SaoRath-postkhmer

លោក ងិន សៅរ័ត្ន នាយកអង្គការជនពិការកម្ពុជា (រូបថត ហេង ជីវ័ន ភ្នំពេញប៉ុស្តិ៍)

 

ផ្សាយ ៖ Fri, 3 June 2016
អត្ថបទ ៖ ប៉ិច សុធារី

នៅក្នុងប្រទេសកម្ពុជាមានជនពិការច្រើនណាស់ដែលយើងអាចឃើញពួកគាត់ទាំងនៅទីក្រុងតាមផ្លូវ និងតាមជនបទនានា។ ជនពិការទាំងនោះរងគ្រោះដោយសារសង្គ្រាមគ្រាប់មីនមិនទាន់ផ្ទុះគ្រោះថ្នាក់ និងដោយជំងឺផ្សេងៗ។

បើទោះបីជាពិការភាពក៏ដោយក៏ប៉ុន្តែមិនមែនបញ្ជាក់ថាពួកគាត់ជាមនុស្សដែលគ្មានសមត្ថភាពធ្វើការនោះឡើយដូចជាករណីលោក ងិន សៅរ័ត្ន បើទោះជាលោកពិការជើងស្តាំដោយសារជំងឺប៉ូលីយ៉ូ ឬគ្រុនស្វិតដៃជើងតែលោកនៅតែមានសមត្ថភាពខ្ពស់រហូតដល់ក្លាយជាថ្នាក់ដឹកនាំអង្គការមួយឈ្មោះថា «អង្គការជនពិការកម្ពុជា» ដោយបានជួយជ្រោមជ្រែងដល់ជនពិការទូទាំងរាជធានី-ខេត្តនៅកម្ពុជាទាំងការតស៊ូមតិលើគោលនយោបាយគាំពារសិទ្ធិបញ្ជ្រាបការយល់ដឹងដល់សាធារណជនពីពិការភាព និងលើកកម្ពស់ដល់សិទ្ធិជនពិការជាដើម។

លោក ងិន សៅរ័ត្ន កើតនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ១៩៧១ នៅស្រុកគិរីវង់ ខេត្តតាកែវ ក្នុងគ្រួសារកសិករដែលមានបងប្អូនប្រុសស្រី ៨ នាក់។ ក្នុងគ្រួសាររបស់លោកមានតែរូបលោកម្នាក់គត់ដែលពិការជើងម្ខាងតាំងពីអាយុ ៥ ឆ្នាំដោយសារជំងឺព្រោះតែពេលនោះប្រទេសកម្ពុជាបានជួបកលិយុគ និងស្ថិតនៅក្នុងរបបខ្មែរក្រហមដែលធ្វើឲ្យលោកពុំអាចព្យាបាលបាន។ ក្នុងអំឡុងពេលនោះដែរលោកក៏ពុំបានរៀនសូត្រឲ្យទាន់ពេលវេលាដូចកុមារសម័យនេះឡើយដោយសារតែត្រូវរត់ជម្លៀសខ្លួនទៅកាន់តំបន់ផ្សេងៗដូចប្រជាពលរដ្ឋដទៃទៀតដែរ។

ប៉ុន្តែក្រោយពីបែកសម័យប៉ុលពតនៅឆ្នាំ ១៩៧៩ គ្រួសាររបស់លោកបានមកដល់ភ្នំពេញ និងបានចាប់យកមុខរបរធ្វើនំបញ្ចុកលក់ទើបលោកអាចមានលទ្ធភាពចូលសិក្សានៅថ្នាក់ទី ១ ក្នុងវ័យ ១០ ឆ្នាំ។

លោកបានលើកឡើងថា «ពេលរៀនមិត្តភក្តិមួយចំនួនគាត់យកពិការភាពយើងទៅលេងសើចជួនកាលគាត់ចាប់ស្រាតខោយើងរត់លេងអ៊ីចឹងទៅតែពិបាកបន្ទោសគាត់ដែរព្រោះគាត់នៅក្មេងពេកអត់ទាន់យល់អ្វីទៅពិការភាពអ្វីទៅហៅថាការរើសអើងតែបានប៉ាខ្ញុំគាត់តែងតែលើកទឹកចិត្តខ្ញុំឲ្យរៀនរហូត។ គាត់ប្រាប់ថាការសិក្សាគឺជាគ្រឹះនៃភាពជោគជ័យ»។

បើទោះជាពិការភាព និងត្រូវរងការរើសអើងពីអ្នកដទៃតែលោកនៅតែតស៊ូព្យាយាមសិក្សា និងជួយធ្វើនំបញ្ចុកឪពុកម្តាយរហូតដល់អាចបន្តការសិក្សានៅវិទ្យាល័យ។

លោកថា៖ «ឆ្នាំ ១៩៩០ ជាប់បាក់ឌុបពេលហ្នឹងខ្ញុំចង់ធ្វើគ្រូបង្រៀនគេថាយើងអត់មានកាយសម្បទាគ្រប់គ្រាន់ចង់ធ្វើមេធាវីគេថាយើងអត់មានកាយសម្បទាគ្រប់គ្រាន់ហើយកាលនោះម៉ាក់ខ្ញុំនៅធ្វើនំបញ្ចុកនៅឡើយនិយាយពីធ្វើនំបញ្ចុកខ្ញុំមានជំនាញតែម្តងអ៊ីចឹងទៅខ្ញុំក៏គិតថាប្រហែលមួយជីវិតហ្នឹងខ្ញុំត្រូវយកជំនាញធ្វើនំបញ្ចុកហ្នឹងមកចិញ្ចឹមប្រពន្ធកូនហើយប្រហែលអស់ផ្លូវរៀនយកបរិញ្ញាបត្រនឹងគេហើយ»។

ប៉ុន្តែថ្ងៃមួយនៅពេលដែលឃើញបងស្រីរបស់លោកដែលធ្វើការនៅអង្គការមួយទទួលបានប្រាក់បៀវត្សរ៍ខ្ពស់លោកចាប់ផ្តើមមានក្តីស្រមៃចង់ចូលបម្រើការងារដូចបងស្រីដែរស្របពេលដែលលោកកំពុងស្វែងរកការងារធ្វើនៅអង្គការជនពិការកម្ពុជា និងមានមហិច្ឆតាចង់អង្គុយលើកៅអីសម្រាប់តំណែងនាយកដើម្បីការពារសិទ្ធិ និងលើកសំឡេងជនពិការឲ្យឮដល់រដ្ឋាភិបាល។

ដោយសារតែក្តីស្រមៃនោះលោកបានព្យាយាមសិក្សាភាសាអង់គ្លេសសិក្សាផ្នែកគ្រូបង្រៀននៅ IFL និងបម្រើការងារនៅមជ្ឈមណ្ឌលជាតិជនពិការរហូតដល់មានឱកាសបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន។

ក្រោយពីបានបញ្ចប់អាហារូបករណ៍លោក ងិន សៅរ័ត្ន បានចាប់ផ្តើមចូលរួមក្នុងចលនាការពារសិទ្ធិ និងលើកកម្ពស់ជនពិការជាមួយអង្គការជនពិការកម្ពុជានៅអំឡុងចុងឆ្នាំ ២០០១ ជាសមាជិកក្រុមប្រឹក្សាភិបាលដែលពេលនោះអង្គការនេះបានជួបប្រទះនូវបញ្ហាផ្ទៃក្នុងស្ទើរតែផុតដង្ហើមព្រោះនៅសល់ថវិកាជំនួយតែ ៤០០០ ដុល្លារប៉ុណ្ណោះ។ ដោយមើលឃើញភាពផុយស្រួយនៃការគ្រប់គ្រងអង្គការមួយនេះលោកបានសម្រេចឈរឈ្មោះធ្វើជានាយកប្រតិបត្តិដែលជាតួនាទីមួយក្នុងក្តីស្រមៃរបស់លោកហើយលោកក៏បានសម្រេចបំណងនេះនៅឆ្នាំ ២០០៣ ដោយសមត្ថភាពផ្ទាល់របស់លោក។

លោក សៅរ័ត្ន បាននិយាយថា «ការដែលខ្ញុំចង់ធ្វើការងារនេះព្រោះតែទី ១ គឺកត្តាខ្លួនឯងដោយសារយើងជាជនពិការទី ២ យើងចង់ឃើញសង្គមមួយដែលគ្មានការរើសអើងដោយសារប្រវត្តិខ្ញុំពេលនៅរៀនមិត្តភក្ដិយកពិការភាពយើងទៅលេងដូចជា រឿងកំប្លែងហើយនៅក្នុងសង្គមខ្មែរពេលខ្លះក្រុមនាយកុយ ក្រុមនាយក្រឹមអីយកជនពិការទៅកំប្លែងលេងចិត្តមួយចេះតែគិតថាហេតុអីបានគេមិនយល់ចិត្តជនពិការគេមិនជួយជនពិការគេបែរនាំគ្នាយកបញ្ហាពិការភាពធ្វើជាការលេងសើចហើយយើងមើលឃើញថ្នាក់ដឹកនាំជនពិការមុនៗនៅពេលដែលបានធ្វើធំដូចជារើសអើងអ្នកពិការ យើងចង់តាំងខ្លួនថាជាគំរូមួយឲ្យជនពិការផ្សេងៗទៀតឃើញថាយើងពិការក៏អាចជួយអ្នកពិការដូចគ្នាបានដែរដោយមិនចាំបាច់រើសអើងគ្នានេះជាក្តីស្រមៃដែលចង់ជួយគ្នាផង និងចង់បំបាត់ការរើសអើងនៅក្នុងសង្គមយើងផង»។

ទោះបីជាយ៉ាងណា លោកមើលឃើញថាស្ថានភាពជនពិការនាពេលបច្ចុប្បន្ននេះមានភាពប្រសើរជាងមុនដោយសារជនពិការត្រូវបានប្រមុខរាជរដ្ឋាភិបាលដែលជាជនពិការផងដែរនោះបានយកចិត្តទុកដាក់ទៅលើពួកគាត់ស្របពេលដែលកម្ពុជាក៏មានច្បាប់ និងអនុសញ្ញាស្តីពីសិទ្ធិជនពិការព្រមទាំងកូតារបស់ស្ថាប័នរដ្ឋដែលផ្តល់ឱកាសទទួលយកជនពិការ ២ ភាគរយឲ្យចូលបម្រើការងារជាដើម។

លោកបានបន្តថា៖ «រឿងសំខាន់គឺជនពិការខ្លួនឯង និងមន្ត្រីថ្នាក់កណ្តាលថាតើគាត់ព្រមកែប្រែផ្នត់គំនិតគាត់ឲ្យដូចថ្នាក់ដឹកនាំយើងដែរឬអត់? ហើយព្រមជួយជំរុញការអនុវត្តច្បាប់នោះដែរឬអត់ទេ? បើមន្ត្រីថ្នាក់កណ្តាលរបស់រាជរដ្ឋាភិបាលធ្វើបានល្អដូចសម្តេចខ្ញុំជឿថាជនពិការយើងល្អប្រសើរមែនទែន»។

លោកបន្ថែមថា៖ «បញ្ហាពិការភាពជាបញ្ហាអន្តរវិស័យទាមទារឲ្យគ្រប់ក្រសួងទាំងអស់យកចិត្តទុកដាក់ហើយដាក់កញ្ចប់ថវិកាយ៉ាងតិច ២ ភាគរយ ឬ ៣ ភាគរយនៃថវិកាសរុបដើម្បីគាំទ្រការអនុវត្តយន្តការ និងច្បាប់ដែលមានស្រាប់ព្រោះយន្តការច្បាប់មានហើយតែការអនុវត្តនៅមិនទាន់មាននៅគ្រប់ស្ថាប័នរដ្ឋនៅឡើយជនពិការត្រូវការសិទ្ធិ និងត្រូវការសេចក្តីថ្លៃថ្នូរ និងការចូលរួមក្នុងឱកាសការងារដូចអ្នកមិនពិការដែរ»។

លោកក៏បានជំរុញមន្ត្រីថ្នាក់កណ្តាលរបស់រាជរដ្ឋាភិបាលពន្លឿនយន្តការផ្តល់ប្រាក់ឧបត្ថម្ភ ២ ម៉ឺនរៀលក្នុងមួយខែដល់ជនពិការផងដែរព្រោះរាជរដ្ឋាភិបាលបានទម្លាក់ប្រាក់ជាច្រើនឆ្នាំហើយតែមកទល់បច្ចុប្បន្នជនពិការនៅពុំទាន់បានទទួលមួយកាក់មួយសេននៅឡើយ។

ក្រោមការដឹកនាំរបស់លោក ងិន សៅរ័ត្ន អង្គការជនពិការកម្ពុជាបច្ចុប្បន្នមានបណ្តាញចំនួន ៦៥ នៅទូទាំង ២៥ រាជធានី-ខេត្តមានវិទ្យុសំឡេងជនពិការនៅខេត្តចំនួន ៣ រថយន្តស្ទូចសម្រាប់ជនពិការ និងបានកៀរគរថវិកាពីម្ចាស់ជំនួយបានចន្លោះពី ៥០ ម៉ឺនទៅ ១ លានដុល្លារក្នុងមួយឆ្នាំៗ។

អង្គការនេះក៏ធ្លាប់បានជំរុញដល់រាជរដ្ឋាភិបាលអនុម័តច្បាប់ផ្តល់សញ្ចាប័នលើអនុសញ្ញាសិទ្ធិជនពិការ និងជំរុញឲ្យមានការរៀបចំប្រព័ន្ធការងារសម្រាប់ជនពិការ។ ដោយមើលឃើញពីស្នាដៃជាច្រើននេះអង្គការមួយនេះធ្លាប់បានទទួលមេដាយលើកទឹកចិត្តចំនួន ២ ពីប្រមុខរាជរដ្ឋាភិបាល និងបានទទួលប័ណ្ណសរសើរជាច្រើនទៀតពីសហគមន៍អន្តរជាតិខណៈដែលបច្ចុប្បន្នលោក សៅរ័ត្ន ក៏ជាប្រធានវេទិកាជនពិការអាស៊ានផងដែរដែលជួយជំរុញឲ្យមានការផ្តល់អនុសញ្ញាសិទ្ធិជនពិការ និងការអនុវត្តច្បាប់សិទ្ធិជនពិការក្នុងបណ្តាប្រទេសទាំង ១០ របស់អាស៊ាន។

បើទោះជាមានភាពជោគជ័យច្រើនក្នុងការដឹកនាំអង្គការជនពិការកម្ពុជារយៈពេល ១៣ ឆ្នាំមកនេះក៏ដោយក៏លោក ងិន សៅរ័ត្ន មិនមានបំណងកាន់តួនាទីនេះរហូតដែរដោយលោកគ្រោងនឹងបង្វែរពីអ្នកធ្វើការទៅជាអ្នករកស៊ីជួញដូរវិញដើម្បីផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយក្នុងការដឹកនាំអង្គការនេះ។ លោកនឹងស្ម័គ្រចិត្តធ្វើជាទីប្រឹក្សាហើយបើមានលទ្ធភាពលោកនឹងធ្វើជាម្ចាស់ជំនួយសម្រាប់អង្គការមួយនេះថែមទៀត។

លោកថា៖ «គ្មានអ្វីជាអមតៈទេគ្រាន់តែថាយើងសាងបានមកប៉ុណ្ណេះវាជាស្ពានមួយសម្រាប់យុវជនជំនាន់ក្រោយអាចយកជាគំរូ អាចបន្តការដឹកនាំរបស់យើង អាចធ្វើឲ្យជនពិការរីករាយនឹងសិទ្ធិរបស់ពួកគាត់បានទៀតហើយខ្ញុំនឹងព្យាយាមបណ្តុះគំនិតយុវជននៅតាមខេត្តនានាបន្ថែមទៀតដើម្បីឲ្យគាត់ហ៊ាននិយាយពីការពិតលើបញ្ហារបស់ជនពិការនៅក្នុងប្រទេសកម្ពុជា»៕