប់អនាគត។

មុនពេលរៀបការក្នុងឆ្នាំ២០១៥ ខ្ញុំធ្លាប់មាន បំណងរៀបការជាមួយនារី ៤នាក់ (រាប់ទាំងភរិយាបច្ចុប្បន្ន)។ មានអ្នកព្យាយាមសួររកចម្លើយពីខ្ញុំថា ហេតុអ្វីក៏បែកគ្នាពីសង្សារចាស់ ហើយសម្រេចចិត្តរៀបការជាមួយភរិយាបច្ចុប្បន្ន? ខ្ញុំអាចប្រាប់បានថា «វាជាវាសនា!» ពីព្រោះ ពេលខ្លះស្រឡាញ់គ្នា មិនប្រាកដថា អាចរៀបការជាមួយគ្នាទេ… ហើយរៀបការគឺមិនត្រឹមតែជា ពិធីសាមញ្ញមួយទេ តែវាជាលទ្ធផលនៃការតស៊ូ ការទុកចិត្តគ្នា បេះដូងព្រមរួមរស់ជាមួយគ្នា ការទទួលខុសត្រូវ និងការលះបង់សេរីភាពរួមទាំងជីវិតដើម្បីបីបាច់ស្នេហាមួយ។ ដ្បិតមានគូស្នេហ៍ជាច្រើនបាក់បែកគ្នា ព្រោះបាត់បង់ការតស៊ូ ទំនួលខុសត្រូវ និងទំនុកចិត្តគ្នា។

ប្រពន្ធខ្ញុំតែងតែរំឮកថា «ក្រៅពីខ្ញុំ[ពយពយ] នារីផ្សេង សុទ្ធតែស្រឡាញ់បងមិនស្មោះទេ!»

គាត់និយាយត្រូវ ទម្រាំមានថ្ងៃនេះ យើងឆ្លង កាត់ពេលវេលាកំសត់កម្រជាមួយគ្នាច្រើន ណាស់។ គាត់ក៏លះបង់មិនតិចដែរ ដើម្បីស្នេហាមួយនេះ តួយ៉ាង អាពាហ៍ពិពាហ៍របស់យើង គឺយើងពីរនាក់ទទួលខុសត្រូវស្ទើរតែទាំងស្រុង ខណៈក្រុមគ្រួសារទាំងសង្ខាងមានត្រឹមទឹកចិត្ត តែលទ្ធភាពគាំទ្រមានកម្រិតស្តួចស្តើង។ យ៉ាងហោចណាស់ ក៏ភរិយាខ្ញុំ មិនកេងចំណេញលើខ្ញុំផ្នែកថវិកា អំឡុងពេលរៀបអាពាហ៍ពិពាហ៍ ដូច អតីតសង្សារ (Ex)ទាំងឡាយ ដែលពឹងលើខ្ញុំទាំងស្រុង ព្រោះ ប្រពន្ធខ្ញុំជួយចេញថ្លៃចំណាយអាពាហ៍ពិពាហ៍ ២០%។ ប្រសិនបើ សង្សារចាស់ខ្ញុំ ស្រឡាញ់ខ្ញុំស្មោះ ម្ល៉េះគាត់មិនកោរខ្ញុំ និងមិនដាច់ចិត្តដោះលែងខ្ញុំទេ…

ខ្ញុំធ្លាប់ស្គាល់សង្សារ ៣ប្រភេទ ដែលគួរកត់ សម្គាល់នៅក្នុងកាលៈទេសៈបែកកង់ម៉ូតូដូចគ្នា ប៉ុន្តែគាត់ប្រតិកម្មផ្សេងគ្នា។ ខ្ញុំមិនប្រាប់ ទុកឲ្យឆ្ងល់ថា តើនារីជាភរិយារបស់ខ្ញុំបច្ចុប្បន្នស្ថិតក្នុងប្រភេទមួយណា?

  • សង្សារប្រភេទទីមួយ៖ សុខចិត្តអង្គុយចាំនៅកន្លែងបែកកង់ម៉ូតូ ឲ្យខ្ញុំបណ្តើរម៉ូតូយកទៅប៉ះ ហើយត្រឡប់ទៅទទួលនាងវិញ។
  • សង្សារប្រភេទទីពីរ៖ សុខចិត្តបណ្តើរម៉ូតូជំនួសខ្ញុំពេលខ្ញុំហត់ ដើម្បីទៅរកកន្លែងប៉ះកង់ម៉ូតូ ហើយបន្តដំណើរទៅមុខទាំងអស់ គ្នា។
  • សង្សារប្រភេទទីបី៖ សុខចិត្តដើរទៅមុខខ្ញុំដើម្បីស្វែងរកកន្លែងប៉ះកង់ម៉ូតូ ហើយត្រឡប់មករកខ្ញុំដើម្បីនាំផ្លូវទៅរកកន្លែងប៉ះកង់ម៉ូតូតាមក្រោយ។

អ្នកអាន អាចសាកល្បងប្រើខួរក្បាលបន្តិចថា នារីណាម្នាក់ស្រឡាញ់អ្នកពិតប្រាកដ ក្នុង ចំណោមប្រភេទទាំងបីនេះ? តើអ្នកប្រាថ្នាសង្សារមួយណា?

ចំពោះស្នេហា និងអាពាហ៍ពិពាហ៍ ខ្ញុំយល់ថា វាជារឿងពីរផ្សេងគ្នា។ ស្រឡាញ់គ្នា គឺត្រូវការ​បេះ​ដូងពេញចិត្តគ្នាតែពីរប៉ុណ្ណោះ ប៉ុន្តែរៀបការត្រូវការបេះដូង ​លើសពីពីរដើម្បីគាំទ្រ ព្រោះអាពាហ៍​ពិពាហ៍វាជាពិធីមហោឡារិក ត្រូវការបេះដូង និងទឹកចិត្ត​ច្រើនចូលរួមអបអរ។ បើអ្នកគិតថា អ្នកមិន​ត្រូវការសំឡេងអ្នកអបអរ​ផ្សេងក្រៅពី គូស្នេហ៍ទាំងពីរ ចឹងមិនបាច់រៀបការទេ គប្បី​ចុះតែ លិខិតអាពាហ៍ពិពាហ៍ ហើយរួមរស់នៅជាមួយគ្នាតែពីរនាក់ហ្នឹងទៅ បើទោះបីជា សាច់ញាតិមិនរាប់រកក៏ដោយចុះ។

ការសម្រេចចិត្តថា គួររៀបការជាមួយម្នាក់ណា? មានការណែនាំថា នារីគួររៀបការជាមួយបុរស​ណាដែលស្រឡាញ់នាង ទើបមានសុភមង្គល​។ ផ្ទុយ​ពីនារី បុរសគួររៀបការជាមួយនារីណាដែលគាត់ស្រឡាញ់នោះគាត់នឹងព្រមធ្វើគ្រប់​យ៉ាងដើម្បីអភិវឌ្ឍន៍ខ្លួន និងស្វែងរកសុភមង្គលជូននារីជាទីស្រឡាញ់។

ជីវិត និងស្នេហា គឺជាជម្រើស!

បច្ចុប្បន្នភាព – យើងអបអរខួបអាពាហ៍ពិពាហ៍ដោយការជ្រើសយក វត្តនិគ្រោធវ័ន (ហៅគល់ទទឹង) ដើម្បី សំពះព្រះសង្ឃ និងព្រះពុទ្ធរូប សុំពរជ័យសិរីសួស្តី និងសេចក្តីសុខ…

វត្តនិគ្រោធវ័ន (គល់ទទឹង) ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០
វត្តនិគ្រោធវ័ន (គល់ទទឹង) ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០

Older Entries

Viriya Lim's Blog

កំណាព្យខ្មែរ ទស្សនវិជ្ជា និង ចំណេះដឹងទូទៅ

Mala San

www.malasan.org

អុីម ចែឡាង

ខ្ញុំស្រលាញ់ពេញចិត្តការងារជាគ្រូបង្រៀន និងអ្នកនិពន្ធ។

ចេន សុជាតា

ស្វាគមន៍ការចូលមកកាន់គេហទំព័ររបស់ខ្ញុំ

Talents Cambodia

A variety of news and entertainment

សុខុម / Sokhom

សេរីភាព​នៃស្នាមញញឹម

SATRA BOOKHUB

MORE THAN BOOK

Lawkh

Law and legal articles.

Horn Chenda

ខ្ញុំនៅទីនេះសម្រាប់ចែករំលែកបទពិសោធន៍ជីវិតរបស់ខ្ញុំទៅកាន់អ្នក

តាម៉ាប់ យាយម៉ាប់

ស្វាគមន៍​​ការ​មក​កាន់​ផ្ទះ​ថ្មី

Fidele

How to Better a Boring Life

Sopharis

ទឹកអប់ គ្រឿងសម្អាង និង ផលិតផលថែរក្សាសម្រស់សុទ្ធពីប្រទេសបារាំង

Soria

ប្រលោមលោក, ធុរកិច្ច, ជីវិត

Longkimkhorn Society

Cambodian Diplomat and Economist Journal &Review

maosokhadialy

@gmail.com

គ្មានទីបញ្ចប់ "Never Ended"

I am motivate myself rather than just waiting!!!

The Khmerdia

Health & Lifestyle

ទិវាករ

ពត៌មានកំសាន្តបែបវិទ្យាសាស្ត្រ

Lonn Pichdara

Long Life Learning

Something by Evan

Something by Evan

les yeux bridés

Un blog pour parler de l'Asie en France

EverydayBuzz

All that is Interesting

Romduol Experience

Your Best Site for your home experience

StreiKhmer/ ស្រ្តីខ្មែរ

Inspired by Youth, Do it for Youth

Daraism&Artists

Dara's thoughts, feelings, experiences of and expression to the world around him. Join the conversation

Monkey Driver

Tour & travel agency

ឯកសារ​ច្បាប់​ខ្មែរ

គេហទំព័រ ចែក​រំលែក​ គ្មាន​ដែន​កំណត់!

ទៅ​លេង​សៀមរាប​

តើ​គួរ​ទៅ​លេង​ឯ​ណា​ខ្លះទៅហ្ន៎?​

SOKRETH RIN

My Personal Blog

ហ៊ុន ឈុនតេង

សិក្សា​ភាសាបច្ចុប្បន្នមើលដានភាសាបុរាណ

HERITAGE_KH

Cultural Heritage in Cambodia