ល្ងាចថ្ងៃទី​១២ សីហា ២០១៤​ នេះ​ គឺជា​ជំនួប​ដ៏​កម្រមួយ ជាមួយនឹង មេ (ចៅហ្វាយ) និង​មិត្ត​រួមការងារ បន្ទាប់ពី​ ខ្ញុំបាន​ចាកចេញ​ពី អង្គការ​សេវា​ផ្សព្វ​ផ្សាយ​​អប់រំ​​សុខភាព​​កម្ពុជា (ឆែមស៍ / CHEMS )​ – Cambodia Health Education Media Service តាំងពីឆ្នាំ២០០៨​ មក។ អាចនិយាយបានថា ដោយ​សារ ការសណ្តោស​របស់​គាត់ (លោកស្រី គឹម សុគន្ធារី នាយិកាប្រតិបត្តិ សេវាផ្សព្វផ្សាយ​អប់រំ​សុខភាព​កម្ពុជា ឆែមស៍ / CHEMS – Cambodia Health Education Media Service) ទើបខ្ញុំមានអនាគតល្អ​ដូចថ្ងៃនេះ។ គាត់ជា មេ ដែលបាន​ ផ្តល់អោយខ្ញុំ​នូវ  កិត្តិនាម ភាពល្បីល្បាញ ជំនាញ​មូលដ្ឋាន និង​សុភមង្គល​​ក្នុងគ្រាមួយ​នៃ​ជីវិត​។ ​ខ្ញុំ​នៅចាំបាន… ក្នុងឆ្នាំ២០០៦ មេ បាន​ជ្រើសរើសខ្ញុំ​ អោយ​ចូលបម្រើការងារជា Co-Presenter សហ​ពិធីករ នៅ​ក្រុង​ភ្នំពេញ បើទោះបីជា ខ្ញុំ​បាន​ដាក់ពាក្យ​ សុំ​បម្រើការងារនៅខេត្ត​បាត់ដំបងក៏ដោយ​ចុះ ព្រោះមេ ប្រាប់ថា ខ្ញុំ​មាន​សក្តានុពល​។ មេ ធ្លាប់​ប្រើពាក្យ​មួយ​ដែល​ខ្ញុំ​មោទនភាព​បំផុត គឺ «សុភក្រ្ត័ បើ​រៀន​សរសេរ​ និងផលិតបទយកការណ៍​ទៀត គឺដូចខ្លា​ដុះស្លាបចឹង»។ កាលនោះខ្ញុំ​មានដៃគូ​ជាស្រ្តី នាម ត្រកូល និង​នាម​ខ្លួន ឃឹម ឃុន្នារី… ពេលនោះ ខ្ញុំជា យុវវ័យ​ដែល​មានមុខមាត់ម្នាក់នៅក្នុងភូមិ ហើយ​ក៏ជា តំណាង​ស្ថាប័ន​ក្នុងការ​ផ្តល់ប្រឹក្សាយោបល់ ទាក់ទងនឹង​សុខ​ភាព​​បន្តពូជផងដែរ។ ដោយសារ​ឱកាសការងារនេះ ទើបខ្ញុំ​មានលទ្ធភាព​ បង់ប្រាក់​សិក្សា​នៅ មហាវិទ្យាល័យ និង​មាន​ទុន​ក្នុង​ជីវិត​មកទល់សព្វថ្ងៃ។ វាជាការងារ​ដែល​មានមុខមាត់ ហើយ​ខ្ញុំ​ពេញចិត្ត​ សប្បាយជាមួយការងារ និងចូលចិត្ត​បំផុត ក្នុង​ប្រវត្តិការងារ​​កន្លងមក។ នឹកឃើញពេល មាន​កម្មវិធី ប្រមូលផ្តុំ​យុវវ័យ (Youth Gathering) ខ្ញុំ​ត្រូវបាន​តែងតាំងជា ពិធីករ ដែលមាន អ្នក​ចូល​រួមជា យុវវ័យ​ដូចគ្នា​​រាប់រយនាក់​នៅ ពីក្រោម​ឆាក។ កាលកម្មវិធី ធ្វើនៅ​សៀមរាប ក្នុងឆ្នាំ​២០០៧ ខ្ញុំ​ល្បីជាង​ តារាទៅទៀត ដោយសារ មាន​យុវវ័យ​ជាច្រើន​សុំថតរូបជាមួយខ្ញុំ… ខ្ញុំ​ញញឹម​ឡើង​ស្ងួតជើងធ្មេញ។ ដោយ​សារ​​កាលៈទេសៈ​មិនអំណោយផល ខ្ញុំបាន​បង្ខំចិត្ត​ លាឈប់ក្នុងឆ្នាំ២០០៨ ហើយ​ក៏​បន្ត​ត្រាច់ចរ​ លិច អណ្តែត​ តែលើ​សង្វៀន​ប្រព័ន្ធផ្សព្វផ្សាយ​ តរហូត មកដល់សព្វថ្ងៃ។

តាមពិត​ មេ បាន​ផ្លាស់ទៅ​បរទេស  តាម​កូន​របស់​គាត់​ជិត​មួយឆ្នាំហើយ ការ​វិល​ត្រឡប់​មក​លើក​នេះ មិនដឹង​ថា ពេលណា​ គាត់ទៅវិញទេ។ ខ្ញុំ​បានត្រៀម​ខ្លួន​រួចរាល់ហើយ ដើម្បី​ថ្លែងអំណរគុណគាត់ ចំពោះ​មុខ នូវ​ គុណបំណាច់​ និងអំពើល្អ របស់​គាត់ ដែល​បាន​ផ្តល់​ឱកាស​​អោយ​​រូបខ្ញុំ​ បាន​ចូល​បម្រើ​ការ​ងារ​​​ជាមួយ​នឹងគាត់ ហើយ​​ស្រឡាញ់រាប់អាន​ខ្ញុំ​ដូចជា សមាជិក​ក្នុង​ក្រុម​គ្រួសារ​តែមួយ។ តែ​ដោយសារ​កាលៈទេសៈ​មិនអំណោយផល មិនបាន​ថ្លែង​អំណរ​គុណចំពោះមុខ ទើបខ្ញុំ​សម្រេច​ចិត្ត​​យក​មក​ ប្រកាស​​ទីនេះ វិញ សង្ឃឹមថា គាត់​អាចនឹង​បាន​អាន​ ប្រកាសនេះ​ដោយចៃដន្យ។

ខ្ញុំចង់​ប្រាប់គាត់ថា «ខ្ញុំ​ក៏​គោរព ស្រឡាញ់ និងដឹងគុណ មេ ណាស់… អរគុណ​ច្រើនសម្រាប់​រឿងល្អៗ​កន្លងមក។ ខ្ញុំ​នឹង​ចង់ចាំ​គុណបំណាច់​ មេ ជារៀង​រហូត…»

KIM Sokuntheary 12082014

ខ្ញុំ​ថតរូបជាមួយនឹង (រូបស្តាំ) លោកស្រី គឹម សុគន្ធារី នាយិកាប្រតិបត្តិ សេវាផ្សព្វផ្សាយ​អប់រំ​សុខភាព​កម្ពុជា ឆែមស៍ / CHEMS – Cambodia Health Education Media Service