លោក​យ៉េង វីរៈ ៖ អ្វីៗ​ដែល​ខ្ញុំ​ធ្វើ គឺ​ដើម្បី​សង្គម​ជាតិ

YENG VIRAK - FEATURE Cover

លោក យ៉េង វីរៈ នាយក​មជ្ឈមណ្ឌល​អប់រំ​ច្បាប់ សម្រាប់​សហគមន៍ ដែល​បាន​អះអាង​ថា លោក​ធ្វើការ​សម្រាប់​សង្គមជាតិ​។ រូបថត ឯក សារុំ

Sat, 11 October 2014

សក់​ល្បាយ​អាចម៍​ខ្លា​លាយ​ជាមួយ​នឹង​ពុកមាត់​ដែល​ពលរដ្ឋ​ភាគច្រើន​ច្រឡំ​ថា ជា​ជនបរទេស​ប្រសិន​បើ​ពុំ​និយាយ​ស្តី​ដែល​មជ្ឈដ្ឋាន​ទូទៅ​ស្គាល់​ថា លោក យ៉េង វីរៈ ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​និយាយ​ទាំង​សម្តី​សុភាព​រាបសា​ថា​៖ «អ្វី​ដែល​ខ្ញុំ​ធ្វើ​គឺ​ដើម្បី​តែ​សង្គម​ប៉ុណ្ណោះ ពីព្រោះ​ឪពុកម្តាយ​របស់​ខ្ញុំ​គាត់​បង្រៀន​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​ខ្លួន​ល្អ ចេះ​ជួយ​យក​អាសា​អ្នក​ដទៃ»។

លោក យ៉េង វីរៈ បច្ចុប្បន្ន​មាន​អាយុ​៥៣ ឆ្នាំ ដែល​មាន​កូន​ចំនួន​៤​នាក់ លោក​មាន​ស្រុក​កំណើត​នៅ​ទីក្រុង​ភ្នំពេញ លោក​គឺជា​កូន​ទី​បី​នៃ​គ្រួសារ ដែល​មាន​កូន​ប្រាំ​នាក់​ក្នុង​ជីវភាព​ក្រោម​មធ្យម។

លោក​ថ្លែង​ថា ដំបូង​ឡើយ​លោក​ពុំ​ដែល​គិត​ថា​លោក​នឹង​មាន​ឱកាស​បាន​ធ្វើ​ការងារ​ផ្នែក​អង្គការ​ក្រៅ​រដ្ឋាភិបាល​នោះ​ទេ ដោយសារ​តែ​លោក​ទៅ​រៀន​នៅ​សូវៀត​គឺជា​គ្រូ​ផ្នែក​កសិកម្ម ប៉ុន្តែ​ក្រោយពី​បញ្ចប់​ការ​សិក្សា បាន​មួយ​រយៈ​មក លោក​ក៏​បាន​ចូល​ធ្វើ​ការងារ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល ជួយ​ផ្នែក​អភិវឌ្ឍន៍ បណ្តាល​ឲ្យ​លោក​ស្រឡាញ់​ការងារ​នេះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដោយ​គួបផ្សំ​ជាមួយ​នឹង​លោក​ចូលចិត្ត​ធ្វើ​ការងារ​ជួយ​សង្គម​ផង​នោះ​បណ្តាល​ឲ្យ​លោក​ធ្វើការ​អង្គការ​នេះ​បាន​រហូត​ដល់​ជាង​ ២០​ឆ្នាំ​កន្លង​មក​នេះ​។

លោក​បាន​ថ្លែង​ថា​៖ «អ្វី​ដែល​ខ្ញុំ​ធ្វើ​គឺ​ដើម្បី​តែ​សង្គម​ប៉ុណ្ណោះ ហើយ​និស្ស័យ​របស់​ខ្ញុំ​តាំងពី​ក្មេង​គឺ​តែងតែ​ធ្វើអ្វី​ជា​សេចក្តី​ល្អ ជួយ​អ្នក​ដទៃ ហើយ​ខ្ញុំ​ត្រូវ​បាន​អ្នក​ភូមិ​ចាត់​ទុក​ថា​ជា​ក្មេង​ល្អ​គួរ​ឲ្យ​ស្រឡាញ់​»។

ដោយសារ​តែ​សង្គម​មាន​ការ​ផ្លាស់ប្តូរ​ធ្វើឲ្យ​គ្រួសារ​យុវជន​យ៉េង វីរៈក៏​បាន​ផ្លាស់ប្តូរ​ទៅ​តាម​បរិបទ​នៃ​សង្គម​ផង​ដែរ គឺ​នៅពេល​ដែល​លោក​បាន​ចាប់ផ្តើម​ចូល​រៀន​វិទ្យាល័យ ជា​អកុសល​របប​ប្រល័យ​ពូជសាសន៍​ប៉ុលពត​ក៏​វាយ​ដណ្តើម​បាន​ទីក្រុង​ភ្នំពេញ ហើយ​គ្រួសារ​មួយ​នេះ​ត្រូវ​បាន​ជម្លៀស​ពី​ទីក្រុង​ភ្នំពេញ ទៅ​ខេត្ត​តាកែវ ដែល​នៅក្នុង​របប​នោះ​លោក​ត្រូវ​បាន​គេ​ឲ្យ​ធ្វើការ​ជីក​ប្រឡាយ​លើក​ទំនប់ និង​ដោយសារ​តែ​សំណាង​ល្អ ក្រុម​គ្រួសារ​របស់​លោក​ពុំ​មាន​នរណា​ម្នាក់​ស្លាប់​នៅក្នុង​របប​នោះ​ទេ។

បន្ទាប់ពី​ប្រទេស​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល​២​ឆ្នាំ​ក្រោយ យុវជន​អាយុ​ ២០​ឆ្នាំ ដែល​ទើប​តែ​ឆ្លងកាត់​របប​ប្រល័យ​ពូជសាសន៍​មួយ​នេះ​បាន​វេចបង្វេច​ជិះ​យន្តហោះ​ឆ្លងកាត់​ទ្វីប​ទៅ​បន្ត​ការ​សិក្សា​រយៈពេល​៥​ឆ្នាំ​នៅ​ប្រទេស​សូវៀត ដោយ​ចាប់​យក​ជំនាញ​មធ្យម​សិក្សារ​បច្ចេកទេស​នីយកម្ម​កសិកម្ម ដែល​មាន​ទាំង​គរុកោសល្យ​ផង​ដែរ​។ យុវជន​រូប​នោះ​បាន​តាំងចិត្ត​សិក្សា​ឲ្យ​បាន​ចំណាត់​ថ្នាក់​ល្អ​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​គេ​ដឹង​អំពី​ប្រទេស​កម្ពុជា​។

YENG VIRAK - FEATURE 2005

លោក យ៉េង វីរៈ និង​ក្រុម​គ្រួសារ​បន្ទាប់ពី​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ព្រៃស​កាលពី​ឆ្នាំ ២០០៥។ Pic – ហេង ជីវ័ន

 

ដោយ​នឹក​ឃើញ​អនុវស្សាវរីយ៍​ដែល​តែង​ចំអន់​ដាក់​គ្នា​នៅលើ​យន្តហោះ​អតីតនិស្សិត​រូប​នេះ​បាន​ថ្លែង​ទាំង​ផ្ទុះ​សំណើច​តិចៗ​ថា ៖​«​យើង​ឃើញ​ប្រទេស​គេ យើង​អាណិត​ប្រទេស​យើង ប៉ុន្តែ​យើង​នៅ​មាន​សង្ឃឹម​ក្នុង​ចិត្ត​ថា ស្រុក​យើង​នៅ​ថ្ងៃ​ណា​មួយ​នឹង​មាន​ការ​រីកចម្រើន​គឺ​យើង​ខំ​ផ្សព្វផ្សាយ​ពី​ប្រទេស​ខ្មែរ អំពី​វប្បធម៌​របស់​យើង ហើយ​ខំរៀន​ឲ្យ​ពូកែ​»។

ក្រោយពី​ត្រឡប់​ពី​ការ​សិក្សា​ដែល​មាន​បំណង​ធ្វើការ​ជា​គ្រូ​ជំនួយ​នៅ​សាលា​កសិកម្ម​ព្រែកលៀប ដើម្បី​មាន​ពេល​បន្ត​ការ​សិក្សា​ទៀត​នោះ ប៉ុន្តែ​បំណង​ដែល យុវជន វីរៈ បាន​គិត​ទុក​នោះ​ត្រូវ​បាន​រលាយ​បាត់​ទៅវិញ​ដោយសារ​តែ លោក​ត្រូវ​បាន​ចាត់​តាំង​ឲ្យ​ទៅ​ធ្វើការ​នៅឯ​មន្ទីរកសិកម្ម​ខេត្ត​តាកែវ​។

ក្រោយពី​ការងារ​នៅ​ទី​នោះ​ពុំ​មាន​អ្វីធ្វើ និង​ស្តាយ​នូវ​ចំណេះវិជ្ជា​ដែល​បាន​រៀន​ត្រូវ​កប់​ចោល​នោះ នៅក្នុង​ឆ្នាំ​១៩៨៦ លោក​បាន​សុំ​ថ្នាក់​លើ​ផ្ទេរ​មក​ធ្វើការ​នៅ​ទីក្រុង​ភ្នំពេញ ហើយ​លោក​ឆ្លៀត​រៀន​ភាសា​អង់គ្លេស​នៅពេល​យប់ ហើយ​ក៏​ជា​ពេល​ដែល​លោក​រៀបការ​ផង​ដែរ។

លោក​បាន​ថ្លែង​ថា ៖«ខ្ញុំ​បាន​យក​ចំណេះ​ដែល​ចេះ​នោះ​បង្រៀន​គួរ​អង់គ្លេស​ក្រៅ​ម៉ោង​ផង​ដែរ នៅ​សាលា​វត្ត​កោះ ដោយ​មាន​អាគុយ​មួយ ជាមួយ​អំពូល​សម្រាប់​ចាប់​ពន្លឺ​ភ្លើង​ក្នុង​សាលា​នៅពេល​យប់ បន្ទាប់មក​ខ្ញុំ​ត្រូវ​បាន​គេ​ហៅ​ឲ្យ​ទៅ​បង្រៀន​អង់គ្លេស​នៅ​អង្គការ​អន្តរជាតិ​មួយ ក្រោយពី​បង្រៀន​បាន​មួយ​ថ្ងៃ គេ​ក៏​ឲ្យ​ខ្ញុំ​ចូល​ធ្វើការ​ជា​បុគ្គលិក​របស់​គេ​ជា​អ្នក​បកប្រែ បន្ទាប់មក​គេ​ក៏​ឲ្យ​ខ្ញុំ​ធ្វើការ​ជា​ជំនួយការ​កម្មវិធី»។

ពី​មួយ​ឆ្នាំ​កន្លង​ទៅ​មួយ​ឆ្នាំ តែងតែ​មាន​ការ​ផ្លាស់ប្តូរ លោក វីរៈ ក៏​បាន​ធ្វើការ​ផ្លាស់ប្តូរ​កន្លែង​ធ្វើការ​ជាច្រើន​កន្លែង​ផង​ដែរ ប៉ុន្តែ​នៅ​តែ​ធ្វើការ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជួយ​សង្គម​ខ្មែរ​ដដែល​ក្រោយពី​ធ្វើការ​សង្គម​ស៊ីវិល​អស់​រយៈពេល​ជាង​ ២០​ឆ្នាំ ដោយសារ​តែ​ធ្វើការ​ច្រើន​អភិវឌ្ឍ​នៅ​តាម​សហគមន៍ សប្បុរសធម៌​ដូចជា ធ្វើ​ជើង​សិប្បនិមិ្មត និង​អប់រំ​ពលរដ្ឋ​ឲ្យ​ចេះ​ដឹង​ផ្នែក​ច្បាប់​និង​ការ​តស៊ូ​មតិ​។​

ដោយសារ​តែ​បរិយាកាស​នយោបាយ​នៅពេល​នោះ​មាន​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព សិទ្ធិ​បញ្ចេញមតិ នៅ​ចុង​ឆ្នាំ​២០០៥ លោក វីរៈ ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ដាក់​ពន្ធនាគារ​ទាក់ទិន​ទៅ​នឹង​ការ​រៀបចំ​ធ្វើ​បុណ្យ​១០​ធ្នូ ដែល​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ចូលរួម លោក​ត្រូវ​បាន​អាជ្ញាធរ​ចោទប្រកាន់​ពី​បទ​បរិហារកេរ្តិ៍។

លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា​៖ «​ខ្ញុំ​រៀបចំ​ទិវា​១០​ធ្នូ​នោះ​ដោយសារ​តែ​ខ្ញុំ​ឃើញ​ថា លំហ​លទ្ធិប្រជាធិបតេយ្យ​បាន​កំពុង​ធ្លាក់​ចុះ ក្រោយពី​កុបកម្ម​ដុត​ស្ថានទូត​ថៃ នេះ​ជា​ហេតុផល​ដែល​គេ​ចាប់​ខ្ញុំ​។ ប៉ុន្តែ​អ្វី​ដែល​ចម្លែក​នោះ​គឺ​គេ​ពុំ​ទាន់​បាន​ធ្វើការ​ចោទប្រកាន់​ខ្ញុំ​នៅ​ឡើយ​ប៉ុន្តែ​គេ​បាន​បិទ​រូបថត​ខ្ញុំ​នៅ​ព្រលានយន្តហោះ​កន្លែង​អន្តោប្រវេសន៍​ថា ប្រសិន​បើ​ឃើញ​រូប​ខ្ញុំ​ឲ្យ​ទូរស័ព្ទ​រាយការណ៍​។ ខ្ញុំ​គិត​ថា គេ​ធ្វើ​ខុស​ច្បាប់​ពីព្រោះ​គេ​បិទ​រូប​ខ្ញុំ​នៅ​កន្លែង​នោះ​គឺ​ដូចជា ដីកា​ស្វែងរក​ចាប់​ខ្លួន​អ៊ីចឹង​។ ប៉ុន្តែ​ខ្ញុំ​មិន​ខ្លាច​នោះ​ទេ ពីព្រោះ​ខ្ញុំ​ពុំ​ដែល​ធ្វើ​ទោសឧក្រិដ្ឋ​នោះ​ឡើយ​»។

និយាយ​ទាំង​ទឹក​មុខ​ញញឹម​រួសរាយ​ដែល​មិន​មាន​ការ​ចង​កំហឹង​ជាមួយ​អ្នក​ណា​នោះ លោក​បាន​ថ្លែង​ថា អ្វី​ដែល​ធ្វើឲ្យ​លោក​មាន​កម្លាំង​ចិត្ត​ខ្លាំង​ប្រឈម​ទៅ​នឹង​អាជ្ញាធរ​ក្នុង​ការ​ចាប់​ខ្លួន​ជាមួយ​នឹង​ប្រព័ន្ធ​តុលាការ​អយុត្តិធម៌​បាន គឺ​លោក​បាន​មកពី​ទុន​ដែល​មាន​ពី​របប​ខ្មែរ​ក្រហម​ពីព្រោះ​នៅក្នុង​សម័យ​នោះ​ទោះបី​ជា​ពិបាក​វេទនា​យ៉ាង​ណា​ក៏ដោយ ក៏​លោក​អាច​ទ្រាំ​បាន ដូច្នេះ​ការ​ជាប់​ពន្ធនាគារ​លោក​អាច​រស់​បាន​ដោយសារ​លោក​ត្រូវ​តែ​រស់​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស​ពិតប្រាកដ និង​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​។

លោក​បាន​ថ្លែង​ថា ៖ «ខ្ញុំ​ពុំ​បាន​ចុះ​ញ៉ម​ដោយសារ​តែ​គេ​ចាប់​ខ្ញុំ​ដាក់​គុក​នោះ​ទេ តែ​ផ្ទុយ​ទៅវិញ​ខ្ញុំ​ធ្វើការ​កាន់តែ​សកម្ម​ដើម្បី​ឲ្យ​មាន​យុត្តិធម៌​សង្គម ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​បើកចំហ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ពីព្រោះ​ខ្ញុំ​បាន​ឃើញ​ថា ការ​រំលោភ​សិទ្ធិមនុស្ស និង​ភាព​អយុត្តិធម៌​គឺ​មាន​ពីព្រោះ​វា​ពុំ​បាន​កើតឡើង​តែ​ចំពោះ​ពលរដ្ឋ​តាម​សហគមន៍​នោះ​ទេ វា​បាន​កើតឡើង​ផ្ទាល់​ចំពោះ​រូប​ខ្ញុំ​»។

អង្គុយ​ក្នុង​បន្ទប់​ដែល​មាន​ការ​សន្ទនា​ទៅ​យ៉ាង​រលួន​ដោយ​ពុំ​មាន​ការ​រំខាន​នោះ លោក​បាន​ថ្លែង​ថា ក្រោយពី​រូប​លោក​ជាប់​ពន្ធនាគារ​អស់​រយៈពេល​១១​ថ្ងៃ​គឺ​បាន​ធ្វើឲ្យ​លោក​យល់​កាន់តែ​ច្បាស់​ពី​ជីវិត​ពិត​រស់​នៅក្នុង​ពន្ធនាគារ ហើយ​លោក​បាន​ស្វែងរក​ឃើញ​ថា មនុស្ស​ភាគច្រើន​មិន​គួរ​មក​ទទួល​ទោស​ដែល​ខ្លួន​ពុំ​បាន​ធ្វើ​ខុស​នោះ​ទេ ហើយ​ការ​ដែល​គេ​ធ្វើការ​ឃុំ​ខ្លួន​រូប​លោក​គឺ​បង្ហាញ​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​ថា ពុំ​មាន​យុត្តិធម៌​ក្នុង​សង្គម។ បើ​ទោះបី​ជា​លោក​ជាប់​ពន្ធនាគារ​ក៏ដោយ ប៉ុន្តែ​ក៏​លោក​សប្បាយ​ចិត្ត​ផង​ដែរ​ដោយសារ​តែ​នៅពេល​ដែល​ពួក​លោក​បាន​រួច​ចេញ​ពី​ពន្ធនាគារ​វិញ​បាន​នាំគ្នា​ធ្វើការ​ទាមទារ​មួយ​បាន​ជោគជ័យ​គឺ​ឲ្យ​លុប​ទោស​បទ​បរិហារកេរ្តិ៍​ចេញ​ពី​ទោស​ជាប់​ពន្ធនាគារ​មកជា​ការ​ផាក​ពិន័យ​វិញ។

លោក​បាន​ថ្លែង​ថា​៖​«​វា​គ្មាន​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ឬ​ក៏​ខ្លាច​នោះ​ទេ​នៅពេល​ដែល​មាន​គេ​គំរាម​នោះ ដោយសារ​តែ​យើង​យល់​អំពី​សង្គម​យើង​ថា សង្គម​យើង​ដែល​កំពុង​រស់នៅ​គឺ​វា​អ៊ីចឹង ដូច្នេះ​យើង​ត្រូវ​តែ​ត្រៀម​ខ្លួន​ជាស្រេច​ថា ថ្ងៃ​ណា​មួយ​វា​កើតឡើង​ចំពោះ​យើង គឺ​យើង​ត្រូវ​ធ្វើ​ដូចម្តេច គឺ​យើង​ត្រូវ​ច្បាស់​ខ្លួន​យើង សម្រាប់​រូប​ខ្ញុំ បើ​ទោះបី​ជា​គេ​ធ្វើ​បាប​ខ្ញុំ​ខ្លាំង​ជាង​នេះ​ក៏​ខ្ញុំ​មិន​រត់​ទៅ​ណា​ឬ​ក៏​ឆ្លើយ​ដាក់​អ្នក​ណា​នោះ​ដែរ​»។

លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា ដើម្បី​ឲ្យ​មាន​ការ​កែប្រែ​ឬ​ក៏​ការ​គោរព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​នោះ​គឺ​ប្រជាពលរដ្ឋ​ខ្លួនឯង​ត្រូវ​តែ​ចូលរួម​ដោយ​សកម្ម​ខ្លួនឯង រូប​លោក​ក៏​ដូចជា​ពលរដ្ឋ​ទូទៅ​ដែល​បាន​ឆ្លងកាត់​របប​ប៉ុលពត នៅពេល​ដែល​លោក​ចេញ​ពី​សម័យ​ប៉ុលពត​វិញ​បាន​ធ្វើឲ្យ​លោក​យល់​ថា អ្វី​ដែល​កើតឡើង​គឺ​ដោយសារ​តែ​អ្នក​ដឹកនាំ ដូច្នេះ​ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ មិន​អាច​បណ្តោយ​ឲ្យ​អ្នក​ដឹកនាំ​ធ្វើ​តាម​តែ​ចិត្ត​នោះ​ទេ​ដូច្នេះ​ក្នុង​នាម​ជា​ពលរដ្ឋ​ត្រូវ​តែ​និយាយ ពីព្រោះ​ថ្នាក់ដឹកនាំ​ធ្វើ​ខុស​នោះ​គឺ​យើង​ជា​ពលរដ្ឋ​ជា​អ្នក​រងគ្រោះ​។

លោក​បាន​ថ្លែង​ថា​៖ «​ដោយសារ​តែ​បញ្ហា​ទាំងនោះ​ធ្វើឲ្យ​ខ្ញុំ​ស្រឡាញ់​ការងារ​សង្គម ជួយ​បណ្តុះបណ្តាល​ពង្រឹង​សមត្ថភាព​យុវជន​ឲ្យ​មាន​ការ​យល់ដឹង ពីព្រោះ​ចំណេះវិជ្ជា​នេះ​គឺ​វា​មាន​ការ​ចាំបាច់​ខ្លាំង​ណាស់​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​សង្គម​ជាតិ​»​។

បើ​ទោះបី​ជា​រូប​លោក និង​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ខំ​ធ្វើការ​ដើម្បី​ឲ្យ​មាន​ការ​កែប្រែ​ប្រព័ន្ធ​តុលាការ​យ៉ាងណា​ក៏ដោយ​ក៏​ពុំ​អាច​មាន​ការ​កែប្រែ​បាន​ច្រើន​នោះ​ដែរ ប៉ុន្តែ​វា​ហាក់​ដូចជា​កាន់តែ​យ៉ាប់​ទៅ​។

លោក​បាន​ថ្លែង​ថា​៖​«​ខ្ញុំ​សោកស្តាយ​ដែល​ខ្ញុំ​ខំ​លះបង់​ពេលវេលា​ជាង​២០​ឆ្នាំ ប៉ុន្តែ​យើង​ឃើញ​ប្រព័ន្ធ​តុលាការ​មាន​ការ​កែប្រែ​បន្តិច ហើយ​ក្រោយមក​គឺ​បាន​ធ្វើឲ្យ​មាន​ការ​ធ្លាក់​ចុះ​កាន់តែ​ខ្លាំង​»។

លោក​ក៏​បាន​ផ្លាស់ប្តូរ​មក​ធ្វើការ​នៅក្នុង​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ដោយ​កាន់​តំណែង​ជា​នាយក​អង្គការ​តាំងពី​ឆ្នាំ​២០០២ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​។

លោក​បាន​ថ្លែង​ថា​៖​«​មូលហេតុ​ដែល​ខ្ញុំ​ចង់​មក​ធ្វើការ​នៅ​កន្លែង​បច្ចុប្បន្ន​នេះ​ដោយសារ​តែ​នៅពេល​នោះ​មាន​បើក​បង្រៀន​ផ្នែក​បរិញ្ញាបត្រ​ច្បាប់​នៅក្នុង​អង្គការ​នេះ​សម្រាប់​យុវជន​។ ខ្ញុំ​សុំ​ឲ្យ​យុវជន​គ្រប់​រូប​ខិតខំ​សិក្សា​ពីព្រោះ​ការ​សិក្សា​គឺជា​ស្ពាន​សម្រាប់​អ្នក​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ក្នុង​ជីវិត​។ ជីវិត​គឺជា​អ្នក​ដាក់​ទិសដៅ ប្រសិន​បើ​ដាក់​ទិសដៅ​ជីវិត​ពិតប្រាកដ​នោះ​គឺ​យើង​នឹង​ទទួល​បាន​ភាព​ជោគជ័យ​នៅក្នុង​ជីវិត​»៕