សិស្សណា​ហេង​មិនដឹងទេ តែសិស្ស​ដូចខ្ញុំ​ បែរជា «ស៊យ» តាំងពីចុះឈ្មោះរៀន​ នៅ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បន្តឆ្នាំទី២ ​បរិញ្ញាបត្រ ភាសាអង់គ្លេស។ រហូតដល់ ​ប្រលងបញ្ចប់ឆ្នាំទី៤ ក៏នៅតែ ស៊យ ព្រោះ បាន​ចំណាយ​ពេលវេលា រង់ចាំ អស់ជិត​ ៦ឆ្នាំ ទម្រាំ បាន ទទួល​បរិញ្ញាបត្រ​ ឯកទេស ភាសាអង់គ្លេស មកក្នុងដៃ នៅថ្ងៃនេះ។ តាមពិត ខ្ញុំ​ប្រលង​ ​បញ្ចប់​​បរិញ្ញាបត្រ​តាំងពី​ឆ្នាំ​២០១១ សិស្ស​រួមជំនាន់​ភាគច្រើន បាន​​ទទួលសញ្ញាបត្រ ហើយថតរូប ជាមួយគ្នា កាលពីថ្ងៃទី​២៩ ខែតុលា ឆ្នាំ២០១២

 

ព្រោះតែ ខ្ញុំប្រើ សញ្ញាបត្រ​​ឆ្នាំមូលដ្ឋាន ​ចុះឈ្មោះចូលឆ្នាំទី២ ខ្ជិលរៀន​ឆ្នាំមូលដ្ឋាន ឡើងវិញ ហើយ​​ប្តូរវេន​សិក្សាពី​ចុងសប្តាហ៍ មក​ច័ន្ទ ដល់ សុក្រ ទើប​ធ្វើអោយ សាលា​ ចល័ត ឬគ្រវ៉ាត់ចោល​ ឯកសារ​​កាល​ប្រវត្តិសិក្សា​​របស់ខ្ញុំ រប៉ាត់រប៉ាយ ហើយ​បែរយក​ជា លេស​មួយ​សម្រាប់​​ សាលា​ បន្ទោស​ខ្ញុំ​ ដោយ​គ្មានការ​ទទួលខុសត្រូវ​ថា ខ្ញុំ​ខ្វះ​សញ្ញាបត្រ​​ឆ្នាំមូលដ្ឋាន ខ្វះ​សញ្ញាបត្រ​​បាក់ឌុប (បើខ្វះ​ចឹង​ស្មាន​តែ​អនុញ្ញាត​អោយ​ខ្ញុំចុះ​ឈ្មោះ​រៀនឆ្នាំទីពីរ ? ពេល​ចុះឈ្មោះ​​ចូលរៀន​អោយ​ម្តងហើយ ពេល​ចុះឈ្មោះ​​ប្រល​ង​អោយ​ម្តងទៀត ពេល​ប្រលង​រួច​ហើយ​មកទារ​ម្តងទៀត ពេលបាត់​ឈ្មោះ ទា​រម្តងទៀត) ខ្វះ​រូបថត (ខ្ញុំ​យក​ទៅ​អោយជិត​២០សន្លឹក ហើយ ព្រោះអោយ​ម្តង ​៤សន្លឹក មិនដឹង​យកទៅធ្វើស្អី ???) … ខ្ញុំត្រូវយឺតទទួលសញ្ញាបត្រ​មួយជុំ។

 

ពេល​ជុំក្រោយ​មកដល់ រង់ចាំដល់គេ ស្រង់​ឈ្មោះ​អីណា ម្តងជាច្រើនដង… សរុបមក ខ្ញុំតាម​​យក​សញ្ញាបត្រ​មួយនេះ មិនតិចជាង ២០លើកឡើយ ទម្រាំ​តែបាន​ជួប​ឈ្មោះ​ខ្លួនឯង។ ថ្ងៃចុងក្រោយ នៅ​តែស៊យ ទៅ​ដកសញ្ញាបត្រ​​ថ្ងៃទី​២៦ មិថុនា ២០១៤នេះ សាកល​វិទ្យាល័យ ទាលុយ ៥ដុល្លា ជាថ្លៃ​ដក​សញ្ញាបត្រ​ ហើយ រឹតតែស៊យ សញ្ញាបត្រ បរិញ្ញាបត្រ​ ឯកទេសភាសា​អង់គ្លេស នៅ​តែខុស​​ថ្ងៃខែឆ្នាំកំណើត។ ខ្ញុំ​ខលសួរ មិត្ត​ភក្តិរួម​ថ្នាក់ អំពី សញ្ញាបត្រ​​ខុស​ថ្ងៃខែឆ្នាំកំណើត​របស់ខ្ញុំ… មិត្តម្នាក់នោះ​ផ្តល់យោបល់​ថា ដក​មក​អោយ​ផុតកម្ម​ពៀរ​ជាមួយវាទៅ ធុញ​ណាស់…។ សញ្ញបត្រ​ បរិញ្ញាបត្រ​ ឯកទេសភាសាអង់គ្លេស ពីសាកវិទ្យាល័យ អាស៊ី អឺរ៉ុប គឺ ទំហំ A4 ម៉េចក៏ខុសគេចឹង ???

 

ដើមរឿងខុសឆ្នាំកំណើត ទំនងជា ខុសតាំងពីពេល ​សាលា​​ចេញ​កាត​និស្សិត ក្នុងឆ្នាំទី៤ ពេលនោះ ខ្ញុំ​បានប្តឹង​​រឿងខុសឆ្នាំ​កំណើត តាំង​ពីធ្វើកាត​សិស្ស តែ​​មន្រ្តីរដ្ឋបាលថា មិនអីទេ… ពេលបំពេញ​ពាក្យ​​​ធ្វើសញ្ញាបត្រ និងប្រលង ខ្ញុំបាន​​បញ្ជាក់​ពី ឆ្នាំកំណើត​ឡើងវិញ ហើយ មន្រ្តី​សាលា​ប្រាប់ថា សញ្ញាបត្រ គេយក​តាម​​ពាក្យ​សុំ ដឹងអី ឆ្នាំចេញមក ខុសដដែល ទោះបីជា ខ្ញុំ​បំពេញពាក្យ​ត្រឹមត្រូវក៏ដោយ​។

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។


សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ពិតជា អាសាលា ហេងស៊យ មែន ! បើអ្នក​គិតថា ខ្លួនមិនសូវ​មាន​សំណាង​ គួរកុំ​ចុះ​ឈ្មោះ​រៀន​សាលា​ដែល​​ចរិត​ធូរថ្លៃ​អិចឹងអី នាំតែគ្រាំចិត្ត​ដូចខ្ញុំទេ។

សំណាងខ្ញុំ​​នៅមានខ្លះដែរ ដោយសារ ខ្ញុំនៅមាន​សញ្ញាបត្រ​​ បរិញ្ញាបត្រច្បាប់មួយ និង​អនុបណ្ឌិតច្បាប់ពីរ​ទៀត កុំអី​​ស៊យ​ក្នុងជីវិត​ ដោយ​សារ អាសាលាហេងស៊យ​ហ្នឹង​ហ្មង !!! សញ្ញាបត្រធូរថ្លៃ ពី សាកល​វិទ្យាល័យ​អាស៊ី អឺរ៉ុប ​ចឹង ក៏​មិនដឹង​យក​ទៅ​ប្រើការ​អីកើត​ទេ អាច​បាន​ត្រឹម​​ម៉ាតាំង​ផ្ទះ​អួតថា ខ្ញុំក៏មាន​​សញ្ញាបត្រ​ឯកទេស​ភាសាអង់គ្លេស​មួយនឹ​ង​គេ​ដែ​រ៕