អត្ថបទ ផ្សាយលើ គេហទំព័រ វិទ្យុបារាំងអន្តរជាតិ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦

បើទោះបីជា ដំណើរការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ ទូទាំងប្រទេស មិនទាន់ចប់សព្វគ្រប់ តែ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នៅថ្ងៃពុធនេះ បានព្យាករណ៍ទុកជាមុនថា មានពលរដ្ឋខ្មែរ ១លានកន្លះ មិនបានមកចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦។ លទ្ធផលបញ្ជីឈ្មោះបោះឆ្នោតផ្លូវការ ឆ្នាំ២០១៦ គជប នឹងត្រូវផ្តល់សុពលភាព នៅថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៧ខាងមុខ ដោយផ្អែកតាម ប្រតិទិននៃការចុះឈ្មោះបោះឆ្នោត។ គជប ចាត់ទុកថា ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ បាន ជាង ៨១% នៃ អ្នកមានសិទ្ធិបោះឆ្នោតជាង ៩លាន៦សែននាក់ គឺជា «លទ្ធផលល្អបង្គួរ» បើធៀបនឹងប្រទេសផ្សេងទៀត ដែលចុះឈ្មោះតាមប្រព័ន្ធដូចកម្ពុជា ហើយ គជប រំពឹងទុកថា បញ្ជីឈ្មោះបោះឆ្នោតថ្មីនេះ នឹងមានភាពស្អាតស្អំ គ្មានឈ្មោះស្ទួន។

ស្រី សុភ័ក្រ្ត រាយការណ៍

nec-30-11-2016

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បើកកិច្ចប្រជុំ ផ្សព្វផ្សាយលទ្ធផលចុះឈ្មោះបោះឆ្នោតបណ្តោះអាសន្ន កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ នៅ ទីស្នាក់ការ គជប ភ្នំពេញ

សមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) លោក ឯម សូផាត នៅថ្ងៃទី៣០ ខែវិច្ឆិកា នេះ បានបញ្ជាក់ពីមូលហេតុដែលនាំឲ្យ ពលរដ្ឋខ្មែរ ជាង មួយលានកន្លះ មិនបានមកចុះឈ្មោះបោះឆ្នោតបោះឆ្នោតថ្មី ឆ្នាំ២០១៦ ប្រាប់អ្នកសារព័ត៌មាន នៅ ទីស្នាក់ការ គជប ថា ដោយសារតែ ពលរដ្ឋខ្មែរខ្លះ មានអាសយដ្ឋានច្រើនជាងមួយ ឬធ្វើចំណាកស្រុក ខណៈពលករខ្មែរចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសស្របច្បាប់ មានជាងមួយលានមួយសែននាក់។ លើសពីនេះ ពលរដ្ឋខ្លះទៀត កំពុងជាប់ក្នុងពន្ធនាគារ មានជម្ងឺកំពុងព្យាបាលនៅមន្ទីរពេទ្យ ស្ថិតក្នុងសភាពចាស់ជរា មានពិការភាព ឬអត្រាមរណភាព ១% ដំណើរការចុះឈ្មោះបោះឆ្នោតក្នុងរដូវវស្សា រួមផ្សំនឹង ពលរដ្ឋខ្មែរមួយចំនួន មិនខ្វល់ ឬគ្មានបំណងចុះឈ្មោះបោះឆ្នោត។

 

យ៉ាងណាក៏ដោយ គជប ចាត់ទុកថា លទ្ធផលចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៦ បានជាង ៨១% នៃ អ្នកមានសិទ្ធិចុះឈ្មោះបោះឆ្នោត ដែលផ្អែកលើស្ថិតិរបស់ក្រសួងមហាផ្ទៃ តាំងពីចុងឆ្នាំ២០១៥ មានប្រមាណ ៩៦៦៤២១៦ នាក់ គឺ «ល្អបង្គួរ»។ ល្អបង្គួរ បើធៀបនឹងប្រទេសផ្សេងទៀត ដែលប្រើប្រាស់ប្រព័ន្ធចុះឈ្មោះបោះឆ្នោតដូចកម្ពុជា ម៉្យាងអំឡុងពេលចុះឈ្មោះបោះឆ្នោត រយះពេល ៨៩ថ្ងៃ គជប មិនបានទទួល បណ្តឹងចោទប្រកាន់មន្រ្តីចុះឈ្មោះបោះឆ្នោត ពីការបដិសេធន៍មិនចុះឈ្មោះ ណាមួយឡើយ។

 

គជប រំពឹងទុកថា បញ្ជីឈ្មោះបោះឆ្នោតថ្មី តាមប្រព័ន្ធកុំព្យូទ័រ ឆ្នាំ២០១៦  ដែលនឹងផ្តល់សុពលភាពផ្លូវការ នៅថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៧ខាងមុខ នឹង គ្មានឈ្មោះស្ទួន ទៀតទេ ហើយខុសពីបញ្ជីបោះឆ្នោតមុនៗ ដោយមានបន្ថែម រូបថត លេខអត្តសញ្ញាណបណ្ណរបស់អ្នកបោះឆ្នោត និងបញ្ជីឈ្មោះមួយសន្លឹក លើក្រដាស A4 បោះផ្សាយអ្នកបោះឆ្នោតបានត្រឹមតែ ១០នាក់ប៉ុណ្ណោះ។

 

ទោះបីជា ពលរដ្ឋខ្មែរ ជាងមួយលានកន្លះ នឹងបាត់បង់សិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅឆ្នាំ២០១៧ តែ គជប គ្មានមធ្យោបាយណាមួយ ដើម្បីដំណោះស្រាយលើបញ្ហានេះឡើយ ក្រៅតែពីរងចាំ ច្បាប់បោះឆ្នោត ឬប្បញ្ញត្តិណែនាំណាមួយថ្មី ដែលអាចអន្តរាគមន៍លើ បញ្ហាពលរដ្ឋខ្មែរជាងមួយលាននាក់ បាត់ឈ្មោះដោយបុព្វហេតុជាក់លាក់ទាំងនោះឡើយ។

 

គួរជម្រាបថា បើគិតត្រឹមថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៦ គជប ចុះឈ្មោះអ្នកបោះឆ្នោតបានជាង ៧៨៣២៧២១នាក់។ សម្រាប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឬ មួយថ្ងៃដែល គជប សម្រេច ពន្យាថ្ងៃចុះឈ្មោះ អាចនឹងទទួលបានអ្នកចុះឈ្មោះយ៉ាងច្រើន ជាង ៧លាន៩សែននាក់ បើផ្អែកលើសន្ទុះតួលេខ ពលរដ្ឋសម្រុកមកចុះឈ្មោះបោះឆ្នោតថ្ងៃចុងក្រោយ ប្រមាណ ៧ម៉ឺននាក់ក្នុងមួយថ្ងៃ។ ដំណើរការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ ក៏មានការចូលរួមពីអ្នកសង្កេតការណ៍ សរុប ប្រមាណ ១៦៥១៨នាក់ ក្នុងនោះ អ្នកសង្កេតការណ៍ជាតិ ១៣ស្ថាប័ន មានចំនួន  ២៨៣០នាក់ អន្តរជាតិ ៣ស្ថាប័ន ចំនួន  ៣៤នាក់ និង  ភ្នាក់ងារគណបក្ស ទាំងពេញសិទ្ធិ និងបម្រុង ១០គណបក្ស មានសរុប ១៣៦៥៤ នាក់៕

 

 

Advertisements