Sopheak SREY - Aug 2015 Portrait

សក់​ក្បាល​អាយុ ៦ថ្ងៃ (៨ សីហា ២០១៤)

អរគុណ ​បងៗ ប្អូនៗ និង​មិត្តភក្តិ ដែល​រាប់អានខ្ញំុ ហើយ​បាន​ សួរនាំ ពី ក្បាល​ត្រងោល​របស់ខ្ញុំ។ មួយសប្តាហ៍​នេះ មានការសួរនាំ មិនសូវដាច់ ថា ម៉េចបាន​កោរសក់ ឬក្បាល​ត្រងោល ??? នេះ​បញ្ជាក់ថា ខ្ញុំ​មាន​មនុស្ស​រាប់រក រាក់ទាក់ បារម្មណ៍ និង​ស្គាល់ច្រើនគួរសម​ដែរ។​ ខ្ញុំពេញចិត្ត​​នៅពេល​ដែល​ ទៅណាមកណា មានមនុស្ស​មករាប់អាន ហើយ​សាកសួរ ពីក្បាលត្រងោល​របស់ខ្ញុំ មិនថា ពួកគេចង់ដឹង ក្នុងហេតុផលណាមួយ តែខ្ញុំជឿជាក់ថា ពួកគេ សួរនាំ ក្នុងន័យជួយឈឺឆ្អាល និងរាប់អាន ច្រើនជាង​។

ក្បាល​ត្រងោល មិនមែនជា Style របស់ខ្ញុំទេ ហើយ​ក៏មិនមែនជា ការកោរសក់​លាបំណន់អ្វីដែរ តែ​ជា មោទនភាពមួយ សម្រាប់ខ្ញុំ​ដែល​ជា ចៅប្រុសម្នាក់ បាន​សម្តែង​ការ​គោរព ចំពោះ ជីតា​វ័យ​ ៨៩​ឆ្នាំ​របស់ខ្លួន ដែល​បាន​បាត់បង់ជីវិត។ ខ្ញុំ​គ្មានអារម្មណ៍ខ្មាស់អៀន ដោយសារ​អត់សក់ ហើយថែមទាំង​បាន​ បញ្ចុះបញ្ចូល សាច់ញាតិ​ដែល គោរពលោកតា អោយ​កោរសក់ជាមួយនឹង​ខ្ញុំ​ទៀតផង។

ពេលដឹងថា ​លោក​តា​​ខ្ញុំ​​ស្លាប់ ក្នុងចិត្ត​គិត​ទុក​ជា​ស្រេច​ថា​ ខ្ញុំ​នឹង​​កោរសក់​ដើម្បី​សម្តែង​ក្តី កតត្តញ្ញូ និងក្តីស្រឡាញ់ ចំពោះលោកតា។ ម៉្លោះហើយ ថ្ងៃទី៣ សីហា ២០១៤ ថ្ងៃតែមួយ​ដែល​លោកតាស្លាប់ ខ្ញុំ​បាន​កោរសក់ ឡើង​ត្រងោល​ក្បាល។ មិនធ្លាប់​ត្រងោល ពីមុនមកទេ… ក្បាល​ដែល​រាង​ទ្រវែង ដូចខ្ញុំ បើទុកសក់វែង គ្រាន់មើល​បន្តិច​ តែបើ​ទុកសក់ខ្លី មិនសូវសមទេ ចុះទម្រាំ អត់សក់ហ្មង !??? ភាគច្រើនអ្នកដែល​រាប់អានខ្ញុំ​ច្រើនតបថា ម៉្យាងដែរតាស់ ! ;-)