ទំព័រដើម

Ex-Boss

បញ្ចេញមតិ

ព្រឹត្តិការណ៍កាលពីថ្ងៃម្សិលមិញ ដូចគ្នាទៅនឹង ព្រឹត្តិការណ៍កាលពីឆ្នាំ២០០៦ ដែលខ្ញុំបានជួបក្នុង ប្រវត្តិការងារជា អ្នកកាសែត មិនអាជីពរបស់ខ្ញុំ។ ជាការកត់សម្គាល់ បន្ទាប់ពីប្រកែកគ្នាអស់មួយប្រាវ ថៅកែ ណែនាំថា បើពិបាកធ្វើការជាមួយគ្នា ដាក់ពាក្យសុំឈប់ចុះ ! សម្រាប់ខ្ញុំពាក្យនេះមានន័យថា #ដេញចោល។ ហើយ ពាក្យចុងក្រោយ ផ្តាំមុនបែកគ្នារបស់ អតីត-ថៅកែទាំងពីរ ដែលទទួលបានការសិក្សាខ្ពង់ខ្ពស់ មកពី បារាំងដូចគ្នា គឺ《សុភ័ក្រ្ត គួរតែចាស់ចិត្តចាស់គំនិតជាងពេលនេះ !》😨😨😨។

ប្រហែលជា ខ្ញុំអាចនៅក្មេងខ្ចីមែន បើធៀបនឹងវ័យ ឫ បទពិសោធន៍ការងារសរសេរអត្ថបទជាមួយនឹងថៅកែ តែខ្ញុំក៏មិនទាន់បានឃើញគំរូភាពចាស់ទុំរបស់ ថៅកែទាំងពីរដូចគ្នា 😁😁😁។ សាកលួចស្តាប់កូនចៅលោកថៅកែនិយាយដើមពីក្រោយខ្នងតូវដឹងខ្លួនហើយ។ សូមកុំរើសដាក់ខ្លួនទាំងអស់ពេក សូមចែកគ្នាពាក់កណ្តាលម្នាក់។ 😆😆😆

ចង់ផ្តាំទៅ ថៅកែម្សិលមិញ ដែរថា អរគុណសម្រាប់ការគោរពពាក្យសន្យា ដែលបានលៃលក ផ្តល់ពេលវេលា សៅរ៍ & អាទិត្យ ឲ្យខ្ញុំបាននៅមើលថែ ប្រពន្ធកូន អំឡុងបំពេញការងារជិតមួយឆ្នាំមកនេះ។ លោកថៅកែ គួរឲ្យស្រឡាញ់ត្រង់នេះឯង ជាមនុស្សគោរពសម្តី ទាស់តែ ឆេវឆាវ ជាងខ្ញុំបន្តិច ;););)។ អរគុណ ថៅកែ សម្រាប់ការមើលថែ និងណែនាំកន្លងមក … យើងបែកគ្នាលើកនេះ ព្រោះអស់និស្ស័យជាថៅកែ និងកូនចៅ តែសង្ឃឹមថា ពួកយើងអាច ជួបមុខនៅរាប់រកគ្នា និងកុំ unfriend ខ្ញុំណា ! ព្រោះ ខ្ញុំក៏ជា អ្នកគាំទ្រលោកថៅកែ #Fan #នៅតែគោរព… ។

រឿងមួយទៀត…

ណ្ហើយ… បើ ថៅកែ ចង់ស្តាប់ពាក្យសុំទោស ពីខ្ញុំក្នុងរយះពេល ២៤ម៉ោង ចំពោះពាក្យសម្តីលើសជ្រុល…

《#ខ្ញុំសុំទោស…》

💓💓💓គួរជម្រាបថា ថៅកែ កាលពីដប់ឆ្នាំមុនរបស់ខ្ញុំ បន្ទាប់ពី ដេញខ្ញុំចោល ការងារបោះពុម្ពផ្សាយរបស់ ស្ថាប័នគាត់ល្បីដល់កំពូល តែប៉ុន្មានឆ្នាំក្រោយមក គ្មាននរណាចាំបានទេថា គាត់ធ្លាប់ជា ថៅកែ។ បុគ្គលិកដែលចាកចេញក្រោយខ្ញុំសុទ្ធតែ យល់ថា លោកថៅកែ jump down ព្រោះ #អំនួត។

សម្រាប់ខ្ញុំផ្ទាល់ jump up ឬ jump down ខ្ញុំអាចប្រឈមបានទាំងអស់។ តែ សុំទោសប្រពន្ធ និងកូនប្រុសសម្លាញ់ ដែលនាំ អ្នកទាំងពីរ មកឆ្លងកាត់ពេលវេលាដ៏លំបាកជាមួយគ្នា។ #ភ្លេចគិតថាខ្លួនមានប្រពន្ធកូន។ សុំទោសអ្នកមានគុណទាំងពីរ ដែលធ្វើឲ្យលោកបារម្ភ។ សង្ឃឹមថា បុណ្យកុសលដែលខ្ញុំសាងកន្លងមក ទោះតិចច្រើនក្តី តាមបីបាច់រក្សាឲ្យខ្ញុំឆ្លងផុត វាលខ្សាច់សាហារ៉ានេះផងចុះ។ សាធុ សាធុ សាធុ …

ចម្លងជូន ៖ Vorleak Bunthan រក្សាទុកជា កាលប្បវត្តិ 😁😁😁

ហ្វេសប៊ុក​​វិទ្យុ​​បារាំង-ខេមរភាសា​ មាន​​​អ្នក​​ចុច Likes លើស ៣​​លាន​​នាក់​ !

បញ្ចេញមតិ

អត្ថបទដោយ៖ ស្រី សុភ័ក្រ្ត
ពិនិត្យដោយ ៖ ហ្សង់ ហ្វង់ស័រ តាន់

បណ្តាញសង្គមហ្វេសប៊ុក របស់ វិទ្យុបារាំងអន្តរជាតិ ផ្សាយជា ខេមរភាសា (www.facebook.com/RFIKhmer) កាលពីថ្ងៃទី១៨ ខែមេសា បានកើនចំនួនអ្នកចុច Likes លើស ៣លាន ហើយ ! បើតាម គេហទំព័រវិភាគបណ្តាញសង្គមហ្វេសប៊ុក ក្នុងចំណោមអ្នកប្រើប្រាស់ហ្វេសប៊ុកនៅកម្ពុជា សរុបជាង ៤លាន៨សែន មាន អ្នកចុច Likes ហ្វេសប៊ុក វិទ្យុបារាំង-ខេមរភាសា ជាង ២លាន៤សែន ឬ ស្មើនឹង ពាក់កណ្តាលនៃ អ្នកប្រើប្រាស់ហ្វេសប៊ុកទាំងអស់ នៅកម្ពុជា។

RFI Likes Social Bakers 2017 copy

វិទ្យុបារាំងអន្តរជាតិ (Radio France Internationale – RFI) ត្រូវបានបង្កើតឡើងដំបូង ក្នុងឆ្នាំ១៩៧៥។ បច្ចុប្បន្នវិទ្យុ RFI ផ្សាយ ២៤ម៉ោងក្នុងមួយថ្ងៃ ជាភាសាបារាំង និង១៤ ភាសាផ្សេងទៀត ក្នុងនោះរួមទាំង ខេមរភាសាផងដែរ។

រីឯ វិទ្យុបារាំងអន្តរជាតិជាភាសាខ្មែរវិញ បានផ្តើមឡើងនៅឆ្នាំ១៩៩៣ ផ្សាយមួយថ្ងៃមួយម៉ោង រហូតដល់ឆ្នាំ២០១៣ ពីទីក្រុងបារីស ប្រទេសបារាំង។ ក្រោយមកទៀត គឺ នៅខែមិថុនា ឆ្នាំ២០១៣ វិទ្យុ RFI ជាភាសាខ្មែរ បានមកដាក់ទីតាំងផ្សាយ នៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា តែម្តង តាមរលកធាតុអាកាស FM 92 MHz នៅភ្នំពេញ និងសៀមរាប និង FM 94.5 MHz នៅបាត់ដំបង កំពង់ចាម និងទីក្រុងព្រះសីហនុ។

បើតាមការស្ទង់មតិមួយ ផ្តួចផ្តើមឡើងដោយ វិទ្យុបារាំងអន្តរជាតិ RFI ផ្ទាល់ នៅដើមឆ្នាំ២០១៤ ការផ្សាយជា ខេមរភាសា របស់ វិទ្យុRFI មានអ្នកស្តាប់យ៉ាងទៀងទាត់ ប្រមាណមួយលាននាក់ ក្នុងមួយសប្តាហ៍។ ដោយឡែក នៅឆ្នាំ២០១៤ដដែលនោះ  ទំព័រហ្វេសប៊ុករបស់ វិទ្យុបារាំង-ខេមរភាសា មានអ្នកចុច Likes ជាង ៧៥ម៉ឺននាក់ប៉ុណ្ណោះ។ បីឆ្នាំក្រោយមក ពោលគឺ ក្នុងខែមេសា ឆ្នាំ២០១៧នេះ អ្នកចុច Likes បានកើនឡើងលើស ៣លាននាក់  ហើយបន្ថែមពីនេះ រាល់អត្ថបទ ដែលបានផ្សព្វផ្សាយនៅលើ ហ្វេសប៊ុក វិទ្យុបារាំង-ខេមរភាសា បានប៉ះពាល់ និងបានទៅដល់ អ្នកប្រើប្រាស់ហ្វេសប៊ុក ជិត ៤លាននាក់ ក្នុងមួយសប្តាហ៍។

អត្តសញ្ញាណរបស់ វិទ្យុបារាំង-ខេមរភាសា គឺ ព័ត៌មាន ! កម្មវិធីព័ត៌មានដែលសំខាន់ជាងគេ គឺពេលព្រឹក ពីម៉ោង៧ ដល់ម៉ោង៨ ថ្ងៃរសៀលពីម៉ោង១ ដល់ម៉ោង២ និងពេលយប់ពី ម៉ោង៧ ដល់ម៉ោង៨។ លើសពីនេះទៅទៀត រៀងរាល់មួយម៉ោងម្តង វិទ្យុបារាំង-ខេមរភាសា មានផ្សាយព័ត៌មានខ្លី ទាន់ហេតុការណ៍ ទាំងជាតិ និងទាំងអន្តរជាតិ។ វិទ្យុបារាំង-ខេមរភាសា ក៏ផ្សព្វផ្សាយ ក្នុងគោលដៅផ្តល់ចំណេះដឹង ទាក់ទងនឹងព្រឹត្តការណ៍ព័ត៌មានជាតិ-អន្តរជាតិថ្មីៗទាន់ហេតុការណ៍ បទយកការណ៍ បទវិភាគ អំពីភូមិសាស្រ្តនយោបាយ ប្រវត្តិសាស្រ្តខ្មែរ-ពិភពលោក អក្សរសិល្ប៍ខ្មែរ-អក្សរសិល្ប៍ បារាំង សុខភាព-អនាម័យ ។ល។និង។ល។

អ្នកសារព័ត៌មានរបស់ វិទ្យុបារាំង-ខេមរភាសា មានពីរក្រុម និងបុគ្គលិកទាំងអស់ជាង ៣០នាក់។ មួយក្រុម នៅទីក្រុងប៉ារីស ប្រទេសបារាំង ចាត់ចែងព័ត៌មានអន្តរជាតិ និងមួយក្រុមទៀត នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា តាមដានជាពិសេសព្រឹត្តិការណ៍ព័ត៌មានជាតិ។

គួរជម្រាបថា តាមគេហទំព័រ តាមដានបណ្តាញសង្គម Geeks in Cambodia នៅប្រទេសកម្ពុជា មានអ្នកប្រើប្រាស់ហ្វេសប៊ុក ប្រមាណជាង ៤លាន៨សែន គិតត្រឹមដើមឆ្នាំ២០១៧។ តាមគេហទំព័រវិភាគបណ្តាញសង្គម Socialbakers បានបង្ហាញថា ក្នុងចំណោមអ្នកចុច Likes ហ្វេសប៊ុក វិទ្យុបារាំង-ខេមរភាសា ជាង ៣លាននោះ អ្នកចុច Likes ជាង ២លាន៤សែន ឬ ស្មើនឹង ៨០% គឺជា អ្នកប្រើប្រាស់ហ្វេសប៊ុក នៅកម្ពុជា ហើយ អ្នកចូលចិត្ត តាមដាន គាំទ្រ បន្តបន្ទាប់ទៀត គឺជា អ្នកប្រើប្រាស់ហ្វេសប៊ុក នៅក្នុងប្រទេសវៀតណាម ថៃ ភូមា  សហរដ្ឋអាមេរិកជាដើម៕

 

មានផ្សាយនៅលើ គេហទំព័រវិទ្យុបារាំងអន្តរជាតិ ៖ khmer.rfi.fr/cambodia/rfi-3m-likes-19-04-2017

ហេតុអ្វី​ លោក សម រង្ស៊ី បង្ហោះសារនយោបាយក្តៅផងត្រជាក់ផងជះទៅលើ​រដ្ឋាភិបាលទីក្រុងភ្នំពេញ

បញ្ចេញមតិ

ប៉ុន្មានថ្ងៃចុងក្រោយនេះ លោក សម រង្ស៊ី មេបក្សសង្រ្គោះជាតិ ដែលកំពុងនិរទេសខ្លួនរស់នៅឯបរទេស តាមរយៈហ្វេសប៊ុករបស់ខ្លួន បានបង្ហោះសារនយោបាយទឹកក្តៅ ទឹកត្រជាក់ ជៈមកលើរដ្ឋអំណាចទីក្រុងភ្នំពេញ។ នយោបាយក្តៅ ត្រជាក់ តាមអារម្មណ៍ បែបនេះ ត្រូវបានបក្សកាន់អំណាច និងអ្នកវិភាគយល់ស្របគ្នាថា នឹងប៉ះពាល់ដល់ទំនុកចិត្តដៃគូចរចាសន្ទនាយោបាយ ដូចធ្លាប់រងការចោទប្រកាន់ថា កន្លងមក បក្សប្រឆាំងតែងចាប់ដៃ ជាន់ជើង។ ហេតុអ្វី លោក សម រង្ស៊ី បង្ហោះសារនយោបាយក្តៅផងត្រជាក់ផងជៈទៅលើរដ្ឋាភិបាលទីក្រុងភ្នំពេញ

អត្ថបទវិភាគ៖ ស្រី សុភ័ក្រ្ត អ្នកកាសែតវិទ្យុបារាំង 

អគ្គពិនិត្យ ៖ ហ្សង់ ហ្វ្រង់ស័រតាន់

 

 

sam-rainsy-return-for-national-elections-on-19th-july-2013

លោក កឹម សុខា លោក សម រង្ស៊ី និងអ្នកគាំទ្របក្សសង្រ្គោះជាតិ រាប់ម៉ឺនសែននាក់ ចុះផ្លូវស្វាគមន៍ការវិលត្រឡប់របស់លោក សម រង្ស៊ី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៣។ (រូបថត ៖ ស្រី សុភ័ក្រ្ត)

កាលពីថ្ងៃទី៨ កុម្ភៈ លោក សម រង្ស៊ី បានបង្ហោះ វិដេអូក្លីបមួយ រយៈពេលជាង បីនាទី ក្រោមចំណងជើងថា *យើងត្រូវចេះរស់នៅជាមួយគ្នា*។ ជាវិដេអូ កាលពីឆ្នាំ២០១៥ ដែលបង្ហាញពី កិច្ចសំណេះសំណាលរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយពលរដ្ឋខ្មែររាប់រយនាក់  នៅប្រទេសម៉ាឡេស៊ី ដោយមានលោក សម រង្ស៊ី អង្គុយអម និងញញឹមញញែមជាមួយគ្នា។ ទីនោះហើយ ដែលមេដឹកនាំនយោបាយកម្ពុជាទាំងពីរ ប្រកាសពីជំហរ រួមរួបគ្នារវាងខ្មែរ និងខ្មែរ តាមវប្បធម៌សន្ទនា ដែលជាគោលការណ៍ប្រជាធិបតេយ្យ បាយឆ្ងាញ់ដេកលក់ស្រួល។

តែមុនការបង្ហោះហ្វេសប៊ុកនេះមួយថ្ងៃ លោក សម រង្ស៊ី បានដុតកម្តៅរឿង ផែនការ ក៥ (ពីឆ្នាំ១៩៨៤ ដល់ឆ្នាំ១៩៨៨) ឡើងវិញ បើទោះបីជាធ្លាប់ បានផ្សាយរួចហើយ កាលពីថ្ងៃទី២១ មករា និងថ្ងៃបន្តបន្ទាប់ ដោយបន្តចោទជាចំហថា គឺ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហេង សំរិន ប្រធានរដ្ឋសភា ដែលជាអ្នកបានអនុវត្ត ផែនការ ក៥ តាមបញ្ជាពី «យួន» ដែលចង់ឲ្យ ខ្មែរបន្តសម្លាប់ខ្មែរ តទៅទៀត បន្ទាប់ពី ប៉ុល ពត។ បន្ថែមពីនេះ លោក សម រង្ស៊ី នៅថ្ងៃទី៧ កុម្ភៈ ដដែល បានអះអាងថា គណបក្សប្រឆាំងគ្រោងនឹងប្តឹង លោក ហ៊ុន សែន និងលោក ហេង សំរិន ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ។

គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំ របបសាធារណរដ្ឋប្រជាមានិតកម្ពុជា នៅទសវត្សរ៍ឆ្នាំ ៨០ បានឆ្លើយតបថា ការអនុវត្តផែនការក ៥ គឺដើម្បីទប់ស្កាត់ការវិលមកវិញ នៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ បក្សប្រជាជនកម្ពុជា បានចាត់ទុកទៀតថា អ្នកប្រឆាំងផែនការក៥ គឺជាអ្នកចូលដៃជាមួយប៉ុលពត និងសុទ្ធសឹង ជាអ្នកដែលចង់ឲ្យ ខ្មែរក្រហមត្រឡប់មកវិញកាលសម័យនោះ ដើម្បីបានចូលមកកាប់សម្លាប់ពលរដ្ឋខ្មែរ។

អ្វីដែលចម្លែក គឺនៅថ្ងៃទី៨ កុម្ភៈដដែល ត្រឹមប៉ុន្មានម៉ោង ក្រោយការបង្ហោះវិដេអូស្និទស្នាលរវាងមេបក្សប្រឆាំង លោក សម រង្ស៊ី និងលោក ហ៊ុន សែន នៅប្រទេសម៉ាឡេស៊ី ស្រាប់តែ លោក សម រង្ស៊ី បានបង្ហោះវិដេអូ មួយ ដែលជាបទសម្ភាសន៍ រវាងរូបលោក ជាមួយនឹង ទូរទស្សន៍បារាំង TV5 Monde ពីទីក្រុងប៉ារីស។ នៅក្នុងបទសម្ភាសន៍នោះ លោក សម រង្ស៊ី បានបញ្ចេញយោបល់ខ្លាំងៗ វាយប្រហារប្រឆាំងរដ្ឋអំណាចទីក្រុងភ្នំពេញ និងបានអំពាវនាវឲ្យ សហគមន៍អន្តរជាតិ ដាក់សម្ពាធលើរដ្ឋាភិបាលលោក ហ៊ុន សែន ដើម្បីឲ្យការបោះឆ្នោតនាពេលខាងមុខ អាចប្រព្រឹត្តទៅបាន ដោយសេរី យុត្តិធម៌ និងដើម្បីឲ្យរូបលោក ក្នុងនាមមេបក្សប្រឆាំង អាចវិលមកចូលរួមក្នុងការបោះឆ្នោតដែរ។

ទាំងអស់នេះ មិនទាន់និយាយដល់ អ្វីដែលលោក សម រង្ស៊ី បានសរសេរប្រកាសលើហ្វេសប៊ុក កាលពីដើមខែកុម្ភៈផង។ កាលនោះ លោក សម រង្ស៊ី បានលើកយក ការសន្ទនាសម្ងាត់មួយ តាមបណ្តាញបណ្តាញសង្គម Line ដែលមេបក្សប្រឆាំងរូបនេះ អះអាងថា ជាកិច្ចសន្ទនារ រវាងលោក ហ៊ុន សែន និងកញ្ញា ធី សុវណ្ណថា។ ខ្លឹមសារនៃកិច្ចសន្ទនាជាឯកជននេះ ត្រូវបានលោក សម រង្ស៊ី ហៅថា ជាការផ្តល់សំណូក ១លានដុល្លារ របស់លោកនាយករដ្ឋមន្រ្តី ដើម្បីបំផ្លាញបក្សសង្រ្គោះជាតិ។ គឺការចោទប្រកាន់នេះហើយ ដែលបណ្តាលឲ្យមានការប្តឹងទាមទារសំណងជំងឺចិត្ត មួយលានដុល្លារ ពីលោកនាយករដ្ឋមន្រ្តី និងសំណងជំងឺចិត្ត ៥០មឺនដុល្លារ ពីកញ្ញា ធី សុវណ្ណថា។

លោក អ៊ូ វីរៈ អ្នកវិភាគបញ្ហាកម្ពុជា បានហៅ សារនយោបាយម្តងវាយប្រហារ ម្តងសម្របសម្រួលរបស់លោក សម រង្ស៊ីនេះ ថាជា ចរឹកនយោបាយអត់ច្បាស់លាស់ ឬគ្មានយុទ្ធសាស្រ្តនយោបាយ របស់មេបក្សសង្រ្គោះជាតិ។ អ្នកវិភាគរូបនេះ យល់ឃើញថា នយោបាយក្តៅផង ត្រជាក់ផង តាមអារម្មណ៍ បែបនេះ នឹងនាំឲ្យ ប៉ះពាល់ដល់ទំនុកចិត្តលើគូចរចាទាំងពីរ បើទោះបីជា លោក សម រង្ស៊ី កំពុងព្យាយាមផ្ញើសារនយោបាយថា បក្សប្រឆាំងអាចបន្តវប្បធម៌សន្ទនាគ្នា ជាមួយបក្សកាន់អំណាច ក៏ដោយ។ ដូចគ្នាដែរ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងប្រតិកម្មតបភ្លាមៗថា នេះហើយជា ចរិតលោក សម រង្ស៊ី ដែលប្រែប្រួលមិនទៀង ម្តងខ្មៅម្តងស មិនអាចជឿទុកចិត្តបាន។

ដោយឡែក អ្នកវិភាគផ្សេងទៀត កត់សម្គាល់ថា យុទ្ធសាស្រ្តវាយប្រហារបក្សកាន់អំណាច របស់លោក សម រង្ស៊ី អាចជាការបែងចែកតួនាទីគ្នា រវាងលោក កឹម សុខា ដែលនៅក្នុងប្រទេស មានភារៈសម្របសម្រួល និងលោក សម រង្សី ដែលបន្តវាយប្រហារពីក្រៅប្រទេស។ អនុប្រធានបក្សសង្រ្គោះជាតិ លោក កឹម សុខា រយៈពេលមួយសប្តាហ៍ចុងក្រោយនេះ បានចុះមូលដ្ឋានជាមួយថ្នាក់ដឹកនាំបក្សជាច្រើនខេត្ត ហើយបានរំឮកដល់អ្នកគាំទ្រខ្លួនថា មិនគួរចំណាយពេលវេលាឈ្លោះជាមួយនរណាទេ ព្រោះបក្សមានកិច្ចការច្រើនណាស់ ដើម្បីត្រៀមខ្លួន ឆ្ពោះទៅរកការបោះឆ្នោតឆាប់ៗខាងមុខ។

 ដោយឡែក ការបត់បែនសារនយោបាយ ទឹកក្តៅផង ទឹកត្រជាក់ផង យ៉ាងរហ័សដូចផ្លេកបន្ទោរ របស់ លោក សម រង្ស៊ី បានប្រព្រឹត្តិទៅ ស្របពេលដែល មួយរយៈចុងក្រោយនេះ មានលេចធ្លាយកិច្ចសន្ទនារឿងអាស្រូវស្នេហាតាមទូរស័ព្ទជាច្រើន ដែលត្រូវ ជនអានាមិកអះអាងថា មានតួអង្គ ឬម្ចាស់សម្លេង ជា ថ្នាក់ដឹកនាំ និងមន្រ្តីបក្សសង្រ្គោះជាតិ រួមមានទាំង លោក សម រង្ស៊ី ផ្ទាល់ខ្លួនផង។

តើអាចនឹងមានតទៅទៀតដែរឬទេ ការទម្លាយកិច្ចសន្ទនាគ្រោតគ្រាត ឬផ្អែមល្អែម តាមខ្សែទូរសព័្ទ ដែលជនអនាមិកអះអាងថា ជាសម្លេងរបស់ប្រធានបក្សសង្រ្គោះជាតិ? យ៉ាងណាក៏ដោយ ការផ្សព្វផ្សាយតាមរយៈហ្វែសប៊ុកបែបនេះ ទោះជាការពិត ឬប្រឌិតក៏ដោយចុះ វាបាន និងកំពុងបន្តប៉ៈពាល់យ៉ាងខ្លាំងដល់ សេចក្តីថ្លៃថ្នូ របស់ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ។ លោក សុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាច កាលពីថ្ងៃទី០៧ កុម្ភៈ បានផ្តល់យោបល់ឲ្យ ថ្នាក់ដឹកនាំបក្សសង្រ្គោះជាតិ ដែលទទួលរងការចោទប្រកាន់ប៉ាតណាប៉ាតណីនេះ ចេញមុខដាក់ពាក្យប្តឹងជាផ្លូវការទៅតុលាការ ដើម្បីបើកការសើបអង្កេត រកការពិត។ តែ មន្រ្តីជាន់ខ្ពស់បក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ ឆ្លើយតបថា ជារឿងតូចតាច គ្មានប្រយោជន៍ ខណៈ បក្សសង្រ្គោះជាតិ មានរឿងធំៗជាងនេះ ដែលគួរផ្តោតយកចិត្តទុកដាក់។

សរុបសេចក្តីមកវិញ សារនយោបាយទឹកក្តៅផង និងទឹកត្រជាក់ផងរបស់លោក សម រង្ស៊ី តាមរយៈហ្វេសប៊ុក អាចមិនមែនជា យុទ្ធសាស្រ្តនយោបាយរបស់បក្សប្រឆាំង ឬក៏អាចជាការបែងចែកតួនាទីគ្នា រវាងប្រធាន និងអនុប្រធានបក្សសង្រ្គោះជាតិ។ ទោះបីជាយ៉ាងណា សារនយោបាយភាគច្រើនក្តៅ និងមួយចំនួនតូចត្រជាក់ របស់លោក សម រង្ស៊ី ដែលជៈទៅលើរដ្ឋាភិបាលទីក្រុងភ្នំពេញ យ៉ាងហោចណាស់ វាក៏អាចទាក់ទាញប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងក្រៅស្រុក ឲ្យបន្តចាប់អារម្មណ៍លើជោគវាសនារបស់មេបក្សប្រឆាំង ដែលកំពុងបន្តរស់នៅបរទេស៕

យុត្តិធម៌ក្នុងរឿងព្រេងនិទានខ្មែរ

បញ្ចេញមតិ

 

Kampong Chhnang 06 Dec 2014 -005

ព្រះសង្ឃមួយអង្គ ប្រោះទឹកមន្ត ប្រសិទ្ធិពរជ័យ ដល់អ្នកលក់ដូរតាមដងផ្លូវ ក្នុងខេត្តកំពង់ឆ្នាំង អំឡុងធម្មយាត្រា សិទ្ធិយាត្រា ឆ្នាំ២០១៤

នៅពេលដែលនិយាយដល់ «យុត្តិធម៌» ឬ ការវិនិច្ឆ័យក្តីដោយសុចរិតត្រឹមត្រូវ… តាំងពីបុរាណកាលមក ក្នុងទស្សនៈខ្មែរ តែងជំពាក់អារម្មណ៍ នឹងយុត្តិធម៌ក្នុងរឿងព្រេងនិទាន។ ចលនាអក្សរសិល្ប៍នេះ ទំនងជា មានគោលបំណងឆ្លុះបញ្ចាំងអំពី ទស្សនៈសង្គមមួយ ដែលមានអត្ថន័យស្តីបន្ទោសអំពើអាក្រក់ លើកតម្កើងអំពើល្អ តាមរយះការវិនិច្ឆ័យសេចក្តីទាំងឡាយដែលទទួលការស្វាគមន៍ពីប្រជារាស្រ្តខ្មែរភាគច្រើនដោយមិនដឹងខ្លួន និងត្រូវបានទទួលស្គាល់ជាទូទៅថា មានយុត្តិធម៌សមរម្យ និងសមហេតុផលមួយ។

 

ក្នុងបណ្តារឿងព្រេងខ្មែរភាគច្រើន យុត្តិធម៌ តែងផ្តល់ជូនគូទំនាស់ ដោយឈរលើ ការវិនិច្ឆ័យរបស់ តួអង្គ សុភាទន្សាយ (តំណាងឲ្យ អ្នកមានបញ្ញា) ចាំជួយដោះស្រាយបញ្ហារបស់តួអង្គសត្វ និង អង្គព្រះមហាក្សត្រ (តំណាងឲ្យអំណាចលើសគេ) រកយុត្តិធម៌ឲ្យតួអង្គមនុស្ស។ វីរៈបុរសក្នុងរឿងព្រេងអាចមិនមែនជា ចៅក្រម ពីព្រោះ កេរ្តិ៍ឈ្មោះ តួអង្គចៅក្រម មិនសូវជា ល្អប៉ុន្មានទេ។ មិនល្អ ដោយសារ រាល់ការសម្រេចសេចក្តីលើរឿងក្តីណាមួយ តែងមានអ្នកឈ្នះដែលអបអរ និងអ្នកចាញ់ក្តីដែលមុសា។ ម្លោះហើយ អ្នកចាញ់ដែលមិនសុខចិត្ត តែងស្រែកប្តឹងផ្តល់ រហូតដល់ជួបតួអង្គ ដែលជាទីគោរពលើសអស់អង្គតុលាការ ទើបពួកគេ ស្ងប់ចិត្ត លែងហ៊ានតវ៉ា។ តាមប្រពៃណីយុត្តិធម៌ខ្មែរបុរាណ ក្នុងឋានៈជា ចៅក្រមកំពូល ព្រះមហាក្សត្រ តែងកាត់សេចក្តីស្វែងរកយុត្តិធម៌ឲ្យគូទំនាស់ ដោយឆ្លងកាត់បទពិសោធន៍ ទីប្រឹក្សាជាច្រើននាក់ និងសុភវិនិច្ឆ័យដោយផ្ទាល់ព្រះអង្គផង។ សេចក្តីត្រាស់បង្គាប់របស់ព្រះមហាក្សត្រ រមែងតែងត្រូវបានគោរពយ៉ាងទៀងទាត់ដោយគូវិវាទ និងពុំបានតវ៉ាអ្វីឡើយ ពីព្រោះរាស្រ្តយល់ថា មានទម្ងន់នៃសុចរិតយុត្តិធម៌ និងជាសេចក្តីវិនិច្ឆ័យចុងក្រោយបង្អស់។

 

តួយ៉ាង រឿងបុរសពីរនាក់ទៅដាក់ទ្រូយកត្រី ជាសំអាងប្រាប់។ បុរសម្នាក់យកទ្រូទៅដាក់លើចុងឈើ ឯបុរសម្នាក់ទៀត ដាក់ក្នុងទឹក ក្រោមដើមឈើ។ លុះព្រឹកឡើង ទ្រូលើចុងឈើ មានត្រីច្រើន ទើបបុរសដាក់ទ្រូក្នុងទឹក មិនសុខចិត្តទៅប្តឹងចៅក្រមរកខុសត្រូវ។ ដំបូងឡើយ ចៅក្រមទទួលសំណូក ទើបកាត់ក្តីឲ្យ បុរសដាក់ទ្រូលើចុងឈើឈ្នះ តែចៅក្រមត្រូវបង្ខំចិត្តជំនុំរឿងជាថ្មី ក្រោយចាញ់ប្រាជ្ញាទន្សាយ។ ទន្សាយ ផ្ចាញ់ចៅក្រុម ដោយប្រឌិតរឿង ត្រីក្រាញ់ឡើងដើមអម្ពិល ហើយស៊ីស្លឹកអម្ពិល។ ចៅក្រមភ្លេចខ្លួន សម្តែងប្រាជ្ញាតវ៉ាថា មិនដែលមានជីដូនជីតាអាណា ដែលឃើញត្រីឡើងដើមឈើ នោះទេ។ ដោយអនុវត្តតាមច្បាប់ពិត ត្រីប្រាកដជារបស់បុរសដាក់ទ្រូក្នុងទឹក ឯបុរសដែលដាក់ទ្រូលើចុងឈើ ត្រូវឲ្យមានទោសលួច។ ច្បាប់ពិត បានផ្តល់យុត្តិធម៌ដល់ បុរសដាក់ទ្រូក្នុងទឹក តាមមធ្យោបាយពិសោធនរបស់ សុភាទន្សាយ ដែលជាអ្នកកាត់ក្តីប្រកបដោយ សុគតិគមនំ (សុគៈតិ-គៈមៈន័ង) ឬការប្រព្រឹត្តដោយត្រូវផ្លូវត្រូវទំនង។

 

ក្នុងឋានៈខ្លួនជា អ្នកផ្តល់យុត្តិធម៌ដ៏ត្រឹមត្រូវ ចៅក្រម ត្រូវវៀរចាកដាច់ខាត អគតិ ឬសេចក្ដីលម្អៀង ៥ យ៉ាងគឺ ៖ ១- ឆន្ទាគតិ (ឆ័ន-ទាគៈតិ) ជា សេចក្ដីលម្អៀងព្រោះស្រឡាញ់ ២- ភយាគតិ (ភៈយាគៈតិ) ជា សេចក្ដីលម្អៀងព្រោះខ្លាចបុណ្យ ខ្លាចអំណាច ឬខ្លាចចិត្តគេ ៣-ទោសាគតិ (ទោសាគៈតិ) ជា សេចក្ដីលម្អៀងព្រោះស្អប់  ៤- លោភាគតិ (លោភាគៈតិ) សេចក្តីលម្អៀង ដោយសេចក្តីប្រាថ្នាចង់បានរបស់អ្វីមួយជាប្រយោជន៍ដល់ខ្លួន និង ៥- មោហាគតិ (មោហាគៈតិ) សេចក្ដីលម្អៀងព្រោះល្ងង់ ព្រោះពុំយល់ការខុសត្រូវ ។

 

តាមតម្រាទស្សនៈយុត្តិធម៌បុរាណខ្មែរ ដែលបន្សល់ទុកមកដល់បច្ចុប្បន្ន ការធ្វើសម្បថ បានក្លាយជាគោលការណ៍យុត្តិធម៌មួយដែរ ឬបំណងរំលឹកដាស់តឿន ព្រមាន ដល់ ជនអាក្រក់ទាំងឡាយ បន្ថែមលើ ជំនឿរាស្រ្តចំពោះការវិនិច្ឆ័យរបស់តុលាការ។ ការធ្វើសម្បថ មានធុជធូប បន់ស្រន់ ដាក់បណ្តាសារ ដាក់ទំនាយ ដោយទូលអស់ បពិត្រទេព្រក្ស អារុក្ខអារក្សអ្នកតា និងបារមីដ៏សក្តិសិទ្ធិ ឲ្យបញ្ជាក់ភាពត្រឹមត្រូវ របស់សាក្សី និងគូទំនាស់។ បើ ជនណាឆ្លើយមិនពិត សូមឲ្យ បរាមុខ វិនាសលាញ អន្តរាយទ្រព្យសម្បត្តិ ស្លាប់តែហោង យ៉ាងវេទនា ដោយគ្រាប់កាំភ្លើង រន្ទះបាញ់ ព្រាត់ប្រាស់កូនចៅ ក្ររហេមរហាម ខ្សត់ទ្រព្យ រងទុក្ខវេទនា អស់ប្រាំរយជាតិ។

 

គោលការណ៍យុត្តិធម៌សមហេតុផល ជាលក្ខខណ្ឌចាំបាច់ណាស់សម្រាប់ធានាវិរន្តរភាពនៃការដឹកនាំ និងទ្រទ្រង់រដ្ឋមួយ។ យុត្តិធម៌ ដែលរាស្រ្តមានឧត្តមប្រាថ្នា ត្រឹមរស់នៅដោយសុខសាន្តក្នុងគ្រួសារ និងសុខុមាលភាពសង្គមមួយ។  ទោះបីជា ពិបាកយ៉ាងណា តុលាការ ឬអ្នកដឹកនាំប្រទេស ត្រូវតែរក្សាយុត្តិធម៌សង្គមឲ្យបានខ្ជាប់ខ្ជួន។ ព្រោះបើរាស្រ្តអស់ជំនឿ លើការផ្តល់យុត្តិធម៌ នោះ តាមរបៀនប្រវត្តិសាស្រ្តខ្មែរ ដែលរាស្រ្តមិនពេញចិត្តនឹងអយុត្តិធម៌សង្គមកាន់តែច្រើនឡើង នាំឲ្យរាស្រ្តស្រែកថ្ងូរ ចង់ប្តូរសង្គម។ ឃាតកម្មយុត្តិធម៌ នឹងនាំឲ្យសង្គម មានការផ្លាស់ប្តូរដោយប្រើកម្លាំង ក្នុងសម័យបុរាណ ឬប្រើសន្លឹកឆ្នោតក្នុងសម័យប្រជាធិបតេយ្យ៕

គជប ៖ ពលរដ្ឋខ្មែរ ១លានកន្លះ មិនបានមកចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៦

បញ្ចេញមតិ

អត្ថបទ ផ្សាយលើ គេហទំព័រ វិទ្យុបារាំងអន្តរជាតិ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦

បើទោះបីជា ដំណើរការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ ទូទាំងប្រទេស មិនទាន់ចប់សព្វគ្រប់ តែ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នៅថ្ងៃពុធនេះ បានព្យាករណ៍ទុកជាមុនថា មានពលរដ្ឋខ្មែរ ១លានកន្លះ មិនបានមកចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦។ លទ្ធផលបញ្ជីឈ្មោះបោះឆ្នោតផ្លូវការ ឆ្នាំ២០១៦ គជប នឹងត្រូវផ្តល់សុពលភាព នៅថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៧ខាងមុខ ដោយផ្អែកតាម ប្រតិទិននៃការចុះឈ្មោះបោះឆ្នោត។ គជប ចាត់ទុកថា ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ បាន ជាង ៨១% នៃ អ្នកមានសិទ្ធិបោះឆ្នោតជាង ៩លាន៦សែននាក់ គឺជា «លទ្ធផលល្អបង្គួរ» បើធៀបនឹងប្រទេសផ្សេងទៀត ដែលចុះឈ្មោះតាមប្រព័ន្ធដូចកម្ពុជា ហើយ គជប រំពឹងទុកថា បញ្ជីឈ្មោះបោះឆ្នោតថ្មីនេះ នឹងមានភាពស្អាតស្អំ គ្មានឈ្មោះស្ទួន។

ស្រី សុភ័ក្រ្ត រាយការណ៍

nec-30-11-2016

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បើកកិច្ចប្រជុំ ផ្សព្វផ្សាយលទ្ធផលចុះឈ្មោះបោះឆ្នោតបណ្តោះអាសន្ន កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ នៅ ទីស្នាក់ការ គជប ភ្នំពេញ

សមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) លោក ឯម សូផាត នៅថ្ងៃទី៣០ ខែវិច្ឆិកា នេះ បានបញ្ជាក់ពីមូលហេតុដែលនាំឲ្យ ពលរដ្ឋខ្មែរ ជាង មួយលានកន្លះ មិនបានមកចុះឈ្មោះបោះឆ្នោតបោះឆ្នោតថ្មី ឆ្នាំ២០១៦ ប្រាប់អ្នកសារព័ត៌មាន នៅ ទីស្នាក់ការ គជប ថា ដោយសារតែ ពលរដ្ឋខ្មែរខ្លះ មានអាសយដ្ឋានច្រើនជាងមួយ ឬធ្វើចំណាកស្រុក ខណៈពលករខ្មែរចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសស្របច្បាប់ មានជាងមួយលានមួយសែននាក់។ លើសពីនេះ ពលរដ្ឋខ្លះទៀត កំពុងជាប់ក្នុងពន្ធនាគារ មានជម្ងឺកំពុងព្យាបាលនៅមន្ទីរពេទ្យ ស្ថិតក្នុងសភាពចាស់ជរា មានពិការភាព ឬអត្រាមរណភាព ១% ដំណើរការចុះឈ្មោះបោះឆ្នោតក្នុងរដូវវស្សា រួមផ្សំនឹង ពលរដ្ឋខ្មែរមួយចំនួន មិនខ្វល់ ឬគ្មានបំណងចុះឈ្មោះបោះឆ្នោត។

 

យ៉ាងណាក៏ដោយ គជប ចាត់ទុកថា លទ្ធផលចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៦ បានជាង ៨១% នៃ អ្នកមានសិទ្ធិចុះឈ្មោះបោះឆ្នោត ដែលផ្អែកលើស្ថិតិរបស់ក្រសួងមហាផ្ទៃ តាំងពីចុងឆ្នាំ២០១៥ មានប្រមាណ ៩៦៦៤២១៦ នាក់ គឺ «ល្អបង្គួរ»។ ល្អបង្គួរ បើធៀបនឹងប្រទេសផ្សេងទៀត ដែលប្រើប្រាស់ប្រព័ន្ធចុះឈ្មោះបោះឆ្នោតដូចកម្ពុជា ម៉្យាងអំឡុងពេលចុះឈ្មោះបោះឆ្នោត រយះពេល ៨៩ថ្ងៃ គជប មិនបានទទួល បណ្តឹងចោទប្រកាន់មន្រ្តីចុះឈ្មោះបោះឆ្នោត ពីការបដិសេធន៍មិនចុះឈ្មោះ ណាមួយឡើយ។

 

គជប រំពឹងទុកថា បញ្ជីឈ្មោះបោះឆ្នោតថ្មី តាមប្រព័ន្ធកុំព្យូទ័រ ឆ្នាំ២០១៦  ដែលនឹងផ្តល់សុពលភាពផ្លូវការ នៅថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៧ខាងមុខ នឹង គ្មានឈ្មោះស្ទួន ទៀតទេ ហើយខុសពីបញ្ជីបោះឆ្នោតមុនៗ ដោយមានបន្ថែម រូបថត លេខអត្តសញ្ញាណបណ្ណរបស់អ្នកបោះឆ្នោត និងបញ្ជីឈ្មោះមួយសន្លឹក លើក្រដាស A4 បោះផ្សាយអ្នកបោះឆ្នោតបានត្រឹមតែ ១០នាក់ប៉ុណ្ណោះ។

 

ទោះបីជា ពលរដ្ឋខ្មែរ ជាងមួយលានកន្លះ នឹងបាត់បង់សិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅឆ្នាំ២០១៧ តែ គជប គ្មានមធ្យោបាយណាមួយ ដើម្បីដំណោះស្រាយលើបញ្ហានេះឡើយ ក្រៅតែពីរងចាំ ច្បាប់បោះឆ្នោត ឬប្បញ្ញត្តិណែនាំណាមួយថ្មី ដែលអាចអន្តរាគមន៍លើ បញ្ហាពលរដ្ឋខ្មែរជាងមួយលាននាក់ បាត់ឈ្មោះដោយបុព្វហេតុជាក់លាក់ទាំងនោះឡើយ។

 

គួរជម្រាបថា បើគិតត្រឹមថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៦ គជប ចុះឈ្មោះអ្នកបោះឆ្នោតបានជាង ៧៨៣២៧២១នាក់។ សម្រាប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឬ មួយថ្ងៃដែល គជប សម្រេច ពន្យាថ្ងៃចុះឈ្មោះ អាចនឹងទទួលបានអ្នកចុះឈ្មោះយ៉ាងច្រើន ជាង ៧លាន៩សែននាក់ បើផ្អែកលើសន្ទុះតួលេខ ពលរដ្ឋសម្រុកមកចុះឈ្មោះបោះឆ្នោតថ្ងៃចុងក្រោយ ប្រមាណ ៧ម៉ឺននាក់ក្នុងមួយថ្ងៃ។ ដំណើរការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ ក៏មានការចូលរួមពីអ្នកសង្កេតការណ៍ សរុប ប្រមាណ ១៦៥១៨នាក់ ក្នុងនោះ អ្នកសង្កេតការណ៍ជាតិ ១៣ស្ថាប័ន មានចំនួន  ២៨៣០នាក់ អន្តរជាតិ ៣ស្ថាប័ន ចំនួន  ៣៤នាក់ និង  ភ្នាក់ងារគណបក្ស ទាំងពេញសិទ្ធិ និងបម្រុង ១០គណបក្ស មានសរុប ១៣៦៥៤ នាក់៕

 

 

បទយកការណ៍ (សម្លេង) ៖ កែវ ណារុំ​

បញ្ចេញមតិ

អ្នកស្រីបណ្ឌិត កែវ ណារុំ៖ ស្រាវជ្រាវនិពន្ធស្នាដៃមរតកសិល្បៈ វប្បធម៌ តន្រ្តីខ្មែរ កំដរជំងឺផ្លូវចិត្ត
ដោយ ស្រី សុភ័ក្រ្ត (RFI)
ចុះផ្សាយនៅថ្ងៃ 28/07/2016

KEO NAROM Writer

បន្ទាប់ពីឆ្លងកាត់របបអាវខ្មៅ ដែលបានផ្តាច់ជីវិត ឳពុកម្តាយ បងប្អូន កូន និងប្តី ដោយបន្សល់នៅត្រឹមតែប្អូនស្រីម្នាក់ អ្នកស្រី កែវ ណារុំ ដឹងខ្លួនច្បាស់ថា កំពុងមានជំងឺផ្នែកស្មារតី ហើយតែងប្រើការតែងនិពន្ធ បន្លប់ខ្លួនឯងជានិច្ច។ ស្រ្តីមេម៉ាយ វ័យ៧០ឆ្នាំ អ្នកស្រាវជ្រាវមរតកវប្បធម៌អរិយធម៌ខ្មែររូបនេះ បានចំណាយពេលវេលាចុងក្រោយរបស់អ្នកស្រី ទៅលើការស្រាវជ្រាវ ចងក្រងឯកសារ និងនិពន្ធ ស្នាដៃសិល្បៈ វប្បធម៌ និងតន្រ្តីខ្មែរជាច្រើន ដែលមានលក្ខណះវិទ្យាសាស្រ្ត និងទស្សនៈវិជ្ជាសកល។ អ្នកស្រី កែវ ណារុំ បណ្ឌិតទស្សនវិជ្ជា វិទ្យាសាស្រ្តសិល្បៈ បានបង្ហើបអោយដឹងថា ស្នាដៃស្រាវជ្រាវ និងរឿងអប់រំកុមារ សរុបជិត ៥០ក្បាល គឺបានមកពី ការប្រឹងរស់ក្នុងស្រមោលអន្ធរកាលទាំងឈឺចាប់ និងកំដរជំងឺផ្លូវចិត្ត។

សូមស្តាប់សាច់រឿងបន្ថែមក្នុង សេចក្តីការណ៍របស់ ស្រី សុភ័ក្រ្ត

 

Air On RFI Again

បញ្ចេញមតិ

ចៃដន្យ​​ឈ្មោះ និង​លេខទូរស័ព្ទ​របស់​ខ្ញុំ​ត្រូវ​បាន​​ក្រុមការងារ​រៀប​ចំ ជំនួប​បណ្តាញ​អ្នកសារព័ត៌មាន​ពលរដ្ឋ​ ដាក់​ដើម្បី​ឆ្លើយ​តប​ព័ត៌មាន​ទាំងឡាយ​ទាក់​ទង​នឹង​កម្មវិធី​ដែល​គ្រោងធ្វើឡើងនៅថ្ងៃទី​២០ សីហា ២០១៤។ ចៃដន្យ​ អ្នកយកព័ត៌មាន​វិទ្យុុបារាំង បានព្យាយាមខលទៅ ទាក់ទង​លេខ​ទូរស័ព្ទ​ មួយខ្សែ​ទៀត របស់​ មជ្ឈមណ្ឌល​​កម្ពុជា​ដើម្បីប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) តែទាក់ទង​មិនបាន ទើប​ កញ្ញា អ៊ឹម រចនា បាន​ខលមកខ្ញុំ ហើយ​សួរនាំលេខ​ផ្សេងទៀត … ចុងក្រោយ ខ្ញុុំ​ក៏ត្រូវបាន​ជ្រើសរើស​អោយ​ឆ្លើយតបពី​ព្រឹត្តិការណ៍ បណ្តាញ​អ្នកសារព័ត៌មាន​ពលរដ្ឋ។ ចៃដន្យ​មួយ​ទៀត ពេលដល់​ម៉ោង​ណាត់ ៤គត់ គឺ​ចំពេល​ដែល​កំពុងតែត្រៀម​ចម្លើយ​សម្រាប់​បទសម្ភាសន៍​ក្នុងកម្មវិធី ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ​  រចនា ខលមក​យ៉ាងទៀង​ពេល ​ស្រាប់តែ​កុំព្យូទ័រដែល​មាន​ចម្លើយស្រាប់ រលត់​បាត់​គាំង​ហាដឌីស… មានតែសុំ​ រចនា ពន្យាពេល​បន្តិច ក្រែងលោ បើកកុំព្យូទ័របានវិញ ព្រោះ​សម្ភាសន៍​​ជាង​ ១០នាទី បើមិនត្រឹម​ទុកជាមុន ពិតគ្មាន​ពាក្យនិយាយទេ។ ​ខ្ញុំ​សុំពន្យាពេលដល់ម៉ោង ៥ល្ងាច តែកុំព្យូទ័រនៅតែ​មិនដំណើរការ ចុងក្រោយ មានតែ​វាយ​ឡើងវិញ ហើយ​ឆ្លើយតបសំណួរ ទាំងត្រឡប់ត្រឡិន។ ពេលចប់សម្ភាសន៍ រចនា សន្យាថា នឹងកាត់សម្លេងអោយឡូយ… លទ្ធផលចេញមក ឡូយផស់គេមែនតាស់…  អរគុណ​ រចនា

 

ដោយ​​​សារ​​​ខ្ញុំ​​ត្រូវ​បាន​​តែងតាំងជា អ្នក​នាំពាក្យ​ ក្នុងកម្មវិធី​​ បណ្តាញ​អ្នកសារព័ត៌មាន​ពលរដ្ឋ មាន​ស្ថាប័នព័ត៌មានជាច្រើន​បាន​ ព្យាយាម​​ខ​លមក​សម្ភាសន៍ ល្បីមួយ​ប្រ៉ាវ​…

 

 

លោក​ស្រី ​សុភ័ក្ត្រ៖ គម្លាត​​រវាង​​អ្នក​​កាសែត​​ពលរដ្ឋ​ និង​​អ្នក​កាសែត​​អាជីព​​នឹង​​រួម​​តូច​​ដោយ​សារ​​បណ្ដាញ​
ដោយ អ៊ឹម រចនា (ផ្សាយ ៖ អង្គារ 19 សីហា 2014)

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ថ្ងៃ​អង្គារ​នេះ គឺ​លោក ស្រី សុភ័ក្ត្រ មន្ដ្រី​ទំនាក់ទំនង​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍។ នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ រួមជាមួយ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ នឹង​រៀបចំ​សិក្ខាសាលា​មួយ ដើម្បី​បង្កើត​បណ្ដាញ​អ្នកកាសែត​ពលរដ្ឋ​នៅ​កម្ពុជា។ លោក ស្រី សុភ័ក្ត្រ​ ឲ្យ​ដឹងថា បណ្ដាញ​នេះ នឹងធ្វើ​ឲ្យ​គម្លាត​វាង​អ្នកកាសែត​ពលរដ្ឋ និង​អ្នកកាសែត​អាជីព រួម​តូច​ជាង​មុន។

IMG_6767

លោក ស្រី សុភ័ក្ត្រ មន្ដ្រី​ទំនាក់​ទំនង​នៃ​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍។ (រូបភាព ៖ RFI)

 

 

សេចក្តី​ប្រកាស​ព័ត៌មាន

ភ្នំពេញថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៤

 

CCIM និង CLEC បង្កើតបណ្តាញអ្នកសារព័ត៌មានពលរដ្ឋជាលើកដំបូងក្នុង​ប្រទេសកម្ពុជា

ខណៈ ​ឥទ្ធិពល និង​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​មក​​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ភាសាខ្មែរ នៅតែ​បន្តរឹតត្បិត​លំហូរ ព័ត៌មាន​​ទៅដល់​សាធារណៈ​ជន និន្នាការ​ថ្មីមួយ​បាន​លេចឡើង ដោយ​បាន​រំលង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ប្រពៃណី និង​​បាន​ប្រែក្លាយ​ប្រជា​ពល​រដ្ឋធម្មតា​អោយ​ក្លាយ​ជា​អ្នក​សារព័ត៌មាន។ “អ្នក​សារព័ត៌មាន​ពលរដ្ឋ​” កំពុង​តែ​ផ្លាស់​​​ប្តូរ​​បរិបទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅកម្ពុជា​យ៉ាងឆាប់រហ័ស  ដោយបាន​ផ្សាយព័ត៌មាន​ចេញពី​មូលដ្ឋានផ្ទាល់ អំពី​ការ​​រំលោភ​​សិទ្ធិមនុស្ស និង​អំពើ​អយុត្តិធម៌ ដែលជារឿយៗ​មិនត្រូវ​បានរាយការណ៍​ដោយ​ប្រព័ន្ធផ្សព្វផ្សាយ​ភាគ​​ច្រើន​។​ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) បានចាប់ផ្តើម​បណ្តុះបណ្តាល​ប្រជាពលរដ្ឋ អ្នក​សារព័ត៌មាន​ជាលើកដំបូង​ក្នុងឆ្នាំ ២០១២ ដោយ​បង្រៀនស្ត្រី និង​ជនជាតិ​ដើមភាគ​តិច អោយចេះ​សរសេរ​ព័ត៌មាន​​ស្តីពីបញ្ហា​សិទ្ធិមនុស្ស ដែលកើតមាន​ឡើង​នៅក្នុង​សហគមន៍។ បច្ចុប្បន្ន CCIM​ រួមជាមួយ មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សំរាប់សហគមន៍ (CLEC) បានបង្កើត​នូវបណ្តាញ​អ្នកសារព័ត៌មានពលរដ្ឋ​ ដែលមានសមាជិក​ប្រមាណ ១០០​នាក់ រូមមាន អ្នកការពារសិទ្ធិមនុស្ស និង​សកម្មជន​តាម​សហគមន៍ ដែលពួកគាត់ទាំងអស់​គ្នា​បាន​ទទួល​ការបណ្តុះ​បណ្តា​ល​រយៈពេលវែ​ង​អំពី បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មាន ហើយ​និង​ការ​អនុវត្តផ្នែក​សារព័ត៌មាន ដោយ​ពួកគាត់​​បាន​រាយការណ៍​ជាប្រចាំស្តីពី បញ្ហាផ្សេងៗ ដែល​ប៉ះពាល់​ដល់​សហគម​ន៍​របស់​គាត់។​ កិច្ចខិត​ខំប្រឹង​ប្រែង​ទាំងអស់​​នេះ បាននឹង​កំពុងតែជួយ​ពង្រឹង​នូវឯករាជ្យភាព របស់​សារព័ត៌មាន​នៅ​កម្ពុជា និង​បាន​ផ្តល់​នូវសិទ្ធិ​អំណាច​បន្ថែម​ទៀត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​តាម​រយៈព័ត៌មាន​ ដែល​គេត្រូវការ​ដើម្បីធ្វើការ​សំរេច​ចិត្តដ៏​ត្រឹមត្រូវ ចំពោះបញ្ហា​ដែល​បាន​​ប៉ះពាល់​ដល់ពួកគេ​ដោយផ្ទាល់។

CCIM និង CLEC នឹងរួមគ្នាធ្វើសិក្ខាសាលាមួយដើម្បីបង្កើតបណ្តាញ និងចែករំលែកបទពិសោធន៍នៅ ថ្ងៃ ពុធ ទី២០ ខែសីហា ឆ្នាំ២០១៤។ នៅក្នុងសិក្ខាសាលានេះ ស្ថាប័នទាំងពីរ និងបង្ហាញនូវ បទពិសោធន៍ពី​ ពលរដ្ឋអ្នកសារព័ត៌មាន ប្រមាណជាង ៨០នាក់ ដែលមក​ពីគំរោង «អ្នក​ការពារ​សិទ្ធិមនុស្ស​ក្នុង​សម័យអ៊ិនធឺណេត» ដែលទទួល បានហិរញ្ញប្បទាន ពី រដ្ឋាភិបាលស៊ុយអែត។ សិក្ខាសាលានេះ​ នឹងរួមបញ្ជូលការជជែកពិភាក្សាក្រុម ការចែករំលែក បទ​ពិសោធន៍ ពីអ្នកជំនាញលើវិស័យ សារព័ត៌មាន ហើយនិង​ការដាក់បង្ហាញរូបថត ដែលជាស្នាដៃ របស់ពលរដ្ឋអ្នកសារ​ព័ត៌មាន។

ព្រឹត្តិការណ៍នេះក៏ នឹងផ្តល់ឪកាសដ៏មានតម្លៃ ដល់ពលរដ្ឋអ្នកសារព័ត៌មាន អ្នកសារព័ត៌មានអាជីព សង្គមស៊ីវិល និង ស្ថាប័នរដ្ឋាភិបាល ក្នុងការ​ទំនាក់ទំនង ឬបង្កើតនូវបណ្តាញ សំរាប់សហប្រតិ្តការណ៍ នាពេលអនាគត ហើយនិងពង្រីក បណ្តាញក្នុងការប្រមូល និង​ចែកចាយ​ព័ត៌មាន​ស្តីពី​ស្ថាន​ភាព​សិទ្ធិមនុស្ស។ ជាងនេះ ទៅទៀត នេះក៏ជាឪកាស សំរាប់អ្នកសារព័ត៌មានពលរដ្ឋ​ បានជួបជាមួយ អ្នកសារព័ត៌មានអាជីព និងអ្ន​ក​ប្រើប្រាស់​បណ្តាញ សង្គម ដើម្បីជំរុញទឹកចិត្តពួកគាត់អោយបន្តធ្វើសេចក្តីរាយការណ៍ពី បញ្ហាសិទ្ធិសំខាន់ៗដែលកើតឡើងក្នុងប្រទេស​កម្ពុជានាពេលបច្ចុប្បន្ន។

CCIM និង CLEC សូមអញ្ជើញមិត្ត​អ្នកសារព័ត៌មានចូលរួមយកព័ត៌មាននៅក្នុងកម្មវិធីនេះ ហើយនិងឆ្លៀតយកឪកាស ក្នុងការ​ទំនាក់​ទំនង​ជាមួយ អ្នកសារព័ត៌មានពលរដ្ឋ​ ដែលអាចក្លាយជាប្រភពផ្ទាល់ដ៏មានតម្លៃ។

 

ពេលវេលា៖        ចាប់ពីម៉ោង ២​ រសៀល ថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០១៤

ទីកន្លែង៖           ការិយាល័យ មជ្ឈមណ្ឌលអប់រំច្បាប់សំរាប់សហគមន៍

ផ្ទះលេខ ២៣៧ ក្រុមទី​១៦ ផ្លូវលំ ភូមិថ្មី សង្កាត់​និងខណ្ឌដង្កោ រាជធានីភ្នំពេញ.

 

សំរាប់ព័ត៌មានបន្ថែមសូមទាក់ទង

លោក កាំង តុងងី  មន្រ្តីទំនាក់ទំនង និងការតស៊ូមតិ នៃមជ្ឈមណ្ឌលកម្ពុជា​ដើម្បីប្រព័ន្ឋផ្សព្វផ្សាយឯករាជ្យ

លេខទូរស័ព្ទ       ០៦០​ ៤១១​​ ៧៧៧

អ៊ីមែល tongngy@ccimcambodia.org

 

លោក ស្រី សុភ័ក្រ្ត មន្ត្រីទំនាក់ទំនង និង​IVR នៃ មជ្ឈមណ្ឌលអប់រំច្បាប់សំរាប់សហគមន៍

លេខទូរស័ព្ទ       ០៦៦​ ៧៧៧​ ០២៧

អ៊ីមែល sopheak@clec.org.kh

Older Entries

ទៅ​លេង​សៀមរាប​

តើ​គួរ​ទៅ​លេង​ឯ​ណា​ខ្លះទៅហ្ន៎?​

SOKRETH RIN

I Write, You Read

ស្រី សិទ្ធិ សួស្ដី ជ័យ

សិរី សេចក្ដីសម្រេច សួស្ដី ជ័យជម្នះ

HERITAGE_KH

Promote cultural heritage in Cambodia for public awareness

Yin Rany / យិន រ៉ានី

When there is a will, then there is a way.

solarooham

4 out of 5 dentists recommend this WordPress.com site

មាន​សង្ឃឹម

ចង់​ឃើញ​ស្នាម​ញញឹម​លើ​ផ្ទៃ​មុខ​មនុស្ស​គ្រប់​គ្នា

Noan Sereiboth

Together for Our Nation

ឃុន សចរិយា

អតីតកាលជាកញ្ចក់ឆ្លុះបញ្ចាំងអនាគត

សំណេរក្មេងតូច

This is a blog where you can read contemporary khmer poetry and short fiction!

Chouk Khmer

...a knowledge bank in Khmer

khmerforkhmernet

ខ្មែររួបរួមគ្នាដើម្បីកសាងសង្គមជាតិដ៏ល្អប្រសើរមួយសំរាប់ខ្មែរគ្រប់គ្នា

ម៉ាំប្រហុក

កាន់តែរៀនកាន់តែល្ងង់ The more you learn the more you become ignorant

វាយោស្រុកស្រែ

ជំនោរ រសាត់ រសាប់រសល់ រសេះរសោះ​ រសេមរសាម

ស៊ូសុធារី

ការចែករំលែករបស់ខ្ញុំទៅកាន់អ្នក

SSK News

Enjoy all news in our website and keep update with us. From SSK All for Memory (by Saky SSK)

Thea Literature Blog

Just want to write something beneficial for the world.

ជ្រិន សុជាតិ

រក្សាស្នាដៃ និងគំនិតអ្នកប្រាជ្ញ

mcuubu.wordpress.com/

[URL=http://info.flagcounter.com/XivV][IMG]http://s03.flagcounter.com/count/XivV/bg_FFFFFF/txt_000000/border_CCCCCC/columns_2/maxflags_12/viewers_0/labels_0/pageviews_0/flags_0/[/IMG][/URL]

love ٩(●̮̃•)۶ novel

“If you were expecting Prince Charming, I'm sorry. He's with his boyfriend.”

yongieyuki

Reading is the best choice for you

ស្នាមញញឹម

ស្នាមញញឹមរបស់អ្នកជាមហោសថសម្រាប់មនុស្សដែលស្រឡាញ់អ្នក

THE RESURRECTION

Free from the fires of greed. (Pao Chin Theani@ All rights reserved, 2017)

ទេវតាចិត្តល្អ

ឆ្អែតណាក៏មិនស្មើនឹងស្កប់ សុខណាក៍មិនស្មើនឹងស្ងប់

Tola Moeun

Every individual deserves equal rights

Photo Khmer

A fine WordPress.com site

Cheasovann

No One Is Perfect!

ប្លក់សុផាត បន្ទាយមានជ័យ

ជីវិតអ្នកមកពីជនបទ!

A CORNER OF LIFE...

MSNKH

អប់រំ ចែករំលែក បទពិសោធន៍ និង ពតិ៍មាន

It's Me, I and Myself!

It's time to​​ share something. It's just an imagination of the writer but based on the true story somehow...

VM-KH

Free all document to you!

PaHnA

ភាពច្នៃប្រឌិតនៃគំនិតទៅកាន់ភាពពិត Creative blog of Dream come truth

Explorer

Everywhere is learning

Miss. KHEANG

Look up and smile, cause life is beautiful.

សម្រាប់​ខ្មែរ

ព័ត៌មាន, កម្សាន្ត, ចំណេះដឹង​ផ្សេង ៗ ...

Book of Life

What different of the Style-idea????

~XtremeLife~

Live Like It's The Last Day of Life

laroolovely

Smile! You’re at the best WordPress.com site ever

Blogs Of The Day

Just another WordPress.com weblog

%d bloggers like this: