ល្ងាច​ថ្ងៃ​អាទិត្យ ​១៦ មីនា ២០១៤ និស្សិត​មួយ​ភាគ​ធំ រៀន​​​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​ ផ្នែក​នីតិ​ភូមិបាល បាន​មក ជួបជុំគ្នា នៅសាលា​​ ភូមិន្ទ​នីតិ​សាស្រ្ត​ និង​វិទ្យាសាស្រ្ត​​សេដ្ឋកិច្ច​ សាល G1។ សម្រាប់​ជំនាន់​ទី ៤ របស់ពួកខ្ញុំ ត្រូវបាន​សាលា​ ផ្តល់ដំណឹង​អោយ​មក ដើម្បី ទទួល​សញ្ញាបត្រ​ម៉ាស្ទ័រ​​បញ្ចប់​ការសិក្សា​ ដែល​​​បាន​​​ចុះ​​កាលបរិច្ឆេទ​ តាំង​ពី​ឆ្នាំ២០១៣ ខែ​វិច្ឆិកា ថ្ងៃទី​២៨ រួចជា ស្រេច រងចាំតែ និស្សិត​ចុះ​ហត្ថលេខា បន្ថែ​ម​លើវា ផ្តល់​សុពលភាព នឹង​អាចប្រើប្រាស់ ជាផ្លូវការបាន​ហើយ​។ និស្សិត​ជំនាន់​ផ្សេងទៀត មាន​ជំនាន់ ៥ និង​ ជំនាន់ ៦ ​​មក​ទទូល​​សញ្ញាបត្រ​​​បញ្ចប់​​​​ម៉ាស្ទ័រ​ឆ្នាំទី១ និង​ឆ្នាំទី​២។ បើខ្ញុំ​មិន​ច្រឡំទេ កាលពីឆ្នាំទី១ ខ្ញុំក៏បាន​​ទទូល​សញ្ញាបត្រ​ បែប​ហ្នឹង​ម្តងហើយ។ ជាសញ្ញាបត្រ សរសេរជា ភាសា​បារាំង[សុទ្ធ] ចុះ​​ហត្ថលេខា ដោយ នាយក​នៃ សាកលវិទ្យាល័យ Jean Moulin Lyon 3, Franck MARMOZ ខុសគ្នា ត្រង់ Master 1 ឬ Master 2។ ដោយ​សារ ខ្ញុំ​​មិន​ចេះ​បារាំង ខ្ញុំ​អាន​មិនយល់​ថា សញ្ញាបត្រនេះ រៀបរាប់​ និងមានខ្លឹមសារ​យ៉ាង​ណាទេ ដឹង​ត្រឹម​ថា ស្រី សុភ័ក្រ្ត បាន​​បញ្ចប់​​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ម៉ាស្ទ័រ ២ (ឆ្នាំ) ពី សាកលវិទ្យាល័យ​បារំាង មុខជំនាញ ភូមិបាល និង​បេតិកភណ្ឌ ក្នុងនិទ្ទេស​ ល្អ​បង្គួរ​ [LE DIPLOME UNIVERSITAIRE FRANCAIS DE DROIT FONCIER, DROIT DU PATRIMOINE NIVEAU MASTER 2, mention Assez Bien. est delivre a Monsieur Sopheak SREY]។

ជំនាន់៤ ពួកខ្ញុំ​ ត្រូវ​បាន​​ផ្តល់​កិត្តិយស ចែក​​សញ្ញា​បត្រ​​​ដោយ ឯក​ឧត្តម កើត រិទ្ធិ ជា​អ្នកមាន​មុខម៉ាត់​ធំម្នាក់ ក្នុង​​វិស័យ​​យុត្តិធម៌នៅ​កម្ពុជា ហើយ​​ថ្មីៗ​នេះ លោក ត្រូវ​បានបក្សកាន់អំណាច តែងតាំង​ជា អ្ន​ក​បច្ចេក​ទេស របស់​គណបក្ស​ប្រជាជនកម្ពុជា ដើម្បី​ចរចា​ជាមួយ​នឹង ​គណ​បក្ស​សង្រ្គោះជាតិ ពាក់ព័ន្ធនឹង កំណែ​ទម្រង់​ការ​បោះឆ្នោត។

MLL-4PRO-LYON3-20140316

ឯកឧត្តម កើត រិទ្ធិ អ្នក​ចួលរួម​រៀបចំ ក្រមព្រហ្មទណ្ឌកម្ពុជា (រូបថត ៖ ញឹក រិទ្ធី)

ជំនាន់ទី ៤ ឆ្នាំទី២ ជំនាញ​ភូមិបាល និង​បេតិកភណ្ឌ​ របស់ពួកខ្ញុំ ជ័យលាភី លេខមួយ (ទទួលបាន​រង្វាន់ ១០០ដុល្លារ) ដល់លេខបី (រង្វាន់ ២០ដុល្លារ) បានទៅ បុរសទាំងអស់។ ពួកគេ ខំរៀន ហើយ​យកចិត្តទុកដាក់ ទើបអាចទទួលបានលទ្ធផល​បែបនេះ…

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

ចប់​​កម្មវិធី ចែកសញ្ញាបត្រ​ ពួកយើង​បាន​ ព្រមព្រៀង​គ្នា ទៅ​ជប់​លាងជាមួយ​គ្នា នៅ​​ហាង​ផឹក​ស៊ីមួយ​កន្លែង​​ក្បែរ​​សាលា​​ច្បាប់ដែរ។ ដំបូងខ្ញុំ​ព្រមព្រៀង ទៅជាមួយ​ដែរ តែ​ពេល​ទៅដល់ ទើបដឹង​ថា មិត្តភក្តិ​មួយ​ចំនួន ដែល​មិន​ចេះ​ផឹក រួម​ទាំង និស្សិត​ស្រី តែ២នាក់គត់​ មិន​ចូលរួម​ជាមួយទេ ទើបខ្ញុំ​​សម្រេច​ចិត្ត​​​គេចខ្លួន ដោយ​មិន​បាន​​លាប៉ា​រោយ។ ចំជា មនុស្ស​គិត មិន​ដូចទេវតាគិ​ត​មែន… សម្រាប់​ខ្ញុំ ពួកគេ ជ្រិញ ឡើង​​លែង​ហ៊ាន និយាយ​ជាមួយ​ទៅហើយ ព្រោះ បបួល លែង ផឹ​ក​ជាមួយ តាំងពីចូលឆ្នាំទី២ មកម៉្លេះ។ តែបើ ពួកគេ​លែង​រាប់​អានខ្ញុំ ដោយ​​សារតែ រឿងខ្ញុំ​មិនចូលរួម​​ផឹកស៊ី ជាមួយ ក៏​ចាត់ទុកថា ពួកគេគ្មានមិត្ត​ភក្តិ​ដូចខ្ញុំនេះ​ទៅចុះ។

PROFESSORS-STUDENTS-MLL-PRO4

សាស្រ្តាចារ្យ និង​និស្សិត ម៉ាស្ទ័រភូមិបាល និងបេតិកភណ្ឌ

STUDENTS-MLL-PRO4

និស្សិតរួមជំនាន់ ៤ បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកនីតិភូមិបាល និងបេតិកភណ្ឌ