ការផ្ទុះ​បាតុកម្ម​របស់​​កម្មករ បណ្តាលអោយ​​​មានមនុស្ស​ស្លាប់ និង​របួស​ធ្ងន់​

ស្ថានភាព​បាតុកម្ម​អហិង្សា​ទាមទារប្រាក់ឈ្នួល ១៦០ដុល្លារ​របស់ កម្មករ និងសហជីព បានកើនកំដៅកាន់តែខ្លាំង នៅព្រឹក​ថ្ងៃទី​៣ មករានេះ។ ​មាន​មនុស្ស​ស្លាប់ និង​របួស​ជាច្រើន​ដោយសារការប៉ះទង្គិចគ្នា​រវាង​បាតុករ និង​ប៉ូលីស ខណៈ​បាតុកម្ម​មាននៅច្រើនកន្លែង​ រួមទាំង​តាមបណ្តាខេត្ត​មួយចំនួនកំពុងបន្ត។ បាតុករនៅ​បន្ត​ប្រឈមមុខជាមួយនឹងសមត្ថកិច្ច​បើទោះបីជា​រងការបង្រ្កាប​យ៉ាងចាស់ដៃ​។

 

​បាតុកម្មអហិង្សា​​​របស់​កម្មករ និងសហជីព​ដែល​ទាមទារប្រាក់ឈ្នួល​ ​ ១៦០ដុល្លារ បាន​រីករាលដាលជាច្រើនកន្លែង​​ ហើយ​ទំនងជា​​កាន់តែ​ក្តៅឡើងៗ ក្នុងពេល​ប្រឈមមុខដាក់គ្នា​ជាមួយនឹង​​សមត្ថកិច្ច រហូតមាន​​ស្រក់​តំណក់​ឈាម​​​ ​នៅព្រឹក​ថ្ងៃទី​៣ មករានេះ។ ព័ត៌មាន​បឋម​ពី​ការ​ប៉ះ​ទង្គិចដ៏ធ្ងន់ធ្ងរ​​មួយ​ នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង រាជធានីភ្នំពេញ​ ដែល​អូសបន្លាយតាំងពី​ពាក់កណ្តាល​យប់ បណ្តាល​អោយ​មាន​មនុស្ស​ស្លាប់ របួស​ និងមនុស្ស​ជាច្រើននាក់​​ត្រូវបាន​ចាប់ខ្លួន​។

ប្រធានក្រុមស៊ើបអង្កេត របស់អង្គការសិទ្ធិមនុស្ស អាដហុក លោក ចាន់ ស៉ាវេត ដែល​កំពុងតែ​នៅក្នុង​ហេតុការណ៍​ បានឃើញផ្ទាល់ភ្នែក​នូវការ​ចាប់ខ្លូនបាតុករ​ដាក់ឡាន​ចំនួន​ ៧នាក់ បាន​បញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ​ថា ការប្រមុខដាក់គ្នា​រវាង​បាតុករ និង​អាជ្ញាធរ មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង នៅតែតានតឹងនៅឡើយ​ គិតត្រឹម​វេលា​រសៀល​ថ្ងៃទី ៣ មករានេះ ដោយ​បាតុករ​បន្ត​ចេញ​មក​ ស្រែក​ ដុតកង់ឡាន និងគប់ដុំថ្ម ដាក់សមត្ថកិច្ច។ សមត្ថកិច្ចបាន​​បញ្ជាក់ប្រាប់​មន្រ្តីស៊ើបអង្កេតរូបនេះ​ថា អ្នកស្លាប់អាចកើនដល់​ ៤នាក់ ១០នាក់ រងរបួស​ ហើយ​មានការចាប់ប្រមាណ​ ២០នាក់។ ជុំវិញ​បរិវេណ​កើតហេតុ​ត្រូវបាន​បិទផ្លូវមិនអោយចរាច​រចេញចូល។

នៅព្រឹកនេះ ​បាតុកម្មអហិង្សា​​លើ​ផ្លូវជាតិលេខ​៥ និងផ្លូវជាតិ​លេខ​២ នៅតែ​មាន​ការ​តវ៉ា​បិទផ្លូវដដែល​ ទោះបីមានការប្រឈមមុខដាក់គ្នា​ជាមួយនឹង​ប៉ូលីស នេះ​បើតាម​ ​ ​លោក ជា មុនី ប្រធាន​សហជីព​សេរីកម្មករ​នៃព្រះរាជាណា​ចក្រកម្ពុជា។ មេដឹកនាំ​សហជីពសេរីកម្មករ​រូបនេះ បាន​បន្ត​ថា កម្មករ​ត្រូវបាន​ណែនាំ​អោយ​បាតុកម្ម​ដោយសន្តិវិធី និង​ភាគច្រើន​​នៃកម្មករ​ត្រូវ​ត្រឡប់​ទៅផ្ទះវិញ​យ៉ាងយូរបំផុត​ត្រឹម​ម៉ោង​៤​ល្ងាច។ ​តំណាង​សហជីព​ទាំង​ ៦ បាន​បង្ហាញ​ភាពស្រពិចស្រពិល​ក្នុងការ​កំណត់​អត្តសញ្ញាណ​របស់​​ក្រុម​អុកឡុក​​​​​នៅតាមរោងចក្រ​ និង​​បាតុករ​ហិង្សា​នៅ​ កំណាត់ផ្លូវ​វេងស្រេង ដោយ​បកស្រាយ​ត្រឹមថា បាតុកម្ម​របស់​សហជីព​​ និងកម្មករ​ គឺជា​ការសម្តែងមតិ​អហិង្សា​មិន​ពេញ​ចិត្ត​នឹងប្រាក់​បៀរវត្សតិចតួច ដែល​កើតពី​សុច្ឆឆន្ទៈរបស់កម្ម​ករ​ខ្លួន​​ឯង​ មិនមែន​ដើម្បីតែប្រយោ​ជន៍​របស់​​សហជីព​ទាំង​៦​ទេ។

តាម ប្រភពព័ត៌មានពី គណៈកម្មាធិការ​ប្រ​ព្រឹត្តិ​កម្ម​នៃ​​អង្គការ​សមាគម​ ការ​ពារ​សិទ្ធិមនុស្ស​កម្ពុជា តាមបណ្តោយផ្លូវវេងស្រេង រាជធានីភ្នំពេញ កងកំលាំង​ប៉ូលីស និងកងរាជអាវុធហត្ថបានចាប់ផ្តើម ចូលឆេកឆេរតាមផ្ទះប្រជាពលរដ្ឋហើយ។ បណ្តាញផ្សព្វផ្សាយ​ក្នុង​ស្រុក បាន​រាយការណ៍ពី ការបន្ត​កូដកម្ម​​របស់កម្មករ នៅ​ រោងចក្រ​ផលិស​ស្បែកជើង ជី ហួយ  ​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ត្រង់​សង្កាត់​ចាក់អង្រែ​ក្រោម មុខ​​រោងចក្រ ​MV បាតុកម្ម​របស់កម្មករ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កម្មករ​រោងចក្រ​ ដោយ​បញ្ជាក់ពីចំនួន​កម្មករ​រាប់​ពាន់នាក់​បន្ត​ធ្វើបាតុកម្ម​ និងកូដកម្ម​ដដែល៕​