និយាយជាមួយនឹង​ខ្ញុំ ៖ អរគុណ​បង​សម្លាញ់ ដែល​តែង​តែ​លើក​ទឹក​ចិត្ត​អូន និង​តែង​តែ​នៅ​ក្បែរ​អូន ព្យាយាម​ជួយ​ដោះ​ស្រាយ​បញ្ហា​លំបាក​ជា​ច្រើ​ន​ អូន​មាន​ថ្ងៃនេះ គឺ​ព្រោះ​តែ​អូន​មាន​ បង​សម្លាញ់​​ដ៏​សែន​​ល្អ​បំផុត​ក្នុង​លោក​។ – ដកស្រង់​ចេញពី កិច្ច​សន្ទនា​មួយ​ តាមទូរស័ព្ទ​ កាលពី​ថ្ងៃទី​​១៧ ខែសីហា ឆ្នាំ២០១៤ វេលា​ម៉ោងប្រមាណ​ ៣ ​រសៀល…

និយាយ​ជាមួយនឹង​គេ ៖  …[អាគាត់ហ្នឹង] ក្រៅពី កម្លាំងចិត្ត គ្មាន​បាន​ជួយ​អីទាំងអស់…

សារ​របស់ខ្ញុំ ៖ អោ​យ​​​បង​​សុំ​ទោស​ដែល​បង​មិនអាច​ជួយ​អ្វី​អូនបាន ក្រៅតែពី កម្លាំងចិត្ត…

​ទីបំផុត អ្វី​ដែល​​បង​បារម្ភ​បំផុត​ពី ទំនាក់​ទំនង​រវាង​យើង​ទាំងពីរនាក់​… វាបាន​មកដល់​ហើយ… មិនមែនថា បង​ឈប់ស្រឡាញ់អូនទេ តែ​​បង​ផ្តើម​ដឹង​ខ្លួន​ថា បង​មិនសក្តិសម​នឹងអូន​ទៀតទេ… បងគ្រាន់តែជា «បុរស​ក្នុង​អតីតកាល»… ​បុរស​បច្ចុប្បន្ន និង​អនាគ​ត​របស់អូន ប្រហែល​​មិនមែន​ជា បង ​ទេ… អូន​​ពិតជា ដឹង​​ច្បាស់ ​​ខ្លួន​ឯង​ហើយ​ ថា​ អូន​ត្រូវការ​បុរសបែបណា​សម្រាប់​អនាគត​ ….

ប្រហែល​ជា ពាក្យ​ដែល​អូននិយាយប្រាប់​គេ គឺជា ពាក្យពិត​ ក្នុងចិត្ត​របស់អូន … ជោគជ័យ​គ្រប់យ៉ាង​ដែល​អូន​មាន​​ដូច​សព្វថ្ងៃនេះ ​​គឺមកតែពី​ការតស៊ូ​ របស់​អូន​​ខ្លួនឯង​ប៉ុណ្ណោះ​… ប្រុស​ចាស់ ម្នាក់នេះ គ្មាន​ប្រយោជន៍​ សម្រាប់អូន​ទៀតទេ។ ប្រហែលជា អ្វី​ដែល​អូន​ត្រូវ​ការ​ គឺ​ អាច​មាន​ច្រើនជាង​ ​កម្លាំងចិត្ត របស់បង​… បង​ក៏ប្រហែលជា មិន​ក្លាហាន ឬស្មោះដូច​ បុរសក្នុងរឿង​និទាន​ ដែល​ហ៊ាន បូជា គ្រាប់ភ្នែក​ទាំងពីរ ដល់​នារី ជាទីស្រឡាញ់​របស់ខ្លួន…

សម្រាប់​បង​ពេលនេះ គឺ​មាន​​លទ្ធភាព​ ​ត្រឹម​អាច​​បំពេញ​​លក្ខខណ្ឌ​របស់​​​អូន​តាំងពីឆ្នាំ​មុន ដែល​បាន​លើកឡើង​​កាល​​បង​ តាមស្រឡាញ់អូន​ដំបូង… ចំណាយ​ថ្លៃអាហារ ថ្លៃដើរកំសាន្ត ស្មោះត្រង់ ត្រូវ​ផ្តល់​កម្លាំងចិត្ត​ជូន​អូន​​ និងមានពេលវេលា​សម្រាប់អូន…។ តែ​ពេលនេះ មួយឆ្នាំ​​ហើយ ​ប្រហែល ជា អូន​មាន បំណង​​ថែម​​លក្ខខណ្ឌ​ថ្មីៗ អោយ​ទាន់សម័យ… ចំណែក​បងក៏ គួរតែ មើលខ្លួនឯងឡើងវិញ ហើយ​ដកថយ… ព្រោះ ដូច​បងប្រាប់ចឹង បច្ចុប្បន្ន [ជា បណ្តោះ​អាសន្ន] បង​​មិនទាន់​មាន​​​​លទ្ធភាព​ ដើម្បី​បំពេញ ​មហិច្ឆិតា​របស់អូន​ទាំងអស់​ឡើយ…

នៅពេល​ដែល គ្មាន​កម្លាំងចិត្ត​ពីបង សង្ឃឹមថា អូន​នឹង​រីករាយ ហើយមោទនភាព ជាមួយនឹង ជ័យ​ជំនៈ របស់អូន និង​បន្ត​ដើរទៅមុខទៀត ដើម្បី​សម្រេច​​សុបិន្ត​​របស់​​អូន​… សំណាងល្អណា អូនសម្លាញ់ !!!

P.S. បង​​នៅ​តែ​​មាន​​ពាក្យ​​​មួយ​​ចំនួន​​ណែនាំ​​ជូន​​អូន​ ៖ «សូម​កុំ​គិត​ត្រឹមចង់​ឈ្នះពេក [ជា​មនុស្ស​ល្អ​ម្នាក់​ រាល់​ពេល​ចាញ់​ គឺ​សប្បាយ​ចិត្ត​ជាងពេល​ឈ្នះ ព្រោះ មនុស្ស​ល្អ​តែងតែ ឈ្នះចិត្ត​ខ្លួនឯង] ហើយ​កុំឧស្សាហ៍​ស៊ីអារម្មណ៍​​​ពេក [មុខឆាប់ចាស់ ដឹងអត់ !?]… អូន​គួរ​​ពេញ​ចិត្ត​​នូវ​អ្វី​​ដែល​​​ខ្លួន​មាន [ដូចបង​ប្រាប់ ចឹង អូនមានទេពកោសល្យ និងមាន​បុណ្យ​វាសនា​ ល្មមនឹង​ជាទីមោទនភាព និង​ច្រណែនពី​អ្នកដទៃ​ហើយ]…​ មុនពេល​អូន​និយាយស្តី បែប​​ស៊ីអារម្មណ៍ ​ដាក់​គេ​ សូម​អូន​សាក​ល្បង​យកចិត្ត​គេ ដាក់ចិត្ត​ខ្លួនឯងផង [អូនឈឺបែបណា គេក៏ឈឺបែបនោះដែរ]… ជួនកាល​ ពាក្យ​សុំ​ទោស មិន​ប្រាកដ​ថា ​មាន​ឱកាស​​អាច​​​​ជួសជុល​​​បាន​​​រាល់​​កំហុស​​ទេ [ជួនកាលអាច​យឺតពេល] ដូច្នេះ គួរព្យា​យាម​កាត់បន្ថយ​កំហុស​ ឬគិត​មុន​ពេល​​និយាយ​/​ធ្វើ​សកម្មភាព…»​​