ចាប់ពី​ថ្ងៃច័ន្ទ​ ទី​៣០ ខែមិថុនា ឆ្នាំ២០១៤ នេះតទៅ នៅកម្ពុជា នឹងមាន​គេហទំព័រ​ របស់ ប្រជាសហគមន៍​ថ្មីមួយ ដែល​នឹង​ផ្សព្វផ្សាយ​ បន្តពី សហគមន៍ នូវ​ព័ត៌មាន​ ព្រឹត្តិការណ៍​នានា ដែល​កើតឡើងនៅ​ក្នុងសហគមន៍ ទៅកាន់​សហគមន៍​ និងអ្នកសារព័ត៌មាន។ គេហទំព័រនោះ មានឈ្មោះផ្លូវការថា គេហទំព័រ​ សម្លេងប្រជាពលរដ្ឋ ជា​វេទិកា​ប្រមូលផ្តុំ ព្រឹត្តិការណ៍​នានា ដែលមាន​កើតឡើង​ នៅក្នុងសហគមន៍ មកបង្ហាញ​ តាមរយៈ​ផែនទី ហើយ​បែងចែក​ ដោយ​ចំណាត់ក្រុម ដូចជា កូដកម្ម បញ្ហាដីធ្លី កម្មករ​ដួលសន្លប់ ជាដើម។ ព្រឹត្តិការណ៍ នានា ដែល​គ្រោង និងរៀបចំ ឡើងដោយ​ សហគមន៍ នឹង​មាន​បង្ហាញ នៅលើគេហទំព័រ សម្រាប់អ្នក​សារព័ត៌មាន ប្រមាញ់​ដំណឹង​ពីសហគមន៍។ ពលរដ្ឋ​សហគមន៍ ​ដែលបាន​ឃើញ ដឹង ឮ ហេតុការណ៍ ត្រូវបាន​អញ្ជើញ អោយ​បញ្ជូន​ព័ត៌មាន មកកាន់​គេហទំព័រមួយនេះ ក្នុងគោលដៅ ចែកផ្សាយបន្ត​ នូវអ្វី ដែលបាន​កើតឡើងក្នុងសហគមន៍។ ដំណឹង​ខ្លីៗ រួមដោយ រូបថត ខ្សែអាត់សម្លេង រាយការណ៍​ របស់អ្នកសហគមន៍ ព្រមទាំងវិដេអូ នឹង​ត្រូវបាន​ ប្រកាស​ទាំងស្រុង ហើយ​ រង់ចាំ អ្នកសារព័ត៌មាន ចូលទៅ​ស្រង់​ យកមកផ្សាយ​បន្ត។

 

ទន្ទឹមនឹងគ្នានោះ ប្រព័ន្ធ​ឆ្លើយតប​ជា​សម្លេង សម្រាប់​​សហគមន៍ នឹង​​បន្ត​​ភ្ជាប់​​ទំនាក់ទំនង​ ព័ត៌មាន​សហគមន៍ ទៅកាន់សហគមន៍ និង​អ្នកសារព័ត៌មាន តាមរយៈ​ការទទួលទូរស័ព្ទ និង​ចែក​ផ្សាយ​ដំណឹង​ទាន់ហេតុការណ៍​នៅលើ​ទូរស័ព្ទ​ដៃ​សាមញ្ញ និងគេហទំព័រផងដែរ។ អ្នក​ទូរស័ព្ទ​មក នឹងបាន​ឮ​សម្លេងស្វាគមន៍ ណែនាំ នូវមុខងារ​ ដាច់ដោយឡែកពីគ្នា រួម​មាន មុខងារ​រាយការណ៍ព័ត៌មាន ណាត់ជួបអ្នកច្បាប់ ស្តាប់​មេរៀន​អំពីច្បាប់ និង​ព័ត៌មាន​​ចុងក្រោយ​។ ប្រជាសហគមន៍ និងពលរដ្ឋ​កម្ពុជាទូទៅ ក៏ត្រូវបាន​ស្វាគមន៍ ក្នុងការ​ទទួល​សារជាសម្លេង សារជាអក្សរខ្មែរ ឬអង់គ្លេស ដែលនឹងប្រាប់ ពួកគេ ពីព្រឹត្តិការណ៍​ចុងក្រោយ ក្នុងសង្គម ដោយគ្រាន់តែ ទំលាក់លេខទូរស័ព្ទ ឬអ៊ីម៉ែល។

 

សម្រាប់ព័ត៌មាន​លម្អិត សូមចូលទៅកាន់គេហទំព័រ ៖ vopkh.net ឬ ទូរស័ព្ទ​មកកាន់លេខ 070-22-11-02 (ប្រព័ន្ធស្មាត)

សាធារណជនទូទៅ ក៏ត្រូវបាន​អញ្ជើញ​ចូលរួម ពិធីសម្ពោធ «ប្រព័ន្ធឆ្លើយ​តបជាសម្លេង និង​គេហទំព័រ​សម្រាប់​សហគមន៍» ដែល​នឹងប្រព្រឹត្តិទៅ នៅ​ថ្ងៃចន្ទ័ ទី៣០ ខែមិថុនា ឆ្នាំ២០១៤ វេលាម៉ោង ៨.៣០នាទីព្រឹក នា Development Innovations #296, St. 271, Sangkat Toul Tompong 2, Khna Chamkarmon, Phnom Penh

Media Advisory - IVR n VOPKH Launching 30 June 2014 P5-IVR-CLEC-2014