បក្សសង្គ្រោះជាតិមិនទាន់គិតគូរ​​ពី​តំណែង​តំណាងរាស្រ្តរបស់​លោក សម រង្ស៊ី

 

តាម​​ប្រតិទិន​​ការងារ​​របស់ គណៈកម្មាធិ​ការជាតិ​រៀបចំការ​បោះឆ្នោត​ (គ.ជ.ប) ការផ្តល់​សុពលភាព​លើ​បញ្ជីឈ្មោះ​អ្នកបោះឆ្នោត​​ផ្លូវការ​ឆ្នាំ២០១៣ នឹង​​ត្រូវ​ចេញផ្សាយ​​កាលពី​​ថ្ងៃ​ទី​៣១ ធ្នូ​ ២០១៣។ ក្នុងបញ្ជី​នោះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​​សង្គ្រោះជាតិ ដែល​បាន​​ចុះឈ្មោះ​បោះឆ្នោត​កាលពី​ខែតុលា ឆ្នាំ២០១៣ ត្រូវបាន គ.ជ.ប ​ផ្តល់សុពលភាព​​នៅមណ្ឌល​ភ្នំពេញ។ គណបក្ស​​សង្រ្គោះ​ជាតិ​ អះអាងថា មិនទាន់​បាន​គិតគូ​ពីតំណែង​​តំណាងរាស្រ្ត ព្រោះ​កំពុង​ជម្រុញ​​ឱ្យមាន​​កំណែ​ទម្រង់ប្រព័ន្ធ​បោះឆ្នោត និង​​ការ​បោះឆ្នោត​​ឡើងវិញ។

លោក សម រង្ស៊ី ​មាន​ឈ្មោះ​ក្នុងបញ្ជី​ឈ្មោះអ្នកបោះឆ្នោត​​ផ្លូវការ​ហើយ​កាល​ពីថ្ងៃទី៣១ ធ្នូ ឆ្នាំ ២០១៣ ដោយ​​ឈ្មោះ​​របស់​​មេបក្សប្រឆាំង​រូបនេះ មានក្នុង​បញ្ជី​​នៅ​មណ្ឌលភ្នំពេញ សង្កាត់​ចាក់អង្រែលើ។ នេះ​បើយោង​តាម​លោក កែវ ផល្លា ប្រធាន​នាយកដ្ឋាន​​សេវាកម្ម​​ច្បាប់ និង​វិវាទកម្ម គ.ជ.ប ដែល​បាន​បញ្ជាក់​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​នៅថ្ងៃទី​១ មករានេះ។ ការផ្តល់​សុពលភាព​លើ​បញ្ជី​អ្នកបោះឆ្នោត​​ផ្លូវការ ​ត្រូវ​បាន គ.ជ.ប កំណត់​ធ្វើឡើង​នៅរៀង​រាល់​ចុងឆ្នាំ ពោល​គឺនៅ​ថ្ងៃទី​៣១ ខែធ្នូ។ បញ្ជី​ឈ្មោះអ្នក​បោះឆ្នោត​​ផ្លូវការ គឺជា​លក្ខខណ្ឌ​ចាំបាច់មួយ ដើម្បី​ឱ្យអ្នក​​នយោបាយ​​អាចឈរ​ឈ្មោះ​បោះឆ្នោត ឬឈោង​​ចាប់​តំណែងជា​​តំណាងរាស្រ្ត​​តាមរយៈ​ការបោះឆ្នោត។

ទោះបីជា​យ៉ាងនេះក្តី លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្សសង្រ្គោះ​ជាតិ​ បាន​ថ្លែង​ថា មកទល់​នឹងពេល​នេះ គណបក្ស​​សង្គ្រោះជាតិ មិនទាន់​បានគិត​គូរ រឿងរក្សា​​តំណែង​តំណាងរាស្រ្ត​តាមរយៈ​​បញ្ជីឈ្មោះ​អ្នកបោះឆ្នោត​​ទេ ព្រោះ​បក្ស​ប្រឆាំង​កំពុង​តែ​​ជំរុញកំណែ​ទម្រង់ការ​បោះឆ្នោត​ឡើងវិញ ស្រប​តាមឆន្ទៈ​របស់​បាតុករ។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បីការ​បោះឆ្នោត​ដោយ​សេរី និងយុត្តិធម៌​នៅ​កម្ពុជា (ខុមហ្វ្រែល) បាន​ឱ្យ​ដឹងថា បញ្ជី​ឈ្មោះ​បោះឆ្នោត​​បច្ចុប្បន្ន​មានគុណភាព​ទាបនាំឱ្យ​​បាត់បង់​សិទ្ធិ​អ្នកបោះឆ្នោត​​ច្រើន ដូច្នេះ​ការ​ប្រើប្រាស់​បញ្ជីនេះ អាច​ប៉ះពាល់​​លទ្ធផល​បោះឆ្នោត និង​ដំណើរ​ការបោះ​ឆ្នោតឡើងវិញ។ លោកបាន​​ផ្តល់យោបល់​ថា គួរតែរៀបចំ​ប្រព័ន្ធចុះ​ឈ្មោះបោះ​ឆ្នោត​ថ្មី​ដោយផ្អែក​លើទិន្នន័យ​​អត្រានុកូលដ្ឋាន​ ឬប្រើ​ទិន្នន័យ​ជីវសាស្រ្ត​​ដោយ​មាន​ទិន្នន័យ​រូបថត ឈ្មោះ និង​លេខអត្ត​សញ្ញាណ​បណ្ណ​​ដែល​អាចធ្វើបាន​ ទោះបីជា​​ត្រូវការ​ពេលវេលា​ច្រើន​។

គួរបញ្ជាក់ថា ក្រុម​ប្រឹក្សា​​សង្កាត់​បឹងរាំង រាជធានី​ភ្នំពេញ បាន​​លុប​ឈ្មោះ​​លោក សម រង្ស៊ី ពី​បញ្ជី​​ឈ្មោះ​បោះ​ឆ្នោតកាល​​ពី​ថ្ងៃ​ទី២៧ ខែ​តុលា ឆ្នាំ​២០១២ ដោយ​សំអាង​​លើ​សាល​ដីកា​​របស់​តុលាការ​​កំពូល​ដែល​​សម្រេច​ឲ្យ​​លោក សម រង្ស៊ី ជាប់​​ពន្ធនាគារ។ ក្រោយ​វិលត្រឡប់​ចូលស្រុកវិញ​​កាលពីខែកក្កដា ឆ្នាំ ២០១៣ បន្ទាប់ពី​ការលើកលែង​ទោសពីព្រះ​មហាក្សត្រ លោក សម​ រង្ស៊ី ខកខាន​មិនបានឈរ​ឈ្មោះជា​បេក្ខជនតំណាង​រាស្ត្រទេ ដោយសារ​គ្មានឈ្មោះ​ក្នុងបញ្ជី។ ពេល​នេះ លោក សម រង្ស៊ី​ មានឈ្មោះ​ក្នុងបញ្ជី​បោះឆ្នោត​ឡើងវិញ​ហើយ ប៉ុន្តែ មេដឹកនាំ​បក្សប្រឆាំង​រូបនេះនៅ​តែមិនទាន់​ក្លាយជា​តំណាង​រាស្ត្រ​នៅឡើយ​ទេ៕

ផ្សាយ​ ៖ ថ្ងៃទី​២ ខែមករា ឆ្នាំ២០១៤ (៧ព្រឹក)

អត្ថបទ ៖ ស្រី សុភក្រ្ត័

ត្រួតពិនិត្យ ៖ ប៉ែន ប៉ូណា