វាជាលើកដំបូងសម្រាប់ខ្ញុំ ដែលបានចូលរួមស្តាប់ សវនាការ របស់តុលាការ នៅរាជធានីភ្នំពេញ ក្នុងសំណុំរឿងឃាតកម្មលោកបណ្ឌិត កែម ឡី។ ខ្ញុំធ្លាប់ចូលរួមស្តាប់ សវនាការ ម្តងដែរ កាលពីឆ្នាំ២០០៨ នៅខេត្តសៀមរាប អំឡុងពេលបំពេញការងារ ជាអ្នកសារព័ត៌មាន។

ថ្ងៃនេះពេញមួយព្រឹក ខ្ញុំចូលប្រជុំ ដាច់បាយ ព្រោះបន្ទាប់ពី បញ្ចប់ ភារៈដឹកនាំកម្មវិធីផ្សាយព័ត៌មាន រយៈពេលមួយម៉ោង របស់ វិទ្យុបារាំងអន្តរជាតិ ខ្ញុំបានតម្រង់ឆ្ពោះទៅរក តុលាការរាជធានីភ្នំពេញ ដើម្បីចូលរួមស្តាប់សវនាការ។ ដំបូង ប៉ូលីសដែលយាមច្រកចូល មិនអនុញ្ញាតឲ្យ ខ្ញុំចូលក្នុងឡើយ ដោយបកស្រាយថា គ្មានកន្លែងទំនេរ។ រងចាំមួយសន្ទុះ ក្រោយពីបញ្ជាក់ប្រាប់គាត់ថា ខ្ញុំជា អ្នកកាសែត មកពី វិទ្យុបារាំង មន្រ្តីប៉ូលីស ក៏ព្រមឲ្យខ្ញុំចូលក្នុង តែស្នើសុំឲ្យខ្ញុំ ទុកកាតាប នៅខាងក្រេៅ។ ខ្ញុំ បានផ្ញើនៅ ម៉ា ចិត្រា អ្នកកាសែតសហគមន៍ ប្រចាំក្រុមព័ត៌មានអ៊នឡាញដ៏ល្បី Social Breaking News

នេះជាលើកដំបូង ដែលខ្ញុំឆ្លើយឆ្លងព័ត៌មានភ្លាមៗ ដើម្បីអាចផ្សាយរហ័ស ទើបមិនសូវល្អ។ ទោះបីជា ខ្ញុំធ្លាប់រាយការណ៍ផ្ទាល់ តែបន្ទាប់ពីខកខានរាប់ឆ្នាំហើយ ទើបមិនសូវល្អ (ទទួលស្គាល់)។ ចំណែក ព័ត៌មានសម្រាប់ផ្សាយ នៅពេលយប់ ក៏មិនសូវល្អ ទើបត្រូវ កែប្រែ ម្តងទៀត…

 

ជនជាប់ចោទបាញ់សម្លាប់លោក កែម ឡី មិនផ្លាស់ប្តូរជំហរ ខណៈតុលាការគ្រោងប្រកាសសាលក្រមនៅថ្ងៃទី២៣ មីនា

 សវនាការពេញមួយព្រឹក នៅថ្ងៃទី១ មីនា ដើម្បីជំនុំជម្រះសំណុំរឿងឃាតកម្មលើលោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយកម្ពុជា បានបញ្ចប់ដោយស្រពិចស្រពិល និងមិនអស់ចិត្ត សម្រាប់អ្នកចូលរួមតាមដានក្នុងបន្ទប់សវនាការ។ ស្រពិចស្រពិល ត្បិតអត្តសញ្ញាណរបស់ ជនជាប់ចោទ នៅតែព្យាយាមអះអាងថា ខ្លួនឈ្មោះ ជួប សំលាប់ ហើយច្រានចោលឈ្មោះក្នុងសំបុត្រកំណើត អឿត អាង ដែលសមត្ថកិច្ចសើបអង្កេតដឹង។ ចំណែករឿងមិនអស់ចិត្ត ក៏ព្រោះតែ វិដេអូភស្តុតាង ក្នុងសវនាការ មិនបានបង្ហាញពីសកម្មភាពនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ទេ គឺវិដេអូទាំង ៧ឈុត បង្ហាញត្រឹម សកម្មភាពបុរសម្នាក់ ដើរចេញចូលហាងស្តារម៉ាត ដកកាំភ្លើងផ្ទុះអាវុធ និងរត់គេចតាមផ្លូវប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ តុលាការរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រមនៅថ្ងៃទី២៣ ខែមីនា ខាងមុខ ដើម្បីកំណត់វាសនា ជួប សំលាប់។

ស្រី សុភ័ក្រ្ត អ្នកកាសែតវិទ្យុបារាំង ដែលបានចូលរួមស្តាប់អង្គជំនុំជម្រះជាង បួនម៉ោង ធ្វើសេចក្តីរាយការណ៍ពីទិដ្ឋភាពទូទៅក្នុងបន្ទប់សវនាការ…

meet-and-kill-action-10-july-2016

វិដេអូសកម្មភាពឃាតកម្មលោកបណ្ឌិត កែម ឡី ដែលតុលាការចាក់ផ្សាយ ក្នុងសវនាការ។

ឈរក្នុងរង្វង់ក្រចកសេះ នៃសវនាការតុលាការរាជធានីភ្នំពេញ នៅថ្ងៃពុធ នេះ បុរសជាជនជាប់ចោទ អះអាងតាំងពីដើមដល់ចប់ថា លោកមានឈ្មោះ ជួប សំលាប់ កើតនៅបន្ទាយមានជ័យ ជាកូនកំព្រា គ្មានប្រពន្ធកូន និងរក្សាចម្លើយសារភាពថា ពិតជាឃាតករ បានសម្លាប់លោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦ នៅហាងស្តារម៉ាត (Star Mart) ក្នុងស្ថានីយសាំងកាល់តិច (Caltex) ស្តុបបូកគោ រាជធានីភ្នំពេញ។ ជួប សំលាប់ រៀបរាប់ថា ការសម្លាប់លោក កែម ឡី គឺដោយសារគំនុំខឹងលោក កែម ឡី បោកយកប្រាក់បីពាន់ដុល្លារ។ នៅថ្ងៃកើតហេតុ ជួប សំលាប់ បានបាញ់ពីរគ្រាប់ សំដៅផ្តាច់ជីវិតលោក កែម ឡី ដោយមួយគ្រាប់ដំបូងសំដៅចំ ក្បាល និងមួយគ្រាប់ទៀតសំដៅ ក មុនពេលដើរចេញពីហាងស្តារម៉ាត។

អត្តសញ្ញាណជនជាប់ចោទនាម ជួប សំលាប់ គឺខុសពី របាយការណ៍សើបអង្កេតរបស់សមត្ថកិច្ច ដែលបញ្ជាក់ថា លោក មានឈ្មោះក្នុងសំបុត្របញ្ជាក់កំណើត អឿត អាង កើតនៅថ្ងៃទី១០ ធ្នូ ១៩៧២ មានស្រុកកំណើតនៅស្រុកពួក ខេត្តសៀមរាប មានប្រពន្ធពីរ និងម្តាយរស់នៅ ខេត្តសៀមរាប។ អឿត អាង ជា អតីតទាហានខ្មែរក្រហម ធ្លាប់បួសជាសង្ឃ នៅវត្តប្រាសាទភ្នំ និង មុនពេលចាប់ខ្លួន មានតួនាទីជា នាយករងប្រតិបត្តិនៃអង្គការការពារបរិស្ថាន និងអភិវឌ្ឍន៍ សាខាខេត្តសៀមរាប។

ក្នុងសវនាការរយៈពេលជាង បួនម៉ោងក៏បាន ចាក់វិដេអូសកម្មភាព ៧ឈុត ដែលក្នុងឈុតទីមួយ បង្ហាញពីសកម្មភាពបុរស ម្នាក់ដកកាំភ្លើងផ្ទុះអាវុធ ក្នុងហាងស្តារម៉ាត កន្លែងកើតហេតុ តែមិនឃើញមុខ លោក កែម ឡី ឡើយ។ វិដេអូនៅសល់ គឺជា សកម្មភាពរត់តាមផ្លូវ រហូតដល់ ចាប់ខ្លួនបាន ។ ចំណែកសាក្សី បីរូប ជាបុគ្គលិកហាងស្តារម៉ាត និងមន្រ្តីចរាចរ ពីររូប ក៏មិនអាចបញ្ជាក់ពី មុខម៉ាត់ឃាតករបានឡើយ។ សាក្សីអាចចំណាំបានត្រឹម ឃាតករ មានកំពស់ទាប សម្បុរស្រអែម ពាក់អាវពណ៌ក្រម៉ៅ ពាក់មួកក្រហម ប៉ុណ្ណោះ។

លោក អំ សំអាត ប្រធានគ្រប់គ្រងផ្នែកអង្កេតអង្គការលីកាដូ ដែលបានចូលរួមស្តាប់សវនាការ វាយតម្លៃថា ភស្តុតាងជាវិដេអូ ក្នុងសវនាការនាព្រឹកថ្ងៃពុធនេះ មិនទាន់គ្រប់គ្រាន់ទេ ដោយសារតែមានត្រឹម សកម្មភាពជនសង្ស័យ ដើរចេញចូលហាងស្តារម៉ាត ដកកាំភ្លើង និងរត់តាមផ្លូវ ប៉ុណ្ណោះ។ ដើម្បីបំបាត់មន្ទិលសង្ស័យ មន្រ្តីសិទ្ធិមនុស្សរូបនេះ ទាមទាឲ្យ មានការបង្ហាញសកម្មភាពនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ទើបធ្វើឲ្យសវនាការមានភាពជឿជាក់ពិតប្រាកដ និងអស់ចិត្ត ព្រោះបើពឹងត្រឹមចម្លើយរបស់ ជនជាប់ចោទមិនអាចជឿទុកចិត្តបានឡើយ សូម្បីនាមខ្លួន ជួប សម្លាប់។

ព្រះរាជអាជ្ញា វាយតម្លៃថា អឿត អាង ឬ ជួប សំលាប់ ជាមនុស្សតែមួយ ជានីតិជន មានសមត្ថភាព យល់ដឹងពីផលវិបាកកើតពីអំពើរបស់ខ្លួន បើវិភាគប្រៀបធៀបភិនភាគ សំបុត្រកំណើត កោសល្យវិច្ឆ័យស្នាមមេដៃទាំងដប់ ផ្ទៀងផ្ទាត់ជាមួយនឹង ទិន្នន័យអត្តសញ្ញាណកម្ម របស់ក្រសួងមហាផ្ទៃ ។ តំណាងអយ្យការ លោក លី សុផាណា បានសម្រេចចោទប្រកាន់បុរសឈ្មោះ អឿត អាង ពីបទឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធខុសច្បាប់ ផ្អែកតាមមាត្រា ២០០ និង ៤៩០ នៃក្រមព្រហ្មទណ្ឌកម្ពុជា។

លោក យុង ផានិត មេធាវីការពារជនជាប់ចោទឈ្មោះ ជួប សម្លាប់ បានស្នើឲ្យចៅក្រម ពិនិត្យមើលស្ថានសម្រាលទោស ដល់ជនជាប់ចោទ ព្រោះ ជនជាប់ចោទគួរឲ្យអាណិត ហើយគួរតែផ្តល់ឱកាសឲ្យកែខ្លួន ដើម្បីអាចបម្រើប្រយោជន៍សង្គម។ ក៏ប៉ុន្តែ ជួប សំលាប់ ទោះនៅនាទីចុងក្រោយក្នុងសវនាការ ក៏មិនបានស្នើសុំឲ្យតុលាការបន្ថយទោសឡើយ តែក្នុងកំណត់ហេតុលើកទីមួយ ដំណាក់កាលសើបសួរ  ជួប សំលាប់ បានសុំឲ្យតុលាការផ្តន្ទាទោសតាមច្បាប់ទៅចុះ។

អង្គជំនុំជម្រះ នៅថ្ងៃទី១ ខែមីនានេះ មាន ចៅក្រមបីរូប តំណាងអយ្យការមួយរូប ជួប សំលាប់ មេធាវីការពារក្ដីជនជាប់ចោទ មកពីគណៈមេធាវី សាក្សី មន្រ្តីបច្ចេកទេសរបស់រដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មាន មន្រ្តីសង្គមស៊ីវិល សាធារណជនសរុបប្រមាណជាង ៥០នាក់។ ក្នុងសាលសវនាការទី១នេះ គ្មានឡើយវត្តមាន ដើមបណ្តឹងជនរងគ្រោះ គឺ លោកស្រី ប៊ូ រចនា ភរិយាលោកបណ្ឌិត កែម ឡី។ តុលាការរាជធានីភ្នំពេញ បានសម្រេច ប្រកាសសាលក្រមនៅថ្ងៃទី២៣ ខែមីនា វេលាម៉ោង ៨និង៣០នាទីព្រឹក ដើម្បីកំណត់វាសនាបុរស ជួប សំលាប់៕

Advertisements