ចៃដន្យ​​ឈ្មោះ និង​លេខទូរស័ព្ទ​របស់​ខ្ញុំ​ត្រូវ​បាន​​ក្រុមការងារ​រៀប​ចំ ជំនួប​បណ្តាញ​អ្នកសារព័ត៌មាន​ពលរដ្ឋ​ ដាក់​ដើម្បី​ឆ្លើយ​តប​ព័ត៌មាន​ទាំងឡាយ​ទាក់​ទង​នឹង​កម្មវិធី​ដែល​គ្រោងធ្វើឡើងនៅថ្ងៃទី​២០ សីហា ២០១៤។ ចៃដន្យ​ អ្នកយកព័ត៌មាន​វិទ្យុុបារាំង បានព្យាយាមខលទៅ ទាក់ទង​លេខ​ទូរស័ព្ទ​ មួយខ្សែ​ទៀត របស់​ មជ្ឈមណ្ឌល​​កម្ពុជា​ដើម្បីប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) តែទាក់ទង​មិនបាន ទើប​ កញ្ញា អ៊ឹម រចនា បាន​ខលមកខ្ញុំ ហើយ​សួរនាំលេខ​ផ្សេងទៀត … ចុងក្រោយ ខ្ញុុំ​ក៏ត្រូវបាន​ជ្រើសរើស​អោយ​ឆ្លើយតបពី​ព្រឹត្តិការណ៍ បណ្តាញ​អ្នកសារព័ត៌មាន​ពលរដ្ឋ។ ចៃដន្យ​មួយ​ទៀត ពេលដល់​ម៉ោង​ណាត់ ៤គត់ គឺ​ចំពេល​ដែល​កំពុងតែត្រៀម​ចម្លើយ​សម្រាប់​បទសម្ភាសន៍​ក្នុងកម្មវិធី ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ​  រចនា ខលមក​យ៉ាងទៀង​ពេល ​ស្រាប់តែ​កុំព្យូទ័រដែល​មាន​ចម្លើយស្រាប់ រលត់​បាត់​គាំង​ហាដឌីស… មានតែសុំ​ រចនា ពន្យាពេល​បន្តិច ក្រែងលោ បើកកុំព្យូទ័របានវិញ ព្រោះ​សម្ភាសន៍​​ជាង​ ១០នាទី បើមិនត្រឹម​ទុកជាមុន ពិតគ្មាន​ពាក្យនិយាយទេ។ ​ខ្ញុំ​សុំពន្យាពេលដល់ម៉ោង ៥ល្ងាច តែកុំព្យូទ័រនៅតែ​មិនដំណើរការ ចុងក្រោយ មានតែ​វាយ​ឡើងវិញ ហើយ​ឆ្លើយតបសំណួរ ទាំងត្រឡប់ត្រឡិន។ ពេលចប់សម្ភាសន៍ រចនា សន្យាថា នឹងកាត់សម្លេងអោយឡូយ… លទ្ធផលចេញមក ឡូយផស់គេមែនតាស់…  អរគុណ​ រចនា

 

ដោយ​​​សារ​​​ខ្ញុំ​​ត្រូវ​បាន​​តែងតាំងជា អ្នក​នាំពាក្យ​ ក្នុងកម្មវិធី​​ បណ្តាញ​អ្នកសារព័ត៌មាន​ពលរដ្ឋ មាន​ស្ថាប័នព័ត៌មានជាច្រើន​បាន​ ព្យាយាម​​ខ​លមក​សម្ភាសន៍ ល្បីមួយ​ប្រ៉ាវ​…

 

 

លោក​ស្រី ​សុភ័ក្ត្រ៖ គម្លាត​​រវាង​​អ្នក​​កាសែត​​ពលរដ្ឋ​ និង​​អ្នក​កាសែត​​អាជីព​​នឹង​​រួម​​តូច​​ដោយ​សារ​​បណ្ដាញ​
ដោយ អ៊ឹម រចនា (ផ្សាយ ៖ អង្គារ 19 សីហា 2014)

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ថ្ងៃ​អង្គារ​នេះ គឺ​លោក ស្រី សុភ័ក្ត្រ មន្ដ្រី​ទំនាក់ទំនង​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍។ នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ រួមជាមួយ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ នឹង​រៀបចំ​សិក្ខាសាលា​មួយ ដើម្បី​បង្កើត​បណ្ដាញ​អ្នកកាសែត​ពលរដ្ឋ​នៅ​កម្ពុជា។ លោក ស្រី សុភ័ក្ត្រ​ ឲ្យ​ដឹងថា បណ្ដាញ​នេះ នឹងធ្វើ​ឲ្យ​គម្លាត​វាង​អ្នកកាសែត​ពលរដ្ឋ និង​អ្នកកាសែត​អាជីព រួម​តូច​ជាង​មុន។

IMG_6767

លោក ស្រី សុភ័ក្ត្រ មន្ដ្រី​ទំនាក់​ទំនង​នៃ​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍។ (រូបភាព ៖ RFI)

 

 

សេចក្តី​ប្រកាស​ព័ត៌មាន

ភ្នំពេញថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៤

 

CCIM និង CLEC បង្កើតបណ្តាញអ្នកសារព័ត៌មានពលរដ្ឋជាលើកដំបូងក្នុង​ប្រទេសកម្ពុជា

ខណៈ ​ឥទ្ធិពល និង​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​មក​​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ភាសាខ្មែរ នៅតែ​បន្តរឹតត្បិត​លំហូរ ព័ត៌មាន​​ទៅដល់​សាធារណៈ​ជន និន្នាការ​ថ្មីមួយ​បាន​លេចឡើង ដោយ​បាន​រំលង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ប្រពៃណី និង​​បាន​ប្រែក្លាយ​ប្រជា​ពល​រដ្ឋធម្មតា​អោយ​ក្លាយ​ជា​អ្នក​សារព័ត៌មាន។ “អ្នក​សារព័ត៌មាន​ពលរដ្ឋ​” កំពុង​តែ​ផ្លាស់​​​ប្តូរ​​បរិបទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅកម្ពុជា​យ៉ាងឆាប់រហ័ស  ដោយបាន​ផ្សាយព័ត៌មាន​ចេញពី​មូលដ្ឋានផ្ទាល់ អំពី​ការ​​រំលោភ​​សិទ្ធិមនុស្ស និង​អំពើ​អយុត្តិធម៌ ដែលជារឿយៗ​មិនត្រូវ​បានរាយការណ៍​ដោយ​ប្រព័ន្ធផ្សព្វផ្សាយ​ភាគ​​ច្រើន​។​ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) បានចាប់ផ្តើម​បណ្តុះបណ្តាល​ប្រជាពលរដ្ឋ អ្នក​សារព័ត៌មាន​ជាលើកដំបូង​ក្នុងឆ្នាំ ២០១២ ដោយ​បង្រៀនស្ត្រី និង​ជនជាតិ​ដើមភាគ​តិច អោយចេះ​សរសេរ​ព័ត៌មាន​​ស្តីពីបញ្ហា​សិទ្ធិមនុស្ស ដែលកើតមាន​ឡើង​នៅក្នុង​សហគមន៍។ បច្ចុប្បន្ន CCIM​ រួមជាមួយ មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សំរាប់សហគមន៍ (CLEC) បានបង្កើត​នូវបណ្តាញ​អ្នកសារព័ត៌មានពលរដ្ឋ​ ដែលមានសមាជិក​ប្រមាណ ១០០​នាក់ រូមមាន អ្នកការពារសិទ្ធិមនុស្ស និង​សកម្មជន​តាម​សហគមន៍ ដែលពួកគាត់ទាំងអស់​គ្នា​បាន​ទទួល​ការបណ្តុះ​បណ្តា​ល​រយៈពេលវែ​ង​អំពី បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មាន ហើយ​និង​ការ​អនុវត្តផ្នែក​សារព័ត៌មាន ដោយ​ពួកគាត់​​បាន​រាយការណ៍​ជាប្រចាំស្តីពី បញ្ហាផ្សេងៗ ដែល​ប៉ះពាល់​ដល់​សហគម​ន៍​របស់​គាត់។​ កិច្ចខិត​ខំប្រឹង​ប្រែង​ទាំងអស់​​នេះ បាននឹង​កំពុងតែជួយ​ពង្រឹង​នូវឯករាជ្យភាព របស់​សារព័ត៌មាន​នៅ​កម្ពុជា និង​បាន​ផ្តល់​នូវសិទ្ធិ​អំណាច​បន្ថែម​ទៀត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​តាម​រយៈព័ត៌មាន​ ដែល​គេត្រូវការ​ដើម្បីធ្វើការ​សំរេច​ចិត្តដ៏​ត្រឹមត្រូវ ចំពោះបញ្ហា​ដែល​បាន​​ប៉ះពាល់​ដល់ពួកគេ​ដោយផ្ទាល់។

CCIM និង CLEC នឹងរួមគ្នាធ្វើសិក្ខាសាលាមួយដើម្បីបង្កើតបណ្តាញ និងចែករំលែកបទពិសោធន៍នៅ ថ្ងៃ ពុធ ទី២០ ខែសីហា ឆ្នាំ២០១៤។ នៅក្នុងសិក្ខាសាលានេះ ស្ថាប័នទាំងពីរ និងបង្ហាញនូវ បទពិសោធន៍ពី​ ពលរដ្ឋអ្នកសារព័ត៌មាន ប្រមាណជាង ៨០នាក់ ដែលមក​ពីគំរោង «អ្នក​ការពារ​សិទ្ធិមនុស្ស​ក្នុង​សម័យអ៊ិនធឺណេត» ដែលទទួល បានហិរញ្ញប្បទាន ពី រដ្ឋាភិបាលស៊ុយអែត។ សិក្ខាសាលានេះ​ នឹងរួមបញ្ជូលការជជែកពិភាក្សាក្រុម ការចែករំលែក បទ​ពិសោធន៍ ពីអ្នកជំនាញលើវិស័យ សារព័ត៌មាន ហើយនិង​ការដាក់បង្ហាញរូបថត ដែលជាស្នាដៃ របស់ពលរដ្ឋអ្នកសារ​ព័ត៌មាន។

ព្រឹត្តិការណ៍នេះក៏ នឹងផ្តល់ឪកាសដ៏មានតម្លៃ ដល់ពលរដ្ឋអ្នកសារព័ត៌មាន អ្នកសារព័ត៌មានអាជីព សង្គមស៊ីវិល និង ស្ថាប័នរដ្ឋាភិបាល ក្នុងការ​ទំនាក់ទំនង ឬបង្កើតនូវបណ្តាញ សំរាប់សហប្រតិ្តការណ៍ នាពេលអនាគត ហើយនិងពង្រីក បណ្តាញក្នុងការប្រមូល និង​ចែកចាយ​ព័ត៌មាន​ស្តីពី​ស្ថាន​ភាព​សិទ្ធិមនុស្ស។ ជាងនេះ ទៅទៀត នេះក៏ជាឪកាស សំរាប់អ្នកសារព័ត៌មានពលរដ្ឋ​ បានជួបជាមួយ អ្នកសារព័ត៌មានអាជីព និងអ្ន​ក​ប្រើប្រាស់​បណ្តាញ សង្គម ដើម្បីជំរុញទឹកចិត្តពួកគាត់អោយបន្តធ្វើសេចក្តីរាយការណ៍ពី បញ្ហាសិទ្ធិសំខាន់ៗដែលកើតឡើងក្នុងប្រទេស​កម្ពុជានាពេលបច្ចុប្បន្ន។

CCIM និង CLEC សូមអញ្ជើញមិត្ត​អ្នកសារព័ត៌មានចូលរួមយកព័ត៌មាននៅក្នុងកម្មវិធីនេះ ហើយនិងឆ្លៀតយកឪកាស ក្នុងការ​ទំនាក់​ទំនង​ជាមួយ អ្នកសារព័ត៌មានពលរដ្ឋ​ ដែលអាចក្លាយជាប្រភពផ្ទាល់ដ៏មានតម្លៃ។

 

ពេលវេលា៖        ចាប់ពីម៉ោង ២​ រសៀល ថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០១៤

ទីកន្លែង៖           ការិយាល័យ មជ្ឈមណ្ឌលអប់រំច្បាប់សំរាប់សហគមន៍

ផ្ទះលេខ ២៣៧ ក្រុមទី​១៦ ផ្លូវលំ ភូមិថ្មី សង្កាត់​និងខណ្ឌដង្កោ រាជធានីភ្នំពេញ.

 

សំរាប់ព័ត៌មានបន្ថែមសូមទាក់ទង

លោក កាំង តុងងី  មន្រ្តីទំនាក់ទំនង និងការតស៊ូមតិ នៃមជ្ឈមណ្ឌលកម្ពុជា​ដើម្បីប្រព័ន្ឋផ្សព្វផ្សាយឯករាជ្យ

លេខទូរស័ព្ទ       ០៦០​ ៤១១​​ ៧៧៧

អ៊ីមែល tongngy@ccimcambodia.org

 

លោក ស្រី សុភ័ក្រ្ត មន្ត្រីទំនាក់ទំនង និង​IVR នៃ មជ្ឈមណ្ឌលអប់រំច្បាប់សំរាប់សហគមន៍

លេខទូរស័ព្ទ       ០៦៦​ ៧៧៧​ ០២៧

អ៊ីមែល sopheak@clec.org.kh