អត្ថបទដោយ៖ ស្រី សុភ័ក្រ្ត
ពិនិត្យដោយ ៖ ហ្សង់ ហ្វង់ស័រ តាន់

បណ្តាញសង្គមហ្វេសប៊ុក របស់ វិទ្យុបារាំងអន្តរជាតិ ផ្សាយជា ខេមរភាសា (www.facebook.com/RFIKhmer) កាលពីថ្ងៃទី១៨ ខែមេសា បានកើនចំនួនអ្នកចុច Likes លើស ៣លាន ហើយ ! បើតាម គេហទំព័រវិភាគបណ្តាញសង្គមហ្វេសប៊ុក ក្នុងចំណោមអ្នកប្រើប្រាស់ហ្វេសប៊ុកនៅកម្ពុជា សរុបជាង ៤លាន៨សែន មាន អ្នកចុច Likes ហ្វេសប៊ុក វិទ្យុបារាំង-ខេមរភាសា ជាង ២លាន៤សែន ឬ ស្មើនឹង ពាក់កណ្តាលនៃ អ្នកប្រើប្រាស់ហ្វេសប៊ុកទាំងអស់ នៅកម្ពុជា។

RFI Likes Social Bakers 2017 copy

វិទ្យុបារាំងអន្តរជាតិ (Radio France Internationale – RFI) ត្រូវបានបង្កើតឡើងដំបូង ក្នុងឆ្នាំ១៩៧៥។ បច្ចុប្បន្នវិទ្យុ RFI ផ្សាយ ២៤ម៉ោងក្នុងមួយថ្ងៃ ជាភាសាបារាំង និង១៤ ភាសាផ្សេងទៀត ក្នុងនោះរួមទាំង ខេមរភាសាផងដែរ។

រីឯ វិទ្យុបារាំងអន្តរជាតិជាភាសាខ្មែរវិញ បានផ្តើមឡើងនៅឆ្នាំ១៩៩៣ ផ្សាយមួយថ្ងៃមួយម៉ោង រហូតដល់ឆ្នាំ២០១៣ ពីទីក្រុងបារីស ប្រទេសបារាំង។ ក្រោយមកទៀត គឺ នៅខែមិថុនា ឆ្នាំ២០១៣ វិទ្យុ RFI ជាភាសាខ្មែរ បានមកដាក់ទីតាំងផ្សាយ នៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា តែម្តង តាមរលកធាតុអាកាស FM 92 MHz នៅភ្នំពេញ និងសៀមរាប និង FM 94.5 MHz នៅបាត់ដំបង កំពង់ចាម និងទីក្រុងព្រះសីហនុ។

បើតាមការស្ទង់មតិមួយ ផ្តួចផ្តើមឡើងដោយ វិទ្យុបារាំងអន្តរជាតិ RFI ផ្ទាល់ នៅដើមឆ្នាំ២០១៤ ការផ្សាយជា ខេមរភាសា របស់ វិទ្យុRFI មានអ្នកស្តាប់យ៉ាងទៀងទាត់ ប្រមាណមួយលាននាក់ ក្នុងមួយសប្តាហ៍។ ដោយឡែក នៅឆ្នាំ២០១៤ដដែលនោះ  ទំព័រហ្វេសប៊ុករបស់ វិទ្យុបារាំង-ខេមរភាសា មានអ្នកចុច Likes ជាង ៧៥ម៉ឺននាក់ប៉ុណ្ណោះ។ បីឆ្នាំក្រោយមក ពោលគឺ ក្នុងខែមេសា ឆ្នាំ២០១៧នេះ អ្នកចុច Likes បានកើនឡើងលើស ៣លាននាក់  ហើយបន្ថែមពីនេះ រាល់អត្ថបទ ដែលបានផ្សព្វផ្សាយនៅលើ ហ្វេសប៊ុក វិទ្យុបារាំង-ខេមរភាសា បានប៉ះពាល់ និងបានទៅដល់ អ្នកប្រើប្រាស់ហ្វេសប៊ុក ជិត ៤លាននាក់ ក្នុងមួយសប្តាហ៍។

អត្តសញ្ញាណរបស់ វិទ្យុបារាំង-ខេមរភាសា គឺ ព័ត៌មាន ! កម្មវិធីព័ត៌មានដែលសំខាន់ជាងគេ គឺពេលព្រឹក ពីម៉ោង៧ ដល់ម៉ោង៨ ថ្ងៃរសៀលពីម៉ោង១ ដល់ម៉ោង២ និងពេលយប់ពី ម៉ោង៧ ដល់ម៉ោង៨។ លើសពីនេះទៅទៀត រៀងរាល់មួយម៉ោងម្តង វិទ្យុបារាំង-ខេមរភាសា មានផ្សាយព័ត៌មានខ្លី ទាន់ហេតុការណ៍ ទាំងជាតិ និងទាំងអន្តរជាតិ។ វិទ្យុបារាំង-ខេមរភាសា ក៏ផ្សព្វផ្សាយ ក្នុងគោលដៅផ្តល់ចំណេះដឹង ទាក់ទងនឹងព្រឹត្តការណ៍ព័ត៌មានជាតិ-អន្តរជាតិថ្មីៗទាន់ហេតុការណ៍ បទយកការណ៍ បទវិភាគ អំពីភូមិសាស្រ្តនយោបាយ ប្រវត្តិសាស្រ្តខ្មែរ-ពិភពលោក អក្សរសិល្ប៍ខ្មែរ-អក្សរសិល្ប៍ បារាំង សុខភាព-អនាម័យ ។ល។និង។ល។

អ្នកសារព័ត៌មានរបស់ វិទ្យុបារាំង-ខេមរភាសា មានពីរក្រុម និងបុគ្គលិកទាំងអស់ជាង ៣០នាក់។ មួយក្រុម នៅទីក្រុងប៉ារីស ប្រទេសបារាំង ចាត់ចែងព័ត៌មានអន្តរជាតិ និងមួយក្រុមទៀត នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា តាមដានជាពិសេសព្រឹត្តិការណ៍ព័ត៌មានជាតិ។

គួរជម្រាបថា តាមគេហទំព័រ តាមដានបណ្តាញសង្គម Geeks in Cambodia នៅប្រទេសកម្ពុជា មានអ្នកប្រើប្រាស់ហ្វេសប៊ុក ប្រមាណជាង ៤លាន៨សែន គិតត្រឹមដើមឆ្នាំ២០១៧។ តាមគេហទំព័រវិភាគបណ្តាញសង្គម Socialbakers បានបង្ហាញថា ក្នុងចំណោមអ្នកចុច Likes ហ្វេសប៊ុក វិទ្យុបារាំង-ខេមរភាសា ជាង ៣លាននោះ អ្នកចុច Likes ជាង ២លាន៤សែន ឬ ស្មើនឹង ៨០% គឺជា អ្នកប្រើប្រាស់ហ្វេសប៊ុក នៅកម្ពុជា ហើយ អ្នកចូលចិត្ត តាមដាន គាំទ្រ បន្តបន្ទាប់ទៀត គឺជា អ្នកប្រើប្រាស់ហ្វេសប៊ុក នៅក្នុងប្រទេសវៀតណាម ថៃ ភូមា  សហរដ្ឋអាមេរិកជាដើម៕

 

មានផ្សាយនៅលើ គេហទំព័រវិទ្យុបារាំងអន្តរជាតិ ៖ khmer.rfi.fr/cambodia/rfi-3m-likes-19-04-2017

Advertisements