PNN

PNN TV Cambodia មាន​ឈ្មោះ​ពេញ People National Network ឬ បណ្តាញជាតិប្រជាជន មាន​ស្ថានីយផ្សាយ​ ស្ថិតក្នុង ទីក្រុងរណប Garden City នា​ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ស្ថានីយ​ទូរទស្សន៍ PNN គ្រោង​សាងសង់​លើ​ដី​ទំហំ 10 ហិកតា ក្រោមគំរោង​ទុនវិនិយោគទឹក​ប្រាក់​ប្រមាណ ៤០លាន ដុល្លារអាមេរិក របស់លោក លី យ៉ុងផាត់​។

PNN TV Station

នៅក្នុង​ខែមិថុនា ឆ្នាំ២០១៥ ស្ថានីយ​ទូរទស្សន៍ PNN បានចាប់ផ្ដើម​ផ្សាយ​សាកល្បង​​រលកសញ្ញាណ តាមប្រព័ន្ធ UHF ប៉ុស្តិ៍លេខ ៥៦ ទៅ​រាជធានី ខេត្ត​ភាគច្រើន​​ក្នុង​ប្រទេសកម្ពុជា។ ស្ថានីយទូរទស្សន៍ PNN គ្រោង​នឹង​សម្ពោធ​ការ​ផ្សាយកម្មវិធី (សាកល្បង) នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ ដែលមាន​​ជាអាទិ៍ កម្មវិធី​ព័ត៌មាន និងកម្មវិធីកំសាន្ត។ កម្មវិធី​ព័ត៌មាន នឹង​ផ្សាយបីពេល ក្នុងមួយថ្ងៃ មានឈ្មោះថា  កម្ពុជា​ព្រឹកនេះ កម្ពុជាថ្ងៃនេះ និង កម្ពុជាល្ងាចនេះ ។ ចំពោះ​កម្មវិធីកំសាន្ត PNN បានផលិតកម្មវិធី​ក្នុង​ស្រុកជា​ច្រើន រួមមាន​ កម្មវិធី “សើចម៉ាឆ្ងាញ់” “សមរភូមិអ្នកប្រយុទ្ធ” “គ្រួសារីករាយ” “កំពូលតារា” “Lucky Game” ជាដើម ព្រមទាំងមានចាក់ផ្សាយ​​​កម្មវិធី​​ភាពយន្តកូរ៉េ ហ្វីលីពីន និងថៃផងដែរ​។

កាលពី​ខែឧសភា ឆ្នាំ២០១៥ ទូរទស្សន៍ PNN បានចុះកិច្ចព្រមព្រៀងមួយ មាន​តម្លៃជា​ទឹក​ប្រាក់ប្រមាណជាង ១លានដុល្លារ​អាមេរិក ក្នុងមួយឆ្នាំៗ ជាមួយ​នឹង​​ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ របស់​ប្រទេសថៃ ដើម្បីមាន​​សិទ្ធិ ចាក់ផ្សាយខ្សែ​ភាពយន្តភាគ​ល្បីៗ ទាំងចាស់ ទាំងថ្មី របស់ស្ថានីយ​ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ប្រទេសថៃ។ ស្ថានីយ​ទូរទស្សន៍ PNN គ្រោងនឹង​ចាក់ផ្សាយ​ខ្សែភាពយន្ត​ភាគថៃ ៧ថ្ងៃ ក្នុងមួយ សប្ដាហ៍​៕

រចនា​​សម្ព័ន្ធ​​ថ្នាក់​ដឹកនាំ​​ទូរទស្សន៍ PNN ៖

  • លោក Glen Felgate អគ្គ​នាយកស្ថានីយ​ទូរទស្សន៍ PNN។ លោក Glen ធ្លាប់​គ្រប់គ្រង​​បច្ចេកទេស​​នៅ​​​សា្ថនីយ​​ទូរទស្សន៍ CTN និង ក្រុមហ៊ុន​ព័ត៌មាន​នៅ ប្រទស​មីយ៉ាន់ម៉ា។​
  • លោក Supit Rattichunhachot (ជនជាតិថៃ) អគ្គនាយករង​ទទួល​បន្ទុកផ្នែក​ផលិត​កម្មវិធី​កំសាន្ត​។​
  • លោក សោម ឆាយ៉ា អគ្គនាយករង PNN ទទួលបន្ទុក​ផ្នែកព័ត៌មាន។ លោក ឆាយ៉ា​ ជាអតីត​​អ្នកអត្ថា​ធិប្បាយ​​កម្មវិធីទូរទស្សន៍ CTN ។
  • លោក ប៉ែន បូណា និពន្ធនាយក​ព័ត៌មាននៃ PNN។ លោក បូណា ជាអតីតនិពន្ធ​​នាយក​​វិទ្យុបារាំងអន្តរជាតិ។