ប្រាំថ្ងៃគត់​ ដែល​​ខ្ញុំ​មិនបាន​ឮសម្លេង​តូច​​ៗ ស្របនឹង​​ចរិក​ម​្ញិកម្ញក់ និងមើលមុខ​ពូកែ​ស៊ីអារម្មណ៍​របស់ប្រពន្ធ​ខ្ញុំ។ នាង​ត្រូវទៅ​ ទស្សនកិច្ច​សិក្សា​​ចាប់ពីថ្ងៃទី​២៦ ដល់ ៣០ វិច្ឆិកា​ នៅ​តំបន់ អារ៉ែង ខេត្ត​កោះកុង ជាមួយនឹង អ្នកកាសែតសហគមន៍​ផ្សេងទៀត។

ពីរបីថ្ងៃដំបូង ដោយសារ​ខ្ញុំ​ក៏ជាប់ រវល់​ស្ទើរផ្កាប់មុខ នឹង​ការផលិត​ភាពយន្ត​ឯកសារ​ ជីវិត​អ្នកលក់ទឹកកកចល័ត​ ធ្វើ​អោយ​ខ្ញុំ​ មិនសូវនឹក​ប្រពន្ធ​ បើទោះបីជា យើង​ដាច់​ការទាក់​ទងគ្នាជាច្រើនថ្ងៃ​ ព្រោះ​តំបន់អារ៉ែង មិនទាន់មានសេវាទូរស័ព្ទ។​ ថ្ងៃទីបួន​ ដែលគ្មាន​​នាង ក៏ជាពេល​​ដែល​​ខ្​ញុំ​បញ្ច​ប់​​សិក្ខា​សាលា​​ផ្្លាស់ប្តូរបទ​ពិសោធន៍​ផលិត​ភាពយន្តឯក​សារ​​ ជាមួយនឹង​និស្ស​ិត​ស្វីស ដោយជោគជ័យ ខ្ញុំ​បែរជា​នឹក និងប​ារម្ភ​​ប្រពន្ធជាខ្លាំង។ ក្នុងពេល​នាង​មិននៅ ខ្ញុំ​ស្រាប់តែ​យល់ជ្រាប​ដោយអារម្មណ៍ថា នាង​កំពុង​តែព្យាយាម​ធ្វើខ្លួន​ជា​ ប្រពន្ធដ៏ល្អម្នាក់ តាមរយៈ​ខោអាវ​​របស់​ខ្ញុំ​ដែល​នាង​តែ​បោកយ៉ាងទៀតទាត់ ហើយអ៊ុតជាស្រេចព្យួរនៅ​មុខទូកញ្ចក់ ក៏ដូចជា ចំណី​កំប៉ិកកំប៉ុក ដែល​នាង​បន្សល់​ក្នុងទូទឹកកក ព្រោះខ្លាចខ្ញុំ​មិនទៅ​ទិញ​ចំណីញាំពេល​ឃ្លាន​ជាដើម។ ក្នុងពេលនេះ ម្តាយ​ក្មេកខ្ញុំ បាន​សសើរពីកូនស្រីគាត់ជាច្រើន​ប្រាប់ខ្ញុំ ដោយសារ​នាង​តែងតែ បែងចែកពេលវេលា ២៤ម៉ោង ក្នុងមួយថ្ងៃ ​ទៅរៀនផង ធ្វើការងារ​រកប្រាក់មកជួយគ្រួសារ​នេះផង ជាបង្គោល​គ្រួសារដោះស្រាយ​បញ្ហា​បងប្រុសទាំងពីររបស់នាងផង ជួយបង្រៀន​ក្មួយប្រុសនាងផង និង​ធុរៈគ្រួសារបង់ទឹកភ្លើងជាដើម​។ ម្តាយឳពុកខ្ញុំវិញ ក៏​សសើរ​​ពី​សណ្តាន​ចិត្ត​នាង​ដែល​មិនប្រកាន់​ ឬរអ៊ូអោយពួកគាត់ឮ នៅពេល​ដែល​ខ្ញុំ​តែង​ដក​ប្រាក់ខែ ជួយ​​ឪពុកម្តាយ​ក្មេកនាងរាល់​ខែ ពិសេស​កាលបុណ្យភ្ជុំនាង​ក៏បាន​ផ្តួចផ្តើម​អោយ​គ្រួសារយើង​ទាំងពីរ​បាន​ទៅ​វត្ត​រួម​គ្នា​ម្តងទៀត។ ថ្ងៃនេះដែរ មិត្តរួមការងារ និង​ប្រពន្ធ​មេនៅកន្លែង​ការងារចាស់ បាន​សសើរ​ថា ប្រពន្ធ​ខ្ញុំ​ស្អាត ពូកែ… ធ្វើ​អោយ​ខ្ញុំ​រឹតតែលើសឈាម…

គុណសម្បត្តិ​របស់នាង​ទាំងអស់នេះ បាន​ធ្វើអោយ​ខ្ញុំ​​កំពុងមាន​មោទនភាព​ លើ​អាពាហ៍ពិពាហ៍​របស់យើង។ ខ្ញុំ​សប្បាយចិត្ត​នៅពេល​ឃើញ​ នាង​កំពុងតែ​​ធំមួយ​ថ្ងៃបន្តិចៗ លូតលាស់​ពីមនុស្ស​ស្រី​ខ្លួនតូចមួយ ប្រែមក​ជា ប្រពន្ធ​ដ៏​ពូកែ​ស៊ូ​ មានប្រជាប្រិយ និង​មានប្រយោជន៍​យ៉ាងនេះ…

IMG_8542

ថតនៅ វត្ត​ភ្នំរាប ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៥