ទីបំផុតអ្វីដែលខ្ញុំបារម្ភជាងគេក្នុងការងារជា អ្នកកាសែតម្នាក់របស់ វិទ្យុបារាំងអន្តរជាតិ វាបានកើតឡើងចំពោះខ្ញុំហើយ នៅថ្ងៃនេះ #ថ្ងៃពុធទី៤ខែមករាឆ្នាំ២០១៧។ ខ្ញុំខកខាន មិនបានដឹកនាំ កម្មវិធីផ្សាយព័ត៌មានម៉ោង៧ ព្រឹក។ សម្រាប់ខ្ញុំ វាគឺជា ឧប្បទ្ទេវហេតុមួយ (ខ្មោចបាំងភ្នែក) តែសម្រាប់ថៅកែខ្ញុំ វាគឺជា #កំហុសដ៏ធំ។ ខ្ញុំមិនដឹងថា អ្នករួមការងារគិតយ៉ាងម៉េចទេ ព្រោះពួកគេអត់ប្រាប់ខ្ញុំនៅ ចំពោះមុខផង #ត្រាវ ។ យ៉ាងណាក៏ដោយ ខ្ញុំគួរតែ សុំទោសក្រុមការងារ និងអរគុណដូចគ្នា ស៊ុន មេសា ហេង ឧត្តម និង បងសីហា ដែលបានជួយសម្របសម្រួល។ ខ្ញុំបានឆ្លៀតស្កាត់ជួបថៅកែ ដើម្បីសុំទោស…

image

ពេលខ្ញុំស្កាត់ជួប ថៅកែ គាត់តបថា ៖

ខ្ញុំអត់ចង់និយាយពេលនេះទេ ព្រោះខ្ញុំកំពុងតែខឹង។ ខ្ញុំគ្រាន់តែអាចប្រាប់បានថា វាជាកំហុសមួយដ៏ធំ។ ជិតដល់ម៉ោងយន្តហោះចេញដំណើរ តែអត់មានអ្នកបើក… ជិតដល់ម៉ោងផ្សាយខ្វះតែ ៥នាទី ទើបដឹង… ដល់ម៉ោងផ្សាយគេបើកស្តាប់ អ្នកមានព័ត៌មាន ឬចង់ឲ្យចាក់ចម្រៀងចោល !?

ខ្ញុំពិតជាមិនដឹងថា ត្រូវបកស្រាយយ៉ាងម៉េចមែន ព្រោះកាលពីម្សិលមិញ ខ្ញុំបានពិនិត្យឡើងវិញ ដល់ទៅបីដល់ កាលវិភាគថ្ងៃពុធ ហើយក្នុងខួរក្បាលខ្ញុំ ចងចាំថា ថ្ងៃពុធ ខ្ញុំត្រូវសម្ភាសន៍ភ្ញៀវ មិនដឹងសោះថា ព្រឹកឡើង ម៉ោង ៦និង៥៥នាទី ចាប់ទូរស័ព្ទកាន់មកមើលឃើញ Missed Call បីលើក របស់អ្នកបច្ចេកទេស ទើបដឹងថា ខ្ញុំត្រូវដឹកនាំកម្មវិធី នៅពេលព្រឹកថ្ងៃពុធ។

ម្សិលមិញ ពេលត្រឡប់មកដល់ផ្ទះភ្លាម ម៉ែក្មេក ប្រាប់ខ្ញុំថា ផ្ចិតកូនខ្ញុំ មានចេញឈាម និងទឹករង៉ៃ។ ខ្ញុំប្រាប់ប្រពន្ធ ឲ្យខលទៅសួរពេទ្យ ពេទ្យក៏ណែនាំឲ្យ នាំកូនមកមន្ទីរពេទ្យកុមារជាតិ ពេលព្រឹក។ ប្រពន្ធខ្ញុំសួរថា ថ្ងៃណាបងទំនេរ ខ្ញុំឆែកកាលវិភាគ ក៏ប្រាប់ប្រពន្ធថា ថ្ងៃព្រហស្បត៍ បងជូនកូនទៅពេទ្យពេលព្រឹកបាន ព្រោះបងដឹកនាំពេលរសៀល និងពេលយប់។ ប្រពន្ធបញ្ជាក់ ចុះស្អែកបងធ្វើអី !? ខ្ញុំមើលកាលវិភាគក្នុងទូរស័ព្ទដៃ រួច តបប្រពន្ធថា ស្អែកបង ផលិតព័ត៌មានពេលព្រឹក និង សម្ភាសន៍ភ្ញៀវល្ងាច។

កំហុសព្រឹកមិញនេះ មិនបានប៉ះពាល់ដល់ កម្មវិធីផ្សាយព័ត៌មាន ម៉ោង ៧ព្រឹក នោះទេ បើទោះបីជាសកម្មភាព នៅខាងក្រៅឆាក រញ៉េរញ៉ៃ ត្បិត ស៊ុន មេសា ដែលត្រូវអានព័ត៌មានប្រចាំថ្ងៃ ស្មគ្រចិត្តជួយ ដឹកនាំកម្មវិធីជំនួសខ្ញុំវិញ ដោយ មាន អន្តរាគមន៍ជួយរៀបចំ អត្ថបទដោយ ហេង ឧត្តម។ ខ្ញុំទៅដល់ ស្ថានីយវិទ្យុម៉ោង ៧និង១៥នាទី ក៏ចាប់អានកាសែត និងរៀបចំកម្មវិធី ទស្សនៈសារព័ត៌មានប្រចាំថ្ងៃ ជំនួស ស៊ន មេសា វិញ។

មានតែ អ្នកបច្ចេកទេស ប៉ុណ្ណោះដែលដឹងថា ខ្ញុំយកចិត្តទុកដាក់ ក្នុងការងារកម្រិតណា ? រាល់ពេលដល់ វេនខ្ញុំដឹកនាំកម្មវិធី ឬអានកាសែត ខ្ញុំតែងចេញពីផ្ទះមុនម៉ោង ៦ព្រឹកជានិច្ច។ ជាញឹកញាប់ ខ្ញុំតែងមកដល់ ស្ថានីយផ្សាយ មុនម៉ោង ៦ព្រឹក ដើម្បីរៀបចំកម្មវិធី និងអានកាសែត។ តែមួយរយៈចុងក្រោយនេះ ដោយសារ កូនប្រុសធ្វើទុក្ខ មិនព្រមគេងពេលយប់ ទើបរាងអត់ងងុយ ហើយមកដល់ ស្ថានីយ ម៉ោងជាង ៦ព្រឹកបន្តិចបន្តួច។

រាល់លើក នៅពេលដល់វេនខ្ញុំដឹកនាំកម្មវិធី ឬអានព័ត៌មានពេលព្រឹក ខ្ញុំតែងប្រាប់ប្រពន្ធ និងម៉ែក្មេក ដើម្បីរំលឹក ព្រមទាំងដាក់ ម៉ោងរោទិ៍ ក្នុងទូរស័ព្ទដៃ ថែមទៀតផង ការពារកុំឲ្យខកខាន… តែថ្ងៃនេះជា #កំហុសធំ លើកទីមួយ ដែលខ្ញុំនឹងទទួល #ការព្រមានដំបូងពីវិទ្យុបារាំង យ៉ាងប្រាកដ។

យ៉ាងណាក៏ដោយ កំហុសថ្ងៃនេះ នឹងត្រូវលើកយកទៅ ជំនុំជម្រៈ នៅថ្ងៃសុក្រ ក្នុងពេលប្រជុំធំ ប្រចាំឆ្នាំ។

Advertisements