វិប្បយោគកថា

សុន្ទរកថាសម្តែង​មរណទុក្ខ (សរសេរដោយ ៖ ហ្សង់-ហ្វ្រង់ស័រ តាន់ / Jean-François Tain ឆ្នាំ២០១១)

ព្រះ​តេជ​គុណ​ លោក លោកស្រី អ្នកនាង​កញ្ញា

លោក​យាយ… បាន​ចែក​ឋាន​ លា​ចាកពី​លោក​​យើង​​នេះ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១១ ក្នុង​ជន្មាយុ ៩៥វស្សា។

នៅថ្ងៃនេះ​… ក្នុងម៉ោងមួយ​​ប្រកប​ទៅដោយ​​ទុក្ខសោក និង​នា​ពេល​​ជួបជុំគ្នា​ដើម្បី​​ឱនក្រាប​ សម្តែង​​គារវកិច្ច​​គោរព​វិញ្ញាណ​ក្ខន្ធរបស់​គាត់​ យើងខ្ញុំ​​ដែល​ជា​ កូន កូនប្រសា ចៅ ចៅប្រសា ចៅទួត ចៅទួតប្រសា និង​ចៅលួត​​មាន​ការ​សោក​ស្តាយ​ណាស់។ សោក​ស្តាយ ដោយ​ហេតុ​តែ​មិនអាច​​ជួយ​ចម្លង​​អ្នកមានគុណ​​នៃ​យើង​​ទាំងអស់​គ្នា ទៅ​ឱ្យ​ដល់ត្រើយ​ ១០០ឆ្នាំ​នៃ​ជីវិត​​សត្វលោក។

​ម៉្លោះ​ហើយ ថ្ងៃ​នេះ ទាំង​ទុក្ខ​ក្រៀមក្រំ ដៃទាំងពីរ​​លើក​ប្រណម យើងខ្ញុំ​ទាំងអស់​គ្នានឹក… នឹក​គាត់ ដែលជា​​ឧត្តម​មាតា ជាជីដូន​​ដ៏ឧត្តម និង​ជា​ចាស់ទុំ​​មួយរូប​​ដែល​​អ្នកផង​​ស្រឡាញ់​ និ​ង​គោរព។

បើយើង​​មូរបង្វិល​​ថយក្រោយ​​មកវិញ ភាពយន្ត​នៃ​ជីវិត​របស់​​អ្នកមាន​គុណរូប​នេះ ឃើញ​ថា ដំណើរ​រយៈពេល​ ៩៥ឆ្នាំ​របស់គាត់ នៅលើ​​មហាវិថី​​នៃជីវិត ហាក់​​បាន​ប្រព្រឹត្តិ​ទៅ​តែ​មួយ​ពព្រិច​​ភ្នែក​ប៉ុណ្ណោះ ៖

កើត​ និង​ធំដឹងក្តី​​នៅ​ស្រុកចិន​ មក​ផ្សងវាសនា​​នៅ​ស្រុកខ្មែរ បង្កើត​​បានកូន​ ៨នាក់ រួចហើយ​​ប្តីស្លាប់​ចោល។ បីបាច់​ និងចិញ្ចឹម​​កូនតូចធំ​​មិនឱ្យ​​លស់មួយ ដោយ​ពឹងពាក់​​លើកូនប្រុស​ច្បង​​ដែល​​ក្លាយជា​​បង្គោលគ្រួសារ។

ធូរទ្រូង​ និង​សប្បាយចិត្ត​​បានប៉ុន្មាន​ឆ្នាំ ដោយសារ​តែកូនប្រុស​ច្បង​​រកស៊ីធូរធា ស្រាប់តែ​​ស្រុកកើត​សង្រ្គាម ចូលសម័យ​​ខ្មែរក្រហម កូនប្រុស​ច្បងស្លាប់​ចោល។ ចេញពី​​ប៉ុលពត ជាមួយ​កូនប្រសា ដឹកដៃចៅៗ ចាកពី​ស្រុកខ្មែរ ឆ្លងដែន​​ចូល​ស្រុកថៃ មកដល់​ប្រទេសបារាំង​នៅទីបំផុត។

ដល់កូនប្រសា និងចៅៗ​អាច​សម្រួលជីវភាព​បានសមល្មមហើយ ទើបសម្រេច​ចេញពី​ប្រទេសបារំាង​ មកប្រទេសកាណាដា ដើម្បីរស់នៅជាមួយកូនៗ ប្រុសពីរ និងស្រីមួយ​ ដែលព្រាត់គ្នា​ខានជួបមុខ​យូរឆ្នាំ ប៉ុន្តែ​បានប៉ុន្មានឆ្នាំ ស្រាប់តែកូន​ស្រីនោះស្លាប់ចោល​ទៀត។

ស្រុកខ្មែរ​ស្រួល​វិញ ខ្លួនវ័យចាស់ជរា ទើបត្រឡប់​​ចូលភ្នំពេញ ទៅនៅជួបជុំ​​ជាមួយ កូនប្រុសស្រីបីនាក់​ផ្សេងទៀត។ ដល់ឆ្នាំទៅមិញ ចាកចេញ​​ពីស្រុកខ្មែរ ដ្បិតចៅស្រី យកមក​ថែនៅប្រទេសបារាំង​វិញ រហូតដល់​ទំជ្រុះ​ កាលពីថ្ងៃអាទិត្យ ទី១១ កញ្ញា ចុងសប្តាហ៍មុន ម្ឈូសតម្កល់​​សពរបស់​​កំពូលអ្នកមានគុណ​នៃយើង នៅទីអវសាន ដឹកពី​បារាំង មកបញ្ចុះក្នុងពេលនេះ នៅប្រទេសកាណាដា។

ព្រះតេជគុណ លោក លោកស្រី អ្នកនាងកញ្ញា

នៅថ្ងៃនេះ… ក្នុងម៉ោង​មួយប្រកបទៅ​ដោយ​ទុក្ខសោក និងនា​ពេល​ជួបជុំ​គ្នា​ដើម្បីឱនក្រាប សម្តែងគារវកិច្ច​គោរពវិញ្ញាណ​ក្ខន្ធ​របស់​អ្នកម្តាយ​ និងជីដូន យើងខ្ញុំ​ទាំងអស់គ្នា​នឹកឃើញ… ម្នាក់ៗ​នឹកឃើញដល់​ជីវិត​ដ៏​សែនសាមញ្ញ​​របស់គាត់។ ពេញមួយជីវិត​នេះ អ្វីៗ​ដែល​គាត់​បាន​ធ្វើ បុណ្យ​​ដែល​គាត់​​បាន​សាង​ ធម៌ដែល​គាត់បានសូត្រ កុងម៉ា​ដែល​គាត់​បាន​សែន និង​​សូម្បីតែ​ដង្ហើម​​ដែល​គាត់​បាន​ដក គឺសំដៅ​ទៅ​រក​គោលដៅ​តែមួយគត់ នោះគឺ​សេចក្តីសុខ​របស់កូនចៅ។ កូនចៅ​ញុំា​បាន និងញុំាឆ្ងាញ់ គាត់​សប្បាយ​ចិត្ត។ គាត់សប្បាយ​ចិត្ត​ ពេលបាន​​បីបាច់​ និង​ថ្នាក់ថ្នម​​កូនចៅ។ គាត់​សប្បាយចិត្ត​ ពេលបាន​​បម្រើ​កូនចៅ។ គាត់​សប្បាយចិត្ត​ ពេលមាន​ឱកាស​ចាយលុយ​សម្រាប់កូនចៅ។ ផ្ទុយទៅវិញ គាត់មិន​សូវសប្បាយ​ចិត្ត​ ពេលកូនចៅ​​បម្រើគាត់វិញ អីចឹង​ហើយ​បានជា​រហូតដល់​វិនាទី​ចុងក្រោយ គាត់មិន​ព្រម​បណ្តោយ​​ឱ្យ​កូនចៅ​បម្រើគាត់ មិនព្រមបណ្តោយ​ឱ្យ​កូនចៅ​​ពិបាកដោយសារ​គាត់។ មិនតែ​ប៉ុណ្ណោះ អ្នកម្តាយ​ និងជីដូន​ជាទីស្រឡាញ់​នៃយើងខ្ញុំ ក៏ជា​ចាស់ទុំ ជាទីគោរពរបស់​​អ្នកផងទូទៅ របស់​អ្នកស្រុក​មោងឬស្សី​ជាពិសេស ដ្បិត​គាត់ជា​អ្នកចេះចាំ​ពេញខ្លួន ក្បួនខ្នាតច្បាប់ និងគោល​ការណ៍​ចិន។ អីចឹងហើយ​បានជា អ្នកស្រុកមោង​តែងតែ​រត់រ​កគាត់​ ពឹងពាក់​គាត់ កាលណា​មានរឿង​រ៉ាវដូចជា ពេលត្រូវនិយាយ​​​បញ្ចុះបញ្ចូល​​ផ្សះផ្សាភាគី​ជម្លោះ កាលណា​​មានទុក្ខធុរៈ ដូចជា ពេលមាន​មនុស្សស្លាប់ ពេលត្រូវលាង​ខ្មោច ស្លៀកពាក់​ឱ្យសព និងកាលណា​​​មានព្រឹត្តិការណ៍​​សេរីសួស្តី សប្បាយរីករាយ ដូចពេល​ឆ្លងទន្លេហើយ និងពេល​​រៀបអាពាហ៍​ពិពាហ៍ម្តងៗ។

នៅថ្ងៃនេះ… ក្នុងម៉ោងមួយ​ប្រកបទៅ​ដោយ​ទុក្ខសោក និងនាពេល​​ឱនក្រាបសម្តែង​​គារវកិច្ចជា​លើកចុងក្រោយ នៅចំពោះមុខ​សព​នៃជីដូនជាទី​ស្រឡាញ់​របស់ខ្ញុំ ខ្ញុំមាន​អារម្មណ៍​អាល័យ​​មិនដាច់ពី​គាត់ នឹកឃើញ​ទាំងអស់​អនុស្សាវរីយ៍ ៤០ប្លាយឆ្នាំ តាំងពីខ្ញុំ​​នៅក្មេង​ត្រូវគាត់ដឹកដៃ​រហូត​ដល់​គាត់ចាស់​ត្រូវខ្ញុំ​ដឹកដៃ​គាត់វិញ។

អ្នកម្តាយ អ្នកម្តាយ​ក្មេក ជីដូន​របស់​ពួកយើងខ្ញុំ បានចែកឋាន​លាលោកយើងនេះ​បាត់ទៅហើយ ប៉ុន្តែ​រូបភាព​​ដ៏​ស្រស់​ញញឹម​របស់គាត់​មាន​ដង្ហើមអមតៈ បន្តដក់ជាប់​​នៅក្នុងដួងចិត្ត​រ​បស់យើងម្នាក់​ៗតរហូតទៅ៕

Montreal Canada, Le 16/09/11