ខ្ញុំជាមនុស្សប្រភេទ ងាយស្រួលទំនាក់ទំនង ឬរាប់អានមិត្តភក្តិ តែទំនាក់ទំនងរបស់មនុស្សសម័យទំនើបនេះ ហាក់មានលក្ខខណ្ឌ មិនដូចមនុស្សជំនាន់មុនសោះ។ មនុស្សជំនាន់មុន រាប់អានគ្នា ពឹងលើ គុណធម៌ និងតែងជួយយកអសារគ្នា។ តែសម័យនេះ ប្រហែលពឹងលើ សុរា… ព្រោះ ឧស្សាហ៍ឃើញគេ ជុំគ្នា គឺ ផឹក។ អ្នកស្គាល់គ្នាមួយចំនួន សុខចិត្តលែងរាប់អានខ្ញុំ ដោយសារខ្ញុំបដិសេធន៍ ផឹកសុរា ជាមួយពួកគេ។ មិនថ្វីទេ មនុស្សយើង មានគោលការណ៍ រៀងខ្លួន…

ថ្ងៃនេះ សុខៗ ស្រាប់តែនឹកស្រណោះខ្លួនឯង ថា មិត្តភាពដែលផ្តល់ជូនគេ ពេលខ្លះ គេអាចមិនចង់ទទួលពីយើងឡើយ (វាគ្មានតម្លៃសម្រាប់គេ) ដូច្នេះ វាគួរតែជា ទំនាក់ទំនងក្នុងដែនកំណត់មួយ…សន្មត់ថា «ក្រោមមិត្តភក្តិ» បន្តិចចុះ ទើបពួកគេ គ្មានឥទ្ធិពល ដល់ជីវិតរស់នៅរបស់យើង…

គិតឡើងវិញ មួយជីវិតនេះ ខ្ញុំប្រហែលជាមាន «មិត្តភក្តិល្អបំផុត» តិចតួចប៉ុណ្ណោះ។ ជាមិត្តភក្តិដែលមិនប្រែប្រួលពី ស្ថានភាពទំនាក់ទំនង បើទោះបីជា ពួកយើងបានឃ្លាតឆ្ងាយពីគ្នារាប់ឆ្នាំ មិត្តខ្លះធ្លាប់ទាំងឈ្លោះគ្នារាប់ឆ្នាំ តែយើងនៅតែមានភក្តីភាពចំពោះគ្នា…  ល្បងរាប់ឡើងវិញអស់រយៈពេល ជាង ៣០ឆ្នាំនេះ ខ្ញុំ រាប់អានបាន មិត្តភក្តិល្អបំផុត ប៉ុន្មាននាក់ហើយហ្ន ?

មិត្តភក្តិល្អបំផុត គឺជា មិត្តដែលស្គាល់យើង យល់ពីយើង និងតែងជួយយកអសារយើង…

  1. លោក សូ កុសល (មន្រ្តីធំ នៅរោងចក្រចិន / ឯកទេស Shipping) ៖ មិត្តពីកុមារភាព ស្គាល់គ្នាតាំងពីអាយុ ៦ឆ្នាំ។ យើងធ្លាប់ដើរទៅរៀន លេងជាមួយគ្នាច្រើនជាងគេបំផុត… ឪពុកម្តាយ របស់គាត់ ចាត់ទុកខ្ញុំដូចជា កូនគាត់ចឹង ព្រោះ ខ្ញុំតែងតែ ណែនាំ កូនគាត់ ឲ្យខំរៀន។ ពេលលោកទាំងពីរ ស្លាប់ដោយរោគាពាធ ខ្ញុំតែងនៅក្បែរពួកគាត់ ទាន់ដង្ហើមគាត់… ខ្ញុំក៏គោរព ស្រឡាញ់ពួកគាត់ ដូចឪពុកម្តាយ ចឹងដែរ តែស្តាយ ដែលគាត់ ឆាប់រលត់សង្ខារពេក។
  2. លោក ថូ ថាវី (មន្រ្តីនគរបាល) ៖ មិត្តពីកុមារភាព ស្គាល់គ្នាតាំងពីអាយុ ១៣ឆ្នាំ។ យើងរាប់អានគ្នាដូចបងប្អូន ហើយតែងពិគ្រោះយោបល់ ពីទស្សនៈអនាគតត្រូវចិត្តគ្នា… អាយុយើងទាំងពីរ ខុសគ្នាឆ្ងាយ បន្តិច តែចិត្តគំនិត ចាស់ទុំ ដូចគ្នា។ យើងស្រឡាញ់គ្រួសារ ចូលចិត្តការសិក្សា មានគុណធម៌…
  3. លោក ញ៉ែម ធារី (មន្រ្តីក្រសួងមហាផ្ទៃ) ៖ មិត្ពពីកុមារភាព ស្គាល់គ្នាតាំងពីអាយុ ១៣ឆ្នាំ។ យើងនៅផ្ទះជិតគ្នា តែក៏បែកគ្នា ពេលគាត់ប្តូរផ្ទះ… មិត្តម្នាក់នេះ ហើយដែលតែងតែ បបួលខ្ញុំដើរលេង ហើយ រាវគ្រាប់រំសេវ រាវកាក់លក់ យកលុយទិញនំញាំ… ពេលធំបន្តិច ក៏ទៅស្រឡាញ់ស្រី ពេលចូលញ៉ែគេ គាត់ ហៅខ្ញុំធ្វើជា ទីប្រឹក្សាស្នេហ៍។ ដឹងអីខាងស្រី គេតបថា ពងក្តនៅតូចណាស់អាក្អូន ! ស្នេហ៍ដំបូង របស់គាត់ គឺបែបនេះ…
  4. លោក យុង ជលសា (បាត់ដំណឹង / Artist) ៖ មិត្តអនុវិទ្យាល័យវត្តកោះ។ ជាមិត្តម្នាក់ដែល មាន សក្តានុពលខ្លាំង ពូកែ តែអកុសល យើងបានបែកគ្នាពេលរៀនចប់ អនុវិទ្យាល័យ ព្រោះ ប៉ាគាត់ស្លាប់ គាត់ក៏លក់ផ្ទះ ទៅណាបាត់… ពេលនៅរៀន យើងតែងដើរ ឬជិះកង់ ទៅជាមួយគ្នា ព្រោះផ្ទះយើងក្បែរគ្នា។ ខ្ញុំក៏ជា ទីប្រឹក្សាស្នេហា ឲ្យគាត់ម្នាក់ដែរ។ គាត់ជឿខ្ញុំ រហូតដល់ ញ៉ែបានសម្រេច។ យ៉ាងណា មរណភាព ប៉ាប៉ា របស់គាត់ បានបំផ្លាញ ភាពរីករាយ ពី យុវភាព របស់គាត់ខ្ទេចគ្មានសល់។ #នឹកគាត់ជាងគេ ពេលសរសេរដល់ត្រង់នេះ
  5. លោក ថុង បូរ៉ា (មន្រ្តីពេទ្យ មន្ទីរពេទ្យព្រះអង្គឌួង / ឯកទេសពិនិត្យឈាម) ៖ មិត្តជិតស្និទពេលរៀនបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ… នៅចាំថា កាលខ្ញុំរៀបការ គាត់ពិនិត្យឈាមខ្ញុំមួយឈុត អត់គិតប្រាក់។ គាត់ជា បុរសមុខយ៉ាប់ តែគួរឲ្យ រាប់អាន… គាត់ស្លូត ស្មោះត្រង់ គ្មានពិសពុស តស៊ូ កំប្លែង។ អាលូវគាត់រៀបការ មានកូនមួយហើយ ប្រពន្ធគាត់ក៏ស្អាតដែរ។ (មុខចឹងសោះ មានប្រពន្ធស្អាតដែរ 😁😁😁)
  6. លោក កែវ សាម៉ុន (អនិជនខ្មែរ-អាមេរិក) ៖ មិត្តរៀនវិទ្យាល័យ បែកគ្នាពេលចប់វិទ្យាល័យ… អាលូវគាត់ រស់នៅ សហរដ្ឋអាមេរិក។ គាត់ចូលចិត្តសាច់ដុំ គាត់លើកដុំដែក មិនសូវខាន។ គាត់រៀនចប់ បរិញ្ញាបត្រ គណនី តែសុខចិត្តបោះបង់ ប្រាក់ខែ គណនីករ ទៅធ្វើជា សន្តិសុខនៅ ស្ថានទូតអាមេរិក។ ចុងក្រោយគាត់ ជាប់ឆ្នោត ទៅរស់នៅ អាមេរិក។
  7. លោក អ៊ូច សុខជា (DJ-Radio) ៖ មិត្តរួមការងារដំបូង (DJ. វិទ្យុ) យើងស្គាល់គ្នាតាំងពីឆ្នាំ២០០១… ខ្ញុំតែងទៅលេងស្រុកកំណើតគាត់ នៅខេត្តតាកែវ ស្គាល់ពុកម៉ែ បងប្អូនគាត់ សឹងតែគ្រប់គ្នា។ ពួកគាត់ក៏រាប់អានខ្ញុំខ្លាំងដែរ។ ទំនាក់ទំនងពេលនោះ ជិតស្និទ្ធខ្លាំង តែធ្លាប់ឈ្លោះគ្នា លែងនិយាយរកគ្នា អស់ពីរឆ្នាំ។ យើងត្រូវគ្នាវិញ ពេលគាត់ផ្ញើ ដំណឹងការងារ មកប្រាប់ ពេលគាត់ដឹងថា ខ្ញុំចង់ប្តូរការងារថ្មី… បច្ចុប្បន្នយើងនៅ រក្សាទំនាក់ទំនងគ្នាល្អ បើទោះបីជា មិនសូវស្និទ្ធស្នាលដូចមុន… ជាមិត្តនឹងគ្នា មិនចាំបាច់ខ្វល់ថា នរណាខុស ឬត្រូវឡើយ សំខាន់ទំនាក់ទំនងល្អ របស់ពួកយើង មិនប្រែប្រួល…
  8. លោក ស្រី វីរៈ (បងប្អូនជីដូនមួយ) ៖ គាត់ធ្លាប់បួសរៀន មុខក៏ស្អាតសង្ហា មានស្រីតាមសុំស្នេហ៍ច្រើន គាត់សំបូរទ្រឹស្តី តែខ្ញុំមិនសូវហ៊ានក្បែរ ព្រោះ គាត់តែងតែ បបួលខ្ញុំផឹក…
  9. អ្នកនាង ណេង កន្និដ្ឋា (Writer) ៖ ជាមិត្តអ្នកនិពន្ធ កើតនៅខែមេសា ដូចគ្នា ខ្ញុំប្អូនគាត់មួយថ្ងៃ។ ស្គាល់គ្នាតាំងពីឆ្នាំ២០០៣ … ពីមុន ឧស្សាហ៍ ផ្ញើសារ ជូនពរខួបកំណើតគាត់ តែបន្ទាប់ពី គាត់រៀបការរួច ក៏លែងហ៊ានផ្ញើ… (ខ្លាចប្តីគាត់ប្រចណ្ឌ)
  10. លោក រិទ្ធិ សម្បតិ្ត (មន្រ្តីធំ នៅក្រសួងទំនាក់ទំនងរដ្ឋសភា) ៖ ពួកម៉ាកចិត្តល្អ តែងជួយណែនាំ និងសម្របសម្រួលការសិក្សាខ្ញុំពេល រៀននៅ មហាវិទ្យាល័យច្បាប់។ តែពេលគាត់ រៀបការរួច ក៏ដូចគ្នាស្ងាត់ មិនសូវបានឮដំណឹង ហ្វេសប៊ុកគាត់ក៏ មិនសូវសកម្មដូចមុន…
  11. លោកមេធាវី យិច សម្មិទ្ធិ (មេធាវី) ៖ ស្គាល់គ្នាតាំងពីកុមារភាព ធ្លាប់ជួយធ្វើទីប្រឹក្សាញ៉ែស្រី ឲ្យគាត់។ តែពេលគាត់ប្រលងជាប់ មេធាវី ទំនាក់ទំនងយើង រាងឆ្ងាយបន្តិច ឆ្ងាយដោយសារ គាត់មានគ្រួសារ មានកូន និងការងារ… សារណា បញ្ចប់ថ្នាក់អនុបណ្ឌិត របស់ខ្ញុំ ក៏ស្មគ្រការងារនៅ ការិយាល័យមេធាវី របស់គាត់ដែរ។ គាត់ជា មនុស្សម្នាក់ដែល ខ្ញុំ អាងថា ពេលរៀនច្បាប់ចប់ អាចមានការងារផ្នែកច្បាប់ ធ្វើ គឺធ្វើជាមួយគាត់ តែ ចុងក្រោយ ខ្ញុំប្តូរចិត្ត លែងចង់ ធ្វើជា មេធាវី និងប្រលង ផ្នែកវិជ្ជាជីវៈតុលាការ ក៏ដោយសារគាត់ដែរ។ #តុលាការនិងមេធាវីគ្មានឯករាជភាព
  12. លោក លឹម សុខហេង (ឯកទេសព័ត៌មានវិទ្យា) ៖ មិត្តរៀនមហាវិទ្យាល័យជាមួយគ្នា មានចំណូលចិត្តដើរលេងដូចគ្នា តែមួយរយៈចុងក្រោយ រាងឆ្ងាយគ្នាបន្តិច ព្រោះរវល់រៀងខ្លួន… គាត់មានមុខមាត់ ស្អាតគួរសម ដូចតួកុនដែរ តែ អាយុជិត ៣០ឆ្នាំហើយ រកសង្សារផ្លូវការមួយ មិនបាន។ គាត់អៀនពេក 😁😁😁
  13. លោក ផាត សុភក្រ័្ត (អ្នកជំនួញសម័យថ្មី) ៖ ស្គាល់គ្នាតាមរយៈ ក្រុមសិក្សាភាសាអង់គ្លេស… គាត់ជាមនុស្សល្អ គួរឲ្យរាប់អាន ព្រោះ មិននាំទុក្ខដល់នរណាឡើយ តែ គាត់រើសប្រពន្ធណាស់ … គាត់ធ្លាប់មាន សង្សារ តែ ប្រពន្ធ គាត់ មិនហ៊ាន សម្រេចខ្លួនឯងឡើយ គាត់ត្រូវការ ម្តាយគាត់ ជួយសម្រេចចុងក្រោយជានិច្ច ទើបគាត់នៅ លីវ ដល់សព្វថ្ងៃ។ គាត់បញ្ជាក់ប្រាប់ខ្ញុំថា គាត់នៅ #ហ្ស៊ីនមួយរយភាគរយ។ បើមិនជឿ តាមដានគាត់មើលតូវ 😁😁😁
  14. លោក ង៉ែត មូសេ (ឯកទេសសុវត្ថិភាពអ៊នឡាញ) ៖ គាត់ជាមនុស្សសុច្ចរិត គ្មានគ្រោះថ្នាក់ ហើយចូលចិត្តការងារសង្គមដូចគ្នា។ យើងធ្លាប់មាន ទំនាក់ទំនងល្អបំផុត ទោះបីត្រឹមរយះពេលខ្លី តែបាន ដិតក្នុងចិត្តរបស់ខ្ញុំជានិច្ច។ បច្ចុប្បន្ន យើងមានគំនិតខ្វែងគ្នាលើ វិថីអនាគត ទើបគាត់ Block ខ្ញុំក្នុងហ្វេសប៊ុក ហើយ ក៏ផ្តាច់ទំនាក់ទំនងមួយរយៈ តាំងពី ចុងខែមេសា ឆ្នាំ២០១៥ មកទល់បច្ចុប្បន្ន…

គួរបញ្ជាក់ថា ៖ មិត្តល្អបំផុត ខុសពី មិត្តជិតស្និទ្ធ។ មិត្តភក្តិល្អបំផុត នឹងប្រាប់ដោយ អារម្មណ៍ល្អ និងទង្វើដែលជ្រោមជ្រែងគ្នា ពេលចាំបាច់។ សម្រាប់ខ្ញុំ មិត្តជិតស្និទ្ធ ពេលនេះ គ្មានទៀតទេ… គ្មានដោយសារ ខ្ញុំគ្មានពេលវេលា សម្រាប់មិត្តភាពនោះ ហើយពួកគេ ក៏ មិនសូវមានពេលដូចគ្នា… សម័យកាលប្រែប្រួល គ្មានមិត្តជិតស្និទ្ធ តែមិនឯការទេ ព្រោះ ជិតមានកូនប្រលែងហើយ… យ៉ាងណា ខ្ញុំមាន មិត្តភក្តិល្អបំផុត ប៉ុណ្ណឹងនាក់ដែរ៕

Advertisements