រឿងធំជាងគេ នៅថ្ងៃពុធម្សិលមិញ គឺ ពិភពលោក បានផ្តោតខ្សែភ្នែកលើ ព្រះរាជសុខភាពរបស់ ព្រះមហាក្សត្រថៃ ភូមិបុល អាដុលយ៉ាដេត (Bhumibol Adulyadej)។ ព្រះអង្គបានប្រសូត្រ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ១៩២៧ បើគិតមកត្រឹមឆ្នាំ២០១៦នេះ ព្រះអង្គមានព្រះជន្មាយុ ៨៨ ព្រះវស្សា ហើយ។ ព្រះអង្គ បានឡើងសោយរាជ្យ តាំងពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ១៩៤៦ ហើយក៏ជា ប្រមុខរដ្ឋ ដែលកាន់អំណាចបានយូរជាងគេបំផុតក្នុងពិភពលោក និងសោយរាជ្យយូរជាងគេ ក្នុងប្រវត្តិសាស្រ្តរាជវង្សក្សត្រថៃ ពោលគឺ អស់រយៈពេល ៧០ព្រះវស្សា។ ព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ អាដុលយ៉ាដេត បានផ្តើមធ្លាក់ចុះខ្សោយ ហើយព្រះអង្គបានយាង សម្រាកព្យាបាលព្រះរោគ តាំងពីឆ្នាំ២០០៦ នៅមន្ទីរពេទ្យសីរិរាដ Siriraj Hospital ក្នុងក្រុងបាងកក។ មួយឆ្នាំចុងក្រោយនេះ ព្រះអង្គ បានចំណាយពេលវេលាយ៉ាងច្រើន នៅក្នុងមន្ទីរពេទ្យ និងកម្របង្ហាញព្រះកាយជាសាធារណៈ។

bhumibol-adulyadej

Bhumibol Adulyadej

ព័ត៌មានចចាមអារ៉ាមទាក់ទងនឹងមរណភាព ព្រះមហាក្សត្រថៃ បានលេចឮតៗគ្នាពេញពិភពលោកព័ត៌មាន រហូតដល់ សារព័ត៌មានក្នុងស្រុក និងក្រៅស្រុកខ្លះ ហ៊ានចេញផ្សាយជាមុនថា ព្រះអង្គបានសោយទីវង្គត់ហើយ។

សម្រាប់វិទ្យុបារាំងអន្តរជាតិ ចំថ្ងៃដែលខ្ញុំរៀបចំ កម្មវិធីព័ត៌មានខ្លី មួយម៉ោងម្តង។ ខ្ញុំបានសរសេររួចហើយដែរ ដំណឹងមរណភាពរបស់ក្សត្រថៃ ប្រសិនបើ ជាការពិតមែននោះ តែយើងត្រូវតែរងចាំ ការបញ្ជាក់ពីរដ្ឋាភិបាលថៃ ឬ ព្រះបរមរាជវាំងថៃ សិន មុនពេលផ្សាយ។ ទីបំផុតព្រះបរមរាជវាំងថៃ បានចេញសេចក្តីថ្លែងការណ៍ថា ព្រះមហាក្សត្រ Bhumibol Adulyadej មិនទាន់អស់ព្រះជន្ម នៅឡើយទេ គ្រាន់តែស្ថានភាពសុខភាពរបស់ព្រះអង្គធ្ងន់ធ្ងរ មិនទាន់ប្រក្រតី។

12-10-2016-thai-statement-on-bhumibol-adulyadej

រឿងធំចឹង ធ្វើឲ្យខ្ញុំនឹកឃើញ ដំណឹងចូលទិវង្គតរបស់ព្រះមហាក្សត្រខ្មែរ។ បើខ្ញុំមិនច្រលំទេ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ដំណឹងចុងក្រោយ ពី ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ បានចូលទិវង្គត នៅប្រទេសចិន គឺ អ្នកកាសែតកម្ពុជា លោក ពុយ គា យកព័ត៌មានឲ្យ កាសែតជប៉ុន Kyodo News បានបំបែក ដំណឹងដ៏ធំមួយនេះ លើពិភពព័ត៌មាន។ លោក ពុយ គា ក៏បានទទួល មេដាយសរសើរ ពីស្ថាប័នរបស់លោក សម្រាប់ការបំបែករឿងធំ ប្រចាំឆ្នាំ២០១២។

ព័ត៌មានធំ អាចនាំឲ្យ ស្ថាប័នកាសែត និងអ្នកសារព័ត៌មាន ល្បីខ្លាំង តែក៏នាំឲ្យលិចលង់ដែរ ប្រសិនបើ ព័ត៌មាននោះ មិនពិត។

រកអានបន្ថែម ៖