អាជ្ញាធរ​អប្សរា កាលពី​ថ្ងៃទី២៤ មករា បាន​ច្រានចោល ពាក្យ​ចចាមអារ៉ាម ដែល​ផ្សាយ​ថា ទឹក​នៅ​កសិណ​អង្គរវត្ត ប្រែ​ទៅជា ពណ៌​ក្រហម មាន​ក្លិនឆ្អាប​ខុសពី​ធម្មតា និង​មាន​ត្រី​ងាប់​ជា​បន្តបន្ទាប់។ សេចក្តីប្រកាស​ព័ត៌មាន របស់​អាជ្ញាធរ​អប្សរា បាន​ពន្យល់ថា តាម​ការពិសោធ​លក្ខណៈ​បច្ចេកទេស ទឹក​នៅ​កសិណ​អង្គរវត្ត ពុំមាន​ជាតិពុល ដែល​បណ្តាលអោយ​ប៉ះពាល់​ដល់​ជីវិត​សត្វ និង​រុក្ខជាតិ​នៅក្នុង​នោះឡើយ ចំពោះ​ទឹក​ប្រែ​ពណ៌ គឺ​ដោយសារតែ ការធ្វើ​រស្មី​សំយោគ​រវាង​ព្រះអាទិត្យ ជាមួយនឹង ប្លង់តុង (Plancton) ដែលជា​ចំណី​ត្រី គ្មាន​ជាតិពុល មាន​ក្នុង​ទឹក​នៅ​កសិណ​ច្រើន​ខុសធម្មតា ប៉ុណ្ណោះ។ អាជ្ញាធរ អប្សរា បាន​បញ្ជាក់ថា តំបន់​ឧទ្យាន​អង្គរ ដែល​បានទទួល​វិញ្ញាបនបត្រ ISO 14001 លើ​កិច្ចការពារបរិស្ថាន​បាន​យ៉ាង​ប្រសើរ​នោះ មិន​អនុញ្ញាតអោយ​មានការ​ប្រើ​ប្រាស់​សារធាតុ​គីមី​ដែលនាំអោយ​បំពុលបរិស្ថាន​ក្នុងការ​សម្អាត​កសិណ​ឡើយ។

APSARA-Authority-20140124