First Kiss ឬ ស្នាម​ថើប​គ្រា​ដំបូង ជា​ភាពយន្ត​​ថៃ ផលិត​​ក្នុង​ឆ្នាំ​២០១២ មួយ​​ទៀត​​​ហើយ​ ដែល​អាច​​ធ្វើ​អោយ​ខ្ញុំ​ ទស្សនា​ហើយ រំភើប​ចិត្ត​ ដល់​​ស្រក់​ទឹកភ្នែក​​ដោយ​​មិន​ដឹងខ្លួន​ បន្ទាប់​ពី​រឿង​​ថៃផ្សេង​ទៀត​​ដូចជា​ Crazy Little Thing Called Love, 30 On Sale, The Teacher’s Diary ជាដើម​។ សាច់​​រឿង​នេះ ផ្តើម​ដោយ​ ថ្ងៃ​មួយ​ ក្រមុំ​ស្រស់​ស្អាត​​វ័យ​ ២៦ឆ្នាំម្នាក់​ បាន​ជ្រុល​ផ្តិត​​​ស្នាមបបូរម៉ាត់​ (ម៉ាត់​ទល់​ម៉ាត់) គ្រា​ដំបូង​​របស់​ខ្លួន ជាមួយ​នឹង​ កម្លោះ​​រូប​ស្រស់​​​ប្រចាំ​​​វិទ្យាល័យ​​ម្នាក់​ ដោយ​សារ​​ឧបទ្ទវ​ហេតុ​មួយ​ លើ​​រថយន្ត​ក្រុង​​ដែល​ពួក​គេ​ឧស្សាហ៍​ជិះ​ជាមួយ​គ្នា។ ទំនាក់​ទំនង​​របស់​​ពួកគេ ផ្តើម​​ដោយ​​ការ​ឌឺដង ចិត្ត​​អាណិត​ សច្ចះធម៌ ហើយ​ កាន់តែ​​ផ្អែម​ល្អែម រហូត​​វិវឌ្ឍន៍​ទៅជា​ស្នេហា​ នៅពេល​​ដែល ក្រមុំ​រូប​ស្រស់ បាន​ដឹង​ថា ទេវបុត្រ​ កំពូល​ស្នេហ៍​ដែល​នាង​​បាន​​លួច​ស្រឡាញ់តាំង​ពីនៅ​​វិទ្យាល័យ​​រៀបការ។ កម្លោះ​តួឯក វ័យ​ក្មេង​​ជាង តួស្រី ៨ឆ្នាំ ​បន្ទាប់ពី​បាន​ប្រកាសថា នោះជា ការថើប​លើកដំបូង​របស់​នាយ នាយ​ក៏​បាន​ទាមទាជម្ងឺចិត្ត​ពី​កញ្ញាស្រីស្រស់ ហើយ​ចែចង់នាង​រហូត​បាន​បេះដូងមកឃុំគ្រង​។ តាំងពី ប្តូរស្នាមថើបដំបូងមក កម្លោះ​​យើង ថែរក្សា​ និង​ការពារ​​បបូរម៉ាត់​​របស់ នារី​មិន​អោយ​​ប្រុស​ផ្សេង​​​មាន​ឱកាស​ផ្តិត​​ដូចនាយឡើយ។ នាយ​បាន​សច្ចាជាមួយនឹង​ស្រស់ស្រី​ ថា នឹង​រៀបការ​ជាមួយ​គ្នាក្នុងវ័យ ២៨ នៅពេលនាយបញ្ចប់​មហាវិទ្យាល័យ ហើយ​ធ្វើការងារស្នង​ឳពុក។ តួស្រី មាន​ទស្សនៈ​ចំពោះ​ស្នេហា ដោយ​ប្រៀប​ប្រដូច «ស្នេហាប្រៀបដូចជា ការរង់ចាំ​រថយន្តក្រុង…»។ ឧបសគ្គនៃស្នេហា​របស់​ពួក​គេ ក្រៅពី អាយុ​ខុសគ្នា ការគិតក៏ខុសគ្នា នៅមាន​​ឪពុក​របស់​អ្នកកម្លោះតួឯក ​ជា ជន​មានអំណាច ព្យាយាម​បំបែក​គូស្នេហ៍​ទាំងពីរ។

 

អ្វី​ដែល​ធ្វើអោយ​ទឹក​ភ្នែក​​របស់ខ្ញុំ​ស្រក់​នៅ​នាទីចុងក្រោយ​ គឺរំភើប ដោយសារ​ តួស្រី​ អាច​រង់ចាំ​ កម្លោះវ័យក្មេង​​បាន​រហូតដល់​ទៅ ៥ឆ្នាំ ដោយ​មិន​មាន​​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​ប្រុសផ្សេង។