ស្រ្តីវ័យចំណាស់ម្នាក់​ទិញឆ្កែឆ្មារាប់រយក្បាលដើម្បីសង្រ្គោះពី​ពិធីបុណ្យ​បរិភោគសាច់ឆ្កែនៅប្រទេសចិន

ខណៈ​ពិធីបុណ្យ​​យូលីន (Yulin Festival) ឬ​ពិធីបុណ្យ​​បរិភោគ​សាច់ឆ្កែ​​នៅតំបន់​​ហ្គ័ងស៊ី (Guangxi) នឹង​មកដល់​​នៅ​​ថ្ងៃទី​២១ ខែមិថុនា ស្រ្តីអ្នក​ស្រឡាញ់​សត្វម្នាក់ បាន​ដើរឆ្ងាយ​ពី​ផ្ទះច្រើន​ជាង ២៤១៤​ គីឡូម៉ែត្រ​ (១៥០០ miles) ដោយ​​​មានលុយ​​ក្នុងដៃ​ប្រមាណ​ ៨០០០ ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​សង្រ្គោះសត្វឆ្កែ​ឆ្មា​ជាច្រើនក្បាល​ ពីការកាប់សម្លាប់​​បរិភោគ​​​ក្នុងតំបន់​។

Photo from Google

Photo from Google

លោក​ស្រី យ៉ាង សៀវយុន (Yang Xiaoyun) ដែល​មានវ័យ​ ៦៥ឆ្នាំ មាន​ក៏​ផែនការណ៍​អប់រំ​​ពល​រដ្ឋ​​ដើម្បី​​​អោយ​ផ្លាស់ប្តូរផ្នត់គំនិត​ទទួល​ទាន​​សាច់ឆ្កែ «ខ្ញុំ​សង្ឃឹមថា អ្នកភូមិ​​នឹង​​រៀន​ស្រឡាញ់​សត្វឆ្កែ»។

កាលពីឆ្នាំ​២០១៤ លោកស្រី យ៉ាង សៀវយុន បាន​​សង្គ្រោះឆ្កែឆ្មា​ប្រមាណ​ ៤០០ក្បាល​ ដោយ​​ប្រើ​ប្រាស់​លុយរ៉ៃ​អង្គាស​ប្រមាណ​ ២៤០០០ ដុល្លារសហរដ្ឋ។ លោកស្រី  បាន​ចិញ្ចឹមសត្វឆ្កែ​​ប្រមាណ​ ៣០០០​ក្បាល គិតចាប់ពីយុទ្ធនាការ​​ដំបូង​​ដើម្បី​ការពារសិទ្ធិសត្វ​ក្នុងឆ្នាំ១៩៩៥។

សាច់រឿង​របស់​លោកស្រី យ៉ាង សៀវយុន បាន​ចេញផ្សាយ​​លើគេហទំព័របរទេស​ជាច្រើន ដោយឡែក​​គេហទំព័រ Kicker Daily News ដែលចេញ​ផ្សាយកាល​ពីថ្ងៃសុក្រ ​ត្រូ​វ​បាន​គេ​​ចែកផ្សាយ​បន្តលើ​ social media ប្រមាណ ៧ម៉ឺនដង ត្រឹមរយៈពេល​​បីថ្ងៃប៉ុណ្ណោះ។ អ្នកប្រើប្រាស់​ហ្វែសប៊ុក​​នៅកម្ពុជា​​ម្នាក់ គឺ កញ្ញា Catherine បាន​ប្រតិកម្ម​​នឹងការ​បរិភោគសត្វ​ឆ្កែនេះ «ការសម្លាប់​​សត្វឆ្កែឆ្មា​រាប់​ម៉ឺនក្បាលទាំងឈាម​ត្រជាក់ រាប់ទាំង​ការ​ដុត និងស្ងោរ​ទាំងសត្វនៅរស់​ គឺមិនមែន​ជាវប្បធម៌​ទេ។ វាព្រៃ​ផ្សៃ វា​អមនុស្សធម៌ ឃោឃៅ…»

តាមការប៉ាន់ប្រមាណ ជារៀងរាល់ឆ្នាំ សត្វឆ្កែប្រហែល ២០លានក្បាល ត្រូវបានសម្លាប់​ និងទទួលទាន​​ទូទាំងប្រទេសចិន ដោយសារពួកគេ​ជឿថា សាច់ឆ្កែ​អាច​​នាំសំណាងល្អ និងសុខភាពល្អ។ ចំណែក​​​ពិធីបុណ្យ​​បរិភោគសត្វឆ្កែ​នៅ យូលីន បានសម្លាប់​សត្វឆ្កែច្រើនជាង មួយម៉ឺនក្បាល​​ក្នុងមួយឆ្នាំ​ ចាប់ តាំងពីទសវត្សឆ្នាំ១៩៩០៕