ជម្លោះ​​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​​២០១៣​ អាច​នឹង​ក្លាយ​ជា​​វិបត្តិ​​នយោ​បាយ​នៅ​កម្ពុជា

ជម្លោះ​​នៃ​ការ​បោះ​ឆ្នោត​ជាតិ ក្នុង​ខែកក្កដា ឆ្នាំ២០១៣ នៅ​កម្ពុជា បាន​​វិវត្តន៍​បន្តិច​ម្តងៗ​អាច​ទៅ​​​ជា​​វិបត្តិ​​នយោ​បាយ​។ ទោះបីជា​យ៉ាងនេះ​ក្តី ជម្លោះ​ ឬ/និង​​វិបត្តិ​​នយោបាយ​​នៅ​ក្នុង​​ប្រទេស​កម្ពុជា គឺមិនមែន​​ជា​លើ​ក​​ដំបូង​​ឡើយ​ព្រោះវា​ធ្លាប់កើ​ត​ឡើង​​តាំង​ពី​សម័យ​សង្គ្រាម​​ត្រជាក់​តាំង​ពី​​​ទសវត្ស​ឆ្នាំ១៩៧០ កម្ពុជាមាន​វិបត្តិ​នយោបាយ ដោយ​ភ្ជាប់​​ការ​តស៊ូ​ដណ្តើម​​អំណាច​​នយោបាយ​ដោយ​អាវុធ និង​​​ក្រោ​យមក​​ទៀត​បន្ទាប់​ពី​ដំណើរ​ការបោះ​ឆ្នោ​ត​ក្នុ​ង​ឆ្នាំ១៩៩៣ ​រហូត​​មក​ដល់​បច្ចុប្បន្ន​​ កម្ពុជាជួប​ប្រឈម​​ជម្លោះ​បោះ​ឆ្នោត​ ហើយ​ឈាន​​ទៅរក​​​ជម្លោះ ឬ​ជាប់​គាំង​​នយោ​​បាយ​​​ក្នុង​រយៈពេល​​ខ្លី។ ​

ជម្លោះ​​បោះឆ្នោត​​លើក​នេះ​ប្រាកដ​ណាស់ថា បាន​ចាប់ពន្លក​​​តាំងពី​ការ​រៀបចំ​​មុនពេល​បោះឆ្នោត។ ជាការ​ពិត ​ការចាត់ចែង​ការ​បោះឆ្នោត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៣ មិនទាន់​​មាន​ភាព​សេរី និង​យុតិ្តធម៌ ដោយ​សារ​​ខ្វះខាត​​ការប្រកួត​ប្រជែង​​​លើ​ទីលាន​​បោះឆ្នោត​​ដ៏ត្រឹមត្រូវ​។ គណបក្ស​មិន​កាន់​អំណាច​ ជា​ពិសេស​គណបក្ស​​សង្រ្គោះ​ជាតិ​​បាន​ត្អូញត្អែរ​​លើ​ចំណុច​សំខាន់ៗទាក់ទង​នឹង​​សមាស​ភាព​​សមាជិក​របស់​គណៈ​កម្មាធិការ​​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត(គ.ជ.ប) និង​​បញ្ជី​​ឈ្មោះ​អ្នក​បោះឆ្នោត​ ព្រមទាំង​​ការ​ចេញ​​លិខិត​បញ្ជាក់​អត្ត​សញ្ញាណ​សម្រាប់​បម្រើឱ្​យការ​បោះឆ្នោត។ សមាជិក គ.ជ.ប ទាំង​៩ ត្រូវ​បាន​​ជ្រើសរើស​​​យ៉ាង​សម្ងាត់ និង​​ជ្រើសតាំង​​ដោយ​​រដ្ឋាភិបាល​​គណបក្ស​ប្រជាជន​កម្ពុជា (រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ គណៈ​រដ្ឋមន្រ្តី និង​​សមាជិក​រដ្ឋសភា​របស់​​បក្ស​ប្រជាជន​កម្ពុជា)។ ទោះបីជា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​​ស្នើ​ដើម្បី​ពន្យារ​ពេល​​បោះ​ឆ្នោត​ ដើម្បី​​​រៀប​ចំ​​ការចុះឈ្មោះ​បោះឆ្នោត​​ឡើងវិញ ធានា​គុណភាព​នៃ​បញ្ជីឈ្មោះ​​អ្នកបោះឆ្នោត តែ​សំណើ​នេះ​​មិន​ត្រូវ​បាន​យកចិត្ត​​ទុកដាក់​ដោះស្រាយ​​ឡើយ​។

រាប់​ចាប់ពី​​ការតែង​តាំង​​សមាស​ភាព​នៃ គ.ជ.ប ​ក៏​​មិន​​បា​ន​​ឆ្លើយតប​​នឹង​​អនុសាសន៍​​​របស់​អ្នកជំនាញ​​ការ​ងារ​​បោះឆ្នោត​ជាតិ​ អន្តរជាតិ និង​ការ​ខកខាន​​មិនបាន​​កំណែ​ទម្រង់​ស្ថាប័ន​អាជ្ញា​កណ្តាល​​មួយនេះ ការ​លុប​​ឈ្មោះ​​មេដឹកនាំ​​គណបក្ស​​សង្គ្រោះ​ជាតិ ដែលជា​គណបក្ស​ជំទាស់​រដ្ឋាភិបាល​​ដ៏ធំ​​មួយ និង​ជា​គូប្រជែង​​ស្មើ​កម្លាំង​គ្នា គឺជាការ​យកប្រៀប​​ខាង​យុទ្ធសាស្រ្ត​ដោយ​ចេតនា​​មិនតឹ្រម​ត្រូវ​ដោយ​គ.ជ.ប ដែលជា​ស្ថាប័ន​​​ទទួល​ស្គាល់ និង​ប្រកាស​ជោគ​ជ័យ​​របស់​​គណបក្ស​កាន់​អំណាច។ ​បន្ថែម​ទំនាស់​​នោះទៀ​ត ការ​ខ្វះខាត​ទំនុក​ចិត្ត និង​ទំនាស់​បែប​បុគ្គល​រវាង​មេដឹកនាំ​បានកើន​ឡើង។ គណបក្ស​​កាន់​អំណាច​​ត្រូវបាន​​គេជឿជាក់​ថា បាន​​គាំ​​ទ្រ​ពី​ក្រោយ​​​ខ្នង​​យុទ្ធនាការ​​ប្រឆាំង​នឹង​​មេដឹកនាំ​គណបក្ស​​សង្រ្គោះជាតិ​​ជាបន្តបន្ទាប់​ ដូចជា លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​​នៅ​ក្នុង​​ពិធី​​បញ្ចុះ​​ខណ្ឌ​សីមា​​នៅ​​វត្ត​​មង្គលវង្ស ក្នុង​ខេត្ត​កំពង់​ចាម កាលពី​ថ្ងៃទី​៣០​ ខែ​ឧសភា ឆ្នាំ២០១៣ ថា នៅ​ពេល​​លោក កឹម សុខា ត្រឡប់​​មក​ពី​​សហរដ្ឋ​​អាមេរិក​វិញ​ ប្រជា​ពលរដ្ឋ​​នឹង​ធ្វើ​បាតុកម្ម​​ប្រឆាំង​​នឹង​លោក ប្រសិន​បើ​​លោក កឹម សុខា មិន​ធ្វើ​ការ​​សុំ​ទោស​​ប្រជា​ពលរដ្ឋ​​ទាក់ទិន​​នឹង​​ការបកស្រាយ​​អំពី​​គុក​ទួលស្លែង​ និង​កងទ័ព​​វៀត​ណាម​​។ មិនយូរប៉ុន្មាន​ នៅថ្ងៃទី​៩ ខែមិថុនា ឆ្នាំ២០១៣ លោក ជុំ ម៉ី ជា​អតីត​​អ្នក​រងគ្រោះ​​នៅ​ក្នុង​​របប​​ខ្មែរ​ក្រហម និង​ជា​ប្រធាន​សមាគម​​ក្សេម​ក្សាន្ត បានដឹកនាំ​បាតុកម្មក្នុង​ក្រុងភ្នំពេញដែលមាន​អ្នកចូល​រួម​រាប់​ពាន់នាក់ ហើយការផ្សាយផ្ទាល់​ពីបាតុ​កម្ម​​តាមរយៈ​ទូរទស្សន៍​បាយ័ន​ជាលើក​​ដំបូង ដើម្បី​ប្រឆាំងនឹង​​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ។ បាតុកម្ម​នេះ​​ត្រូវ​បាន​មន្រ្តី​សំខាន់ៗ​របស់​គណបក្ស​​ប្រជាជន​កម្ពុជា ដូចជា លោក ជាម យៀប លោក ឈាង វុន … ក៏បាន​អះអាង​ថា​ នឹ​ង​ចូលរួម​​បាតកម្ម​​នេះដែរ។ ជាងនេះ​ទៅទៀត អនុប្រធាន​​គណបក្ស​សង្គ្រោះជាតិ ក៏ត្រូវបាន​​អុក​ឡុក​​ដោយ​​ស្រ្តីម្នាក់​​ដែល​អះអាងថា ស្រ្តីកំណាន់​​ជាច្រើន​លើក​​ក្នុងពេល​​ដែល​លោក​ចុះ​ធ្វើវេទិកា​​ផ្សេង​ៗ​ជាមួយ​​ប្រជាពលរដ្ឋ។

ទោះបី​ជា​យ៉ាងណា ស្ថានការណ៍​មុន​ថ្ងៃបោះឆ្នោត​ហាក់​​បាន​​ធូរស្រាល​​បន្តិច ខណៈដែល​លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​​ស្នើ​ទៅ​​ព្រះមហាក្ស​ត្រ​​ដើម្បី​​ព្រះរាជទាន​​ការលើកលែង​ទោស​ដល់​​ប្រធាន​គណបក្ស​​សង្រ្គោះជាតិ លោក សម រង្ស៊ី ក្នុងអំឡុង​ពេល​ឃោសនា​បោះឆ្នោត។ ការនិវត្ត​ន៍​​ចូលស្រុក​​វិញ របស់​មេដឹក​នាំ​គណបក្ស​​សង្រ្គោះជាតិ ដែល​មាន​​អ្ន​កគាំទ្រ​​គណបក្ស​សង្គ្រោះជាតិ​រាប់​ម៉ឺន​​នាក់បាន​ចូលរួម​​អបអរ និង​​ស្វា​គមន៍ បាន​ក្លាយជា​សញ្ញាណវិវ​ត្តន៍​នៃ​ដំណើរ​ប្រជាធិបតេយ្យ​នៅកម្ពុជា ខណៈសង្គមស៊ីវិលក៏បាន​សម្តែង​​ការសាទរ​​​ចំពោះ​​កិច្ច​សម្រប​​សម្រួល​​នយោបាយ​មួយនេះ។ យុវជន​​ជាច្រើន​ម៉ឺន​នាក់ ចេញមុខ​​​ដង្ហែតាម​ដងផ្លូវ​ និង​ប្រើប្រាស់​​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ហ្វែសប៊ុក ដើម្បី​បញ្ជាក់ពីការ​គាំទ្រគណបក្សសង្រ្គោះជាតិ ក្រោមពាក្យ​ឃោសនា «ដូរ ឬ​មិន​ដូរ» ដែលខុសពី​ការបោះឆ្នោត​មុនៗ។

ការផ្លាស់ប្តូរដ៏​ធំមួយបាន​ស្តែង​​ឡើងតាមរយៈ​​ការបោះឆ្នោត​នៅថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ២០១៣ ដោយ​​សារ​​​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ដែល​​ធ្លាប់​តែ​ស្ងប់ស្ងាត់​នឹង​​សន្តិភាព​ បាន​ចេញ​​មក​ការពារ​ និង​តាមដាន​​លទ្ធផលឆ្នោត​​របស់ពួកគេ។ គណបក្ស​សង្គ្រោះ​ជាតិ​​បាន​​រកឃើញថា ​ខ្លួន​បាន​ទទួល​លទ្ធផល​​ឈ្នះ​លើ គណបក្ស​​ប្រជាជន​កម្ពុជា​ ថា ៦៣អាសនៈ ទល់នឹង ៦០អាសនៈ។ តាមការ​ប្រកាស​លទ្ធផល​ផ្លូវការ​នៃការ​បោះឆ្នោត​​​ជ្រើស​តាំង​​តំណាងរាស្រ្ត​ នីតិកាលទី​៥ (ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ២០១៣) និង​​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​ថា ​គណបក្ស​សង្រ្គោះជា​តិ​ទទួលបាន​ ៥៥អាសនៈ ចំណែក​​គណបក្សប្រជាជ​ន​កម្ពុជា​​ទទួលបាន​ ៦៨អាសនៈ​។ ការប្រកាស​​លទ្ធផល​​បោះឆ្នោតនេះ​បានបង្កើត​​ជា​ជម្លោះ ហេតុដូច្នេះ​​ហើយ គណបក្ស​សង្គ្រោះ​ជាតិ ពិសេស​​អ្នកគាំទ្រ​ សកម្ម​ជន​​​របស់​​គណបក្សនេះ មិនជឿលើ​​លទ្ធផល​នេះទេ ពួកគេ​​ទាមទា​ឱ្យ​ គ.ជ.ប និង​គណបក្ស​​ប្រជាជនកម្ពុជា ត្រូវ​ធ្វើការ​​អង្កេត​មួយ​ ដើម្បី​ផ្ទៀងផ្ទាត់​​លទ្ធផល​នេះ។ គ.ជ.ប និង​គណបក្ស​ប្រជាជន​កម្ពុជា មិន​​សហការក្នុង​ការ​បង្កើត​​គណៈ​កម្ម​ការ​​ឯករាជ្យ​ដើម្បីធ្វើការ​ស៊ើប​អង្កេត​លទ្ធផល​ និង​ភាព​មិនប្រក្រតី​បោះឆ្នោត។ ពាក្យ​បណ្តឹង​​អំពី​ភាព​​មិនប្រក្រតី​​បោះឆ្នោត​ត្រូវ​បាន​បដិ​សេធ​ដោយ​ គ.ជ.ប រួមទាំង​ មិនលើក​​ការផ្ទៀត​ផ្ទាត់​​លទ្ធផល​បោះ​ឆ្នោត​​ពីការិយាល័យ​​បោះឆ្នោត​ ពិសេ​ស​​គឺទម្រង់​ ១១០២ និង​១១០៤។ មានភាព​មិនប្រក្រតី​មួយចំនួន​​ដែល​អាច​​ប៉ះពាល់​លទ្ធផល​​បោះឆ្នោត​ គោលការណ៍​​សុវត្ថិភាព​ អ្នក​បោះឆ្នោត​​ម្នាក់​​បោះបាន​​តែមួយ​សន្លឹក​ មិនត្រូវ​​បាន​ធានា​​ព្រោះថា ទឹកថ្នាំខ្មៅ​ត្រូវបាន​​លាង​ជ្រះ និង​បញ្ជីឈ្មោះ​​អ្នកបោះឆ្នោត​​​ផ្លូវការ​ដែល​មិនមាន​គុណភាព​​។

គណបក្សប្រជាជន​កម្ពុជា​ ចង់ប្រើប្រាស់​ស្ថាប័ន​រដ្ឋ​​​ដែល​​ខ្លួន​ត្រួតត្រា​​ដើម្បីដោះស្រា​យ​​បណ្តឹង​ និងអង្កេត​​លើ​ភាព​មិនប្រក្រតី​ តែគណបក្ស​សង្រ្គោះជាតិ​​មិនមាន​ជំនឿ​លើ​ស្ថាប័នរដ្ឋ​ ដោយទាមទា​​​យន្ត​ការចម្រុះ ឬឯករាជ្យ​ដែល​​មាន​ការចូលរួម​ពី​​អង្គការ​​សហប្រជាជាតិ​ និង​សង្គម​ស៊ីវិល​។ ទំនាស់​​បោះឆ្នោត​ វាបាន​ជម្រុញ​ឱ្យ​​បង្កើន​កំដៅ​ជម្លោះ​​នយោបាយ​ គណបក្ស​សង្គ្រោះជាតិ​​បានរៀបចំ​​ធ្វើ​​មហា​បាតុកម្ម​​ច្រើនដង ដើម្បី​ទាមទា​​យុត្តិធម៌​ក្នុងពេល​បោះឆ្នោត​ដោយ​មាន​​អ្នក​ចូលរួម​រាប់​ម៉ឺននាក់ ចំណែក​​គណបក្ស​​ប្រជាជនកម្ពុជា​​បាន​ចល័តទ័ព​​ចូល​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បីបង្ហាញ​​សាច់ដុំរបស់ខ្លួន​​តាមរយៈ​កង​កម្លាំង​អាវុធ ព្រមគ្រឿង​យុទ្ធភណ្ឌ​ទ័ព​យោធា​ដែល​​ស្មគ្រ​ការពារ​គណបក្ស​កាន់​អំណាច​ ទោះបីជា​​​មជ្ឈដ្ឋាន​ទូទៅ​​យល់​ថា ជាកម្លាំង​ដែល​​នឹង​ត្រៀមបង្ក្រាប​​បាតុករ​របស់​​បក្សប្រឆាំង និង​ជា​ការ​បំភិត​​ភ័យ​ដល់​ពលរដ្ឋ​​ តែបក្ស​កាន់អំណាច​បកស្រាយថា ដើម្បីរក្សា​សន្តិខុស​នឹង​​សណ្តាប់ធ្នាប់​សាធារណៈប៉ុណ្ណោះ​។​ សម្រាប់​ព្រឹត្តិ​ការណ៍​​​បាតុកម្ម​លើក​ទី១ ការបង្រ្កាប​​ដោយរាជរដ្ឋាភិបាល​​ទៅលើបាតុករ(អហិង្សា) បាន​ក្លាយ​ជា​កំហុសមួយ​ដ៏ធំ​របស់រាជ​រដ្ឋាភិបាល ​ព្រោះ​បាន​​បណ្តាលឱ្យ​មាន​ពលរដ្ឋ​​ស្លូតត្រង់​ស្លាប់ និង​រងរបួស​ជាច្រើន ដោយសារ​ការ​រារាំង និង​ឆែកឆេរ​របស់សមត្ថកិច្ច​  ពិសេស​ការបិទផ្លូវ​ដោយ​ប្រើលួស​បន្លាជា​របាំង​។ ជាក់ស្តែង កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ មាន​ព្រឹត្តិការ​ណ៍​​ប៉ះ​ទង្គិច​ហិង្សា​មួយ​​កើត​ឡើង​នៅ​ស្ពាន​​អាកាស​ក្បាល​​ថ្នល់រវាង​សមត្ថកិច្ច​​​​រាប់រយនាក់ប្រដាប់​ដោយខែល ដំបង គ្រាប់បែកផ្សែង កាំភ្លើងគ្រាប់ពិត ជាមួយនឹង​ក្រុម​អ្នកតវ៉ា​​ប្រមាណជិត ៣០នាក់ យ៉ាងហោច​ណាស់បាន​បណ្តាល​ឱ្យមនុស្សម្នាក់​ស្លាប់ ១៥នាក់រងរបួស និង​មនុស្ស ​៦នាក់ ត្រូវសមត្ថកិច្ច​ចាប់ខ្លួន។ បុរស​ម្នាក់​ឈ្មោះ ម៉ៅ សុខចន្ទ អាយុ ២៩​ឆ្នាំ ត្រូវបាន​អះអាថា ជាអ្នកដំណើរ​តាមផ្លូវ បាន​ស្លាប់​ភ្លាមៗ​​នៅ​កន្លែង​កើត​​ហេតុដោយ​​ត្រូវ​គ្រាប់​​កាំភ្លើង (K59) បាញ់ចំ​ក្បាល។

ដើមឡើយ​ គណបក្សប្រជាជន​កម្ពុជា​ហាក់ដូចជា​បាន​យល់ស្រប​​ដើម្បី​បង្កើត​​គណៈកម្មការ​ចម្រុះ​​ដើម្បីស៊ើប​អង្កេត​ភាពមិន​ប្រក្រតី​ក្នុងពេល​បោះឆ្នោត​​ដែលស្នើ​​ដោយ​គណបក្សសង្គ្រោះជាតិ នេះបើ​យោង​លើ​​ប្រសាសន៍​របស់​ លោក ហ៊ុន សែន បេក្ខជន​នាយករដ្ឋមន្រ្តី​នៃ​គណបក្ស​ប្រជាជនកម្ពុជា កាលពីថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ២០១៣ ក្នុងពេល​​ចុះពិនិត្យ​ការដ្ឋាន​សង់​​ស្ពាន​អាកាស​​ស្ទឹងមានជ័យ។ ក្រោយជំនួប​ចរចា​ជាច្រើន​លើកច្រើនសារ​រវាង​គណបក្ស​​ប្រជាជនកម្ពុជា និងគណបក្ស​​សង្រ្គោះជាតិ កម្រិត​ថ្នាក់ដឹកនាំ​​កណ្តាលមក គណបក្ស​ប្រជាជនកម្ពុ​ជា​បែរជា​​បដិសេធ​យន្តការ​​នៃ​គណៈកម្មការ​ចម្រុះ​ទៅវិញ។ ទោះយ៉ាងណា មាន​ការ​ចាប់ផ្តើម​​បើកជំនួប​​​មេដឹកនាំ​​កំពូល​នៃ​គណបក្ស​ទាំងពីរ​​ដោយ​​ព្រះមហាក្សត្រ​។ មាន​កិច្ចប្រជុំ​ពិភាក្សា​រវាង​​មេដឹកនាំ​កំពូល​នៃគណបក្ស​​ទាំងពីរចំនួន ២លើក នៅថ្ងៃទី​១៦ និង​១៧ ខែកញ្ញា​ ឆ្នាំ​២០១៣។ លទ្ធផល​កិច្ចប្រជុំលើកទីមួយ បានស្រុះស្រួលគ្នា​​​ក្នុងការ​​បង្កើត​យន្តការ​ កំណែទម្រ​ង់​​​បោះឆ្នោត​ រួមគ្នា​ដោះស្រាយ​បញ្ហា​ជាក់លាក់​​ និង​​មិន​​ប្រើអំពើ​ហិង្សា​​​ទៅលើ​គ្នា​ទៅវិញ​ទៅមក​។ ក្នុង​នោះ​មានលទ្ធផ​ល​​នៃកិច្ចប្រជុំ​​ទីពីរដែរ តែមិន​ទាន់​​ចុះ​ហត្ថលេខា​​ផ្លូវការ​​ គឺ​បាន​​ស្រុះ​ស្រួលគ្នា​ថា គណបក្ស​ទាំងពីរ​​​ឈ្នះ​ឆ្នោត​ដូច​គ្នា និង​យល់ព្រម​​អំពី​ការ​រៀប​ចំ​​ប្រព័ន្ធ​ត្រួត​​ពិនិត្យគ្នា​​ទៅវិញ​ទៅមក​ ការបែង​ចែក​អំណាច​​ដឹកនាំ​នៅ​​សភា​ និងការ​​ធ្វើ​វិសោធន​កម្ម​លើបទបញ្ជា​ និង​លក្ខន្តិកៈ​របស់​សភា។

លទ្ធផល​​​នៃកិច្ច​ប្រជុំ​​​ទាំងនេះ​មិន​បាន​បន្ថយ​​កំដៅ​ជម្លោះ​ទេ ព្រោះ​​គណបក្ស​​ទាំងពីរ​មិន​ទាន់​​ស្រុះស្រួល​​​ជាក់​លាក់​នៅឡើយ។ ដោយ​មិ​ន​រងចាំ​​ការស្រុះស្រួល​​នយោបាយ គណបក្ស​​ប្រជាជនកម្ពុជា​ឯកបក្ស​​បា​ន​​ជម្រុញ​ឱ្យមាន​​ការប្រកាសបង្កើតសភា និង​រដ្ឋាភិបាល ដែល​ផ្តើមដោយ​​ការបើកស​ម័យ​ប្រជុំ​សភា​ឯកបក្ស​​នីតិកាលទី៥។ ក្នុងសម័យ​ប្រជុំ​រដ្ឋសភា​​លើកដំបូង​កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ២០១៣ បាន​​ប្រព្រឹត្ត​ទៅ​ក្រោ​ម​​ព្រះ​រាជាធិបតីភាព​​ដ៏​ខ្ពង់​ខ្ពស់​​របស់​​ព្រះមហាក្សត្រ នរោត្តម សីហមុនី ប្រកាសបើក និង​​ស្វាគមន៍​​បេក្ខជន​​​ជាប់​ឆ្នោត​តំណាង​រាស្ត្រ​របស់​​​គណបក្ស​ប្រជាជន​​កម្ពុជាទាំង ៦៨រូប ក្រោម​​សក្ខីភាព​​តំណាង​ទូត​ប្រចាំ​កម្ពុជា​ជាច្រើនរូប។ គណបក្ស​ស​ង្គ្រោះជាតិ​​បានស្នើឱ្យ​ពន្យា​រ​ពេល​ការ​ប្រជុំ​ដំបូងនេះ ហើយ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​​មិនចូលរួម​​ប្រជុំទេ។ ចំពោះ​ការ​បើក​សម័យ​ប្រជុំ​ស​ភា​លើកទីមួយ ស្ថានទូត​សហរដ្ឋ​អាមេរិក និង​​​សហគមន៍​អឺរ៉ុប​​ប្រចាំកម្ពុជា បានបញ្ជាក់​​ពីជំហរ​ចង់ឃើញ​​ការ​រួបរួមគ្នា​​របស់​គណបក្សជាប់ឆ្នោត​​ទំាំងពីរ ហើយ​​មិនទាន់​​បញ្ជាក់​អំពី​ការ​​គាំទ្រ​ផ្លូវការ​លើ​​លទ្ធផល​​បោះឆ្នោត រួមទាំង​ការខ្វះ​​នីត្យានុកូល​ភាព​​នៃ​ការ​​បង្កើត​សភា និង​​រដ្ឋាភិបាល​​​ដោយ​​គណបក្ស​នយោបាយ​តែមួយ​ឡើយ។ រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​​គណបក្ស​ប្រជាជនកម្ពុជា​​ធ្លាប់​គ្រប់គ្រងប្រទេ​ស​កម្ពុជា​តាំងពីឆ្នាំ​ ១៩៨១ ដល់ ឆ្នាំ១៩៨៥ ដោយ​​ខ្វះមូលដ្ឋាន​នីត្យានុកូល​ភាព និង​ក្រោយ​ព្រឹត្តិការណ៍​ខែកក្កដា ឆ្នាំ១៩៩៧ ទាំងពីរ​លើក មាន​ទណ្ឌកម្ម​ពីបរទេស​ទាំងពីរ​លើក មានការដាក់​សម្ពាធផ្នែក​សេដ្ឋកិច្ច អន្តរជាតិ​មិន​ទទួល​ស្គាល់។ ​គណបក្ស​​ប្រជាជន​កម្ពុជា​រក្សា​ឥរិយាបថ​​ចាស់មិន​ទាន់​កែ បើទោះ​បីជា​រាជរដ្ឋាភិបាល​​អាណត្តិថ្មីរបស់​​គណបក្ស​​ប្រជាជ​ន​កម្ពុជា​បានប្រកាស​ថា នឹង​ធ្វើ​កំណែ​ទម្រង់​ស៊ីជម្រៅ។ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​មិន​ព្រម​​បែង​ចែក​អំណាច​​ជាងការ​អនុវត្ត​ទ្រឹស្តី​អំណាច​ប្រមូលផ្តុំ ដែលអាចឈាន​ដល់​ការប្រកាស​ដំណើរការ​រដ្ឋសភា​​​ជា​ឯកបក្ស​ ខុសពី​គោលការណ៍​​ប្រជាធិ​បតេយ្យ និង​រដ្ឋធម្មនុញ្ញ។

ការវិវត្តន៍​​ចុងក្រោយ គណបក្ស​ប្រជាជន​​កម្ពុជា​ហាក់​ដូចជាចង់​អនុវត្ត​ប​ទ​បញ្ជា​ផ្ទៃក្នុង​របស់​រដ្ឋសភាទាំង​មិនច្បា​ស់​លាស់ថា គណៈ​កម្មាធិការ​​ជាតិ​រៀបចំ​​ការបោះឆ្នោត (គ.ជ.ប) អាច​​យកអាសនៈ​​របស់គណបក្ស​​សង្រ្គោះជាតិ​​មក​​បែងចែក​​ឱ្យ​គណបក្ស​​ប្រជាជន​កម្ពុជា​ទាំង​អស់​នៅ​​ពេល​​គណបក្ស​សង្រ្គោះ​ជាតិ​​មិនចូល​​សភា។ មានព័ត៌មាន​លេចឭថា ការបែងចែក​អំណាចគ្នា​​នៅរដ្ឋសភា​ជាមូលហេតុ​​នៃ​ទំនាស់​​នយោ​​បាយ​​មួយ ខណៈ​​ដែល​​គណបក្សសង្គ្រោះ​ជាតិ​ប្រាថ្នាចង់​បានប្រធាន​សភា​(ប្រមុខ​នៃ​នីតិ​ប្បញ្ញត្តិ) និង​​ចំនួន​​សមា​ជិក​​​គណៈកម្មការ​អចិន្រ្តៃយ៍​​របស់​​សភា​ស្មើគ្នានឹង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ធានា​ សម​តុល្យ​​នៃ​អំណាច​​របស់រដ្ឋ ខណៈដែល​​គណបក្ស​​ប្រជាជន​កម្ពុជា​ដឹកនាំ​រដ្ឋាភិបាល​​ជាមួយ​​នាយក​រដ្ឋមន្រ្តី​(ប្រមុខ​រាជរដ្ឋា​ភិបាល ឬនីតិ​ប្រតិបត្តិ) ព្រោះការ​អនុវត្ត​កំណែ​ទម្រង់ដែល​​ធ្វើឡើង​ដោយការ​ដឹកនាំ​របស់​គណបក្ស​​ប្រជាជន​កម្ពុជា​​តែមួយគត់​មិ​ន​អាច​​ទៅ​រួច​ឡើយ។

​គណបក្ស​​សង្រ្គោះជាតិ​បាន​បើក​យុទ្ធនាការ​​បញ្ចុះបញ្ចូល និងតស៊ូ​មតិ​​ទៅ​​សហគមន៍​អន្តរជាតិ​ ដើម្បី​កុំឱ្យ​​ទទួលស្គាល់​​លទ្ធផល​​បោះឆ្នោត រដ្ឋា​ភិបាល​ និង​រដ្ឋសភារបស់​គណបក្សប្រជាជនកម្ពុជា ខណៈដែល​សហ​គមន៍ និងអ្នកសង្កេតការណ៍​​អន្តរជាតិ​បា​ន​​ដកឃ្លា​ថយ​​​តាំងពីចាប់​​ផ្តើម​ដំណើរការ។ អ្នកសង្កេត​ការណ៍​អន្តរជាតិដូចជា សហគមន៍អឺរ៉ុប ស្ថានទូតអន្តរជាតិ​ ដែលធ្លាប់តែចូលរួម​​សង្កេតការណ៍​ កន្លងម​ក​បាន​ដ​ក​ខ្លួន​​ពីការបោះឆ្នោត​នៅ​កម្ពុជា​ក្នុងឆ្នាំ២០១៣ អាចដោយសារ​​មិនចង់​​ផ្តល់​ភាព​ស្របច្បាប់​សម្រាប់ការ​បោះឆ្នោត​​មួយ​ដែល​លម្អៀង​ខ្លាំង​ជ្រុល​​ទៅរក​​គណបក្ស​​កាន់អំណាច ឬមិនមានភាពត្រឹម​ត្រូវ​។ ចុងក្រោយ​ គណបក្ស​សង្គ្រោះជាតិ​​បាន​​ព្រមានថា ម្ចាស់​ជំនួយ​ ឬ​អ្នកធ្វើ​វិនិយោគ​​ទុន​ មិន​ត្រូវ​ចុះហត្ថលេខា​​លើកិច្ច​ព្រមព្រៀង​​ណាទាំងអស់​​ជាមួយនឹង​រដ្ឋាភិបាល​​គណបក្ស​​តែមួយ និង​ក៏បាន​ស្នើឱ្យ​ អង្គការ​សហ​ប្រជាជាតិ​ទុក​អាសនៈ​កម្ពុជា​​ឱ្យនៅទំនេរ។

ជម្លោះ​រវាង​គណបក្ស​​ធំ​​ទាំងពីរហាក់តឹងតែងមិនងាយនឹង​ឈានរកដំណោះស្រាយហើយកាន់តែរីក​ធំឡើង និង​នៅ​ឆ្ងាយពីគ្នា​។ ពលរដ្ឋ​ម្ចាស់ឆ្នោតគាំទ្រ​គណបក្សសង្រ្គោះជាតិ ​ហាក់ចង់ឱ្យ​មានការ​ផ្លាស់ប្តូរ​  រដ្ឋាភិបាល​​​ ជាពិសេស​ការ​ផ្លាស់ប្តូរ​នាយករដ្ឋមន្រ្តី​ បើទោះបីជា​មើលពី​ខាងក្រៅទៅភាគី​ទាំងសង្ខាង ទំនងហាក់ខិតជិតគ្នានឹងដំណោះស្រាយ​នយោបាយ​ដោយ​គ្រាន់តែខ្វែងគំនិតគ្នាលើមុខតំណែងប្រធាន គណៈ​កម្មការសភា និងសមាជិក​គណៈកម្មការអចិន្រ្តៃយ៍​។

គណបក្ស​សង្រ្គោះជាតិ​ក៏បង្កើនសម្ពាធ​បន្ថែម​ដោយប្រមូល​ស្នាម​មេដៃ​រហូត​ជាង ២លាន និង​៣ម៉ឺននាក់​ដើម្បី​ទាមទារ​សុំ​ឲ្យ​ពិនិត្យ​សើរើ​ឡើង​វិញអំពី​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះ​ឆ្នោត។ គណបក្សប្រជា​ជនកម្ពុជាហាក់​មានបំណង​បំបែក​​មេដឹកនាំ​គណបក្សសង្គ្រោះជាតិ​ជាមួយ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​គាំទ្រដោយការ​ផ្សព្វផ្សាយ​ថា ក្នុងកិច្ចប្រជុំ​ពិភាក្សា​គ្នា​ គណបក្សសង្រ្គោះជាតិ​បាន​ទទួលស្គាល់​​លទ្ធផល​បោះឆ្នោត​ ហើយ​​បាន​ពិភាក្សា​ទាមទា​​តំណែង​ក្នុងសភា ជាពិសេសប្រធាន​សភា។ គណបក្សប្រជាជនកម្ពុជា លោក​នាយករដ្ឋមន្រ្តីក៏​ព្រមាន​ថា នឹង​ចាក់ផ្សាយ​សម្លេង​សន្ទនា​នៃកិច្ចប្រជុំ។ ​រឿងនេះ​បាន​បន្តបន្ថែម​បរិយាកាស​ទំនាស់​ទៀត​ ដោយឡែក​ការមិនទុកចិត្ត​​អំពី​ការ​ចរចារបស់គណបក្សទាំងពីរ​​ដោយគ្មាន​ភាគី​ទីបី ជាអាជ្ញាកណ្តាល​ ឬអ្នក​សង្កេត​ការណ៍ ព្រោះភាគី​សាមីគណបក្ស​នយោបាយ​បានប្រើប្រាស់​​ការសន្ទនា ឬការចរចារនេះជាផលប្រយោជន៍​នយោបាយ​។ គណបក្ស​សង្គ្រោះជាតិ​ក៏បាន​គាំទ្រ​ការចាក់​ផ្សាយ​សម្លេង​កិច្ចប្រជុំ​ទាំងមូល​ ហើយ​បន្ទាប់មក​បានទាមទារ​ល័ក្ខខ័ណ្ឌ​អំពីការ​ប្រជុំ​ទៅមុខទៀត​ ដោយបើកចំហរ​ ហើយមាន​អ្នក​សង្កេត​ការណ៍​ចូលរួម​។

ជាសរុប មាន​ជម្លោះនយោបាយ​បន្ថែមលើ​ទំនាស់​បោះឆ្នោត​ដែលជម្លោះនេះមិន​ត្រឹម​ខុសគ្នា​អំពីខ្លឹមសារ ប៉ុន្តែ​ក៏​មានការ​មិនទុក​ចិត្តគ្នា​ទៅលើ​នីតិវិធី​នៃការ​សន្ទនា។ ជម្លោះ​ទាំងនេះអាច​ចេញ​លទ្ធផល​តាម​រូបភាព​​ដែលការចរចារ​ និងបានសម្រេច​ការស្រុះស្រួល​ដោយមាន​បរិយាកាស​ជឿទុកចិត្ត​គ្នា និង​មានកិច្ច​ព្រមព្រៀង​ច្បាស់លាស់។ នៅក្នុងករណី​នេះមានការ​លំបាក​ជាខ្លាំងដែល​ស្ទើ​រមិនមាន​លទ្ធផល។ ម៉្យាងទៀត ​ជម្លោះ​ទាំងនេះ​នឹងក្លាយទៅជា​វិបត្តិនយោបាយ​​​​​ធ្ងន់ធ្ងរ​ និងយូរអង្វែង​ ហើយមាន​ការទាមទារ​ឱ្យ​បោះឆ្នោត​ឡើងវិញ​នៅក្នុង​អាណត្តិ។ មានការ​កើនកំដៅ​​ខ្លាំងព្រោះថា ភាគី​សាមីគណបក្ស​ទាំងពីរ​ខិតខំ​ រកកម្លាំង​សម្ពាធ​ដាក់ទៅលើ​គ្នាទៅវិញ​ទៅមក។ កម្លាំង​សម្ពាធ​នឹង​មិនកើតមាន​ដោយ​សន្តិវិធីទៀតឡើយ​​ ប្រសិនបើ​នៅពេលដែល​​​កម្លាំង​ដាក់សម្ពាធ​របស់​ម្ចាស់​ឆ្នោត​បែរ​ត្រូវ​​បាន​បង្រ្កាប​​យ៉ាងខ្លាំង​ក្លា​ដោយ​កងកម្លាំងប្រដាប់​អាវុធ។ ករណី​​នេះនឹងអាច​នាំ​មកនូវការ​បៈបោរ​ និងអំពើហិង្សា​ ហើយដែលពិបាក​ការប៉ាន់ប្រមាណ​ អំពី​ហានិភ័យ​អវិជ្ជមាន​៕

 

ថ្ងៃទី​៧ ខែ​វិច្ឆិកា ឆ្នាំ២០១៣

អត្ថបទ ៖ ស្រី សុភ័ក្ត្រ

កែសម្រួល ៖ គល់ បញ្ញា

ត្រួតពិនិត្យ​អក្ខរាវិរុទ្ធ ៖ ម៉ៅ ផល្លី