កាលពីថ្ងៃទី​២១ សីហា ២០១៥ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើ​សារ​ជា​ ភាសាខ្មែរ (ខុសអក្ខរាវិរុទ្ធ និងវេយ្យាករណ៍​តិចតួចៗ) តាមរយៈទូរស័ព្ទ ជូនទៅលោក សម រង្ស៊ី ប្រធានគណបក្ស​ប្រឆាំង ហើយត្រូវបាន​ចែកផ្សាយ​តាមបណ្តាញព័ត៌មាន និងហ្វែសប៊ុក។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា

«ជូន ឯ.ឧ សម រង្ស៊ី ! សង្ឃឹមថា ឯ.ឧ នឹងយល់ពី​គោលបំណង​ដែលខ្ញុំ​ផ្ញើជូន ឯ.ឧ នូវព្រះរាជសារ ព្រះមហាក្សត្រ​​នឹង​ច្បាប់ទាក់​ទង ទៅនឹង សិទ្ទិសញ្ញា​ព្រំដែនកម្ពុជា វៀតណាម។ ខ្ញុំបាន​ផ្ដល់ឱកាស់​ច្រើនណាស់​ហើយ សំរាប់​ការយល់​របស់ ឯ.ឧ នឹង​សហការី ឯ.ឧ តែដូច​មិន​យល់ សោះ​រហូត​បន្ត​រប្រើពាក្យ​ ផែនទីក្លែងក្លាយ។ ម្សិលម៉ិញ ក្រោយពេល​ផ្ទៀងផែនទី​យកពីអង្គការ​សហប្រជាជាតិ តំណាង​គណបក្ស ឯ.ឧ បាននិយាយ​ថា អ្នកនិយាយ​ជា​សិទ្ធិ​របស់បុគ្គល មិនទាក់ទង នឹង​គោលជំហរ​​​គណបក្ស​ទេ។ សង្ឃឹមថា ឯ.ឩ នឹងណែនាំ​ដល់អ្នក​ដែល​បញ្ចេញយោបល់ទាំងនោះ​ឲ្យយល់ ដោយរាប់​ទាំងប្រាប់ ពួក​គេ​​ឲ្យ​ដឹងអំពី ច្បាប់ទាក់ទង នឹងសិទ្ធិសញ្ញាបំពេញបន្ថែម រវាងកម្ពុជា នឹងវៀតណាម លើបញ្ហាព្រំដែន​ផង។

ខ្ញុំ​​នឹង​​​ឲ្យផ្សព្វផ្សាយ​នូវ​ឯកសារ​ទាំងអស់ រាប់ទាំង លិខិត​របស់​ សម្តេចឪ​ ផ្ញើជូន អតីតនាយករដ្ឋមន្ត្រី វៀតណាម ផាំ វ៉ាន់ដុង កាលពីឆ្នាំ​១៩៩៩ សុំយក​ខ្សែរ​ប្រេវីយេ​ ជាខ្សែព្រំដែន ទឹក រវាង កម្ពុជានឹងវៀតណាម។ ខ្ញុំសង្ឃឹមថា ឯ.ឧ នឹង អប់រំ​ផ្ទៃក្នុង​បក្ស កុំឱយធ្វើ សកម្មភាពទុច្ចរិច្ច បំផ្លាញការ​ខិតខំរបស់ រាជរដ្ឋាភិបាល លើការងារព្រំដែន ដែលត្រូវបាន​កំណត់ដោយច្បាប់។ តាមរយៈការ​ពន្យល់ដ៏តិចតួចនេះ ឯ.ឧ អាចយល់ថា ហេតុអ្វីបានជា លោក ហុង ស៊ុនហួ ត្រូវចាប់ខ្លួន នឹងសកម្មភាព​ផ្លូវច្បាប់​នឹងត្រូវប្រកាន់​យកសំរាប់ អ្នកណាក៏ដោយ ដែលនិយាយថា ផែនទីក្លែងក្លាយ​ធ្វើសកម្មភាព​ញុះញង់ បោកប្រាស់​ប្រជាពលរដ្ឋ បង្ករ​អស្ថេរ​ភាពដើម្បី​កេង​ចំណេញ​យក​សន្លឹកឆ្នោត​ដោយមិនគិតពី​ផលប្រយោជន៏​ស្របច្បាប់ របស់ជាតិ​នឹងប្រជាជន​នោះឡើយ​។ ឯ.ឧ អាចចោទសួរ​ខ្ញុំថា បើមាន​ផែនទីត្រឹមត្រូវ​ហើយថែមទាំង​មានច្បាប់​គាំពារទៀត ហេតុអ្វីចាំបាច់​ទៅសុំខ្ចីផែន​ទីពី អង្គការ​សហប្រជាជាតិ នឹងពី​ប្រទេសផ្សេង​ទៀត? ត្រង់ចំណុចនេះ ឯ.ឧ អាចយល់ពី​បំណងល្អរបស់ខ្ញុំ​ដែល ចង់ឲ្យខ្មែរទាំងអស់​ឯកភាពគ្នា លើផែនទី​ ងាយស្រួលរួមគ្នា ការពារទឹកដី តាមផែនទី​ដែលរាជរដ្ឋាភិបាល​មាន។
យើងខ្ចី​ផែនទីពី សហប្រជាជាតិ នឹងប្រទេសផ្សេង​ទៀត មកផ្ទៀងជាមួយផែនទីផ្លូវការ របស់កម្ពុជាដែលស្របតាម មាត្រា២ នៃរដ្ឋធម្មនុញ នឹងមានច្បាប់ ធានាលើកិច្ចការព្រំដែនកម្ពុជា វៀតណាម។ យើងធ្វើនេះ ក៏ចង់ធានាតម្លាភាព ក្នុងចំណោមជាតិ យើង​កុំឲ្យចោទប្រកាន់គ្នា​ថា ផែនទីនេះត្រឹមត្រូវ ផែនទីនោះក្លែងក្លាយ រាប់ទាំងផែនទី ឯ.ឧ ដែលទិញក្នុងតម្លៃ​១៦៨​ដុល្លារ ក៏បានយកមក​ផ្ទៀងរួចហើយ ដោយរាជបណ្ឌិតសភា។ មុន ឯ.ឧ ផ្តល់ផែនទីឲ្យ​រាជបណ្ឌិតសភាទាំង ឯ.ឧ ទាំងអ្នកគាំទ្រ​អះអាងថា ជាផែនទីត្រឹមត្រូវ ហើយចោទថា ផែនទីរដ្ឋាភិបាល ជាផែនទីក្លែងក្លាយ ឬផែនទីចោរ។ ពេលនេះអ្វីៗ ច្បាស់​ហើយ ផែនទីត្រឹមត្រូវ​របស់ ឯ.ឧ ខ្វះ២ផ្ទាំង សុំរកមកបង្រ្គប់ឲ្យ រាជបណ្ឌិតសភា សំរាប់ស្រាវជ្រាវរបស់អ្នកវិទ្យា​សាស្ត្រ, សុំ ឯ.ឧ កុំបន្ទោស​ខ្ញុំថា ប្រើល្បិចយកសត្វមាន​ពឹសចេញពីរូង ព្រោះ ផែនទីត្រឹមត្រូវ របស់ ឯ.ឧ សាហាវ​ជាងសត្វ អសិរពឹស​ទៅទៀត ព្រោះផែនទីនេះមិន​ត្រឹមតែ បោសប្រាស់ប្រជាជនប៉ុណ្ណោះទេ តែផែនទីនេះ បានធ្វើឲ្យសហការី ឯ.ឧ ខ្លះជាប់គុក នឹងខ្លះទៀត​កំពុងរត់​គេចខ្លួន។
ខ្ញុំសង្ឃឹមថា ចាប់ពីពេលនេះ តទៅបញ្ហារព្រំដែន ពិសេសព្រំដែនកម្ពុជា-វៀតណាម លែងក្លាយទៅ ជាល្បែង​នយោបាយបោកប្រាស់ប្រជាជន ពីសំណាក់ ឯ.ឧ ផ្ទាល់ នឹងមនុស្សក្នុង​គណបក្ស ឯ.ឧ តទៅទៀត។ ខ្ញុំនឹង​ចូលរួមកំដរ ឯ.ឧ នូវគ្រប់ទម្រង់លែង នឹងគ្រប់កាលៈទេសៈ គ្រប់រដូវកាល នឹងគ្រប់រស់ជាតិ (ក្តៅ.ត្រជាក់.ផ្អែម.ល្វីង.ជូរចត់) ។ល។
ខ្ញុំកំដរ ឯ.ឧ បានទាំងអស់ ដូចដែលធ្លាប់បានធ្វើចំពោះខ្ញុំកន្លងមក តាំងពី មានស៊ីអត់សែន មានសែនអត់ស៊ី រហូតមកដល់វប្បធម៏សន្ទនា ដែលយើងបានរួមគ្នាកសាងឡើងដែលជា ប្រយោជន៏សំរាប់ជាតិ នឹងប្រជាជនយើងវែងឆ្ងាយទៅមុខទៀត។
សុំឯ.ឧទទួលនូវការរាប់អានពីខ្ញុំ។
ហ៊ុន សែន»