អនាគត ច្បាប់​ស្តីពី ផ្លូវថ្នល់ បច្ចុប្បន្នភាព​ស្ថិតនៅក្នុង​រូបរាង ជា​សេចក្តីព្រាងច្បាប់​ដែលមាន ១៣ជំពូក និង៨១មាត្រា បាន​ឡើងលើ​របៀបវារៈ​កំពូល​នៃ​កិច្ចប្រជុំ គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​សុក្រ ទី២៤ មករា នេះហើយ។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី សេចក្តីព្រាងច្បាប់​ស្តីពី​ផ្លូវថ្នល់​នេះ គោលដៅ​សំខាន់ ដើម្បី ការពារ​ទ្រព្យសម្បត្តិ​សាធារណៈ និង​លើកកម្ពស់​គុណភាព​ផ្លូវថ្នល់ កំណត់​គោលនយោបាយ យុទ្ធសាស្ត្រ​សម្រាប់​សាងសង់ ជួសជុល និង​ថែទាំ​ផ្លូវថ្នល់ ជម្រុញ និង​លើកទឹកចិត្ត​អោយ​វិស័យ​ឯកជន​ចូលរួម​សាងសង់ ថែទាំ ផ្លូវថ្នល់ លើកទឹកចិត្ត​ចំពោះ​ការផ្ទេរ​បច្ចេកវិទ្យា​ថ្មី​ដល់​ការអភិវឌ្ឍ​ផ្លូវថ្នល់ និង​គោលដៅ​ចុងក្រោយ គឺ អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅ​កម្ពុជា។ តាម​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ដដែល បច្ចុប្បន្ន​កម្ពុជា មាន​បណ្តាញ​ផ្លូវថ្នល់ រួមទាំង​ផ្លូវ​ជនបទ​ប្រវែង​សរុប 48 842, 144 គ.ម រួមទាំង​ស្ពាន​ឆ្លងកាត់​ទន្លេធំ និង​ដៃសមុទ្រ ១៤កន្លែង និង​ស្ពាន​កំពុង​សាងសង់   ៥កន្លែង​ទៀត គឺ​ស្ពាន​មេគង្គ​ទី ៣ (អ្នក​លឿង) ស្ពាន​មេគង្គ​ទី៤ (ខេត្តស្ទឹងត្រែង) ស្ពាន​ជ្រោយចង្វា​ទី២ (ភ្នំពេញ) ស្ពាន​ទន្លេបាសាក់​ទី៣ (ក្រុង​តាខ្មៅ) និង​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់​ទី៤ (កោះធំ)។