😉 ដោយសាររក​​ព័ត៌មាន​សម្រាប់​ផ្សាយ​បន្ទាន់ក្នុងកម្មវិធីព័ត៌មាន​ពេលថ្ងៃត្រង់ ១រសៀល ថ្ងៃទី២ ខែមករា ឆ្នាំ២០១៤នេះ ព័ត៌មានរបស់ខ្ញុំ ចំនួន​ពីរ ត្រូវបាន​ចាក់ផ្សាយ​បន្តបន្ទាប់គ្នា។ កៀក​ម៉ោងមែនទែន តែ​អាច​បញ្ចប់ការ​ថត និងកាត់តសម្លេងទាន់… រួចមួយពេល តែលើកក្រោយ គួរតែ​ត្រៀម​ខ្លួន​អោយ​បាន​ប្រសើរ​ជាងនេះ។ ខាងក្រោមនេះ ជាព័ត៌មាន​ថ្មី ទើបសរសេរបាន​នៅព្រឹកម៉ិញ …

ស្តាប់សម្លេង ៖

 

បាតុ​កម្មបិទ​ផ្លូវ​​​របស់​កម្មករ​​ទាមទា​រ​ប្រាក់​ឈ្នួល​ ១៦០​​ដុល្លារ​​ឈាន​ដល់​ការ​បង្រ្កាប

បន្ទាប់ពី​​​សម្រាក​​​មួយថ្ងៃ​ដើម្បី​​ចូលឆ្នាំថ្មី កម្មករ​ និង​សហជីព​​ដែល​ទាមទារ​​ប្រាក់ឈ្នួល​​អប្បបរមា ១៦០ដុល្លារ នៅព្រឹក​​ថ្ងៃទី២ មករានេះ បាន​ចេញមុខជា​ថ្មី​មក​បិទ​ផ្លូវនៅមុខ​រោងចក្រ​​មួយ​ចំនួន​​នា​ជាយក្រុងភ្នំពេញ។ បាតុកម្ម​​ដោយ​​ការ​​បិទ​ផ្លូវ​​ជាតិ​​​សំខាន់ៗ បាន​ឈាន​​ដល់​​ការ​ប៉ះ​ទង្គិចគ្នា​ និង​រង​ការ​បង្ក្រាប​ដោយ​​អាជ្ញាធរនៅ​កន្លែង​កើត​ហេតុ។​ ទោះបីជា​យ៉ាងនេះ ក្តី​មេដឹកនាំ​សហជីព ប្រកាស​បន្ត​ធ្វើបាតុកម្ម​​បន្តទៀត​រហូតទាល់តែ សំណើ​ ១៦០ដុល្លារ​បាន​ទទួល​ជោគជ័យ។

ដូចការ​គ្រោងទុក បាតុកម្ម​​របស់​កម្មករ និង​សហជីព​ ទាមទារ​​ប្រាក់ឈ្នួល ១៦០ដុល្លារ ​នៅព្រឹក​ថ្ងៃទី២ មករា នេះ បាន​​ឈានដល់​​ការ​​បិទ​ផ្លូវ​​តវ៉ា នៅមុខ​រោងចក្រមួយ​​ចំនួន​ហើយ។ ការធ្វើចរាចរ​លើផ្លូវសំខាន់ៗ​នៅជាយ​ក្រុង​ភ្នំពេញ​ក្នុងតំបន់​​មួយ​ចំនួន​​ត្រូវបាន​​កកស្ទះនៅ​ពេលព្រឹក​ ដោយ​​សារ​​បាតុករ​បិទផ្លូវ​ ដូចជា លើផ្លូវ​ជាតិលេខ២ ក្នុង​​សង្កាត់​ចាក់អង្រែ​ក្រោម លើ​ផ្លូវ​ជាតិ​លេខ​៤ ​ខាង​មុខ​តំបន់​​សេដ្ឋកិច្ច​​ពិសេស​​រាជធានី​ភ្នំពេញ ​នៅ​ស្រុក​​អង្គស្នួល លើ​ផ្លូវ​ជាតិ​លេខ៥ ក្នុង​សង្កាត់​​ឬស្សីកែវ ជាដើម​។​

លោក ខេង ទីតូ អ្នក​នាំ​​ពាក្យ​កង​រាជអាវុធ​ហត្ថ​លើ​ផ្ទៃ​​ប្រទេស បាន​​បញ្ជាក់​ប្រាប់​វិទ្យុ​​បារាំង​​អន្តរជាតិ នៅ​ព្រឹក​ថ្ងៃទី​២ មករា នេះថា ការបិទ​ផ្លូវតវ៉ា​​របស់​កម្មករ​មិនមែន​ជា​រឿង​ថ្មី​ទេសម្រាប់​សមត្ថកិច្ច។ ក្នុងសភាព​ការណ៍​នេះ​កងកម្លាំង​​​រក្សា​​សណ្តាប់​ធ្នាប់​ និង​​ក្រុម​អន្តរាគមន៍​​​បាន​ត្រៀម​ជាស្រេច​ ដោយ​​រង់ចាំ​តែ​បញ្ជា​ដើម្បីឆ្លើយ​តបរាល់​​ភាពចលាចល និង​ភាពតាន​តឹង​​ដែល​​​​កើត​ចេញពី​ការបិទ​ផ្លូវនេះ​។

យ៉ាងហោច​ណាស់ តំណាង​​កម្មករ ៣​នាក់ ត្រូវបាន​​ឃាត់ខ្លួន​ ក្នុងពេល​​ប្រឈម​​មុខ​ជាមួយ​​កម្លាំង​​សមត្ថកិច្ច នៅតំបន់​​សេដ្ឋកិច្ច​​ពិសេស​​ភ្នំពេញ ហើយ​ការតវ៉ា​រ​បស់ក​ម្មករ​​ជាច្រើន​​កន្លែង​ទៀត​​កំពុង​តែ​ប្រឈម​មុខដាក់​គ្នាជាមួយ​នឹង​​សមត្ថកិច្ច​ នេះបើ​តាម លោក អំ សំអាត ប្រធាន​​​ផ្នែក​​​បច្ចេកទេស​ស៊ើបអង្កេត​​​របស់​​​អង្គការ​​លីកាដូ ប្រាប់​អោយដឹង​។ មន្រ្តីអង្គការ​លីកាដូ រូបនេះ យល់ថា ការ​បង្រ្កាបកម្មករ​ដែល​​តវ៉ា​​មិន​មែន​ជាជម្រើស​ដ៏ល្អទេ រូបភាព​នេះជា​​ការបំបិតបំភ័យ​គំរាមកំហែង​​ដល់​កម្មករ​ទៅវិញទេ ការចរចា​ និងដាក់​ដោយឡែក​​នូវ​រឿង​នយោបាយ ​ទើបជា​ដំណោះស្រាយ​​ដ៏ឆ្លាតវៃ។

ទោះជា​យ៉ាងណា​ក៏ដោយ ក៏មេដឹកនាំ​សហជីពទាំង៦​នៅតែ​ប្រកាសប​ន្តកូដ​កម្ម និង​បាតុកម្ម​រហូត​ដល់ការ​ទាមទារបាន​សម្រេច។ ថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​នេះដែរ មេដឹកនាំ​សហជីព​ទាំង៦ រួមមាន លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធសហជីព​ប្រជាធិបតេយ្យ​កម្មករកាត់ដេ​រកម្ពុជា (C,CAWDU) លោកស្រី ម៉ម ញឹម ប្រធាន​សហព័ន្ធ​សហជីពជាតិ​នៃឧស្សាហកម្មវាយនភ័ណ្ឌកាត់​ដេរកម្ពុជា (NIFTUC) លោក ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហជីព​ចលនា​ក​ម្មករ (CUMW) លោក ជា មុនី ប្រធាន​សហជីព​សេរីកម្មករ​នៃ​ព្រះរាជា​ណាចក្រកម្ពុជា (FTUWKC) លោកស្រី យ៉ាង សោភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា (CATU) និង​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា (CCU) បានរក្សាជំ​ហររួមគ្នា​ប​ន្តធ្វើបាតុកម្ម​​​រហូត​ដល់​ការទាមទារ​មានដំ​ណោះ​ស្រាយ៕

ផ្សាយ​ ៖ ថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ (ម៉ោង ១រសៀល – កម្មវិធីព័ត៌មាន)

អត្ថបទ ៖ ស្រី សុភក្រ្ត័

ត្រួតពិនិត្យ ៖ ប៉ែន ប៉ូណា

 

បក្សសង្គ្រោះជាតិមិនទាន់គិតគូរ​​ពី​តំណែង​តំណាងរាស្រ្តរបស់​លោក សម រង្ស៊ី

ផ្សាយ​ ៖ ថ្ងៃទី​២ ខែមករា ឆ្នាំ២០១៤ (៧ព្រឹក)

អត្ថបទ ៖ ស្រី សុភក្រ្ត័

ត្រួតពិនិត្យ ៖ ប៉ែន ប៉ូណា