សាលាឃុំរាធរ សង់ពីឈើប្រក់ស័ង្កសី ស្ថិតក្នុងភូមិសាស្រ្ត​ ស្រុកព្រះស្តេច ខេត្តព្រៃវែង ត្រូវបាន​អគ្គិភ័យឆាបឆេះម៉ត់គ្មានសល់ កាលពីយប់វេលាម៉ោង ២២និង៣០នាទី ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧។ បើតាម អគ្គស្នងការដ្ឋាននគរ​បាលជាតិ យោងរបាយការណ៍​សមត្ថកិច្ច​មូលដ្ឋាន បានសន្និដ្ឋានថា ករណីឆេះសាលាឃុំរាធរនេះ គឺបណ្តាលមកពី ទូសេខ្សែភ្លើង ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យតែម្តង។ សាលាឃុំរាធរ មាន ទំហំ ៧ម៉ែត្រគុណនឹង ១២ម៉ែត្រ សង់​ពី ឈើប្រក់ស័ង្កសី ត្រូវឆេះខូចខាតទាំងស្រុង រួមទាំងសម្ភារ:មួយចំនួន រួមមាន បន្ទះសូឡា ១០ផ្ទាំង អាគុយ២ អំពូល​៤ កុំព្យូទ័រ១គ្រឿង ម៉ាស៊ីនព្រីន១គ្រឿង ម៉ាស៊ីនថតចម្លង១គ្រឿង តុ៦ កៅអីជ័រ៣០ និងឯកសារសាធារណៈមួយចំនួន​។ គួរជម្រាបថា ហេតុការណ៍ភ្លើងឆេះ សាលាឃុំរាធរ បានកើតឡើងចំថ្ងៃតែមួយ ដែលក្រសួងមហាផ្ទៃបាន ផ្តើមប្រកាសការចូលកាន់តំណែង​របស់ បេក្ខជនជាប់ឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ទូទាំងប្រទេស។ ក្រុមប្រឹក្សាឃុំរាធរ មានចំនួន ៥អាសនៈ ដោយ ប្រធានក្រុមប្រឹក្សា ឬមេឃុំ ជំទប់ទី១ និងសមាជិកម្នាក់ បានទៅលើ​ បេក្ខជនគណបក្សសង្រ្គោះជាតិ ខណៈបេក្ខជនបក្សប្រជាជនកម្ពុជា ជាប់ត្រឹម ជំទប់ទី២ និងសមាជិក​។ ក្រោយកើតហេតុការណ៍នេះ រថយន្ត​ពន្លត់​អគ្គីភ័យ បានចុះអន្តរាគមន៍បាញ់ពន្លត់ផងដែរ តែដោយ អណ្តាតភ្លើងមានសន្ទុះខ្លាំង និងចន្លោះពេលឆេះមានរយៈពេលយូរ ទើបមិនអាចពន្លត់ទាន់ពេល៕

Fire-PreyVeng-03-07-2017

Advertisements