AEON Microfinance Cambodia

ខ្ញុំ​ជឿជាក់ថា មាន​​ពលរដ្ឋ​កម្ពុជា​​​​មួយចំនួន មាន​បំណង​ខ្ចីប្រាក់​ពី AEON Microfinance ដើម្បីទិញ​សម្ភារៈប្រើប្រាស់នានា (ទិញសម្ភារៈបង់រំលោះ)។ សូមស្វែងយល់​ពី ​​របៀប​គិត «ការប្រាក់» ​ពីកម្ចី​ហិរញ្ញវត្ថុ​ AEON Microfinance Cambodia ជាមុនសិន មុននឹង​សម្រេចចិត្ត​ ទិញ​សម្ភារៈបង់​រំលោះ (ព័ត៌មាន​បន្ថែម​ ៖ www.aeon.com.kh)។​

«ការប្រាក់​» ដែល​ AEON Microfinance គិតពី «ប្រាក់កម្ចី» ទិញ​សម្ភារៈ រួមទាំង «ថ្លៃហានិភ័យ» ត្រូវបាន​ទូទាត់​តាមរបៀប​ដូចខាងក្រោម ៖

  • បច្ចុប្បន្ននេះ AEON Microfinance ផ្តល់​ប្រាក់​កម្ចី​ ៥ដង ដោយ​ផ្អែកលើ​ ចំណូល​ប្រចាំខែ​ របស់​កូនបំណុល​។ បើ​សម្ភារៈ​ចង់​ទិញ មានតម្លៃ​ខ្ពស់ជាង ប្រាក់ខែ ប្រាំដង AEON Microfinance តម្រូវ​អោយ​​កក់​ប្រាក់​​លើ​​ចំណែក​ដែល​លើសនោះ​។​
  • ការប្រាក់​ដែល AEON Microfinance គិតលើ​ កញ្ចប់សេវាកម្មបង់​រំលោះ អាចមាន​ចាប់ពី ០% ឡើងទៅដល់ ១.៩%។ ដើម្បីអោយប្រាកដថា AEON Microfinance បានគិត «ការប្រាក់» ឬអត់ ទៅលើ​ កញ្ចប់​បង់រំលោះ យើងគួរស្វែងយល់ ពីរបៀបគណនាការប្រាក់ប្រចាំ​ខែ​ ធៀបនឹង​តម្លៃដើមរបស់សម្ភារៈនោះ។ សូមចាំថា បើ AEON Microfinance គិតការប្រាក់ ១% ក្នុងមួយខែ នោះ មួយឆ្នាំ កូនបំណុល​ ត្រូវបង់​ ការប្រាក់ ១២% នៃថ្លៃដើម ដូចគ្នា។​​
  • ការគណនាការប្រាក់ ៖ ករណីកម្ចីទិញ​សម្ភារៈ​ (ម៉ូតូ តម្លៃ​ ២០០០ដុល្លារ) និងមានបំណង​បង់​រំលោះ​រយៈពេល ២ឆ្នាំ (ស្មើនឹង​ ២៤ខែ)។
    • ការប្រាក់​ដែល​ត្រូវបង់​សរុប = «តម្លៃ​សម្ភារៈ» គុណនឹង «អត្រាការប្រាក់» (១.៣% – ១.៩%) គុណនឹង «រយៈពេល​សង» (២ឆ្នាំ ឬ២៤ខែ) ចែកនឹង «១០០» [(ម៉ូតូ $2000 x  1.3 x 24 ខែ) / 100 = $624]
    • ការប្រាក់​ដែល​ត្រូវ​បង់​ក្នុងមួយខែ = «ការប្រាក់​ដែល​ត្រូវបង់សរុប» ចែកនឹង «២៤ខែ» [$624 / 24 ខែ = $26]
    • ប្រាក់់​រំលោះ​ដែល​ត្រូវបង់ក្នុងមួយខែ ឬប្រចាំខែ = «តម្លៃសម្ភារៈ» បូកនឹង «​ការប្រាក់​ត្រូវបង់សរុប» ចែកនឹង «២៤ខែ» [($2000 + $624) / 24ខែ = $109.33]
    • បកស្រាយ ៖ ប្រសិនបើ អ្នក​ចង់​ខ្ចីប្រាក់ពី AEON Microfinance ដើម្បី​​ ទិញម៉ូតូមួយ តម្លៃ ពីរពាន់ដុល្លារ ហើយចង់​បង់​រំលោះ ក្នុងរយៈពេល ២ឆ្នាំ (២៤ខែ) អ្នកត្រូវ​ បង់ថ្លៃការប្រាក់​សរុប ៦២៤ ដុល្លារ ឬមួយខែ ២៦ដុល្លារ។ កាតព្វកិច្ច​ ដែលអ្នកត្រូវបង់​រំលោះ​ប្រចាំខែ អោយទៅ AEON Microfinance គឺ ១០៩.៣៣ ដុល្លារ រៀងរាល់​ខែ រហូតដល់ ផុតខែទី​២៤ គម្រប់​២ឆ្នាំគត់។  

 

ប្រសិនបើអ្នកបង់​ប្រាក់​ទៀងទាត់​រយៈពេល ៨ខែ នោះអ្នកអាច​ទទួលបាន Express Card មួយ ពី AEON Microfinance ដែល​ជា កាតពិសេស សម្រាប់​បញ្ជាក់​ពី ភាពគួរអោយ​ទុកចិត្ត​របស់​អ្នក (ខ្ចីលុយ ហើយសងវិញដោយថ្លៃថ្នូ)។ កាតនេះ ជួយសម្រួលពេលខ្ចីប្រាក់​ទិញសម្ភារៈ​លើកក្រោយ ​អ្នកអាច​ទទួលបាន «ការប្រាក់ទាប» «ប្រាក់ខ្ចីច្រើនជាងមុន» និង​ «អនុម័តរយៈពេលខ្លី»។

expresscard-aeon

លក្ខខណ្ឌសម្រាប់​អ្នកស្នើសុំ ឯកសារ​តម្រូវ​សម្រាប់អ្នកស្នើសុំ និងលក្ខខណ្ឌនៃការទូទាត់ សូមរកមើល​បណ្ណព័ត៌មានពី AEON Microfinance ដែលនៅក្បែរលោកអ្នក។