តំបន់សួន​ឧស្សាហ​កម្ម​កាណាឌីយ៉ា នៅផ្លូវ​វ៉េងស្រេង​​​ បន្ត​ស្ងាត់ជ្រងំ​ក្រោយ​ការប៉ះទង្គិច​​មួយថ្ងៃ​

 

មួយ​ថ្ងៃ​ក្រោយ​​ការ​ប៉ះទង្គិច រវាង​កម្មករ ដែល​ទាមទារ​ប្រាក់​ឈ្នួល​​អប្បបរមា និង​​ទាហាន​ រហូត​មាន​ការ​បាត់បង់​ជីវិត​មនុស្ស និង​​របួស​ជាច្រើន តំបន់​សួន​ឧស្សាហ​កម្ម​​កាណា​ឌីយ៉ា នៅ​ផ្លូវ​​វ៉េងស្រេង ​ក្នុង​រាជធានីភ្នំពេញ កំពុង​ស្ថិតក្នុងភាព​​ស្ងាត់​ខុស​ពីធម្មតា។ ទាហាន​ជាច្រើន​​បាន​ដាក់​ពង្រាយ​អមសង​ខាង​ផ្លូវ​ក្នុង​​​តំបន់នោះ ហើយ​បន្ត​ជិះល្បាត​ អមដោយ​​មេក្រូប្រកាស​​​អោយ​​ពលរដ្ឋ​​សម្ងំតែ​នៅក្នុងផ្ទះ។

ស្រី សុភក្រ្ត័ រាយការណ៍…

[សម្លេង ៖ សូមបងប្អូន​ដែល​​រស់នៅ​តាម​​បណ្តោយផ្លូវ​វេងស្រេង​​អោយបាន​ជ្រាបថា សូមរក្សា​​ការ​ស្ងៀមស្ងាត់​ សម្ងំស្ងៀម នៅក្នុងផ្ទះ… ]

នេះជា​​សំលេ​ង​បន្លឺ​ចេញ​ពី​មេក្រូ​របស់​​រថយន្ត​ម៉ាកហ្សីប​​មួយ​​មាន​បិ​ត​ស្លាក​សញ្ញា​ កងពល​​តូចលេខ ៧០ ដែល​កំពុង​តែជិះល្បាត​ តាម​​បណ្តោយ​ផ្លូវ​វ៉េងស្រេង ក្នុងសភាព​​ដី​ហុយ​​ទ្រលោម ស្ទើររក​មើល​មុខគ្នា​​មិនស្គាល់​។ រថយន្ត​ទាហាន​ឃោសនា​ ​មាន​បំពាក់​​ កាំភ្លើងស្វ័យ​ប្រវត្ត​នៅចំកណ្តាល​ ផ្ទុក​ដោយ​បុរស​​ ៦នាក់ ​ស្លៀកពាក់ឯកសណ្ឋាន​ខោអាវ​ប៉ារ៉ា​ អមដោយ​រថយន្ត​តូច និង​ធំ​ផ្ទុក​ដោយ​ទាហាន​ពេញៗ បរតិចៗ​តាម​ក្រោយ បន្តជិះ​ឆ្វែលចុះឡើង។ ទាហាន​​​រាប់​រយនាក់​​បាន​ដាក់​​ពង្រាយត្រៀបត្រា​​​នៅ​តាម​អមសងខាងផ្លូវ​ សភាពការណ៍នេះ​​ហាក់​កំពុង​​ប្រកាស​អោយ​អ្នកដំណើរ​បាន​​ដឹងថា តំបន់សួន​ឧស្សាហ​កម្ម​​កាណាឌីយ៉ា ​កំពុងស្ថិត​ក្នុងស្ថាន​ភាព​ប្រកាសអាសន្ន។

ទោះបីជា ការធ្វើចរាចរ​ដោយ​យានយន្ត​​នៅ​តែអាច​​ដំណើរការ​បាន តែ​គេហដ្ឋាន​តូចធំ​នៅ​អមសងខាង​ផ្លូវ រាប់ទាំង​ផ្ទះ​សំណាក់ តូប​លក់​ចាប់​ហួយ​ ឬ​ហាង​ទំនិញ​​ភាគច្រើន​ បាន​បិទ​ទ្វា​ជិតឈឹង​ មាន​មនុស្ស​​តិចតួច​ចេញ​មក​មើល​​រថយន្ត​ឃោសនា​ ​ហាក់​ស្ងប់​ស្ងាត់​ខុសពីធម្មតា​​​ដែល​ធ្លាប់​​មាន​មនុស្ស​​កកកុញ​ អ៊ូអរ។ ជញ្ជាំង​​អគារខាងក្រៅ​មួយ​ចំនួន មាន​​ស្នាម​ប្រហោង​​ដោយសារ​គ្រាប់កំាំភ្លើង ហើយ​​លើ​កំណាត់ផ្លូវ​ក្នុង​បរិវេណ​នេះ​ មានសំណល់​​កំទេចផេះ​​ចំកណ្តាល​​ផ្លូវដែល​ឆេះ​ទើបអស់ តែនៅរក្សា​​កំដៅ​ល្មមអាច​រលាកដៃបាន។ ផ្ទះពីរល្វែង​​ពាក់ស្លាក មន្ទីរសម្រាក​​ព្យាបាល​ ឯករាជ្យ បានរងការ​បំផ្លាញ​ការបំផ្លាញ​​យ៉ាងធ្ងន់ធ្ងរ​។ រហូតទាល់​តែ​បាន​ប្រទះ​ ស្លាក​សួន​​ឧស្សាហ​កម្ម​កាណាឌីយ៉ា លើ​ផ្លូវ​វ៉េងស្រេង សង្កាត់​ចោមចៅ ខណ្ឌដង្កោ ក្នុង​រាជធានីភ្នំពេញ ទើប​ដឹងថា ទីនេះ​ហើយ​ ​ដែលមាន​ការ​​បាញ់បង្ក្រាបដោយ​​ទាហាន​ ទៅលើ​ហ្វូង​​បាតុករ​​ដែល​ទាមទារ​ប្រាក់ឈ្នួល​​១៦០​ដុល្លារ​ កាលពី​ម្សិលមិញ។

ពលរដ្ឋមួយចំនួន​ បាន​សម្តែងការ​ភ័យបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ ក្រោយ​ពេល​ប៉ះទង្គិចទើប​​កន្លង​ផុត​បានមួយថ្ងៃ ហើយនេះ​​ក៏ជា​ដើមច​ម​​នៃ​ការចំណាក​ទីសំណាក់​​​របស់​ពលរដ្ឋ​​ដែលរស់នៅ​​តំបន់នេះ។ រថយន្ត​ឈ្នួល​ដឹក​អ្នកដំណើរ​​ជាបន្ត​បន្ទាប់បាន​​មក​ដឹក​ជញ្ជូន​កម្មករ​ កម្មការនី ចេញពី​តំបន់​សួន​ឧស្សាហ​កម្ម​កាណាឌីយ៉ា ទៅកាន់​ស្រុក​កំណើត​រៀងៗខ្លួន។ កំពុងឈរនៅ​លើ​ដងផ្លូវ ស្ពាយ​កាតាបដាក់​សំលៀកបំពាក់​យ៉ាងណែន​ បំណង​​រង់ចាំ​រថយន្ត​ឈ្នួលដឹក​អ្នកដំណើរ​​ យុវតី​វ័យ ១៧ឆ្នាំ ដែលបញ្ជាក់​ថា ទើបតែមកធ្វើ​ការងារជា កម្មករ​បាន​ត្រឹមមួយខែ ត្រូវបង្ខំចិត្ត​ធ្វើដំណើរ​ទៅស្រុក​កំណើត​នៅ​គីរីរង់ ដោយសារ​​ម្តាយ​ហៅ​អោយត្រឡប់ ដរាបណា​​ស្ថានភាព​​ធូរស្រាល​​ទើបអាច​ត្រឡប់មក​ភ្នំពេញវិញ​។ [សម្លេង ៖ ពលរដ្ឋ​]

​​អាជីវករភាគច្រើន បានត្អួញត្អែរថា ចំណូល​របស់ពួកគេ គឺ​ពឹងលើ​អតិថិជន​​ដែលជា កម្មករ​ កម្មការនី ដូច្នេះ​​អវត្តមាន​របស់​​កម្មករ​ មានន័យថា​ អាជីវកម្ម​ត្រូវ​គាំង​។ លោកស្រី ថោង ផល្លា វ័យ ៥៨ឆ្នាំ ជាអាជីវករ​​លក់​ផ្លែឈើ នៅមុខ​សួន​ឧស្សាហ​កម្ម​​កាណាឌីយ៉ា ហាក់​​ស្ទាក់ស្ទើរ​ក្នុងការ​បើក​លក់​ដូរ​​ដែលធ្លាប់តែ​ប្រមូលប្រាក់​បាន​​ប្រមាណ​ជាង​​មួយលានរៀល​ក្នុងមួយថ្ងៃ​ ដោយ​សារ​នៅថ្ងៃនេះ អ្នកស្រី​យល់ថា មាន​អាជីវករ​​មួយ​ចំនួន​បន្ត​បើកលក់ដែរ​ ទើប​​លោកស្រី​ប្រថុយ​​លក់ត្រឹម​ពេល​ព្រឹក​​។ [សម្លេង ៖ ពលរដ្ឋ​]

ស្ថិត​ក្នុង​សភាព​ស្ងាត់ អ្នកស្រី លី ចន្ថា អាយុ​ ៣៣ឆ្នាំ ជា​អាជីវករ​​លក់​ចាប់ហួយ​​ម្នាក់​ នៅឆ្ងាយ​ពី​កន្លែង​ប៉ះទង្គិចគ្នា​ប្រហែល ៧០០ម៉ែត្រ បាន​​ប្រាប់អោយ​ដឹងថា អ្នករស់​នៅ​តំបន់នេះ​​កំពុងតែ​រៀប​ចំ​ខ្លួន​ចាក​ចេញទៅស្រុក​កំណើតបណ្តើរៗហើយ ពិសេស​បុរសៗ​មិនហ៊ាន​ស្នាក់​នៅឡើយ។ អ្នកស្រី​ បើ​ក​លក់​តែម្នាក់​ឯង​​ទាំង​ប្រុង​ជើងព្រួល​ មើល​​សភាពការណ៍ ខណៈដែល​​អ្នកផ្សេង​បិទអស់ ព្រោះអ្នកស្រី​ស្តាយអីវ៉ាន់ ហើយ​ប្រទះឃើញ​​មាន​ចរាចរ​ទៅមក ក៏ដូចជា ​មាន​អ្នក​ភូមិខ្លះ​​​មករកទិញ​ភេសជ្ជៈ​។ [សម្លេង ៖ ពលរដ្ឋ​]

ពលរដ្ឋ​ដែល​មាន​លំនៅ​ក្នុងតំបន់​ បើទោះបីជា​​មិនបាន​គេចខ្លួនទៅឆ្ងាយ​​ក៏មិនហ៊ានចេញ​​ក្រៅផ្ទះឡើយ។ ជា​អាជីវករ​​លក់ទូរស័ព្ទ​ ស្ត្រីវ័យ ២៣ សុំមិនប្រាប់​ឈ្មោះ​ បានប្រាប់ថា អ្នកស្រី​ និងកូនតូច​មាន​ការភ័យខ្លាច ហើយ​សម្ងំនៅតែផ្ទះ​​មិនហ៊ានចេញទៅ​ណា​ឡើយ។ [សម្លេង ៖ ពលរដ្ឋ​]

សម្រាប់ពលរដ្ឋ​ទូទៅ​​ដែលរស់នៅទីនេះ ហើយ​ស្ថិតក្នុងព្រឹត្តិការណ៍​ បាន​បញ្ជាក់ថា មិនសូវ​ភ័យខ្លាច​​នឹងហេតុការណ៍នៃ​ការបាញ់​បោះកាល​ពីម្សិលមិញ​ឡើយ ព្រោះ​ម៉្យាង​​ អាណិតជនរងគ្រោះ ជាងជាង​ភ័យតក់ស្លត់​ ឬ​ធ្លាប់ដឹង​ឮ​ហេតុការណ៍​ពីការ​បង្រ្កាប​បែបនេះ​ពីមុន​ខ្លះមកហើយ។​ ពួកគេ​បាន​ដាក់ការ​បន្ទោសទៅលើ​ទាហាន ហើយហៅ​ថា ជា​ការបង្រ្កាបយ៉ាង​សាហាវ​​ព្រៃផ្សែ។  សម្លេង​ពលរដ្ឋ​

ទាហានមួយ​​ចំនួន​​​ដែល​​កំពុងតែ​​អនុវត្ត​បទ​បញ្ជា​បង្ក្រាប និង​ល្បាត​នៅ តាមបណ្តោយ​ផ្លូវ​វ៉េងស្រេង បាន​បង្ហើប​អោយដឹងថា ពួកគេ​ក៏មាន​​ក្រុមគ្រួសារ និង​សាច់ញាតិ​​ជាកម្មករ​រោងចក្រ ហើយ​កំពុង​ទាមទារ​​ដំឡើងប្រាក់ឈ្នួល ១៦០​ដុល្លារ​ផងដែរ។

[សម្លេង ៖​ការវាយប៉ះទង្គិចគ្នា​នៅផ្លូវ​វេងស្រេង ពី​យូធូប]

ទិដ្ឋភាពនៃ​ការ​ប៉ះទង្គិចគ្នា​រវាង​​ទាហាន​ និង​បាតុករ ត្រូវបា​នបណ្តាញ​​សង្គម​ហ្វែសប៊ុក និង​វីដេអូយូធូប ផ្សពផ្សាយ​ យ៉ាងសកម្ម​​ដែល​បង្ហាញ​​ពីការ​ចោល​ដុំថ្ម របស់បាតុករ​​ទៅលើ​​ទាហាន រូបភាព​​បាតុករ​រងរបួស និង​ស្លាប់។ រូបភាព​វិដេអូខ្លះ​បង្ហាញ​សកម្មភាព​ទាហាន​​ពាក់ឈុត​ខ្មៅ​ មាន​ខែល​ មួក អាវការពារ​ កាំភ្លើង​បាញ់តប​​ទៅនឹង​បាតុករ​ និង​​ទាហាន​ខ្លះ​​បាន​រងរបួស​។

អត្ថបទ ៖ ស្រី សុភ័ក្ត្រ

ត្រួតពិនិត្យ ៖ ប៉ែន ប៉ូណា