សហជីព​​​ព្រមាន​បន្តបាតុកម្ម ខណៈ​ដែល​អាជ្ញាធរ​ព្រមាន​ចាត់វិធាន​ការ​ផ្លូវច្បាប់​ទៅលើ​មេសហជីព

 

ខណៈ​ដែល​ពលរដ្ឋ​​កម្ពុជា កំពុង​អំណរសាទរ ថ្ងៃថ្មីឆ្នាំថ្មី ​បាតុកម្ម​​របស់ កម្មករ​ផ្នែក​វាយ​នភណ្ឌ និង​​សហជីព​ ដែល​ទាមទា​​ប្រាក់ខែ​គោល​យ៉ាង​ហោច​ណាស់ ១៦០ដុល្លារ​សហរដ្ឋ​អាមេរិក ក៏បាន​​ស្ងប់ស្ងាត់​​ក្នុងថ្ងៃពិសេស​នេះដែរ ។ ប៉ុន្តែ បើតាម​​មេដឹកនាំ​សហជីព ​បាតុកម្ម​នេះ​​នឹងកម្រើក​​ឡើងវិញ​ក្នុង​រូបភាព​​ជាទ្រង់ទ្រាយ​​ធំ​ ចាប់ពី​ថ្ងៃទី២ មករា​ ប្រសិន​បើ​ការ​ទាមទារ​​មិនទាន់​ទទួល​បាន​​ជោគជ័យ។  រដ្ឋាភិបាល​បានព្រមាន​ទុកជាមុន​ឲ្យមេដឹកនាំ​សហជីព​បញ្ឈប់​​បាតុកម្ម។

 

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីពកម្ពុជា (CCU) បាន​​បញ្ជាក់​នៅព្រឹកថ្ងៃទី១ មករា ថា បាតុកម្ម​​របស់​​កម្មករ និង​​សហជីព​​ទាំង​​៦ សម្រេច​ឈប់​សម្រាក​មួយថ្ងៃ​ដើម្បីចូល​ឆ្នាំថ្មី  ប៉ុន្តែ ចាប់ពីថ្ងៃ​ទី២ មករា តទៅ បាតុកម្ម​នឹង​បន្តធ្វើ​ជាទ្រង់ទ្រាយ​ធំ ដែលអាច​ប្រែប្រួល​តាមយុទ្ធ​សាស្រ្ត​​ជាក់ស្តែង​ជាបន្ត​បន្ទាប់។ ប្រធាន​​សហភាព​សហជីព​​រូបនេះ រំពឹងទុកថា បើ​កម្មករ​​ចំណាយ​ពេលបន្តិច​បន្តួចទៀត ពួកគេ​នឹង​ទទួល​បាន​ផ្លែផ្កា​​ចេញពីការ​​ទាមទា​រ​ដំឡើង​ប្រាក់​ឈ្នួល​​អប្បបរមា​ដល់​ កម្រិត​ ១៦០ដុល្លារសហរដ្ឋអាមេរិក​។ ​

ក្រសួង​ការងារ និងបណ្តុះ​​បណ្តាល​​វិជ្ជាជីវៈ កាលពី​ថ្ងៃទី៣១ ធ្នូ បាន​​សម្រេច​ឡើងវិញ ដោយ​ដំឡើង​ប្រាក់​​ឈ្នួល​អប្បបរមា​ដល់​ ១០០ដុល្លារ​សហរដ្ឋ​អាមេរិក តែ​មេដឹកនាំ​​សហជីព​ចំនួន ៦ រួមមាន លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា (CCU) លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព ប្រជា​ធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា(C,CAWDU) លោកស្រី ម៉ម ញឹម ប្រធាន​សហព័ន្ធ​សហជីព​ជាតិនៃឧស្សាហកម្ម​វាយនភ័ណ្ឌ​កាត់ដេរ​កម្ពុជា ( NIFTUC) លោក ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធសហជីព​ចលនា​កម្មករ (CUMW) លោក ជា មុនី ប្រធាន​សហជីពសេរីកម្មករ​នៃព្រះរាជា​ណាចក្រ​កម្ពុជា (FTUWKC) លោកស្រី យ៉ាង សោភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា (CATU) មិនទាន់​ពេញចិត្ត​នឹង​លទ្ធផលនេះ​នៅឡើយ​ទេ​។

ទោះបីជាយ៉ាងនេះក្តី ក្រសួង​ការងារ បាន​ស្នើ​ឲ្យ​កម្មក​រ​វិល​ចូល​​ធ្វើការ​ដូច​ដើម​​​វិញ ចាប់ពី​ថ្ងៃ​ទី​២​ ខែ​មករា ​ឆ្នាំ​២០១៤​ ហើយ​បន្ត​ព្រមាន​ ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​​តឹងរឹង ទៅ​លើ​​អ្នក​​ដឹកនាំ​​ធ្វើបាតុកម្ម ដោយ​ចោទ​​ថា អ្នក​​ទាំងនោះ​ជា​អ្នក​ញុះញង់​​កម្មករ​​ឲ្យធ្វើ​​បាតុកម្ម បង្ក​ឲ្យ​​ខូច​សណ្តាប់​ធ្នាប់​សង្គម និង​​ប្រយោជន៍​សាធារណៈ​។​

កាលថ្ងៃទី​២៧ ធ្នូ ក្រសួង​​មហាផ្ទៃ​ ក៏បានចេញ​លិខិតមួយ​ ព្រមាន​លុបឈ្មោះ​ សមាគម​គ្រូបង្រៀន​​កម្ពុជាឯករាជ្យ ប្រសិន​បើ​​លោក រ៉ុង ឈុន ប្រធាន​សមាគម​ មិន​គោរព​តាម​លក្ខន្តិកៈ​បង្កើត​សមាគម​​ហើយ​នៅតែ​បន្ត​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ ដោយ​ខុសច្បាប់។  ប៉ុន្តែ លោក រ៉ុង ឈុន ចាត់​ទុកថា សេចក្តី​ប្រកាស​របស់ក្រសួង​មហាផ្ទៃ គ្រាន់​ជា​លេស​រារាំង​នូវដំណើរការ​​ទាមទារ​ប្រាក់​ឈ្នួលរបស់​​សហជីព និងសមាគម​ប៉ុណ្ណោះ ព្រោះ​ច្បាប់​បានធានា​ការទាមទារ​របស់ពលរដ្ឋ​​ខ្មែរ​​តាមរយៈ​​បាតុកម្ម​​ដោយសន្តិវិធី។

សូមបញ្ជាក់ថា លោក រ៉ុង ឈុន ក៏ត្រូវ​រដ្ឋាភិបាល​ព្រមានប្តឹងទៅ​តុលាការដោយសារតែ​សហភាពសហជីព​របស់លោក​មិនត្រូវ​បានទទួល​ស្គាល់ដោយ​ក្រសួងការងារទេ។ ចំណែកឯ ប្រធានសហជីព​៥នាក់ទៀត ក៏រងការព្រមាន​​ឲ្យបញ្ឈប់​ការដឹកនាំ​បាតុកម្មដែរ​ក្រោម​ហេតុផលថា នោះគឺ​ជា បាតុកម្ម​ខុស​ច្បាប់៕

ផ្សាយ ៖ ថ្ងៃទី១ ខែមករា ឆ្នាំ២០១៤

អត្ថបទ ៖ ស្រី សុភក្រ្ត័

ត្រួតពិនិត្យ ៖ ប៉ែន ប៉ូណា