Kampong Speu 16 Dec 2015

ខេត្ត​កំពង់ស្ពឺ ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ២០១៥

ម៉ូតូ Suzuki Smash មួយនេះ នៅ​កំដរ​ខ្ញុំ​ជាង ប្រាំ​មួយ​ឆ្នាំហើយ (បើគិត​តាំង​ពី​ពាក់កណ្តាល​ ឆ្នាំ​២០០៩​)​។ វា​ជា​ម៉ូតូ​ថ្មី​ដំបូង​​បំផុត​​ក្នុងជីវិត​របស់​ខ្ញុំ​ ដែល​ខ្ញុំ​​ទិញវា ដោយប្រើ​​លុយខ្លួនឯង​ផ្ទាល់​។ ​លុយ​សល់​​​ពី បេសកម្ម​សង្កេត​ការណ៍​បោះ​ឆ្នោ​ត​​រយៈពេល​ខ្លី​​ នៅ​ប្រទេស​អាហ្វា​នី​ស្ថាន​ (ប្រទេសមួយ​ដែល​មាន​សង្គ្រាម​ស៊ីវិល​ ដូចកម្ពុជា​ធ្លាប់​ឆ្លងកាត់​​អំឡុង​ក្រោយ​សម័យប៉ុលពត ទសវត្ស​៨០ ដល់​៩០)។

ច្រើនឆ្នាំមកនេះ វាជា មិត្តភក្តិ​ល្អរបស់ខ្ញុំម្នាក់ ដែល​តែងតែនៅក្បែរខ្ញុំ យល់​ចិត្ត​ខ្ញុំ ជូនខ្ញុំទៅកាន់​តំបន់ជាច្រើនក្នុងប្រទេស ប្រកបដោយ​សុវត្ថិភាព បើទោះបីជា ម៉ូតូនេះធ្លាប់​ជួបគ្រោះ ត្រូវគេ​បុកម្តង​​ពីរដង​ក៏​ដោ​យ​។ នៅចាំបាន​កាល​គេបុកម្តង​នោះ​ គឺ​ពេលដែល​​ខ្ញុំ​ និង​ប្រពន្ធ​(សព្វថ្ងៃ​) ចតលើ​ចិញ្ចើមថ្នល់ មុខភោជនីយដ្ឋានមួយ​​ ពេលចេញពី​ទទួលទានអាហារពេលល្ងាច ស្រាប់តែត្រូវយុវជន​ម្នាក់​ជិះមកបុក បែក​កាបាំង និងស្តុបក្រោយ​។ គ្រានោះ ប្រពន្ធខ្ញុំ​ (អតីតសង្សារ) បានចេញមុខ ទាអោយ​អ្នកបុកនោះ​សងថ្លៃ​ខូច​ខាត ចំនួន ២០ដុល្លារ។ ក្រោយ​ទូទាត់​ ប្តូរកាបាំង និងស្តុបក្រោយរួច ទៅក្រសួងដឹកជញ្ជូន​ កឹបស្លាកលេខ នៅ​សល់​​មួយម៉ឺនរៀលដែរ។

ម៉ូតូនេះដដែល ធ្លាប់ស្គាល់ និង​ដឹក​សង្សារ​របស់ខ្ញុំ​គ្រប់ៗគ្នា​… អាចនិយាយបានថា ស្រីៗដែល​ជិះម៉ូតូនេះជាមួយនឹង​ខ្ញុំ សុទ្ធតែមានអារម្មណ៍ល្អ ទើបក្រោយមក អារម្មណ៍ល្អៗ បាន​វិវឌ្ឍន៍ទៅជា មិត្តភាព​​កក់ក្តៅ​ដល់​បេះដូង។ សរសេរដល់ត្រឹមនេះ ចេះតែលួច​គិត​ក្នុង​ចិត្ត​ថា បើសិនជា ប្រពន្ធរបស់ខ្ញុំ​បាន​អានអត្ថបទនេះ នាង​ពិតជា​ឆេះ​កន្ទុយ​មិនខានទេ ហើយនាងពិតជាបង្ខំ​ខ្ញុំ​អោយ​លក់ម៉ូតូនេះចេញ កុំអោយ​ធុំក្លិន​សង្សារចាស់ៗ (ហាហា​ហា​)​។

ខ្ញុំក៏ធ្លាប់គិតចង់​លក់​ម៉ូតូនេះ ដើម្បីប្តូរស៊េរីម៉ូតូ អាល្អជាងនេះ ដើម្បីអោយឡូយ ពេលជិះទៅធ្វើការងារ ឬចូលរួមមង្គលការដែរ តែខ្ញុំមិនដាច់ចិត្ត​រាល់លើក ពេលគិតដល់ ភាពស្មោះត្រង់​របស់ម៉ូតូនេះ។ វាមិនដែល​​​​ធ្វើទុក្ខ​ទោសធ្ងន់ធ្ងរ ឬសូម្បីតែឈឺធ្ងន់ក៏សឹងគ្មាន ក្នុងរយៈពេល​ប្រាំមួយឆ្នាំមកនេះ។ ខ្ញុំគ្រាន់តែ ប្តូរ​​សំបក ពោះវៀន ច្រវ៉ាក់ អាគុយ ប្រេងបូម… គឺអាច​ប្រើវា ដឹកខ្ញុំ​បន្តទៀត។ គ្មានឡើយ ករណីរលត់ម៉ាស៊ីន​ ធាក់មិនឆេះ ដោយ​សារ​ឈ្លក់ទឹកជន់លេចទីក្រុង​កន្លងមក។ មិត្តរួមការងារ មិត្តរួមថ្នាក់​អនុ​បណ្ឌិត និងមិត្តជិតស្និតមួយចំនួន ឧស្សាហ៍​សួរនាំថា ពេលណា​ទើបប្តូរម៉ូតូ ? ខ្ញុំ​រាងអៀនខ្លួនបន្តិច​ដែរ ក្នុងការ​ឆ្លើយតប… ទោះបីជាយ៉ាងណា​ បច្ចុប្បន្ន​ ខ្ញុំ​នៅ​តែ​គិត​​ចង់​រក្សា​វា​នៅ​ក្បែរ… ខ្ញុំ​ទទួលមិនបាន​ឡើយ​បើដឹងថា ម៉ូតូមួយនេះ ត្រូវបំផ្លាញ ឬប្រើប្រាស់មិនត្រឹមត្រូវ ដោយម្ចាស់​ផ្សេង​ក្រៅពីខ្ញុំ…