រដូវរៀបអាពាហ៍ពិពាហ៍ បានចាប់ផ្តើមហើយ តាមរយៈការចែកចាយលិខិតអញ្ជើញ… គិតត្រឹមសប្តាហ៍ទីបី ក្នុងខែឧសភា ឆ្នាំ២០១៦ នេះ ខ្ញុំបានទទួល លិខិតអញ្ជើញអាពាហ៍ពិពាហ៍ ចំនួន ៦គត់ នេះមិនបានរាប់ថែម លិខិតអញ្ជើញអាពាហ៍ពិពាហ៍ របស់ប្រពន្ធខ្ញុំ នៅខែនេះ និងក្រោយមកផង។ បើខ្ញុំទៅចូលរួមម្នាក់ឯង មួយរោង ខ្ញុំចងដៃ សាមសិបដុល្លារ តែបើខ្ញុំទៅពីរនាក់ប្រពន្ធ គឺចងដៃ ហាសិបប៉ុណ្ណោះ។ គិតលេងៗ គ្រាន់តែចំណាយថ្លៃកម្មវិធី អាពាហ៍ពិពាហ៍សោះ ខែឧសភានេះ ខ្ញុំត្រូវចំណាយ អស់ ២០០ដុល្លារ។ បើសំណាងល្អ បែបនេះ រាល់ខែ ពិតជា អស់លុយទិញ ទឹកដោះគោ អោយកូន មិនខានទេ។ យ៉ាងណា សុំចិត្ត អ្នកដែលមានគម្រោងរៀបការ ហើយចង់អញ្ជើញភ្ញៀវ សូមចែកសំបុត្រអញ្ជើញ តែភ្ញៀវណាដែល ជិតស្និតបានហើយ និង សូមយកចិត្តគេ ដាក់ចិត្តខ្លួនឯង ខ្លះផង ព្រោះមិនមែន គ្រប់ភ្ញៀវ ដែលចូលរួម សុទ្ធតែសប្បាយចិត្ត ហើយមានមោទនភាព នឹង ទទួលលិខិត អញ្ជើញឡើយ។ សូមសរសើរមិត្តរួមការងារនៅ ស្ថានីយទូរទស្សន៍ភីអិនអិន ដែលរៀបការនៅតាមបណ្តាខេត្ត ពួកគាត់មិនសូវអញ្ជើញអ្នកភ្នំពេញទៅចូលរួមច្រើនឡើយ ដោយគាត់គិត ពីទុក្ខលំបាករបស់អ្នកត្រូវអញ្ជើញ …  ពេលខ្ញុំរៀបការ ខ្ញុំក៏បានគ្រោងអញ្ជើញតែភ្ញៀវជិតស្និតប៉ុណ្ណោះ តែមានឈ្មោះភ្ញៀវខ្លះ ត្រូវបានណែនាំដោយមិត្តភក្តិ ឬមិត្តរួមការងារថា គួរតែអញ្ជើញ ទើបបន្ថែមសំបុត្រ។ ចុងក្រោយ ភ្ញៀវថែមកៅអីភាគច្រើន មិនបានអញ្ជើញ មកឡើយ ភ្ញៀវខ្លះ មិនទាំងផ្ញើចំណងដៃ មកផងដែរ។ សំណាងល្អ ដែលខ្ញុំអញ្ជើញភ្ញៀវលើស ត្រឹម២០នាក់។ សូមទោសផង ភ្ញៀវដែលនៅឆ្ងាយ និងមិនសូវជិតស្និត ដែលខ្ញុំមិនបានអញ្ជើញ ព្រោះ បើមកញាំការម្នាក់ឯង ខ្ញុំខ្លាច នាំអោយអផ្សុក ទើបមិនបានអញ្ជើញ។ យ៉ាងណា មេរៀនលើកនេះគឺ គួរអញ្ជើញភ្ញៀវដែលគួរតែអញ្ជើញ ក្នុងចំនួនមួយសមរម្យ នោះ ពិធីរបស់យើង នឹងមានតម្លៃ ហើយ សប្បាយរីករាយ…

ព្រោះខ្ញុំធ្លាប់រៀបការ ទើបខ្ញុំដឹងថា ចំណងដៃអាពាហ៍ពិពាហ៍ ចាំបាច់ព្រោះ ត្រូវយកទៅទូទាត់ជាមួយនឹង ម្ហូប ភេសជ្ជៈ ជួលហាង ជួលតុ នេះមិនបានរាប់ដល់ ថ្លៃថតរូប តុបតែងហាង កាត់ផ្លែឈើ ក្រុមតន្រ្តី…។ ជួនម្ហូបថ្លៃ បើភ្ញៀវ ចងដៃត្រឹម ម្ភៃដុល្លារ មិនចំណេញឡើយ ចឹងហើយ បើចងដៃ ម៉ាសមរម្យ គឺ ម្ភៃប្រាំដុល្លារ ឬ សាមសិប ហ្នឹងឯង។ អ្នករៀបការឥលូវ ក៏មានបទពិសោធន៍ច្រើនគួរសមដែរ ដូចមិត្តភក្តិខ្ញុំម្នាក់ ដែលរៀបការនៅចុងខែនេះចឹង អួតប្រាប់ខ្ញុំថា គេហៅភ្ញៀវលើស ដប់តុ (១០០នាក់) ដោយមិនរំពឹងទុកថា ភ្ញៀវមកចូលរួមគ្រប់គ្នាឡើយ ខណៈគេសុំតុ ពីខាងស្រីត្រឹម ១៥តុ ប៉ុណ្ណោះ។ គិតលេងៗ ប្រសិនភ្ញៀវ មួយរយនាក់ដែលថែមកៅអី មិនបានមក ហើយអត់ចងដៃ នោះមិត្តភក្តិម្នាក់នេះ ត្រូវខាតថ្លៃសំបុត្រ បែរចំណេញអ្នកបោះពុម្ភ។ បើភ្ញៀវក្នុងបញ្ជី ១៥តុ មិនបានមក បីតុ នោះ ខាងចុងភៅ អ្នកចំណេញ… ថ្មីៗនេះ ក៏មាន អាពាហ៍ពិពាហ៍ របស់លោក កែវ វាសនា ប្រារព្ធធ្វើនៅខេត្ត បន្ទាយមានជ័យ ឆ្ងាយពី រាជធានីភ្នំពេញ ក៏បាន អញ្ជើញមិត្តសិល្បៈ អ្នកជិតស្និទ្ធប្រហែលជាង ១០នាក់ប៉ុណ្ណោះ ហើយក៏ មិនមានគម្រោង កាត់ចំណងដៃ នៅ រាជធានីភ្នំពេញ ឡើយ ព្រោះមិនចង់រំខាន ញាតិមិត្ត។

ចឹង… ប្រសិនបើអញ្ជើញគ្រាន់តែចង់បានចំណងដៃ ឬគ្រាន់អួតប្រាប់គេថា ការខ្ញុំភ្ញៀវច្រើនណាស់ គួរតែគិតឡើងវិញ… #អត់ចំណេញ

My Boss Son Wedding 12 May 2016

ចូលរួមអាពាហ៍ពិពាហ៍កូនប្រុស របស់ អតីតចៅហ្វាយស្រី ចិត្តល្អ កាលពីថ្ងៃទី១២ ឧសភា ២០១៦ នៅ កោះពេជ្រ

Amroeun n Dalish Wedding 15May2016

អាពាហ៍ពិពាហ៍លោក អឿន រស់នៅអមរើន និង ព្រុំ ដាលីស កាលពីថ្ងៃទី១៥ ឧសភា ២០១៦