គល់ បញ្ញា ពេញ​ចិត្ត​ខ្លាំង​នឹង​ការងារ​ការពារ​សិទ្ធិ​របស់​មនុស្ស 

(ដកស្រង់ចេញពី កាសែតភ្នំពេញប៉ុស្តិ៍ ៖ Sat, 28 June 2014 វង្ស សុខេង)

លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការ ខុមហ្វ្រែល កើត​នៅ​ថ្ងៃ ទី២ ខែ​កញ្ញា ឆ្នាំ ១៩៦៧ នៅ ទី​ក្រុង​ភ្នំពេញ

លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការសង្កេតការណ៍បោះឆ្នោត ខុមហ្វ្រែល កើត​នៅ​ថ្ងៃ ទី២ ខែ​កញ្ញា ឆ្នាំ ១៩៦៧ នៅ ទី​ក្រុង​ភ្នំពេញ

នៅ​ពេល​ដែល សូវៀត ដួល​រលំ​នៅ​អំឡុង ឆ្នាំ​១៩៩២ ជំនួយ​ផ្នែក​អប់រំ របស់​សូវៀត សម្រាប់​ផ្គត់​ផ្គង់​ដល់​សាលា តិចណូ ត្រូវ​បាន​បញ្ចប់ ពេល​នោះ គ្រូ​សូវៀត ក៏​ឈប់​បង្រៀន លោក គល់ បញ្ញា ដែល​ជា​និសិ្សត​ម្នាក់ បាន​បញ្ចប់​ការ​សិក្សា​នៅ​ទីនោះ​ផ្នែក​វិស្វករ ឧស្សាហកម្ម​គីមី ត្រូវ​បាន​ជ្រើស​រើស​ជា​គ្រូ​បង្រៀន​និស្សិត​នៅ​ទី​នោះ។

លោក គល់ បញ្ញា ដែល​នៅ​ពេល​នេះ​ជា​ឥស្សរជន​អង្គការ​សង្គម​ស៊ីវិល​ល្បី​ឈ្មោះ​ម្នាក់ បាន​និយាយ​ថា៖ «ខ្ញុំ​ត្រូវ​បាន​គេ​ឲ្យ​បង្រៀន​និស្សិត​វិស្វករ ដែល​ជា​សិស្ស​ប្អូន​នៅ​ទីនោះ តែ​ពេល​នោះ ខ្ញុំ​ក៏​បាន​ចូល​រួម​ចលនា​សិទ្ធិ​មនុស្ស​ផង​ដែរ​គឺ​តាំង​ពី ឆ្នាំ​១៩៩១ ដែល​ខ្ញុំ​ជា​សមាជិក​ស្ថាបនិក​ម្នាក់ ក្នុង​ចំណោម​សកម្មជន​សិទ្ធិ​មនុស្ស ១៥ នាក់​ផ្សេង​ទៀត ក្នុង​នោះ​ក៏​មាន​អតីត​អ្នក​ទោស​នយោបាយ​ក្នុង​សម័យ​រដ្ឋ​កម្ពុជា​ផង​ដែរ។ ខ្ញុំ​ធ្វើ​គ្រូ​ផង និង​ជា​សកម្មជន​សិទ្ធិ​មនុស្ស​ផង»។

លោក គល់ បញ្ញា កើត​នៅ​ថ្ងៃ ទី២ ខែ​កញ្ញា ឆ្នាំ ១៩៦៧ នៅ ទី​ក្រុង​ភ្នំពេញ។ ក្នុង​សម័យ​ខ្មែរ​ក្រហម​ក្រុម​គ្រួសារ​លោក​ត្រូវ​បាន​ជម្លៀស​ឲ្យ​ទៅ​រស់​នៅ​ក្នុង ភូមិ​ចារ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ។ លោក​បាន​ត្រឡប់​មក​រស់​នៅ ទីក្រុង​ភ្នំពេញ វិញ​ក្រោយ​ពី​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំ។

លោក បញ្ញា បាន​ឲ្យ​ដឹង​ថា នៅ​ចុង ឆ្នាំ​១៩៩១ និង​ដើម ឆ្នាំ​១៩៩២ ពេល​នោះ​ប្រទេស​មាន​ការ​លំបាក​ណាស់ ដែល​ជា​អន្តរកាល នៃ​ការ​ចរចា​រវាង​ភាគី​ខ្មែរ ដែល​មាន​ជម្លោះ ដើម្បី​ឈាន​ទៅ​ចុះ​កិច្ច​ព្រម​ព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស ហើយ​នៅ​ពេល​នោះ កម្ពុជា ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ត្រា​ផ្តាច់​មុខ​របស់​គណបក្ស​ប្រជាជន​ដែល​ហៅ​ថា រដ្ឋ​កម្ពុជា។ សម័យ​នោះ អ្នក​គាំទ្រ​គណបក្ស​ប្រជាជន មិន​ទាន់​ស្គាល់​នូវ​អ្វី​ដែល​ជា​ចលនា​សិទ្ធិ​មនុស្ស​នោះ​ទេ។

ពួក​គេ​គិត​ថា ចលនា​សិទ្ធិ​មនុស្ស​គឺ​ជា​ចលនា​គណបក្ស​នយោបាយ ដែល​ធ្វើ​ឲ្យ​អ្នក​ដែល​ជា​សកម្មជន​សិទ្ធិ​មនុស្ស មាន​ការ​ព្រួយ​បារម្ភ នៅ​ពេល​ដែល​មាន​ការ​ជួប​ប្រជុំ​គ្នា​ដោយ​លួច​លាក់​ម្ដងៗ។ ការ​ប្រមូល​ការ​គាំទ្រ​ចលនា​សិទ្ធិ​មនុស្ស​បាន​ចាប់​ផ្តើម​ធ្វើ​ជា​លើក​ដំបូង​នៅ​តាម​វត្ត ដោយ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​អំពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

គោល​ដៅ​សំខាន់​នៃ​ការ​ផ្សព្វ​ផ្សាយ​សិទ្ធិ​មនុស្ស គឺ​ដើម្បី​ទប់​ស្កាត់​ការ​រំលោភ​បំពាន​ផ្សេងៗ ពិសេស​នៅ​ក្នុង​សម័យ​កុម្មុយនីស្ត សម័យ​ខ្មែរ​ក្រហម ឬ​ក៏​សម័យ​សង្រ្គាម ដែល​មាន​ការ​កាប់​សម្លាប់ និង​បំបាត់​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ។

នៅ​ពេល​ដែល​អង្គការ​សហ​ប្រជាជាតិ (អ៊ុនតាក់) មក​ដល់​កម្ពុជា​នៅ​ក្នុង​អំឡុង ឆ្នាំ​១៩៩២ លោក បញ្ញា បាន​ចូល​ធ្វើ​ការ​ជាមួយ អ៊ុនតាក់ ប៉ុន្តែ​លោក​មិន​ទាន់​ឈប់​បង្រៀន​នៅ​សាលា តិចណូ នៅ​ឡើយ​ទេ។ លោក​ធ្វើ​ជា​ប្រធាន​ការិយាល័យ​បោះឆ្នោត​មួយ​កន្លែង​នៅ​វត្ត​ភ្នំ​ក្នុង ខណ្ឌ​ដូនពេញ។​«ខ្ញុំ​បាន​ដាក់​កាលវិភាគ​ដើម្បី​ធ្វើ​ការ​បោះ​ឆ្នោត​ផង​បង្រៀន​ផង​និង​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​នៅ​ក្នុង​ចលនា​សិទ្ធិ​មនុស្ស​ផង»។ នៅ​ពេល​ក្រោយ​មក លោក បញ្ញា បាន​សម្រេច​ចិត្ត​ជ្រើស​រើស​យក​តែ​ការងារ​មួយ​គឺ​ការ​អប់រំ និង​អង្កេត ពី​គោល​គ្រឹះ​នៃ​សិទ្ធិ​មនុស្ស និង​ការងារ​តស៊ូ​ខាង​សិទ្ធិ​មនុស្ស។

លោក បញ្ញា ឈប់​បង្រៀន​នៅ​សាលា តិចណូ និង​ឈប់​ធ្វើ​ការ​បម្រើ អ៊ុនតាក់ មក​ផ្ដោត​ធ្វើ​ការ​ឲ្យ​អង្គការ អាដហុក នា​ពេល​នោះ ដោយ​បាន​ធ្វើ​ជា​គ្រូ​បណ្ដុះ​បណ្ដាល​សិទ្ធិ​មនុស្ស​រាប់​ពាន់​វគ្គ ដល់​ប្រជា​ពលរដ្ឋ​តាម​រយៈ​ការ​ធ្វើ​សិក្ខា​សាលា។

លោក​បញ្ជាក់​ថា៖ «យើង​ក៏​បាន​ហ្វឹក​ហ្វឺន​ដល់​នគរបាល កង​កម្លាំង​ប្រដាប់​អាវុធ​យ៉ាង​ច្រើន អំពី​បញ្ហា​សិទ្ធិ​មនុស្ស។ យើង​បាន​ស្រាវជ្រាវ​ពី​វប្បធម៌​ប្រពៃ​ណី​និង​សាសនា​ដែល​ទាក់​ទង​នឹង​សិទ្ធិ​មនុស្ស​ដែល​ទាំង​អស់​នោះ​មាន​ទំនាក់​ទំនង​នឹង​តម្លៃ​នៃ​សិទ្ធិ​មនុស្ស វា​មិន​មែន​ជា​សិទ្ធិ​មនុស្ស​ដែល​នាំ​ចូល​ពី​លោក​ខាង​លិច​សុទ្ធ​សាធ​នោះ​ទេ»។

ក្រោយ​ពី​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​ឧស្សាហកម្ម​គីមី នៅ​សាលា តិចណូ ក្នុង ឆ្នាំ​១៩៩១ លោក បញ្ញា បាន​ចាប់​ផ្ដើម​តាម​ដាន​សភាព​ការណ៍​នយោបាយ​នៅ​កម្ពុជា​ដែល​កំពុង​តែ​វិវឌ្ឍ និង​មាន​ការ​គោរព​សិទ្ធិ​មនុស្ស។

លោក​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា យើង​ត្រូវ​តែ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ទប់​ទល់​កុំ​ឲ្យ​អំពើ​ឃោរ​ឃៅ ការ​សម្លាប់​មនុស្ស​និង​ការ​រំលោភ​សិទ្ធិ​មនុស្ស ដែល​ខ្ញុំ​មាន​ពិសោធ​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម​និង​សម័យ​សង្រ្គាម​ក្ដី។ រឿង​ការ​គោរព​សិទ្ធិ​មនុស្ស ជា​រឿង​ធំ​បំផុត​នៅ​ក្នុង​ឆាក​ជីវិត​ខ្ញុំ ព្រោះ​ឪពុក​ខ្ញុំ ត្រូវ​បាន​ខ្មែរ​ក្រហម​យក​ទៅ​សម្លាប់ ដោយ​គ្មាន​ហេតុ​ផល​នៅ​ក្នុង​របប​ខ្មែរ​ក្រហម ដោយ​សារ​គាត់ គ្រាន់​តែ​ជា​មន្រ្តី​រដ្ឋាភិបាល​ពី​សង្គម​ចាស់ នោះ​វា​ឃោរ​ឃៅ​ពេក»។

លោក​បាន​បញ្ជាក់​ទៀត​ថា៖ «នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ថា សិទ្ធិ​មនុស្ស ជា​ឧបករណ៍​សំខាន់ ក្នុង​ការ​រារាំង​រាល់​ការ​កាប់​សម្លាប់​មនុស្ស និង​រារាំង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស ហើយ​ជំរុញ​ទឹក​ចិត្ត​ខ្ញុំ ឲ្យ​ចូល​រួម​ក្នុង​សកម្មជន​សិទ្ធិ​មនុស្ស​ជា​បញ្ហា​អាទិភាព»។

លោក គល់ បញ្ញា បាន​ចូល​រួម​គាំទ្រ​សិទ្ធិ​ទាម​ទារ​យក​សេរីភាព​ខាង​នយោបាយ ដែល​ជា​ចំណុច​គន្លឹះ​សម្រាប់​កសាង​សន្តិភាព និង​ស្ថិរភាព​នយោបាយ ការ​កសាង​ប្រជា​ធិបតេយ្យ និង​ការ​អភិវឌ្ឍ ដែល​នេះ ជា​បញ្ហា​ស្នូល​ធ្វើ​ឲ្យ​មាន​ការ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស។ ដោយ​សារ​តែ​មូល​ហេតុ​ទាំង​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​លោក​ចាប់​ផ្ដើម​ដាក់​ចិត្ត​ដាក់​កាយ​ធ្វើ​ការងារ​សិទ្ធិ​មនុស្ស។

លោក គល់ បញ្ញា នាយកប្រតិបត្តិ គណៈកម្មាធិការដើម្បីការបោះឆ្នោត​ដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល)

លោក គល់ បញ្ញា នាយកប្រតិបត្តិ គណៈកម្មាធិការដើម្បីការបោះឆ្នោត​ដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល)

នៅ​ក្នុង​អំឡុង ឆ្នាំ​២០០០ លោក បញ្ញា បាន​ធ្វើ​ជា​នាយក​ប្រតិបត្តិ អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា ហៅ​កាត់ ខុមហ្វ្រែល និង​បន្ត​រហូត​មក​ដល់​បច្ចុប្បន្ន។ លោក​ធ្វើ​ការ​អង្កេត និង​វាយ​តម្លៃ នូវ​រាល់​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។ លោក បញ្ញា បាន​ចូល​រួម​ការងារ​បោះ​ឆ្នោត ឆ្នាំ​១៩៩៣ ដែល​មាន​បទ​ពិសោធ​នៅ​ក្នុង​ការ​បោះ​ឆ្នោត និង​បំរើ​ការ​ជា​អ្នក​រៀបចំ​កម្មវិធី​បង្រៀន​សិទ្ធិ​មនុស្ស បោះ​ពុម្ព​ផ្សាយ ១៩៩១-៩៦ ធ្វើ​របាយ​ការណ៍​បោះ​ឆ្នោត​ប្រចាំ​ការ​បោះ​ឆ្នោត​នីមួយៗ។

លោក បញ្ញ ក៏​បាន​ចូល​រួម​សង្កេត​ការណ៍​បោះ​ឆ្នោត​ជា​អន្តរជាតិ​នៅ ឥណ្ឌូនេស៊ី អាហ្គានីស្ថាន ទីម័រ​ខាង​កើត ស្រី​លង្កា ថៃ នេប៉ាល់ ហុង​កុង ហ្វីលីពីន តៃវ៉ាន់ និង​បង់ក្លាដែស ផង​ដែរ។

ក្នុង​អំឡុង​ពេល​ធ្វើ​ការ​ក្នុង​អង្គការ​សង្គម​ស៊ីវិល អស់​រយៈ​ពេល​ជាង ២០ ឆ្នាំ​មក​នេះ​លោក គល់ បញ្ញា មិន​ធ្លាប់​ទទួល​រង​នូវ​ការ​គំរាម​គំហែង​ដល់​អាយុ​ជីវិត​នោះ​ទេ បើ​ទោះ​បី​ជា​បុគ្គលិក​សិទិ្ធ​មនុស្ស​ដទៃ​ទៀត​ជា​ច្រើន ត្រូវ​បាន​រង​ការ​គំរាម​កំហែង​ក៏​ដោយ។ នៅ​ក្នុង​សម័យ​រដ្ឋ​កម្ពុជា មាន​ការ​ឃោសនា​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​រដ្ឋ​ថា «សកម្មភាព​សិទ្ធិ​មនស្ស​បាន​ការពារ​ចោរ​ឬ​ការ​ពារ​មនុស្ស​ខូច»។

លោក បញ្ញា បញ្ជាក់​ថា៖ «យើង​ទទួល​រង​ការ​គំរាម​កំហែង​ច្រើន ដោយ​សារ​តែ​គេ​មិន​យល់​ពី​តួនាទី​របស់​ពួក​យើង ក៏​ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ គេ​បាន​យល់​ដឹង​ច្រើន​ហើយ។ កាល​ពី​មុន​យើង​មាន​ការ​បារម្ភ​ព្រោះ​គេ​ចោទ​ថា យើង​ការ​ពារ​ចោរ»។

លោក​ពន្យល់​ថា ការ​បោះ​ឆ្នោត​តាម​បែប​ប្រជា​ធិបតេយ្យ ដែល​មាន​លក្ខណៈ​សេរី និង​យុត្តិធម៌​ពិត​ប្រាកដ គឺជា​ការងារ​ស្នូល ធានា​នូវ​ស្ថិរភាព ហើយ​និង​ការ​អភិវឌ្ឍ។ «បើ​សិន​គណបក្ស​ទាំង​អស់​មិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត ហើយ​ត្រឡប់​ទៅ​កាន់​កាំ​ភ្លើង វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​កាន់​តែ​ធ្ងន់​ធ្ងរ​ថែម​ទៀត ដូច្នេះ​ហើយ​ខ្ញុំ​គិត​ថា ការ​បោះ​ឆ្នោត​គឺជា​រឿង​ដែល​ត​មក​ពី​សិទ្ធិ​មនុស្ស ហើយ​ទើប​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ត្រួត​ពិនិត្យ និង​តាម​ដាន​ការ​បោះ​ឆ្នោត ដើម្បី​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត ទទួល​យក​បាន​ទាំង​អស់​គ្នា បើ​ពុំ​ដូច្នេះ​ទេ​ប្រទេស​ជាតិ​នឹង​ត្រឡប់​ទៅ​រក​សង្រ្គាម»។

លោក គល់ បញ្ញា ដែល​នៅ​តែ​ពេញ​ចិត្ត នឹង​ការ​ងារ​ឃ្លាំ​មើល​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​នោះ​បាន​រំលឹក​ទៀត​ថា ដំណើរ​ការ​បោះ​ឆ្នោត ដែល​មាន​ហានិភ័យ​ខ្លាំង​បំផុត​នោះ គឺ​ការ​បោះ​ឆ្នោត​ក្នុង ឆ្នាំ​១៩៩៧ និង ១៩៩៨ ដែល​គណបក្ស​នយោបាយ ចូល​រួម​បោះ​ឆ្នោត បាន​ត្រឡប់​ទៅ​ច្បាំង​គ្នា​វិញ «ដូច្នេះ​ខ្ញុំ​ត្រូវ​រក​ធន​ធាន ធ្វើ​ការ​ងារ ធ្វើ​ម៉េច​ឲ្យ​បក្ស​នយោបាយ​ជឿ​ទុក​ចិត្ត​និង​ទទួល​យក​នូវ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ហើយ​ខ្ញុំ​ក៏​សង្កេត​ឃើញ​ថា ឆ្នាំ​២០០៣ និង ២០០៨ គណបក្ស​ទាំង​អស់ ចាប់​ផ្ដើម​ទទួល​យក​ការ​បោះ​ឆ្នោត ទោះ​បី​មិន​សប្បាយ​ចិត្ត នឹង​ការ​បោះ​ឆ្នោត​ថា មិន​យុត្តិធម៌ និង​មិន​ត្រឹម​ត្រូវ ដោយ​សារ​តែ​មាន​ការ​ត្រួត​ត្រា​ខ្លាំង ពី​គណបក្ស​ប្រជាជន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក៏​ដោយ តែ​ទាំង​អស់​គ្នា​នៅ​តែ​ទទួល​ស្គាល់​ពី​តម្លៃ​នៃ​ការ​បោះ​ឆ្នោត និង​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត»។

លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា អ្វី​ដែល​បាន​ផ្លាស់​ប្ដូរ​ធំ​បំផុត​នោះ គឺ​នៅ ឆ្នាំ​២០១៣ ប្រជា​ពលរដ្ឋ​ចាប់​ផ្ដើម​យល់​ដឹង​ពី​តម្លៃ​នៃ​ការ​បោះ​ឆ្នោត ហើយ​បាន​ប្រើ​ការ​បោះ​ឆ្នោត​នេះ ដាក់​សម្ពាធ​យ៉ាង​ខ្លាំង ទៅ​លើ​គណបក្ស​កាន់​អំណាច។ «នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ បន្ត​ធ្វើ​ការ​ងារ​នេះ…បក្ស​កាន់​អំណាច តែង​តែ​ចោទ​យើង​ថា កាន់​ជើង​បក្ស​ប្រឆាំង តែ​ខាង​បក្ស​ប្រឆាំង ចោទ​យើង​ថា យើង​ត្រូវ​បាន​គេ​ទិញ​ឬ​ខ្លាច តាម​ពិត​យើង​ធ្វើ​ការ​តាម​លក្ខណៈ​វិទ្យាសាស្រ្ត»។

លោក បញ្ញា មាន​ប្រសាសន៍​ថា សម្រាប់​គណបក្ស​នយោបាយ បើ​អ្វី​មួយ​ដែល​អង្គការ​លោក ធ្វើ ឬ​ក៏​និយាយ​ទៅ ពួក​គេ​ទទួល​បាន​ផល​ប្រយោជន៍ ពួក​គេ​និយាយ​ថា «យើង​ល្អ ប៉ុន្តែ​បើ​អត់ គាត់​វ៉ៃ​ប្រហារ តែ​យើង​នៅ​តែ​ខំ​ធ្វើ​ការ​ងារ​ទៅ​តាម​វិជ្ជា​ជីវៈ និង​ក្រម​សីលធម៌ ហើយ​ខ្ញុំ​ថា បក្ស​ទាំង​ពីរ គាត់​មាន​ជំនឿ​មក​លើ​ការងារ​យើង​ដែរ ទោះ​បី​ជា​គាត់​ប្រតិកម្ម​អវិជ្ជមាន​មក​លើ​ការ​ងារ​យើង តែ​យើង​នៅ​តែ​ខំ​ធ្វើ​ការ​ឲ្យ​មាន​តម្លាភាព»។

លោក បញ្ញា គូស​បញ្ជាក់​ទៀត​ថា៖ «ការ​ប្រឈម​ធ្វើ​ឲ្យ​ខ្ញុំ​ខំ​ប្រឹង​រក​វិធីសាស្រ្ត​ដោះ​ស្រាយ​បញ្ហា​ហើយ​នៅ​ពេល​ដែល​មាន​សម្ពាធ​ចេះ​តែ​ធ្វើ​ឲ្យ​យើង​គិត​រក​មធ្យោបាយ​ដោះ​ស្រាយ ដូច្នេះ​ហើយ​ខ្ញុំ​មិន​បារម្ភ​ទេ តែ​ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ​ខ្ញុំ​ទៅ​វិញ​ទេ ដែល​មាន​ការ​បារម្ភ នៅ​ពេល​ដែល​មាន​ស្ថានភាព​នយោបាយ​មិន​ល្អ ក្នុង​ការ​និយាយ​ត្រង់ៗ ពី​បញ្ហា​បោះ​ឆ្នោត ហើយ​បើ​គ្មាន​សម្ពាធ​ក៏​អាច​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ធុញ​ថប់​ដែរ»។

បើ​ទោះ​បី​ជា​ធ្លាប់​មាន​ការ​វាយ​ប្រហារ​ពាក្យ​សម្ដី​ខ្លះ ពី​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ដែល​ពេល​ខ្លះ​ចំ​ឈ្មោះ ក្តី ប៉ុន្តែ លោក បញ្ញា គិត​ថា វា​ជា​រឿង​ធម្មតា មិន​មែន​ជា​ការ​គំរាម​នោះ​ទេ​ព្រោះ​អ្នក​ប្រតិកម្ម​នោះ​អាច​ថា គេ​មិន​ទាន់​យល់​ពី​អ្វី​ដែល​លោក​និយាយ។

លោក គល់ បញ្ញា បាន​រៀបការ នៅ​ក្នុង ឆ្នាំ​២០០០ បច្ចុប្បន្ន មាន​កូន​ពីរ​នាក់ កូន​ប្រុស​ជា​កូន​ច្បង និង​កូន​ប្អូន​ជា​កូន​ស្រី។ នៅ​ថ្ងៃ​អនាគត លោក បញ្ញា មិន​មាន​បំណង​ដាក់​សម្ពាធ​លើ​កូន​របស់​លោក​នោះ​ទេ គឺ​ទុក​ឱកាស​ឲ្យ​ពួក​គេ​ជ្រើស​រើស​មុខវិជ្ជា​សិក្សា​ឬ​ជ្រើស​រើស​ការងារ ទៅ​តាម​អ្វី​ដែល​ពួក​គេ​ចូល​ចិត្ត។

លោក​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​ស្រឡាញ់​វិស្វករ​ឧស្សាហកម្ម​គីមី ខាង​សំណង់ ហើយ​វា​ជា​វិស័យ​ដំបូង​ជំនាន់​ទីមួយ តែ​ពេល​នោះ ខ្ញុំ​គិត​ថា រឿង​នយោបាយ និង​សិទ្ធិ​មនុស្ស ជា​បញ្ហា​ស្នូល​ដែល​ខ្ញុំ​ត្រូវ​តែ​គិត​មុន​គេ»។ លោក គល់ បញ្ញា បាន​ទៅ​សិក្សា​នៅ ប្រទេស​អូស្រ្តាលី ខាង​សិទ្ធិ​មនុស្ស និង​បាន​ទៅ​សិក្សា​នៅ ប្រទេស​ហូឡង់ អំពី​ការ​អភិវឌ្ឍ និង​យុទ្ធសាស្រ្ត​នយោបាយ និង​វិទ្យាសាស្រ្ត​សង្គម។

លោក គល់ បញ្ញា មិន​មាន​បំណង​ចង់​ធ្វើ​ការ​ធំ​នៅ​ក្នុង​រដ្ឋាភិបាល​នោះ​ទេ ខណៈ​ដែល​លោក​មាន​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ការងារ​បច្ចុប្បន្ន​ក្នុង​នាម​ជា​អង្គការ​ឯករាជ្យ ជា​ការងារ​ដែល​បាន​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​សង្គម​កម្ពុជា៕

Advertisements