ថ្វីត្បិតតែ ប្លុក គ្រាន់តែជា កំណត់ហេតុផ្ទាល់ខ្លួន ហើយ​មានអ្នកអាន​មិនច្រើន តែ​សម្រាប់ខ្ញុំ ប្លុក មាន​មិត្ត​អ្នកអាន ល្មម​គ្រប់គ្រាន់​នឹង​ខ្ញុំ​​ចែក​រំលែក ភាព​ទុក្ខសោក និង​ក្តីរីករាយ​ជាមួយ​។ ទីនេះ ខ្ញុំ​បង្កើតតាំងពី ខែមេសា ឆ្នាំ២០១២ ខ្ញុំ​ធ្លាប់ប្រើវា ដើម្បី​ប្រកាស​ពី​ ខ្លួនឯង គ្រួសារ ការងារ មិត្តភក្តិ និង​ស្នេហា។ និយាយដល់ ស្នេហា… មិត្តភក្តិ​ដែល​​ស្គាល់គ្នា​ តែងតែសួរខ្ញុំ​ថា កាលណា​បានរៀបការ ?​ មាន​សង្សារ​ហើយ​ឬនៅ ? និយាយ​ដោយ​ពិតចុះ ខ្ញុំ​ធ្លាប់​ខកខាន​ ច្រើនលើក​ម​កហើយ ដែល​ធ្វើ​​អោយ​ខ្ញុំ​​ រុញ​រា នឹង​ប្រកាស​ជា សាធារណៈ ក្នុង​ប្លុក​​ម្តងទៀត ពី ទំនាក់ទំនង​ស្នេហា​របស់ខ្លួន ដែល​អាច​មាន​អ្នក​សើច អ្នក​យំ អ្នក​សប្បាយរីករាយ ជាមួយនឹង​​ ដំណឹង​ផ្ទាល់ខ្លួន​​របស់ខ្ញុំ​មួយនេះ។​ បើរំលឹក​ឡើងវិញ ទំនាក់ទំនង​ជាថ្មីនេះ បាន​កសាង​ឡើង​អស់​ជិត​មួយ​ឆ្នាំ​ហើយ បើ​ទោះបី​ជា មិនរឹងមាំខ្លាំង ក៏ពិតជាមិនងាយ​រលំ​ដូច​ ទំនាក់ទំនង​មុនៗដែរ (សង្ឃឹមចឹងចុះ)…

 

យើង​ធ្លាប់​ជួប​មុខ​គ្នា​​ជា​យូរ​មកហើយ… នាង​ជា មនុស្ស​ស្រីខ្លួ​ន​តូចមួយ សម្តី​អោយ​​ចចាច់ ពូកែ​ស៊ី​អារម្មណ៍​​បំផុត (ស្រីៗ​តែប៉ុណ្ណឹង!?) … តែ​​ស្វាហាប់ ស្មោះ​ត្រង់ មាន​​ថាម​ភាព ចូលចិត្ត​ការងារ​សង្គម និងស្មគ្រចិត្ត​​… ពេល​ពួកយើង​ផ្តើម​សន្ទនារកគ្នា គឺជា ទំនាក់​ទំនង​ក្នុង​ន័យ​ការងារ ប៉ុណ្ណោះ​ ព្រោះ​ នាង​​មាន​​​សង្សារ​រួច​ទៅ​ហើយ​ ស្រឡាញ់គ្នា ចាក់ទឹកមិនលិចទៀតផង​…

ខែសីហា ឆ្នាំមុន បេះដូង​របស់ខ្ញុំក៏ទំនេរ​ចែស ស្រប​ពេល​​ដែល​​នាង និ​ងគូស្នេហ៍​ផ្តើមប្រេះឆា ហើយ​ឈានដល់ពេលបែកគ្នា… ក្នុង​ពេល​ រួមការងារ​នឹងគ្នា ខ្ញុុំ​បាន​តាមស្រឡាញ់នាង ហើយ​យើងបាន​សាកល្បង​រាប់អានគ្នា​…  ជិតមួយ​ឆ្នាំ​ហើយ ដែល​ទំនាក់ទំនង​​លើស​ពីមិត្ត​ភក្តិ​​របស់​យើង​​​​កំពុង​បន្ត ហើយ​បាន​សាងអនុស្សាវរីយ​ជាច្រើន​ជាមួយ​គ្នា។ យ៉ាងហោចណាស់ យើងព្យាយាម​ ស្មោះត្រង់ (មិន​កុហក) ជាមួយនឹងគ្នា​ មាន​ទុក្ខ ក៏​ចែក​រំលែកជាមួយគ្នា ព្យាយាម​សម្រុះសម្រួល​គ្នា …

ថ្ងៃនេះ ថ្ងៃច័ន្ទ ទី១១ ខែសីហា ឆ្នាំ២០១៤ ជា​ ថ្ងៃខួបកំណើត​​របស់ កញ្ញា ស៊ន សុឃៀង… យើង​សម្រេច​ប្រកាសពី ទំ នាក់ទំនង​របស់ពួកយើង ចាប់ពីពេលនេះ តទៅ… ចាប់ពី​ពេលនេះ ស៊ន សុឃៀង ជា សង្សារ​របស់ខ្ញុំ​ហើយ🙂

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។