ថ្ងៃ​នេះ​​ជា​​ថ្ងៃចុង​ក្រោយ​​របស់​ខ្ញុំ​ ក្នុង​នាម​ជា អ្នក​សារ​ព័ត៌​មាន វិទ្យុ​បារាំង​អន្តរជាតិ RFI។ ការងារ​មួយ​ ដែល​ជាទី​ប៉ងប្រាថ្នា​​របស់​ និស្សិត​ថ្នាក់​សារព័ត៌មាន​ និងជា​ទីកោត​​សរសើរ​ពីសំណាក់​​​​ពលរដ្ឋជាច្រើនដែល​និយម​តាមដាន​​ស្តាប់​ព័ត៌មាន​តាម​រយៈវិទ្យុ​ជា​​ខេមរភាសា​​។ ធ្មេចបើកៗ ២ខែ​ហើយ ​ដែល​ខ្ញុំ​បាន​មក​បម្រើការងារ​នៅ​ទីនេះ។ ក្នុងអំឡុង​ពេល​នេះ ខ្ញុំ​ពិតជា​​មានមោទភាព​​ខ្លាំង​ណាស់ ​ដែល​មាន​ឱកាស​​បា​ន​បង្ហើរសម្លេង​របស់ខ្លួន​ តាម​បណ្តាញ​​ផ្សព្វផ្សាយ​អន្តរជាតិ​មួយនេះ។​ ទាំង​ក្រុម​គ្រួសារ និង​មិត្តភក្តិភាគច្រើន សុទ្ធតែ សរសើរថា ខ្ញុំពូកែ និង​ឡូយ ដែលបាន​ធ្វើជា អ្នកសារព័ត៌មាន RFI។ តែខ្ញុំ​ដឹង​ខ្លួន​ច្បាស់​ថា ​ខ្ញុំ​មិនទាន់​មាន​គ្រប់​​​គុណ​សម្បត្តិ ដើម្បីបន្ត​​ ធ្វើ​ អ្នក​សារព័ត៌មាន​អន្តរជាតិ​ នៅឡើយទេ។​​ ឈរលើ​វេទិកា​នេះ គ្មានឡើយ​កំហុស​តិចតួច… ព្រោះ វាប៉ះពាល់ដល់កិតិ្តយស និង​មុខម៉ាត់​ស្ថាប័ន រួមទាំងបុគ្គលិក​ផ្សេងផងដែរ។ ខ្ញុំ​យល់ស្រប​តាម​ពាក្យ​របស់ ​មេធំ​នៅវិទ្យុបារាំង​…

កិត្តិយស គឺ ដូចឈើគូសអ៊ីចឹង ប្រើ និងឆេះបានតែម្តងគត់​ – January 30, 2014

ការចាកចេញ​របស់ខ្ញុំលើកនេះ ព្រោះខ្ញុំ​ចង់​ដកឃ្លា​ទៅ​សន្សំ​ មូលដ្ឋាន​គ្រឹះ​ចំណេះដឹង និង​ជំនឿចិត្ត​​បន្ថែមទៀត មុនពេល​ត្រឡប់មក​ បម្រើ​សង្គម​កម្ពុជា ក្នុងនាមជា​ អ្នក​សារព័ត៌មាន​ មានវិជ្ជាជីវៈ ម្តងទៀត​។ បរិយាកាសការងារ​ ​នៅទីនេះ រីករាយ កក់ក្តៅ មានអនុស្សាវរីយ៍​ល្អ​ៗជាច្រើន​ ដែល​គួរ​អោយ​ចងចាំ​​សម្រាប់ខ្ញុំ​​… បើ​ល្អម្លឹងហើយ ម៉េចបាន​ឈប់ !? ហើយ​ទៅធ្វើនៅឯណា វិញ !?

ខ្ញុំ​បាន​ប្រាប់​តែ​បង លី ម៉េងហួរ ម្នាក់គត់ថា ខ្ញុំ​​ត្រូវ​​ទៅ​បម្រើការងារ អោយ មជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់​សហគមន៍ ក្នុងនាមជា មន្រ្តី​ឆ្លើយតប​អន្តរ​កម្ម​ដោយ​សម្លេង​ [Interactive Voice Response – IVR Officer]។ ការងារ ពាក់ព័ន្ធ​ជាមួយនឹង ពលរដ្ឋ​នៅតាមសហគមន៍។ ខ្ញុំ​នឹង​ ជួបមនុស្ស​ច្រើន ដើម្បី​បង្ហាញពី របៀបប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយ​សង្គម [Social Media Tools] ហើយពួកគេ​នឹង​​ហៅខ្ញុំថា លោកគ្រូៗ។ រៀបរាប់​ដល់​ត្រឹម​នេះ នឹកឃើញ ពាក្យ​​មេធំ​បានលើកឡើង​​ក្នុងថ្ងៃប្រជុំ​បុគ្គលិក​ កាលពី​ថ្ងៃ​ព្រហស្បតិ៍។

សុភ័ក្ត្រ​​ទៅធ្វើ​ជា​តារា​នៅកន្លែងផ្សេង…

អរគុណ​មេធំ ដែល​​អនុញ្ញាត​អោយ​ខ្ញុំ​ស្រង់ដើម ក្នុងការដឹកនាំកម្មវិធី​ព័ត៌មាន​ រយៈពេល​មួយ​ម៉ោង​ ដែល​តែងតែ មាន​កំហុស​ក្នុងពេល​ផ្សាយ​ផ្ទាល់ រាល់លើក ។ សង្ឃឹមថា ថ្ងៃនេះ [ថ្ងៃអាទិត្យ ទី​២ ខែមីនា ឆ្នាំ២០១៤] ការ​ដឹកនាំកម្មវិធី ព័ត៌មាន ផ្សាយម៉ោង ១រសៀល និ​ង៧យប់ របស់ខ្ញុំ នឹង​ខុស​តិច​បំផុត។ ព្រឹក​ថ្ងៃនេះ មេធំ Jean-François Tain បាន​មក​ការិយាល័យ ហើយបាននិយាយ​​​​​ជាមួយ​ខ្ញុំ​ជា​លើក​ចុងក្រោយ​ថា …

មក ហើយ​ទៅវិញ​លឿន​​ដូចរន្ទះ… សំណាងល្អ​សុភក្រ្ត័ ! បើ​ចង់មកលេង​ អាចមកបាន… សំណាង​ល្អ !

LD-RFI-2014-03-02

ស្រី សុភ័ក្ត្រ​ ក្នុងបន្ទប់ផ្សាយ​ព័ត៌មាន​ វិទ្យុបារាំងអន្តរជាតិ RFI [02-03-2014 / ថត ៖ ស៊ុន មេសា]