• ទីក្រុងហ្សឺណែវ ប្រទេសស្វីស ម៉ោង ៥:៤៥នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦

ប្រពន្ធខ្ញុំកំពុងមានទម្ងន់…

អំឡុងពេលសន្ទនាគ្នា តាមកម្មវិធីប្រើប្រាស់លើទូរស័ព្ទ #LINE ប្រពន្ធខ្ញុំ បានផ្ញើ រូបថតលទ្ធផលពិនិត្យទឹកនោមរបស់នាង ដែលបញ្ជាក់ ថា នាងមានទម្ងន់។ គ្រាន់តែដឹងភ្លាម ចិត្តខ្ញុំ ចង់តែហោះទៅជួបប្រពន្ធ-កូន ភ្លាមៗទេ បើទោះបីជា ខ្ញុំកំពុងតែ ស្ថិតនៅ ពាក់កណ្តាលទី នៃ កម្មវិធីផ្លាស់ប្តូរការសិក្សាកម្ពុជា ស្វីស វគ្គផលិតភាពយន្ត នៅប្រទេសស្វីស (ចាប់ពីថ្ងៃទី២១ ខែកុម្ភៈ ដល់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦) ក៏ដោយចុះ។

03-march-2016-switzerland-baby-information

កិច្ចសន្ទនាតាម LINE ថ្ងៃទី៣ មីនា ឆ្នាំ២០១៦

  • មិនទាន់អាចផ្សព្វផ្សាយបាន (ប្រពន្ធស្នើ)

ទោះរំភើបយ៉ាងណា ក៏ពិបាក ប្រកាសប្រាប់ជា សាធារណៈដែរ ព្រោះប្រពន្ធ បានស្នើកុំទាន់អាលប្រាប់គេ ខ្លាចមានរឿងមិនល្អ កើតចំពោះកូនក្នុងផ្ទៃ។ ម៉្យាង ដោយសារ សិក្ខាកាម ពីរនាក់ មកសិក្សានៅស្វីសនេះ ជាមិត្តភក្តិរបស់ប្រពន្ធខ្ញុំស្រាប់ រឹតតែហ៊ានប្រាប់នរណាម្នាក់។ ចុងក្រោយ ខ្ញុំធ្លោយម៉ាត់ប្រាប់ 《ផល្លី》 (អ្នកណែនាំខ្ញុំឲ្យចូលរៀនវគ្គផលិតភាពយន្ត) និង មិត្តភក្តិបរទេស រួមក្រុមម្នាក់ទៀត ឈ្មោះ «សារ៉ា»។

ពេលនោះ មួយសប្តាហ៍ ពិតជាយូរ សែនយូរ សម្រាប់ខ្ញុំ។ ទេវតា ដូចជា ព្យាយាមឃាត់ផ្លូវ មិចមិនដឹងទេ ថ្ងៃត្រូវជិះយន្តហោះ ត្រឡប់មកស្រុកខ្មែរវិញ ត្រូវ យន្តហោះ ពន្យាពេល ពីរ ដង ធ្វើឲ្យ ខាតអស់ ពីរថ្ងៃ។ ដោយសារ ខ្ញុំ ចង់ប្រញាប់ ទៅផ្ទះ ជួបកូនប្រពន្ធ និងចូលធ្វើការងារវិញ ព្រោះ ហួស ច្បាប់កំណត់ គេអាចកាត់ប្រាក់ខែ ទើប ពេលខកជើងយន្តហោះ លើកទីពីរ ខ្ញុំបានទទូច ស្នើសុំ ភ្នាក់ងារអាកាសចរណ៍ ឲ្យរៀបសំបុត្រ ខ្ញុំទៅ មុន ទើបធ្វើឲ្យ សិក្ខាកាមផ្សេងទៀត ហាក់មិនសូវពេញចិត្ត។ តែយ៉ាងណា រឿងស្អប់ ឬស្រឡាញ់ ចូលចិត្ត ឬមិនចូលចិត្ត ជួនកាលក៏គ្មានហេតុផលដែរ។

  • បុព្វហេតុនៃកំណើតកូនខ្ញុំ

តាមពិត ខ្ញុំចង់បានកូនភ្លាមតាំងពី រៀបការខែមីនា ឆ្នាំ២០១៥ តែប្រពន្ធខ្ញុំ មិនព្រម និង ដោយសារ ម្តាយក្មេក ហាក់មិនទាន់ ចង់ឲ្យពួកយើងមានកូនភ្លាមៗ។ អាចនិយាយថា យើងមិនទាន់បាន ត្រៀមខ្លួនក៏ថាបាន នៅចុងឆ្នាំ២០១៥ ប្រពន្ធខ្ញុំបែរជា ប្តូរចិត្តភ្លាមៗ។ នាង មកតឿនខ្ញុំ ឲ្យផលិតកូនភ្លាមៗ ! (តាមដឹង នាងបារម្ភខ្លាចអត់មានកូន ព្រោះបច្ចុប្បន្ន គូស្រករជំនាន់ថ្មី ជួបវិបត្តិអត់កូន គួរឲ្យកត់សម្គាល់ដែរ។)

យើងបានប្រើកម្មវិធីតាមទូរស័ព្ទមួយ ឈ្មោះថា Get Baby ដើម្បីកំណត់ថ្ងៃរួមភេទបង្កកំណើត។ ពួកយើងបានសាកល្បងតែម្តងគត់ ក្នុងសប្តាហ៍ទីមួយ នៃខែកុម្ភៈ ឆ្នាំ២០១៦ លទ្ធផល ប្រពន្ធខ្ញុំមានទម្ងន់មែន។ ខ្ញុំបាន ដើរអួតប្រាប់គេឯងថា កូននោះជា កូនស្រី ច្បាស់ណាស់ ព្រោះយើង គណនាតាមក្បួនខ្នាតត្រឹមត្រូវ… ឪពុកម្តាយទាំងសង្ខាង ញញឹមបិទម៉ាត់មិនជិតទេ ពេលឮដំណឹងថា យើងមាន #កូនស្រី។

  • រឿងរន្ធត់នៃកំណើតកូនខ្ញុំ

ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៣ ឧសភា ២០១៦ នៅផ្ទះម៉ាក់អាពយ ៖

គ៌តអាយុ ១៧សប្តាហ៍ គ្រូពេទ្យ នៃ មន្ទីរពហុព្យាបាលចិត្រា បញ្ជាក់លទ្ធផល អេកូសាស្រ្តថា យើងនឹង ទទួលបាន កូនប្រុស ១០០ភាគរយ។ មនុស្សគិតមិនដូចទេវតាគិតមែន… មិនទាន់អស់ត្រឹមនេះទេ…

ថ្ងៃក្តៅខ្លាំង តែយើងទាំងពីរនាក់ ប្តីប្រពន្ធ បែកញើសជោគថ្ងាស ត្រជាក់ខ្លួនស្រេប បន្ទាប់ពីស្តាប់លទ្ធផលពេទ្យ។

ទ្រាំទប់ទឹកភ្នែកលែងបាន ប្រពន្ធខ្ញុំ ដាច់ចិត្ត ស្រែកយំ ពេលនាងទៅដល់ក្នុងបន្ទប់ភ្លាម។

«បងអើយ ជួយកូនយើងផង…»

សម្លេងដង្ហើយសុំជំនួយដ៏ទុក្ខសោក និង អស់សង្ឃឹម របស់ប្រពន្ធមួយឃ្លានេះ នៅតែដឹតជាប់ ត្រចៀកខ្ញុំមិនទាន់បាត់ បើទោះបីជា វាបានកន្លងផុត ជិតកន្លះឆ្នាំទៅហើយក្តី។ នាងយំ ព្រោះ លទ្ធផល អេកូ កូនយើងដែលមានអាយុត្រឹម ៣ខែ បង្ហាញថា រូបរាងទារក 《មានប្រឡោះលើខ្សែខណ្ឌថង់បេះដូង》។

srey-varman-scan

នេះជា ដំណឹងដ៏សែនក្តុកក្តួល អួលផ្សារបំផុតសម្រាប់ខ្ញុំ។ មិនខុសពីប្រពន្ធខ្ញុំដែល យំទួញសោក ខ្ញុំក៏លែងមានអារម្មណ៍ធ្វើការងារ ហើយប្រឹង ស្វែងរកជំនួយ ពី មិត្តភក្តិដែលរៀនពេទ្យ តើមានវិធីព្យាបាល ឬអត់ ? ព្រោះ ពេទ្យអេកូ នៅ ចិត្រា មិនបានប្រាប់អីច្រើនឡើយ បានត្រឹមតែណែនាំ ឲ្យអាន ព័ត៌មាន លើ Google អំពី #InterventricularDefect

គ្រប់គ្នា ដែលស្គាល់បាន ត្រឹមលើកទឹកចិត្តថា កូននៅក្មេងចឹង អាចមើលច្រលំ លើកលែងតែ តា របស់ខ្ញុំ វេជ្ជបណ្ឌិត ងួន សុខុន ដែលជា អតីតគ្រូពេទ្យកាកបាទក្រហមកម្ពុជា បានណែនាំឲ្យ ប្រពន្ធខ្ញុំ ហាត់ប្រាណ រាល់ថ្ងៃ ដើម្បីឲ្យ រាងកាយកូនលូតលាស់ ពេញលក្ខណៈ។

1476424072840

បង្ខំប្រពន្ធឲ្យទៅហាត់ប្រាណ #មើលមុខចុះ !

ហាត់កីឡា ក៏ធ្វើ បន់ស្រន់អស់កន្លែងសក្តិសិទ្ធិដែលធ្លាប់ជឿ ក៏មានដែរ ដូចជា បារមីព្រះអង្គដងកើ ព្រះពុទ្ធរូប តាមវត្តអារាម… សូមជួយបីបាច់ថែរក្សា កូនខ្ញុំឲ្យ ចៀសឆ្ងាយពី ជម្ងឺ #បេះដូងប្រហោង នេះផង។

  • ថ្ងៃទី៨ កញ្ញា ២០១៦ ថ្ងៃផ្តើមសង្ឃឹម

យើងសម្រេចចិត្ត ទៅពិនិត្យអេកូ នៅ ពេទ្យចិត្រា ម្តងទៀត បន្ទាប់ពី គេចវេស ទៅ ពិនិត្យនៅពេទ្យផ្សេង អស់មួយរយះ។ លើកនេះ កូនយើង មានសុខភាពល្អ។ យើងចាប់ផ្តើមរីករាយ ហើយរៀបផែនការ ត្រៀមសម្រាល។ យើងទិញខោអាវ តូចៗ ថតរូប #PregnantCouple នៅគ្រប់ទីកន្លែង ដែលយើងបាន ដើរកំសាន្ត ដូចជា រមណីយដ្ឋានគីរីរម្យ ខេត្តកំពង់ស្ពឺ ប្រសាទអង្គរវត្ត ខេត្តសៀមរាប ខេត្តព្រះសីហនុ ជាដើម។

  • ថ្ងៃឈឺពោះសម្រាលកូន

ប្រពន្ធខ្ញុំមានបំណងផ្តល់កំណើតកូន តាមធម្មជាតិ

ដោយសារកូនដំបូង ហើយប្រពន្ធខ្ញុំនៅក្មេងផង យើងមិនដឹងជាមុនឡើយ អាការៈឈឺពោះជិតសម្រាល និងការឈឺចាប់ក្នុងពេលសម្រាលកូន។

ថ្ងៃទី២៦ តុលា យើងភាន់ច្រលំម្តង ថា ឈឺពោះជិតសម្រាលកូនបន្ទាប់ពី ប្រពន្ធខ្ញុំ ឈឺពោះដូចមករដូវមួយយប់ (គាត់ប្រាប់អញ្ចឹង) តែពេទ្យនិយាយថា កូនបញ្ឆោត។ កូនបញ្ឆោត ព្រោះ កូនគ្រាន់តែ រុញបន្តិច ក៏ស្ងាត់ទៅវិញ។ ពេទ្យក៏ដេញត្រឡប់ទៅផ្ទះវិញ…

ថ្ងៃនោះ ខ្ញុំខំថតរូប ប្រកាសតាមហ្វែសប៊ុក និងអិនស្តាហ្គាម ធ្វើឲ្យ មិត្តភក្តិញាតិមិត្ត អបអរសាទរ ភ្ញាក់ផ្អើល ខលមកសួរ និងឆាត មកសួរនាំ មិនសូវដាច់។ ប្រពន្ធស្តីឲ្យខ្លាំង ដែរនឹងរឿងនេះ ទើបលើកក្រោយ មិនហ៊ានផ្សាយ… ត្រូវរង់ចាំ ដល់ កូនកើតដោយសុវត្ថិភាព ទើបហ៊ានប្រាប់គេ។ ព្រោះ មានអ្នកផ្តល់យោបល់ថា បើគេដឹងច្រើន នាំឲ្យកូនពិបាកកើត។

ប្រពន្ធខ្ញុំភ័យ ខ្លាចកូនកើតមិនចំថ្ងៃ ២៩ តុលា គម្រប់អាយុត្រូវកើត ទើបទាំងពីរនាក់ បានទៅ បន់ស្រន់បារមី ព្រះអង្គដងកើរ ឲ្យជូនការពារកូនប្រពន្ធ ឲ្យឆ្លងផុតទន្លេដ៏ធំធេងឥតកោះត្រើយមួយនេះឆាប់ៗផង។

ភាពអស្ចារ្យ មានពិតមែន… ព្រលឹមថ្ងៃសុក្រ ទី២៨ តុលា ប្រពន្ធខ្ញុំឈឺពោះ តាំងពីម៉ោង ១រំលងអាធ្រាត។ ខ្ញុំកំដរប្រពន្ធ ដើរពេញផ្ទះ រងចាំដល់ ព្រឹកទើបទៅពេទ្យ។ ទៅដល់ពេទ្យម៉ោង៦កន្លះ ពេទ្យវាស់ស្បូន ហើយប្រាប់ថា ស្បូនបើកបានមួយលេខ (មួយកាំ ឬ មួយសង់ទីម៉ែត្រ) ទាល់តែ ស្បូនបើកបាន ដប់លេខ ទើបអាចបង្កើតកូនបាន។ ពេទ្យក៏អនុញ្ញាតឲ្យយើង គេងពេទ្យតែម្តងដើម្បី រងចាំសម្រាល បន្ទាប់ពីដឹងថា យើងធ្លាប់ កូនបញ្ឆោតម្តង។

មកពេទ្យលើកនេះ ម្តាយក្មេកខ្ញុំ គាត់មកកំដរកូនស្រីគាត់នៅពេទ្យតាំងពីព្រលឹមជាមួយគ្នាដែរ។ មន្ទីរសម្រាល នៅក្បែរផ្ទះយើងដែរ។

អំឡុងពេលរងចាំ យើងគ្មានជម្រើសឡើយ ព្រោះបន្ទប់ពេញអស់ សល់តែមួយគត់ តម្លៃ $350 សម្រាលតាមធម្មជាតិ (ពេទ្យប្រាប់ចឹង)។ ស្រ្តីពោះធំម្នាក់ទៀតមកពី ខេត្តបាត់ដំបង ក្រោយខ្ញុំបន្តិច ត្រូវបង្ខំចិត្តគេងក្នុងបន្ទប់ត្រៀមបំរុង។

មួយថ្ងៃពេញនេះ ខ្ញុំឮតែសម្រែកដោយក្តីឈឺចាប់របស់ប្រពន្ធខ្ញុំតាំងពី រំលងអាធ្រាត រហូតដល់ ម៉ោង៧យប់ ប្រពន្ធខ្ញុំអង្វរម្តាយគាត់ សុំវះកាត់ ព្រោះអស់កម្លាំង និងពិបាកទ្រាំ។ ខ្ញុំក៏អាណិតគាត់ដែរ ទើបស្របតាមចិត្តគាត់ តែម្តាយក្មេកគាត់ ចង់ឲ្យកូនស្រីគាត់ទ្រាំបន្តិចទៀត។

ខ្ញុំដាច់ចិត្ត ខលហៅ ម្តាយខ្ញុំឲ្យមកជួយមើល បើទោះបីជា ម្តាយក្មេក និងប្រពន្ធ ធ្លាប់ជំទាស់ តាំងពីព្រឹកថា ចាំកូនកើតសិន សឹមជម្រាបគាត់ (លើកនេះពួកគាត់យល់ស្រប) ព្រោះ គិតមកដល់ ម៉ោង ៧និង១០នាទីយប់ហើយ ប្រពន្ធខ្ញុំបើកស្បូនបានត្រឹម បីសង់ទីម៉ែតប៉ុណ្ណោះ។ ម្តាយខ្ញុំ ធ្លាប់បង្កើតកូនឲ្យ ឆ្កែ នៅផ្ទះរាប់ភ្លេច។ ម្តាយខ្ញុំ និងបងប្រុសទីមួយ មកជួយភ្លាម បន្ទាប់ពី ឮសម្លេងសុំជំនួយពីខ្ញុំតាមទូរស័ព្ទ បើទោះបីជា ម្តាយខ្ញុំមិនសូវស្រួលខ្លួន កោសខ្យល់ពេញខ្លួនក៏ដោយ។ ម៉ោង ៨និង៣០នាទីយប់ ប្រពន្ធខ្ញុំ តានតឹងក្នុងចិត្តចិត្តខ្លាំង ស្រែកយំ លែងខ្មាស់នរណា ហើយប្រកាន់ជំហរ ទាមទាវះកាត់។ នាងស្រែកយំនៅមុខ បន្ទប់ពិនិត្យពោះមុនសម្រាល រហូតដល់ខ្ញុំខ្លោចចិត្ត យល់ព្រម ឲ្យនាងវះកាត់។ តែលើកនេះ ម្តាយខ្ញុំនាំសំណាង ព្រោះ ពេទ្យជំនួយព្រម ទទួលប្រពន្ធខ្ញុំចូលបន្ទប់វះកាត់ ដោយសារស្បូនប្រពន្ធខ្ញុំបើកបាន ៥លេខ ហើយគាត់អបអរសាទរថា មិនបាច់វះកាត់ឡើយ។ ពេទ្យជំនួយ ប្រាប់ខ្ញុំឲ្យ ត្រៀមខោអាវ មួក ស្រោមដៃស្រោមជើងទារក។

ខ្ញុំត្រូវបានពេទ្យអនុញ្ញាតឲ្យចូលបន្ទប់សម្រាលកូន ជាមួយប្រពន្ធដែរ។ ដំណាក់កាល សម្រាលលើគ្រែបង្កើតកូន រឹតតែពិបាកខ្លាំង តែខ្ញុំស្តាប់សម្លេង ប្រពន្ធខ្ញុំស្រែកសុំជំនួយផង ទ្រាំផង ឈឺចាប់ផងក្នុងបន្ទប់ហាក់ នៅកក់ក្តៅជាង នៅខាងក្រៅ ជិត២៤ម៉ោងនេះ។ ព្រោះពេលនាងយំ នៅខាងក្រៅបន្ទប់សម្រាល ហើយ ឈឺចាប់គ្មាន ពេទ្យណាមក ផ្តល់ថ្នាំ កម្លាំងឡើយ គ្មានថ្នាំស៊ីរ៉ូម ខុសពី ក្នុងបន្ទប់សម្រាល មានសេរ៉ូមលើកកម្លាំង និងមានពេទ្យជួយលើកទឹកចិត្ត…

ទីបំផុត… កូនប្រុសខ្ញុំ អាចកើតតាមធម្មជាតិបាន…

នៅម៉ោង ដប់ និងប្រាំបួននាទីយប់ ថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០១៦ កូនប្រុសខ្ញុំ បានចេញពីផ្ទៃម្តាយ មានទម្ងន់ ២គីឡូ៦ខាំ ផ្តើម ស្រែកយំ ផ្តល់សញ្ញា ស្វាគមន៍ពិភពលោក ពិតប្រាកដ។ យើងដាក់ឈ្មោះគាត់ថា ស្រី ស៊នវរ្ម័ន …

image