កាលពីថ្ងៃទី២៥ កញ្ញា ២០១៤ លោក ដាញ់ ហុង បាន​ប្រកាស​ពី សៀវភៅ កំណត់ហេតុ ជីវ តាក្វាន់ ជាទម្រង់ epub បន្ថែមលើ កម្មវិធី Play Book អានសៀវភៅខ្មែរយ៉ាយត្រជាក់ភ្នែក លើទូរសព្ទ Android របស់គាត់។ បើតាមប្រកាសរបស់ ស្ថាបនិក អក្សរពុម្ព ខ្មែរយូនីកូដរូបនេះ Google Play Book ជា កម្មវិធី អានសៀវភៅ​អេឡិកត្រូនិច របស់ Google សម្រាប់ទូរសព្ទ Android។​ កម្មវិធីនេះអាចរក បានក្នុង Play Store សម្រាប់ប្រទេស មួយចំនួន តាមរយៈ​ការ វាយពាក្យគន្លឹះ “Google Play Book”។ តែអ្នក នៅស្រុកខ្មែរពុំទាន់ អាចទាញយកកម្មវិធីនេះពី Play Store បានទេ​ ដោយសារ តែវាពុំទាន់ មានការ​​គាំទ្រ​ទីផ្សារ​ស្រុកខ្មែរ។ ដូច្នោះ​លោកអ្នកអាចទាញយក នៅទីនេះ។ កម្មវិធីនេះ​អនុញ្ញាត​ឲ្យលោកអ្នក​នាង អានសៀវភៅ​ខ្មែរទម្រង់ epub ដែល​ជាទម្រង់​ទំនើប​មួយ ត្រូវបាន​បង្កើតតាមរយៈ​ការសរសេរកូដ html។

CHIV Ta Kvan - Note

តាមពិតទៅ សៀវភៅកំណត់ហេតុ ជាខេមរភាសា របស់ លោក ជីវ តាក្វាន់ អ្នកស្រុក​វ៉េងតា ខេត្តជាក់កាង ប្រទេសចិន និងជា មន្រ្តីអម​ បេសកទូត របស់​អធិរាជ​ចិន ដែលបាន​​មកស្នាក់នៅ​ចេនឡា​ពីឆ្នាំ១២៩៦ ដល់ឆ្នាំ១២៩៧ [រជ្ជកាល​ស្តេច​ ងន់​ ចេង (គ.ស. ១២៩២) ខែទី៦ ព្រះរាជា​ ទ្រង់ចាត់​ បេសកទូត​មួយ មកប្រទេស​ចេនឡា ហើយពេលនោះ ខ្លួនខ្ញុំ​ក៏ត្រូវបាន​ចាត់មកជាមួយដែរ។… លុះដល់មក រជ្ជកាល​ ស្តេច តាយ តេក (គ.ស. ១២៩៧) ខែទី៦ ខ្ញុំជិះ​នាវា​ត្រឡប់​មកវិញ ហើយ​ដល់​ថ្ងៃទី​១២ ខែ៨ ទើបនាវា​ ចូលចត​ដល់ កំពង់ផែ​ស្រុក​ ស៊ីម៉េង។] ហើយបាន​ កត់ត្រាពី ជីវភាពរស់នៅប្រចាំថ្ងៃ និងទិដ្ឋភាព​នៃ​ច​ក្រភព​អង្គរ​ នា​សម័យកាលនោះ ទៅក្នុង​​កំណត់​ត្រា​​ទូត​របស់​ខ្លួនជា​ភាសាចិន ហើយត្រូវបានលោក  លី ធាមតេង ប្រែសម្រួល និង​ ចងក្រង ក្នុង ព.ស ២៥១៦ / គ.ស. ១៩៧៣ មិនមែនជា រឿងថ្មីទេ។ មាន​ប្លុក និងគេហទំព័រ​មួយ​​ចំនួន បានប្រកាស​​ផ្សាយតាំងពី ឆ្នាំ២០០៩ មកម៉្លេះ ដូចជា Khmer History Book – ជីវ តាក្វាន់  របស់ Davith​ Pheap និង កំណត់ហេតុ ជីវ តាក្វាន់ របស់ មជ្ឈមណ្ឌលអក្សរសាស្រ្តខ្មែរ ។

 

តាមរយៈ កំណត់ត្រាការទូតជា ខេមរភាសានេះ ខ្ញុំ​ចាប់​អារម្មណ៍ឃើញថា កំណត់ហេតុ​របស់ លោក ជីវ តាហ្វាន់ មានលក្ខណៈជា សំណេរ​ ផ្ទាល់ខ្លួន ដែល​​​សន្និដ្ឋាន និងសរុបស្ថានការណ៍​ ចំពោះមុខ ច្រើន​ជាង ឯកសារ​ស្រាវជ្រាវ។ បេសកទូត​ រូបនេះ គ្រាន់​សរសេរ​ត្រឹមអ្វីដែលខ្លួន​​បានឃើញ ឭអ្នកភូមិ ​និយាយតគ្នា នៅស្រុក ដែលគាត់បាន ​ទៅដល់​ និង​ត្រឹម​រយៈពេល​មួយឆ្នាំ​ប៉ុណ្ណោះ មិនទាន់​អាច ​បញ្ជាក់ពី ទំនៀមទំលាប់​​របស់ពលរដ្ឋ​សម័យនោះ នៅឡើយទេ… តួយ៉ាង ការប្រើភាសា ពិបាកទំនាក់ទនង និង​ ខេត្ត​ក្នុងសម័យ​ ចេនឡា មានទាំងអស់ជាង ៩០ខេត្ត ​តែលោកចង់ចាំឈ្មោះ​បាន​ជាង ១០ខេត្ត ឬអាចមានន័យត្រឹមតែ ខេត្ត​ដែល​លោក បានយកជើង​​ចុះជាន់ដី​។ «ចំពោះ​រឿង​ប្រពៃណី​ និងកិច្ចការ​​នៃប្រទេស​ចេនឡា​នេះ ខ្ញុំមិនបាន​ដឹង​ ល្អិតល្អន់​អស់សេចក្តី​សព្វគ្រប់​មែន។ តែខ្ញុំ​បានដឹង​ដោយត្រួសៗ​អាចនឹង​ជម្រាប​បានដែរ។» លោក ជីវ តាក្វាន់ បាន​ផ្តើមសេចក្តី…

  • អំពីភាសា ភាសាចិន មានសម្លេង​ប្រហាក់ប្រហែលនឹងភាសា អ្នកស្រុក​នេះដែរ តែនិយាយ​ប្រាស្រ័យ​ស្តាប់គ្នា​មិនបានទេ ស្រុកនេះ មានភាសាមួយពិសេស ទោះបីជា ភាសាអ្នកជិតខាងខ្លួន ដូចជា ចាម ឬសៀម ក៏មិនអាច​ដូចគ្នា​ស្តាប់​គ្នា​បានឡើយ។ […] មន្រ្តី​គេនិយាយ​​តាមបែបមន្រ្តី អ្នកប្រាជ្ញនិយាយគ្នា​តាមភាសាអ្នកប្រាជ្ញ លោកសង្ឃ ឬតាបស ក៏មានពាក្យសម្តី​ប្រើ​របៀប​ខ្លួនជាសង្ឃ ជាតាបស​ ឯអ្នកស្រែចម្ការ ក៏និយាយ​ប្លែកតាមបែបរបស់គេដែរ មិនប្លែកអ្វីពីរបៀប​ប្រើភាសា​អ្នកស្រុកចិនទេ។
  • […]ស្រីអ្នកស្រុកនេះ ក្រោយដែលសម្រាលកូនរួចទៅ គេយកបាយក្តៅ​ប្រឡាក់លាយអំបិល ហើយញាត់ចូល​ទៅក្នុងទ្វារមាស លុះដល់​បាន​មួយយប់​មួយថ្ងៃ ទើបគេយកចេញវិញ។ ការធ្វើដូច្នេះ ជាហេតុនាំអោយ​មិនសូវមាន​ជំងឺ និងអោយបាន​រួមទ្វារមាស​តូច ដូចជា ស្រីក្រមុំ​ទៀតផង។ កាលខ្ញុំទើបដឹងរឿងនេះដំបូង ឆ្ងល់ថា ក្រែងមិនពិតដូច្នេះទេដឹង ? ព្រោះថា បើបានជាមានប្តី និងមានកូនទៅហើយ ចុះម៉េច​ខ្លាចគេដឹង​រឿងនេះ​ទៀត ? ប៉ុន្តែនៅនឹងផ្ទះ​ដែលខ្ញុំ​សំណាក់នៅ មានស្រីម្នាក់សម្រាលកូន ដែលជាហេតុនាំអោយខ្ញុំដឹងរឿងនេះច្បាស់លាស់ នៅក្រោយពេល​សម្រាលកូនហើយ មួយថ្ងៃទៀត ស្រីនោះពរកូនខ្ចីទៅមុជទឹកទន្លេ ដែលជាការចម្លែក​មិនដែលជួបប្រទះទេ។[…]
  • […] បើគេចាប់ចោរបាន​​ ក៏អាច​នាំឃុំឃំាង​ សួរចម្លើយដែរ តែ​មានការ​គួរអោយ​​អស់សំណើច គឺថា បើគេសង្ស័យថា ជននោះជា ចោរហើយ ជននោះ​មិន​ព្រ​ម​​ទទួល​​​សារភាព គេនឹងយក​ខ្ទះ មកដាំខ្លាញ់​​​អោយក្តៅមែនទែន ហើយគេ​អោយជននោះ លូកដៃទៅ​ក្នុងខ្លាញ់​កំ​ពុងពុះនោះឯង។ បើជន​នោះ ជា ចោរមែន ក៏ត្រូវ​រលាកដៃ បើមិនមែន​ចោរទេ ឥតមាន​រលាកឡើយ។ គេប្រាប់ខ្ញុំថា អ្នកស្រុកនេះ ចេះមន្តអាគមន៍ពូកែណាស់។[…]
  • […] នៅពេល​ដែលបន្ទោរបង់រួច គេតែងតែ​ចុះទៅលាងឯក្នុង​ស្រះអោយ​បាន​ស្អាតជានិច្ច​ តែគេយកតែដៃឆ្វេង​ទៅលាងទេ ឯដៃស្តាំ​គេទុ​ក​បរិភោគបាយ។ ពួកគេ​មើល​ជនជាតិចិនចូលបង្គន់​ ហើយយកក្រដាស​កិត គេសើច ថែមទាំងមិន​ចង់អោយ​ឡើងលើផ្ទះ​គេទៀតផង។ ស្រីៗស្រុកនេះ បត់ជើង​តូច​ក៏ឈរដូចប្រុស​ដែរ ជា​ការគួរអោយអស់សំណើចណាស់។[…]
  • […] អ្នកស្រុក​នេះ ពួកស្រីៗ ប៉ិន​ជួញដូរណាស់ ហេតុនេះ ពួកចិនៗ​ គេត្រូវតែ​រកប្រពន្ធ​មួយជាមុនសិន ហើយនឹង​បានចំណេញ​ច្រើនដោយគេ​ប៉ិន​រកស៊ី។  រាល់​ថ្ងៃគេ​ទៅលក់​តាំងពីភ្លឺព្រាងៗ ដល់ពេលថ្ងៃត្រង់​ទើបឈប់ ហើយពួកនេះ​ គ្មានគ្រែ ឬផ្ទះសម្រាប់ដាក់លក់​ឥវ៉ាន់ទេ គេច្រើន​តែក្រាល​វត្ថុហាក់ដូចជា កន្ទេល​ផ្ទាល់ទៅនឹង​ដីតម្រៀបគ្នា។ ខ្ញុំឮ​គេថា មានបង់​ឈ្នួល​ដី​ជាលុយ​អោយពួក​មន្រ្តីទៀតផង។[…]
  • […]អ្នកស្រុក​នេះ មិនចេះ​ចិញ្ចឹម​​ដង្កូវ​នាងទេ ទាំងដើមមនក៏គ្មានដាំដែរ។ ស្រីៗ​មិនចេះ​ប៉ាក់​ជុល និង​ដេរប៉ៈឡើយ។ គេចេះ​ត្បាញសំពត់​ តែគេ​មិន​ចេះ​វៃ​អំបោះទេ គេយកដៃត្រកួញសរសៃ​កប្បាស​ អោយកើត​បានជា អំបោះ ហើយគេយក​មកត្បាញ​មិនបាច់មាន​កីទេ។ ចងសរសៃអំបោះម្ខាង​ជាប់នឹង​ចង្កេះគេ ហើយគេត្បាញ​ពីចុងម្ខាង​ទៀត ដោយមានត្រល់ជា​បំពង់ឬស្សី។ ប៉ុន្មានឆ្នាំ្ហក្រោយមកនេះ មានពួកសៀម​ចួលមកនៅ គេក័ដាំមន ចិញ្ចឹម​នាងធ្វើសូត្រ ដោយ​យកពួជមកពី ស្រុកសៀម។ នៅស្រុកនេះ គ្មាន​ដើមធ្មៃទេ មានតែដើម​ក្រចៅ។ ជនជាតិសៀម ចេះដេរប៉ាក់​ចំណាប់ បើ​សំពត់​អ្នកស្រុកនេះ រហែក គេ​យកមកពឹង​ស្រ្តីសៀមអោយដេរប៉ះអោយ។[…]
  • […]នៅពេល​ដែលខ្ញុំ​ទៅជួបនឹងគេម្តងណា គេតែងពោលថា ស្រីស្រុកនេះ ក្រាស់ដោយ​កាមតណ្ហាណាស់។ ក្រោយពេលដែលសម្រាល​កូន​ហើយ​មួយ​ថ្ងៃ ឬ​ពីរថ្ងៃប៉ុណ្ណោះ គេក៏រួម​ដំណេកជាមួយប្តីទៀតហើយ។ បើប្តីនោះបំពេញ​ចំណង់ខ្លួនមិនបានទេ នឹងត្រូវគេបោះបង់ចោល ដូច ពួក​បូយឆេង (ពួកដែលគេទិញដាច់មិនអោយទៅនៅមានប្រពន្ធកូនឡើយ) មិនខាន។ ប្រសិនបើ ប្តីនោះ មានធុរៈ​ទៅស្រុកឆ្ងាយ​អស់ពេល​ច្រើនយប់ ចាប់​ពី ដប់​យប់​ឡើងទៅ ច្បាស់ជាត្រូវ​ប្រពន្ធស្តីអោយថា «ខ្ញុំមិន​មែន​ស្រីខ្មោចទេ តើអោយខ្ញុំដេកម្នាក់ឯងម្តេចនឹងបាន?»។ ខ្ញុំឮថា មាន​ស្រ្តីច្រើន​ណាស់​រក្សាទុក​សេចក្តីបរិសុទ្ធរបស់ខ្លួន។[…]
  • កំណត់ហេតុបញ្ចប់ត្រឹម ៖ […] ពិតមែន​តែស្រុកនេះ មិនសូវស៊ីវិល័យ តែគេស្គាល់ច្បាប់ទម្លាប់គោរពព្រះមហាក្សត្រ។

ទោះបីជាយ៉ាងណា​ សៀវភៅ​កំណត់ហេតុរបស់ ជីវ តាក្វាន់ ជា ឯកសារប្រវត្តិសាស្រ្ត​ដ៏មានតម្លៃមួយ ហើយ​រឹតតែ​មានតម្លៃជាតិទៀត នៅពេលដែល លោក លី ធាមតេង ប្រែសម្រួលជា ភាសាខ្មែរ បានយ៉ាងល្អ។ សង្ឃឹមថា ខ្មែរជំនាន់ក្រោម នឹងចំណាយពេលវេលាចុងក្រោយ របស់ខ្លន ដើម្បីធ្វើអ្វីជា ប្រយោជន៍ សម្រាប់ជាតិ និងប្រវត្តិសាស្រ្តខ្មែរ៕

 

ដោនឡូត ឯកសារ កំណត់ហេតុ ជីវ តាក្វាន់ របស់មជ្ឈមណ្ឌល​អក្សរសាស្រ្តខ្មែរមណ្ឌលវប្បធម៌ខ្មែរនៅស្វីស