ក្រសួង​ព័ត៌មាន បាន​ប្រកាស​​សុំ​​ព្រះរាជ​ទាន​​ទោស​ពី​​ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី និង​ពលរដ្ឋ​កម្ពុជា ចំពោះការ​​ខកខាន​ផ្សាយ​​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​ក​ម្ពុជា អំពីព្រះរាជពិធី ​ច្រត់​ព្រះ​នង្គ័ល កាលពី​ព្រឹកថ្ងៃទី​១៧ ខែឧសភា ឆ្នាំ២០១៤។ បើ​តាម​​​សេចក្តី​ប្រកាស​ព័ត៌មាន​ ការ​ខក​ខាន​ផ្សាយ​​កម្មវិធី​​នេះ បណ្តាល​មកពី ការ​ទំនាក់ទំនង​​ព័ត៌មាន​ និង​ខ្សែសង្វាក់​​ការងារ​ ក្នុងក្រសួង​​មិនបាន​​ល្អ។

MoI-Apologized-Public-for-ploughing-ceremony

ក្នុងថ្ងៃតែមួយ អគ្គនាយក​ទូរទស្សន៍ជាតិ​កម្ពុជា លោក កឹម គុណវឌ្ឍ ក៏​បាន​បញ្ជាក់ពីការលាលែង​ចេញពី ដំណែង​ផងដែរ។ ការលាលែង​ដែល​ទំនងជា ព្យាយាមពន្យល់​ដល់អត្ថន័យ​របស់​ លិខិត​ដែល​​​បាន​​បញ្ជាក់​ថា ក្រសួងព័ត៌មាន​​កំពុង​​​រៀបចំ​​ការងារ​​​អោយ​បាន​​ល្អឡើងវិញ​ ដើម្បី​កុំអោយ​​មាន​ភាព​អសកម្ម​នេះ កើតឡើងទៀត។ រដ្ឋ​មន្ត្រី​ក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានប្រាប់​ គេហទំព័រថ្មីថ្មី អំពី មូលហេតុ​​នៃ​​ការ​​លាលែង​​ដ៏​គួរ​អោយ​ភ្ញាក់​ផ្អើល​​នេះ ថា ៖ «​គាត់​ [លោក កឹម គុណវឌ្ឍ] ចង់សំរាក​មួយ​រយៈ»។ លោក ប៉ាង ណាត ​បច្ចុប្បន្ន​​ជា​ អគ្គនាយករង​ ទូរទស្សន៍​ជាតិ​កម្ពុជា ​​នឹងឡើង​​កាន់​​តំណែង​ជា​ អគ្គនាយក​ស្តីទីនៃទូរទស្សន៍​ជាតិ​កម្ពុជា ជំនួស លោក កឹម គុណវឌ្ឍ​។

ប្រតិភូ​រដ្ឋាភិបាល​ ទទួល​បន្ទុក​ជា ​អគ្គនាយក នាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា លោក កឹម គុណវឌ្ឍ មិន​បានឆ្លើយ​ប្រាប់​វិទ្យុ​អាស៊ីសេរី ពី​ការ​លា​លែង​តំណែង​នេះ តើ​បណ្ដាល​​មក​​ពី​​​ទូរទស្សន៍​ជាតិ ​ខកខាន​មិន​បាន​​ផ្សាយ​​ពី​ព្រះ​រាជពិធី​ ច្រត់ព្រះនង្គ័ល ឬ​យ៉ាង​ណា​នោះ​ទេ ? លោក​​គ្រាន់​​តែ​​ឆ្លើយ​​ថា «សុំ​ទុក​ឲ្យ​ខ្ញុំ​នៅ​ស្ងៀម​ចុះ»។

 

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

មេរៀន​មួយ​ សំ​រាប់​មន្ត្រី​អនុវត្តការងារ ៖ បើ​មាន​បញ្ជា​អោយ​ប្រែប្រួល​អ្វី ដែល​ជា​ទំ​លាប់ ត្រូវ​ទាមទារ​ឯកសារ​ជា​លា​យ​លក្ខអក្សរ​។ ដកស្រង់ចេញពី ហ្វែសប៊ុក របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន​ (KHIEV Kanharith on Facebook – May 17th, 2014 at 3pm.)

 

មិន​​មែន​មានតែ​​​ទូរទស្សន៍​ជាតិ​កម្ពុជា ​ប៉ុណ្ណោះ​ទេ ដែលខកខាន​ផ្សាយ​ផ្ទាល់​ សូម្បីតែ​​​អ្នក​កាសែត​​ជាតិ​ ​អន្តរជាតិ​មួយ​ចំនួន ក៏ត្រូវបាន​ អ្នក​គ្រប់គ្រង​​ចាត់​ចែង​​​ច្រត់ព្រះ​នង្គ័ល​​ឆ្នាំ​២០១៤​​នេះ ​មិន​​អនុញ្ញាត​​ឲ្យ ចូល​ថត​រូប និង​យក​ព័ត៌មាន​ផងដែរ។ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ហាក់​បង្ហាញជំហរ​ជាសាធារណៈ មិនគាំទ្រ​ ការរារាំងដល់ការផ្សព្វផ្សាយ​ព័ត៌មាន ពីព្រះរាជពិធីនេះ ​«​ធ្វើ​ពិធី​ធំ​ដុំ អស់​លុយ​ម៉ាគរ​គោក បើមិន​អោយ​អ្នក​កាសែត​ចូល​យក​ព័ត៌មាន តើ​ហៅថា​ ពិធីបុណ្យ​ជាតិ​បាន​ទេ ?» លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង​ព័ត៌មាន ប្រកាសលើ​ហ្វែសប៊ុក របស់លោក (KHIEV Kanharith on Facebook – May 17th, 2014 at 5:30pm.)

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

ក្នុង​​ព្រះ​រាជពិធី ​ច្រត់ព្រះនង្គ័ល​ឆ្នាំ​២០១៤​​នេះ ​អភិបាល​ខេត្ត​កណ្ដាល និង​​ភរិយា បាន​សម្តែង​ដើរ​តួ​ជា ​ស្ដេច​នាគ និងនាង​​មេហួ។ ពិធី​​ផ្សង គោ​ឧសភរាជ​បានសោយ​​អាហារ ៣​ប្រភេទ គឺ ​សណ្ដែក ពោត និង​ស្រូវ ដែល​តាម​ទំនាយ​​ថា ដំណាំ​ពោត សណ្ដែក និង​ស្រូវ នឹង​បាន​ផល​ល្អ។