នរណាៗ​ក៏អាចធ្វើជា «អ្នកកាសែត» បានដែរ។ នេះជា ឃ្លាមួយ ដែល​ខ្ញុំនៅចាំបានពី សិក្ខាសាលា​អន្តរជាតិ ក្នុង​ចំណោម អ្នកកាសែត​​ជាន់ខ្ពស់ កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម (Advance Journalist CLMV + CHINA) របស់ មូលនិធិសារព័ត៌មានឯករាជ្យ (Independent Journalism Foundation – IJF) រយៈពេលបីខែ កាលពីឆ្នាំ​២០០៣។ ពាក្យ​នេះ​ បាន​លើកទឹកចិត្ត​ខ្ញុំ​អោយ​បន្ត​ ផ្សព្វផ្សាយ និង​លើកទឹកចិត្ត​ដល់ អ្នកដទៃទៀត ដែល​ចង់​ក្លាយ​ខ្លួនជា អ្នក​កាសែត។ ចុះ អ្នក​វិញ ក្រៅពី មានអាជីពជា អ្នកកាសែត ធ្លាប់​ បាន​លើកទឹកចិត្ត​ដល់ អ្នកកាសែតផ្សេងទៀត យ៉ាងណាខ្លះ ? បើមិន​ជួយ​លើកទឹកចិត្ត​ សូមមេត្តាកុំបង្អាប់ … សម្រាប់​ខ្ញុំ​ បាន​ជួយជ្រោមជ្រែង ផ្តល់​ការលើកទឹកចិត្ត និងបង្ហាញគន្លឹះ រាយការណ៍ព័ត៌មាន សម្រាប់ អ្នកកាសែតក្មេងខ្ចីជាច្រើន តាមរយៈ​​បារខេម វគ្គសិក្សា និង​ជា គ្រូបង្គោល។

កាលពីថ្ងៃទី​១៦ ខែ​មិថុនា ២០១៤ ខ្ញុំ និង​ក្រុម​ការងារ​ពីរនាក់ទៀត​ បាន​ចុះទៅដល់​មូលដ្ឋាន របស់ អ្នកកាសែត​ សហគមន៍ម្នាក់ ឈ្មោះ ប៊ុត កុសល អ្នកកាសែតសហគមន៍ ប្រចាំភូមិ​ពោនកក ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្ត​ស្វាយរៀង ដើម្បី​ស្វែងយល់ពី ផល​វិបាក របស់​គាត់ ក្នុងការ ផលិត​ព័ត៌មានជា​វិដេអូ ។ អ្នកកាសែតសហគមន៍​​ម្នាក់នេះ ធ្លាប់ទទួលបាននូវ ការបណ្តុះបណ្តាល របៀប​កាត់តវិដេអូ យកព័ត៌មានសហគមន៍​ ពី មជ្ឈមណ្ឌល​​អប់រំ​ច្បាប់​​សម្រាប់​សហគមន៍ តាំងពីខែកញ្ញា ឆ្នាំ២០១៣ ព្រមទាំង ទទួលបាន សម្ភារៈផលិត ដូចជា កុំព្យូទ័រមួយគ្រឿង កាម៉ារ៉ាវិដេអូ​​មួយគ្រឿង និងទូរស័ព្ទ​ Samsung Mini S3 មួយគ្រឿង​ផងដែរ។ អស់រយៈពេល ជិតមួយឆ្នាំ មកហើយ ក្រុមការងារ​​របស់យើង មិនទាន់​បាន​ទទួល ​ព័ត៌មានវិដេអូ ពីគាត់នៅឡើយទេ។

But Kosal Svay Rieng - June 2014

ប៊ុត កុសល អ្នកកាសែតសហគមន៍ ប្រចាំភូមិ​ពោនកក ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្ត​ស្វាយរៀង និងក្រុមគ្រួសារ

ពេលយើង​ចុះទៅដល់ផ្ទះ​របស់គាត់​ យើងបាន​ដឹង​ហេតុផលមួយចំនួន ដូចជា ផ្ទះរបស់​គាត់​មិនមានភ្លើង​អគ្គិសនី ពេលចង់ប្រើ​កុំព្យូទ័រ​ម្តងៗ​គាត់​ត្រូវទៅ​ប្រើនៅ ហាងកាហ្វេក្នុងភូមិ កុំព្យូទ័ររបស់គាត់​ជានិច្ចកាល ត្រូវសាកថ្មចោលនៅហាងកាហ្វេ​ទម្រាំពេញ អ៊ិនធើណែត​ក្នុងភូមិយឺត សំខាន់​គាត់មិនសូវច្បាស់ពី បច្ចេកទេសកាត់ត ទើបគាត់មិន​ហ៊ានកាត់ខ្លាចខូច…។ ទោះបីជា​យ៉ា​ងណា គាត់ជា មនុស្សម្នាក់​​ដែល​ត្រូវបាន​អ្នកភូមិ​ ទទួល​ស្គាល់ថា ជាអ្នកចេះដឹងខាងបច្ចេកវិជ្ជា និង​អ្នកតស៊ូមតិម្នាក់ផងដែរ។ ពេលអ្នកភូមិ​ មាន​​ទូ​រស័ព្ទស្មាតហ្វូនតែមិនចេះប្រើ​ តែង​ស្ទាក់​សុំជួប​គាត់​ដើម្បីសុំជំនួយ។ គាត់អាចជួយបង្កើត អ៊ីម៉ែល ហ្វែសប៊ុក និងប្រាប់ពីមូលដ្ឋាន​ប្រើប្រាស់​មួយចំនួន​ដល់អ្នកភូមិ។ ក្រៅពី ភាពលេចធ្លោរ ជា អ្នក​កាសែតសហគមន៍ គាត់ធ្លាប់​ទាមទាអោយមានការ អភិរក្សព្រៃឈើទាល នៅក្នុងភូមិ ដែល​នៅ បន្សល់​មកទល់សព្វថ្ងៃ ហើយ​ក៏បុគ្គលិក​សមាគម និស្សិត​គរុកុសល និងមេគ្រួសារម្នាក់ ក្រោមបន្ទុកកូនពីរនាក់ផងដែរ។​

អ្វី​ដែល​ខ្ញុំ​សង្កេតបានពីគាត់ ដំបូង គឺ កុំព្យូទ័រ និងសម្ភារៈ ដែល​យើងបាន​ផ្តល់ជូនគាត់ គាត់​ថែយ៉ាងល្អ ហើយ​មិនហ៊ាន​យកមកប្រើផងព្រោះ​ ខ្លាចខូច។ គាត់កត់ត្រា​ រាល់អ្វីទាំងអស់ដែល​ ខ្ញុំបាន​ប្រាប់គាត់ទាក់ទងនឹង បច្ចេកទេសកាត់ត ព្រោះគាត់ដឹងថា គាត់អាចនឹង​ងាយភ្លេច ពេលមិន​សូវមាន ឳកាសបាន​អនុវត្ត​។ គាត់ថត​បាន​វិដេអូជាច្រើន តែមិនទាន់បានកាត់ គាត់​រវល់ការងារច្រើន​ជា បុគ្គលិកសមាគម ឆ្លៀតឡើង មករៀន​នៅភ្នំពេញ រាល់ថ្ងៃច័ន្ទ ដល់សុក្រ និងជាប់​បន្ទុកគ្រួសារ កូន​តូចផងដែរ។ គាត់ចំណាប់ខ្លាំងក្នុងការសរសេរ​របាយការណ៍ ដូច្នេះ គាត់ អាច សរសេរ​ព័ត៌មាន និងចាប់​ Angle បាន​យ៉ាងល្អ។ ដូច្នេះ ខ្ញុំយល់ថា គាត់អាច​ធ្វើជា អ្នកកាសែតសហគមន៍ និងផលិតវិដេអូបាន​យ៉ាងល្អ​ គ្រាន់​តែគាត់​ត្រូវការ​ពេលវេលា​​អំណោយផល​អោយបាន​ច្រើនបន្តិច រួមទាំងការលៃលកពេលវេលា​សម្រាប់​អោយការកាត់តនេះ។

មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់​សហគមន៍ កំពុងប្រឈមក្នុងការជ្រើសរើស​ អ្នកកាសែតសហគមន៍ បន្ថែម​ មកពីជនបទ ឬខេត្ត​ ដើម្បីផលិត វិដេអូ​សម្រាប់សហគមន៍ បើទោះបីជា យើងមាន​សម្ភារៈ និង​ថវិកា​ពីម្ចាស់ជំនួយ ដើម្បី លើកស្ទួយ ការប្រើប្រាស់​បច្ចេកវិជ្ជានៅសហគមន៍ ព្រោះ អ្នក​នៅ​ស​ហគមន៍ជនបទ ឬខេត្ត​ មិនសូវ​អនុវត្ត​ទាក់ទងនឹង​បច្ចេកវិជ្ជា។

អ្នកកាសែតសហគមន៍​ គឺជា ធនធានដ៏សំខាន់មួយ និង​ហុចផ្លែផ្កាដល់សហគមន៍ច្រើនក្រៃ។ ចាំបាច់ អ្នកកាសែតសហគមន៍ ត្រូវជឿជាក់ថា អ្វីដែលយើងបានធ្វើ គឺជារឿងដ៏ត្រឹមត្រូវ និងគប្បីមួយ ដើម្បីប្រទេសជាតិមួយនេះ។

 

 

តាមរយៈវិដេអូនេះ អ្នកទស្សនា នឹងបាន​ឃើញពី ទិដ្ឋភាព​មូលដ្ឋាន និងបញ្ហាប្រឈមរបស់អ្នកកាសែតសហគមន៍ នៅក្នុងខេត្ត​ស្វាយរៀងម្នាក់។ បន្ទប់កាត់តសម្លេង​វិដេអូរបស់ អ្នកកាសែតសហគមន៍ រូបនេះ គឺជា ហាងកាហ្វេក្នុងភូមិ ដែលអាចផ្គត់ផ្គង់អគ្គីសនី សម្រាប់ប្រើប្រាស់​សម្ភារៈ​កាត់ត។ បើទោះបីជា ហាងកាហ្វេ មានសម្លេងឆ្កែព្រួស ក្មេងយំ មនុស្ស​អូរអរ ញាំបាយ ពិសារកាហ្វេ និងមើលទូរទស្សន៍ តែ ហាងនេះ ជាជម្រើសដ៏ប្រសើរបំផុត ក្នុងពេលនេះ៕