Kampong Chhnang 06 Dec 2014 -005

ព្រះសង្ឃមួយអង្គ ប្រោះទឹកមន្ត ប្រសិទ្ធិពរជ័យ ដល់អ្នកលក់ដូរតាមដងផ្លូវ ក្នុងខេត្តកំពង់ឆ្នាំង អំឡុងធម្មយាត្រា សិទ្ធិយាត្រា ឆ្នាំ២០១៤

នៅពេលដែលនិយាយដល់ «យុត្តិធម៌» ឬ ការវិនិច្ឆ័យក្តីដោយសុចរិតត្រឹមត្រូវ… តាំងពីបុរាណកាលមក ក្នុងទស្សនៈខ្មែរ តែងជំពាក់អារម្មណ៍ នឹងយុត្តិធម៌ក្នុងរឿងព្រេងនិទាន។ ចលនាអក្សរសិល្ប៍នេះ ទំនងជា មានគោលបំណងឆ្លុះបញ្ចាំងអំពី ទស្សនៈសង្គមមួយ ដែលមានអត្ថន័យស្តីបន្ទោសអំពើអាក្រក់ លើកតម្កើងអំពើល្អ តាមរយះការវិនិច្ឆ័យសេចក្តីទាំងឡាយដែលទទួលការស្វាគមន៍ពីប្រជារាស្រ្តខ្មែរភាគច្រើនដោយមិនដឹងខ្លួន និងត្រូវបានទទួលស្គាល់ជាទូទៅថា មានយុត្តិធម៌សមរម្យ និងសមហេតុផលមួយ។

 

ក្នុងបណ្តារឿងព្រេងខ្មែរភាគច្រើន យុត្តិធម៌ តែងផ្តល់ជូនគូទំនាស់ ដោយឈរលើ ការវិនិច្ឆ័យរបស់ តួអង្គ សុភាទន្សាយ (តំណាងឲ្យ អ្នកមានបញ្ញា) ចាំជួយដោះស្រាយបញ្ហារបស់តួអង្គសត្វ និង អង្គព្រះមហាក្សត្រ (តំណាងឲ្យអំណាចលើសគេ) រកយុត្តិធម៌ឲ្យតួអង្គមនុស្ស។ វីរៈបុរសក្នុងរឿងព្រេងអាចមិនមែនជា ចៅក្រម ពីព្រោះ កេរ្តិ៍ឈ្មោះ តួអង្គចៅក្រម មិនសូវជា ល្អប៉ុន្មានទេ។ មិនល្អ ដោយសារ រាល់ការសម្រេចសេចក្តីលើរឿងក្តីណាមួយ តែងមានអ្នកឈ្នះដែលអបអរ និងអ្នកចាញ់ក្តីដែលមុសា។ ម្លោះហើយ អ្នកចាញ់ដែលមិនសុខចិត្ត តែងស្រែកប្តឹងផ្តល់ រហូតដល់ជួបតួអង្គ ដែលជាទីគោរពលើសអស់អង្គតុលាការ ទើបពួកគេ ស្ងប់ចិត្ត លែងហ៊ានតវ៉ា។ តាមប្រពៃណីយុត្តិធម៌ខ្មែរបុរាណ ក្នុងឋានៈជា ចៅក្រមកំពូល ព្រះមហាក្សត្រ តែងកាត់សេចក្តីស្វែងរកយុត្តិធម៌ឲ្យគូទំនាស់ ដោយឆ្លងកាត់បទពិសោធន៍ ទីប្រឹក្សាជាច្រើននាក់ និងសុភវិនិច្ឆ័យដោយផ្ទាល់ព្រះអង្គផង។ សេចក្តីត្រាស់បង្គាប់របស់ព្រះមហាក្សត្រ រមែងតែងត្រូវបានគោរពយ៉ាងទៀងទាត់ដោយគូវិវាទ និងពុំបានតវ៉ាអ្វីឡើយ ពីព្រោះរាស្រ្តយល់ថា មានទម្ងន់នៃសុចរិតយុត្តិធម៌ និងជាសេចក្តីវិនិច្ឆ័យចុងក្រោយបង្អស់។

 

តួយ៉ាង រឿងបុរសពីរនាក់ទៅដាក់ទ្រូយកត្រី ជាសំអាងប្រាប់។ បុរសម្នាក់យកទ្រូទៅដាក់លើចុងឈើ ឯបុរសម្នាក់ទៀត ដាក់ក្នុងទឹក ក្រោមដើមឈើ។ លុះព្រឹកឡើង ទ្រូលើចុងឈើ មានត្រីច្រើន ទើបបុរសដាក់ទ្រូក្នុងទឹក មិនសុខចិត្តទៅប្តឹងចៅក្រមរកខុសត្រូវ។ ដំបូងឡើយ ចៅក្រមទទួលសំណូក ទើបកាត់ក្តីឲ្យ បុរសដាក់ទ្រូលើចុងឈើឈ្នះ តែចៅក្រមត្រូវបង្ខំចិត្តជំនុំរឿងជាថ្មី ក្រោយចាញ់ប្រាជ្ញាទន្សាយ។ ទន្សាយ ផ្ចាញ់ចៅក្រុម ដោយប្រឌិតរឿង ត្រីក្រាញ់ឡើងដើមអម្ពិល ហើយស៊ីស្លឹកអម្ពិល។ ចៅក្រមភ្លេចខ្លួន សម្តែងប្រាជ្ញាតវ៉ាថា មិនដែលមានជីដូនជីតាអាណា ដែលឃើញត្រីឡើងដើមឈើ នោះទេ។ ដោយអនុវត្តតាមច្បាប់ពិត ត្រីប្រាកដជារបស់បុរសដាក់ទ្រូក្នុងទឹក ឯបុរសដែលដាក់ទ្រូលើចុងឈើ ត្រូវឲ្យមានទោសលួច។ ច្បាប់ពិត បានផ្តល់យុត្តិធម៌ដល់ បុរសដាក់ទ្រូក្នុងទឹក តាមមធ្យោបាយពិសោធនរបស់ សុភាទន្សាយ ដែលជាអ្នកកាត់ក្តីប្រកបដោយ សុគតិគមនំ (សុគៈតិ-គៈមៈន័ង) ឬការប្រព្រឹត្តដោយត្រូវផ្លូវត្រូវទំនង។

 

ក្នុងឋានៈខ្លួនជា អ្នកផ្តល់យុត្តិធម៌ដ៏ត្រឹមត្រូវ ចៅក្រម ត្រូវវៀរចាកដាច់ខាត អគតិ ឬសេចក្ដីលម្អៀង ៥ យ៉ាងគឺ ៖ ១- ឆន្ទាគតិ (ឆ័ន-ទាគៈតិ) ជា សេចក្ដីលម្អៀងព្រោះស្រឡាញ់ ២- ភយាគតិ (ភៈយាគៈតិ) ជា សេចក្ដីលម្អៀងព្រោះខ្លាចបុណ្យ ខ្លាចអំណាច ឬខ្លាចចិត្តគេ ៣-ទោសាគតិ (ទោសាគៈតិ) ជា សេចក្ដីលម្អៀងព្រោះស្អប់  ៤- លោភាគតិ (លោភាគៈតិ) សេចក្តីលម្អៀង ដោយសេចក្តីប្រាថ្នាចង់បានរបស់អ្វីមួយជាប្រយោជន៍ដល់ខ្លួន និង ៥- មោហាគតិ (មោហាគៈតិ) សេចក្ដីលម្អៀងព្រោះល្ងង់ ព្រោះពុំយល់ការខុសត្រូវ ។

 

តាមតម្រាទស្សនៈយុត្តិធម៌បុរាណខ្មែរ ដែលបន្សល់ទុកមកដល់បច្ចុប្បន្ន ការធ្វើសម្បថ បានក្លាយជាគោលការណ៍យុត្តិធម៌មួយដែរ ឬបំណងរំលឹកដាស់តឿន ព្រមាន ដល់ ជនអាក្រក់ទាំងឡាយ បន្ថែមលើ ជំនឿរាស្រ្តចំពោះការវិនិច្ឆ័យរបស់តុលាការ។ ការធ្វើសម្បថ មានធុជធូប បន់ស្រន់ ដាក់បណ្តាសារ ដាក់ទំនាយ ដោយទូលអស់ បពិត្រទេព្រក្ស អារុក្ខអារក្សអ្នកតា និងបារមីដ៏សក្តិសិទ្ធិ ឲ្យបញ្ជាក់ភាពត្រឹមត្រូវ របស់សាក្សី និងគូទំនាស់។ បើ ជនណាឆ្លើយមិនពិត សូមឲ្យ បរាមុខ វិនាសលាញ អន្តរាយទ្រព្យសម្បត្តិ ស្លាប់តែហោង យ៉ាងវេទនា ដោយគ្រាប់កាំភ្លើង រន្ទះបាញ់ ព្រាត់ប្រាស់កូនចៅ ក្ររហេមរហាម ខ្សត់ទ្រព្យ រងទុក្ខវេទនា អស់ប្រាំរយជាតិ។

 

គោលការណ៍យុត្តិធម៌សមហេតុផល ជាលក្ខខណ្ឌចាំបាច់ណាស់សម្រាប់ធានាវិរន្តរភាពនៃការដឹកនាំ និងទ្រទ្រង់រដ្ឋមួយ។ យុត្តិធម៌ ដែលរាស្រ្តមានឧត្តមប្រាថ្នា ត្រឹមរស់នៅដោយសុខសាន្តក្នុងគ្រួសារ និងសុខុមាលភាពសង្គមមួយ។  ទោះបីជា ពិបាកយ៉ាងណា តុលាការ ឬអ្នកដឹកនាំប្រទេស ត្រូវតែរក្សាយុត្តិធម៌សង្គមឲ្យបានខ្ជាប់ខ្ជួន។ ព្រោះបើរាស្រ្តអស់ជំនឿ លើការផ្តល់យុត្តិធម៌ នោះ តាមរបៀនប្រវត្តិសាស្រ្តខ្មែរ ដែលរាស្រ្តមិនពេញចិត្តនឹងអយុត្តិធម៌សង្គមកាន់តែច្រើនឡើង នាំឲ្យរាស្រ្តស្រែកថ្ងូរ ចង់ប្តូរសង្គម។ ឃាតកម្មយុត្តិធម៌ នឹងនាំឲ្យសង្គម មានការផ្លាស់ប្តូរដោយប្រើកម្លាំង ក្នុងសម័យបុរាណ ឬប្រើសន្លឹកឆ្នោតក្នុងសម័យប្រជាធិបតេយ្យ៕

Advertisements