ប៉ុន្មានថ្ងៃចុងក្រោយនេះ លោក សម រង្ស៊ី មេបក្សសង្រ្គោះជាតិ ដែលកំពុងនិរទេសខ្លួនរស់នៅឯបរទេស តាមរយៈហ្វេសប៊ុករបស់ខ្លួន បានបង្ហោះសារនយោបាយទឹកក្តៅ ទឹកត្រជាក់ ជៈមកលើរដ្ឋអំណាចទីក្រុងភ្នំពេញ។ នយោបាយក្តៅ ត្រជាក់ តាមអារម្មណ៍ បែបនេះ ត្រូវបានបក្សកាន់អំណាច និងអ្នកវិភាគយល់ស្របគ្នាថា នឹងប៉ះពាល់ដល់ទំនុកចិត្តដៃគូចរចាសន្ទនាយោបាយ ដូចធ្លាប់រងការចោទប្រកាន់ថា កន្លងមក បក្សប្រឆាំងតែងចាប់ដៃ ជាន់ជើង។ ហេតុអ្វី លោក សម រង្ស៊ី បង្ហោះសារនយោបាយក្តៅផងត្រជាក់ផងជៈទៅលើរដ្ឋាភិបាលទីក្រុងភ្នំពេញ

អត្ថបទវិភាគ៖ ស្រី សុភ័ក្រ្ត អ្នកកាសែតវិទ្យុបារាំង 

អគ្គពិនិត្យ ៖ ហ្សង់ ហ្វ្រង់ស័រតាន់

 

 

sam-rainsy-return-for-national-elections-on-19th-july-2013

លោក កឹម សុខា លោក សម រង្ស៊ី និងអ្នកគាំទ្របក្សសង្រ្គោះជាតិ រាប់ម៉ឺនសែននាក់ ចុះផ្លូវស្វាគមន៍ការវិលត្រឡប់របស់លោក សម រង្ស៊ី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៣។ (រូបថត ៖ ស្រី សុភ័ក្រ្ត)

កាលពីថ្ងៃទី៨ កុម្ភៈ លោក សម រង្ស៊ី បានបង្ហោះ វិដេអូក្លីបមួយ រយៈពេលជាង បីនាទី ក្រោមចំណងជើងថា *យើងត្រូវចេះរស់នៅជាមួយគ្នា*។ ជាវិដេអូ កាលពីឆ្នាំ២០១៥ ដែលបង្ហាញពី កិច្ចសំណេះសំណាលរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយពលរដ្ឋខ្មែររាប់រយនាក់  នៅប្រទេសម៉ាឡេស៊ី ដោយមានលោក សម រង្ស៊ី អង្គុយអម និងញញឹមញញែមជាមួយគ្នា។ ទីនោះហើយ ដែលមេដឹកនាំនយោបាយកម្ពុជាទាំងពីរ ប្រកាសពីជំហរ រួមរួបគ្នារវាងខ្មែរ និងខ្មែរ តាមវប្បធម៌សន្ទនា ដែលជាគោលការណ៍ប្រជាធិបតេយ្យ បាយឆ្ងាញ់ដេកលក់ស្រួល។

តែមុនការបង្ហោះហ្វេសប៊ុកនេះមួយថ្ងៃ លោក សម រង្ស៊ី បានដុតកម្តៅរឿង ផែនការ ក៥ (ពីឆ្នាំ១៩៨៤ ដល់ឆ្នាំ១៩៨៨) ឡើងវិញ បើទោះបីជាធ្លាប់ បានផ្សាយរួចហើយ កាលពីថ្ងៃទី២១ មករា និងថ្ងៃបន្តបន្ទាប់ ដោយបន្តចោទជាចំហថា គឺ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហេង សំរិន ប្រធានរដ្ឋសភា ដែលជាអ្នកបានអនុវត្ត ផែនការ ក៥ តាមបញ្ជាពី «យួន» ដែលចង់ឲ្យ ខ្មែរបន្តសម្លាប់ខ្មែរ តទៅទៀត បន្ទាប់ពី ប៉ុល ពត។ បន្ថែមពីនេះ លោក សម រង្ស៊ី នៅថ្ងៃទី៧ កុម្ភៈ ដដែល បានអះអាងថា គណបក្សប្រឆាំងគ្រោងនឹងប្តឹង លោក ហ៊ុន សែន និងលោក ហេង សំរិន ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ។

គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំ របបសាធារណរដ្ឋប្រជាមានិតកម្ពុជា នៅទសវត្សរ៍ឆ្នាំ ៨០ បានឆ្លើយតបថា ការអនុវត្តផែនការក ៥ គឺដើម្បីទប់ស្កាត់ការវិលមកវិញ នៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ បក្សប្រជាជនកម្ពុជា បានចាត់ទុកទៀតថា អ្នកប្រឆាំងផែនការក៥ គឺជាអ្នកចូលដៃជាមួយប៉ុលពត និងសុទ្ធសឹង ជាអ្នកដែលចង់ឲ្យ ខ្មែរក្រហមត្រឡប់មកវិញកាលសម័យនោះ ដើម្បីបានចូលមកកាប់សម្លាប់ពលរដ្ឋខ្មែរ។

អ្វីដែលចម្លែក គឺនៅថ្ងៃទី៨ កុម្ភៈដដែល ត្រឹមប៉ុន្មានម៉ោង ក្រោយការបង្ហោះវិដេអូស្និទស្នាលរវាងមេបក្សប្រឆាំង លោក សម រង្ស៊ី និងលោក ហ៊ុន សែន នៅប្រទេសម៉ាឡេស៊ី ស្រាប់តែ លោក សម រង្ស៊ី បានបង្ហោះវិដេអូ មួយ ដែលជាបទសម្ភាសន៍ រវាងរូបលោក ជាមួយនឹង ទូរទស្សន៍បារាំង TV5 Monde ពីទីក្រុងប៉ារីស។ នៅក្នុងបទសម្ភាសន៍នោះ លោក សម រង្ស៊ី បានបញ្ចេញយោបល់ខ្លាំងៗ វាយប្រហារប្រឆាំងរដ្ឋអំណាចទីក្រុងភ្នំពេញ និងបានអំពាវនាវឲ្យ សហគមន៍អន្តរជាតិ ដាក់សម្ពាធលើរដ្ឋាភិបាលលោក ហ៊ុន សែន ដើម្បីឲ្យការបោះឆ្នោតនាពេលខាងមុខ អាចប្រព្រឹត្តទៅបាន ដោយសេរី យុត្តិធម៌ និងដើម្បីឲ្យរូបលោក ក្នុងនាមមេបក្សប្រឆាំង អាចវិលមកចូលរួមក្នុងការបោះឆ្នោតដែរ។

ទាំងអស់នេះ មិនទាន់និយាយដល់ អ្វីដែលលោក សម រង្ស៊ី បានសរសេរប្រកាសលើហ្វេសប៊ុក កាលពីដើមខែកុម្ភៈផង។ កាលនោះ លោក សម រង្ស៊ី បានលើកយក ការសន្ទនាសម្ងាត់មួយ តាមបណ្តាញបណ្តាញសង្គម Line ដែលមេបក្សប្រឆាំងរូបនេះ អះអាងថា ជាកិច្ចសន្ទនារ រវាងលោក ហ៊ុន សែន និងកញ្ញា ធី សុវណ្ណថា។ ខ្លឹមសារនៃកិច្ចសន្ទនាជាឯកជននេះ ត្រូវបានលោក សម រង្ស៊ី ហៅថា ជាការផ្តល់សំណូក ១លានដុល្លារ របស់លោកនាយករដ្ឋមន្រ្តី ដើម្បីបំផ្លាញបក្សសង្រ្គោះជាតិ។ គឺការចោទប្រកាន់នេះហើយ ដែលបណ្តាលឲ្យមានការប្តឹងទាមទារសំណងជំងឺចិត្ត មួយលានដុល្លារ ពីលោកនាយករដ្ឋមន្រ្តី និងសំណងជំងឺចិត្ត ៥០មឺនដុល្លារ ពីកញ្ញា ធី សុវណ្ណថា។

លោក អ៊ូ វីរៈ អ្នកវិភាគបញ្ហាកម្ពុជា បានហៅ សារនយោបាយម្តងវាយប្រហារ ម្តងសម្របសម្រួលរបស់លោក សម រង្ស៊ីនេះ ថាជា ចរឹកនយោបាយអត់ច្បាស់លាស់ ឬគ្មានយុទ្ធសាស្រ្តនយោបាយ របស់មេបក្សសង្រ្គោះជាតិ។ អ្នកវិភាគរូបនេះ យល់ឃើញថា នយោបាយក្តៅផង ត្រជាក់ផង តាមអារម្មណ៍ បែបនេះ នឹងនាំឲ្យ ប៉ះពាល់ដល់ទំនុកចិត្តលើគូចរចាទាំងពីរ បើទោះបីជា លោក សម រង្ស៊ី កំពុងព្យាយាមផ្ញើសារនយោបាយថា បក្សប្រឆាំងអាចបន្តវប្បធម៌សន្ទនាគ្នា ជាមួយបក្សកាន់អំណាច ក៏ដោយ។ ដូចគ្នាដែរ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងប្រតិកម្មតបភ្លាមៗថា នេះហើយជា ចរិតលោក សម រង្ស៊ី ដែលប្រែប្រួលមិនទៀង ម្តងខ្មៅម្តងស មិនអាចជឿទុកចិត្តបាន។

ដោយឡែក អ្នកវិភាគផ្សេងទៀត កត់សម្គាល់ថា យុទ្ធសាស្រ្តវាយប្រហារបក្សកាន់អំណាច របស់លោក សម រង្ស៊ី អាចជាការបែងចែកតួនាទីគ្នា រវាងលោក កឹម សុខា ដែលនៅក្នុងប្រទេស មានភារៈសម្របសម្រួល និងលោក សម រង្សី ដែលបន្តវាយប្រហារពីក្រៅប្រទេស។ អនុប្រធានបក្សសង្រ្គោះជាតិ លោក កឹម សុខា រយៈពេលមួយសប្តាហ៍ចុងក្រោយនេះ បានចុះមូលដ្ឋានជាមួយថ្នាក់ដឹកនាំបក្សជាច្រើនខេត្ត ហើយបានរំឮកដល់អ្នកគាំទ្រខ្លួនថា មិនគួរចំណាយពេលវេលាឈ្លោះជាមួយនរណាទេ ព្រោះបក្សមានកិច្ចការច្រើនណាស់ ដើម្បីត្រៀមខ្លួន ឆ្ពោះទៅរកការបោះឆ្នោតឆាប់ៗខាងមុខ។

 ដោយឡែក ការបត់បែនសារនយោបាយ ទឹកក្តៅផង ទឹកត្រជាក់ផង យ៉ាងរហ័សដូចផ្លេកបន្ទោរ របស់ លោក សម រង្ស៊ី បានប្រព្រឹត្តិទៅ ស្របពេលដែល មួយរយៈចុងក្រោយនេះ មានលេចធ្លាយកិច្ចសន្ទនារឿងអាស្រូវស្នេហាតាមទូរស័ព្ទជាច្រើន ដែលត្រូវ ជនអានាមិកអះអាងថា មានតួអង្គ ឬម្ចាស់សម្លេង ជា ថ្នាក់ដឹកនាំ និងមន្រ្តីបក្សសង្រ្គោះជាតិ រួមមានទាំង លោក សម រង្ស៊ី ផ្ទាល់ខ្លួនផង។

តើអាចនឹងមានតទៅទៀតដែរឬទេ ការទម្លាយកិច្ចសន្ទនាគ្រោតគ្រាត ឬផ្អែមល្អែម តាមខ្សែទូរសព័្ទ ដែលជនអនាមិកអះអាងថា ជាសម្លេងរបស់ប្រធានបក្សសង្រ្គោះជាតិ? យ៉ាងណាក៏ដោយ ការផ្សព្វផ្សាយតាមរយៈហ្វែសប៊ុកបែបនេះ ទោះជាការពិត ឬប្រឌិតក៏ដោយចុះ វាបាន និងកំពុងបន្តប៉ៈពាល់យ៉ាងខ្លាំងដល់ សេចក្តីថ្លៃថ្នូ របស់ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ។ លោក សុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាច កាលពីថ្ងៃទី០៧ កុម្ភៈ បានផ្តល់យោបល់ឲ្យ ថ្នាក់ដឹកនាំបក្សសង្រ្គោះជាតិ ដែលទទួលរងការចោទប្រកាន់ប៉ាតណាប៉ាតណីនេះ ចេញមុខដាក់ពាក្យប្តឹងជាផ្លូវការទៅតុលាការ ដើម្បីបើកការសើបអង្កេត រកការពិត។ តែ មន្រ្តីជាន់ខ្ពស់បក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ ឆ្លើយតបថា ជារឿងតូចតាច គ្មានប្រយោជន៍ ខណៈ បក្សសង្រ្គោះជាតិ មានរឿងធំៗជាងនេះ ដែលគួរផ្តោតយកចិត្តទុកដាក់។

សរុបសេចក្តីមកវិញ សារនយោបាយទឹកក្តៅផង និងទឹកត្រជាក់ផងរបស់លោក សម រង្ស៊ី តាមរយៈហ្វេសប៊ុក អាចមិនមែនជា យុទ្ធសាស្រ្តនយោបាយរបស់បក្សប្រឆាំង ឬក៏អាចជាការបែងចែកតួនាទីគ្នា រវាងប្រធាន និងអនុប្រធានបក្សសង្រ្គោះជាតិ។ ទោះបីជាយ៉ាងណា សារនយោបាយភាគច្រើនក្តៅ និងមួយចំនួនតូចត្រជាក់ របស់លោក សម រង្ស៊ី ដែលជៈទៅលើរដ្ឋាភិបាលទីក្រុងភ្នំពេញ យ៉ាងហោចណាស់ វាក៏អាចទាក់ទាញប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងក្រៅស្រុក ឲ្យបន្តចាប់អារម្មណ៍លើជោគវាសនារបស់មេបក្សប្រឆាំង ដែលកំពុងបន្តរស់នៅបរទេស៕

Advertisements